ពិធីសុំទឹកភ្លៀងមួយបែប

ដោយ ជី រដ្ឋា, ស៊ុន ចាន់ដឹប, ហួត សំណាង

ដូចយើងដឹងស្រាប់ បញ្ហាភ្លៀងជាកង្វល់ធំនៃអ្នកស្រុកដែលប្រកបរបរចិញ្ចឹមជីវិតដោយសារការដាំដុះប្រវាស់មេឃ។ ទោះបីមានភ្លៀងហើយក៏ពុំមែនមានន័យថាអស់កង្វល់ដែរ គឺទាល់តែភ្លៀងនោះធ្លាក់មកក្នុងបរិមាណសមល្មម ហើយត្រូវពេលវេលា។ ជាទូទៅនៅប្រទេសកម្ពុជា គេតែងបួងសួងសុំទឹកភ្លៀងនៅពេល ឡើងអ្នកតា។ រីឯការឡើងនោះ ស្រុកភូមិខ្លះនិយមធ្វើធំក្រោយពេលប្រមូលភោគផលរួចរាល់គ្រប់គ្រួសារហើយ ហើយច្រើនធ្វើនៅខែបុស្សឬខែមាឃ។ ស្រុកខ្លះទៀតឲ្យសារសំខាន់ទៅលើដើមរដូវធ្វើស្រែទៀតផង ហើយកិច្ចឡើងអ្នកតានោះច្រើនធ្វើនៅខែពិសាខ។ រីឯឈ្មោះហៅពិធីទាំងពីរក៏អាស្រ័យទៅតាមតំបន់ដែរ។ នៅក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះ គេអាចអានជំពូកទី២, លេខរៀង ទី២២, ៣៤, ៣៩ និង៥១។ មួយវិញទៀតនៅតាមតំបន់ខ្លះ នៅឆ្នាំណាដែលរាំងស្ងួត អ្នកស្រុកនាំគ្នាធ្វើពិធីអ្វីមួយបន្ថែមលើនោះទៅទៀតដែលហៅជាទូទៅថាសុំទឹកភ្លៀង។

ពិធីដែលយើងខ្ញុំលើកមកនិយាយនៅទីនេះមានលក្ខណៈពិសេសបន្តិច ដ្បិតទីមួយទាល់តែបីឆ្នាំទើបធ្វើម្តង ទីពីរធ្វើឡើងនៅខែជេស្ឋឬខែអាសាឍ ពោលគឺនៅពេលដែលស្រែចាប់ផ្តើមធ្វើរួចបន្តិចមកហើយ។ នៅទីនេះយើងខ្ញុំសូមលើកយកពិធីឡើងអ្នកតារបស់អ្នកស្រុកនៅឃុំសំរោង, ស្រុកព្រៃឈរ, ខេត្តកំពង់ចាមដែលធ្វើនៅថៃ្ងទី៧ ខែកក្តដា ឆ្នាំ២០១៦មកបង្ហាញ។ អ្នកឃុំសំរោងតែងធ្វើកិច្ចនេះរួមគ្នាបីភូមិ គឺភូមិសំរោង, ភូមិកណ្តោលកោង និងភូមិវាល។ នៅក្នុងឃុំទាំងមូលមានអ្នកតាសំខាន់ពីរ គឺអ្នកតាគោលដែលមានខ្ទមនៅជាយភូមិកណ្តោលកោង, អ្នកតាមាស មានខ្ទមនៅកណ្តាលភូមិសំរោង។ អ្នកតាមាសហាក់ដូចជាសំខាន់ជាងគេ មិនតែប៉ុណ្ណោះនៅចម្ងាយប្រមាណ៥០ម.ពីខ្ទម មានថ្មគោលមួយដែលពីមុនមកនៅចំកណ្តាលភូមិ ហើយដែលគេចាត់ទុកថាជា «ផ្ចិតភូមិ» (អំពីផ្ចិតភូមិនេះសូមអានជំពូកទី២, លេខរៀងទី៤៧)។

ក្នុងពិធីទាំងមូលយើងឃើញមានកិច្ចសំខាន់ៗដូចជាកិច្ចពានកង្កែប, កិច្ចសែនអ្នកតាមាស, កិច្ចលេងនាងដុង, កិច្ចបំបែកចង្អេរជាដើម ។ ចាប់ពីល្ងាចថ្ងៃ១កើតដល់ថ្ងៃ៣កើត គេនាំគ្នាលេងល្បែងដែលជាកិច្ចហៅថា «ពានកង្កែប» នៅមុខខ្ទមអ្នកតាគោល។ កិច្ចនេះ គេលេងតែពេលរសៀលប៉ុណ្ណោះ។ ចំណែកថ្ងៃ៣កើតជាថ្ងៃសំខាន់ជាងគេ ដ្បិតកិច្ចពិធីធ្វើពេញមួយថ្ងៃពីព្រឹកទល់ល្ងាចតែម្តង គឺពេលព្រឹកមានរៀបចំវេរចង្ហាន់ប្រគេនព្រះសង្ឃ បន្ទាប់មកមានរៀបចំរណ្តាប់សម្រាប់ពិធីឡើងអ្នកតាមាសផង។ នៅម៉ោង៨យប់ថ្ងៃដដែល បន្ទាប់ពីកិច្ចឡើងអ្នកតាមាសចប់ទៅ អ្នកស្រុកនាំគ្នាធ្វើកិច្ចមួយទៀតគឺកិច្ច «លេងនាងដុង» នៅទីតាំងផ្ចិតភូមិ។ កិច្ចនេះគេលេងរាល់យប់ចាប់ពីថ្ងៃ៣កើតដល់ថ្ងៃ៥កើតជាថ្ងៃចុងបំផុតនៃពិធីទាំងមូល។ នៅក្នុងនោះមានកិច្ចក្រោយគេ សម្រាប់បញ្ចប់ពិធីហៅថា «បំបែកចង្អេរ» ដែល គេធ្វើនៅយប់ថ្ងៃ៥កើតដែរ។

- លេងកង្កែប ៖ កិច្ចនេះគេធ្វើបីថ្ងៃជាប់ៗគ្នានៅនឹងខ្ទមអ្នកតាគោលក្នុងភូមិកណ្តោលកោង មុននឹងហែរក្បួនមកសែនអ្នកតាមាសនៅក្នុងភូមិសំរោង។ ក្នុងកិច្ចនេះមានតែស្រ្តីវ័យកណ្តាលដែលមានប្តីហើយនិងស្ត្រីវ័យចំណាស់ប៉ុណ្ណោះដែលអាចចូលរួមលេងបាន ឯក្មេងក្រមុំពេញវ័យគេពុំអនុញ្ញាតឲ្យចូលលេងទេ។ ចំណែកប្រុសៗវិញគឺដាច់ខាតគេពុំឲ្យមកមើលឡើយ។ បើពីដើមមុនមកផង ពេលធ្វើកិច្ចនេះគេមានអ្នកយាមការពារខ្លាចប្រុសៗមកលួចមើល ហើយបើមានប្រុសចូលរួមក៏ប្រុសនោះតែងមានចរិត ទោរទៅរបៀបជាមនុសស្រីដែរ។ ការដែលហាមប្រាមដូច្នេះដ្បិតក្រៅពីពិធីសែនអ្នកតា គេនាំគ្នាសម្តែងធ្វើជាកង្កែបពានគ្នា ពោលគឺពោបលើគ្នាធ្វើកាយវិការរបៀបកង្កែបដោយញីឈ្មោល ហើយលោត ផ្លោតៗ ខ្លះពានគ្នាលើគោក ខ្លះទៀតពានគ្នាក្នុងទឹក ហើយស្រែកទ្រហឹង ខ្លះធ្វើជាសួរគ្នាអំពីរឿងភ្លៀងនិងនិយាយពីអ្នកតា (រូបលេខ១-៣)។ ក្រៅពីធ្វើត្រាប់កង្កែប មានអ្នកខ្លះទៀតដើរតួជាសត្វដំរីដើម្បីឲ្យអ្នកតាជិះ (រូបលេខ៤)។ ត្រង់នេះអ្នកស្រុកសន្មត់ថាដំរីនោះជាដំរីរបស់អ្នកតាមាសជិះមកពីស្រុកលើ ហើយសព្វដងគេតែងតែលេងធ្វើដំរីនៅកន្លែងសែនអ្នកតាមាស។ ដោយឡែកឆ្នាំនេះ ដោយសារមានភ្លៀងធ្លាក់ចំពេលដែលពួកគាត់លេង ទើបពួកគាត់សម្រេចលេងធ្វើដំរីនៅកន្លែងលេងកង្កែបនឹងខ្ទមអ្នកតាគោលតែម្តងទៅ ។

រូបលេខ១

រូបលេខ២

រូបលេខ៣

រូបលេខ៤

ក្នុងមួយពេលៗ គេលេងពានកង្កែប៣ដង និងច្រៀងចម្រៀង៣បទដើម្បីបញ្ជាន់រូបអ្នកតា។ អ្នកតាដែលគេសម្បូងសង្រូងរក មានអ្នកតាគោល, អ្នកតាមាស និងខ្មោចផ្សេងៗទៀត។ ចុងក្រោយគេច្រៀងលេងអុំទូកភ្នាល់គ្នាជាមួយអ្នកតា។ ទូកនោះគ្រាន់តែជាការឧបកិច្ចប៉ុណ្ណោះ គឺអ្នកដែលដើរតួលេងធ្វើកង្កែបទាំងប៉ុន្មានឈរតម្រង់ជួរទល់មុខគ្នាជា២ជួរ ហើយនៅកណ្តាលទូកគេឃើញមានយាយម្នាក់ដែលជារូបស្នងឲ្យអ្នកតា។ គាត់ច្រៀងផងអុំផងនិងបាចទឹកផង  (រូបលេខ៥-៦)។ គេឧបកិច្ចធ្វើឲ្យអ្នកតាចាញ់។ ដូច្នោះហើយជាថ្នូរនៃការចាញ់ អ្នកភូមិតែងបន់សុំទឹកភ្លៀងនិងសេចក្តីសុខក្នុងភូមិពីអ្នកតានោះវិញ។  ឯគ្រឿងរណ្តាប់សម្រាប់ថ្វាយអ្នកតានៅពេលធ្វើកិច្ចមានដូចជា នំចំណី២ចាន, ផ្កាភ្ញី និងទឹកសម្រាប់ច្រូច។ ក្រៅពីនេះគេឃើញមានឧបករណ៍បួនប្រភេទទៀតគឺ ក្រាប់ (ជាឬស្សីមួយកំណាត់វែងប្រមាណ ២ម៉ែត្រ និងកំណាត់ឬស្សីខ្លីប្រហែលជា៣តឹក) សម្រាប់គោះពេលគេច្រៀងថ្វាយអ្នកតា, ទ្រធ្វើពីធាងល្ហុង (គេចងខ្សែនីឡុងនិងយកដបទឹកមកធ្វើ...),  ប៉ីធាងល្ហុង (រូបលេខ៧-៨)  និងចុងក្រោយគឺគេប្រើដៃទាំង២ទះភ្លៅបន្លឺសម្លេង ហាក់ដូចជាគេកំពុងទះស្គរដូច្នោះដែរ។ គេច្រៀងចម្រៀងចំអកចំអន់ទៅអ្នកតា ដោយទំនុកនោះមានលាយឡំនឹងពាក្យ បញ្ឆិតបញ្ឆៀងទៅរកខ្មាសស្រីនិងខ្មាសប្រុស (ពោលគឺភេទរបស់មនុស្សស្រីនិងមនុស្សប្រុស)។

រូបលេខ៥

រូបលេខ៦

រូបលេខ៧

រូបលេខ៨

- សែនអ្នកតាមាស ៖ បន្ទាប់ពីលេងកង្កែបបានបីថ្ងៃនៅឯខ្ទមអ្នកតាគោលចប់សព្វគ្រប់ នៅថ្ងៃទីបីដដែលនោះ អ្នកដែលដើរតួធ្វើកង្កែបក៏នាំគ្នាហែរមកកាន់កន្លែងអ្នកតាមាសដែលនៅក្នុងភូមិសំរោងដើម្បីធ្វើកិច្ចបន្ត (រូបលេខ៩)។ ប៉ុន្តែមុននឹងហែរក្បួនកង្កែបមកខ្ទមអ្នកតាមាស អ្នកភូមិនាំគ្នាដើររកចាប់សត្វផ្សេងៗដែលគេហៅថា «ល្បើកសត្វ» មានដូចជាកណ្តុរ, ពស់...មកថ្វាយអ្នកតា។ ពេលចេញល្បើកសត្វ គេចែកទិសគ្នារក ដោយចេញពីភូមិទៅតាមទិសខាងលិច ហើយពេលត្រឡប់ចូលភូមិវិញគឺមកពីទិសខាងកើត។ ក្នុងកិច្ចនេះក៏ឃើញមានរៀបចំគ្រឿងរណ្តាប់មួយចំនួនដែរដូចជាពែជើងត្រុំ៩ថ្នាក់ដែលមានមាន់ឆ្កាងពីលើ (រូបលេខ១០), សង្ឃឹកដាក់សត្វ (រូបលេខ១១), ពែសាលា២ ក្នុងនោះមួយមានដំបូល មួយទៀតអត់ដំបូល និងពែ៧រួតចំនួន២ (រូបលេខ១២) ។ ពែទាំងនោះគេរៀបដាក់នៅទិសខាងកើតបែរមុខទៅរកខ្ទមអ្នកតា។ ចំណែកនៅខាងក្នុងខ្ទមអ្នកតាវិញគេមានរៀបគ្រឿងរណ្តាប់ខ្លះៗដូចជាបាយសីប៉ាក់ឆាម, ជម (រូបលេខ១៣) និងក្រែមប្រេងម៉្សៅជាដើម ហើយមានមនុស្សប្រុស២នាក់ចាំច្រូចស្រាថ្វាយអ្នកតាផង។

រូបលេខ៩

រូបលេខ១០

រូបលេខ១១

រូបលេខ១២

រូបលេខ១៣

- សែនអ្នកតាមាស ៖ បន្ទាប់ពីលេងកង្កែបបានបីថ្ងៃនៅឯខ្ទមអ្នកតាគោលចប់សព្វគ្រប់ នៅថ្ងៃទីបីដដែលនោះ អ្នកដែលដើរតួធ្វើកង្កែបក៏នាំគ្នាហែរមកកាន់កន្លែងអ្នកតាមាសដែលនៅក្នុងភូមិសំរោងដើម្បីធ្វើកិច្ចបន្ត (រូបលេខ៩)។ ប៉ុន្តែមុននឹងហែរក្បួនកង្កែបមកខ្ទមអ្នកតាមាស អ្នកភូមិនាំគ្នាដើររកចាប់សត្វផ្សេងៗដែលគេហៅថា «ល្បើកសត្វ» មានដូចជាកណ្តុរ, ពស់...មកថ្វាយអ្នកតា។ ពេលចេញល្បើកសត្វ គេចែកទិសគ្នារក ដោយចេញពីភូមិទៅតាមទិសខាងលិច ហើយពេលត្រឡប់ចូលភូមិវិញគឺមកពីទិសខាងកើត។ ក្នុងកិច្ចនេះក៏ឃើញមានរៀបចំគ្រឿងរណ្តាប់មួយចំនួនដែរដូចជាពែជើងត្រុំ៩ថ្នាក់ដែលមានមាន់ឆ្កាងពីលើ (រូបលេខ១០), សង្ឃឹកដាក់សត្វ (រូបលេខ១១), ពែសាលា២ ក្នុងនោះមួយមានដំបូល មួយទៀតអត់ដំបូល និងពែ៧រួតចំនួន២ (រូបលេខ១២) ។ ពែទាំងនោះគេរៀបដាក់នៅទិសខាងកើតបែរមុខទៅរកខ្ទមអ្នកតា។ ចំណែកនៅខាងក្នុងខ្ទមអ្នកតាវិញគេមានរៀបគ្រឿងរណ្តាប់ខ្លះៗដូចជាបាយសីប៉ាក់ឆាម, ជម (រូបលេខ១៣) និងក្រែមប្រេងម៉្សៅជាដើម ហើយមានមនុស្សប្រុស២នាក់ចាំច្រូចស្រាថ្វាយអ្នកតាផង។

រូបលេខ១៤

រូបលេខ១៥

- លេងនាងដុង ៖ ពាក្យនាងដុងនេះយើងខ្ញុំពុំយល់ន័យឡើយ។ ឯកិច្ចវិញ គេធ្វើនៅពេលយប់ម៉ោងប្រមាណជា៧ឬ៨ ហើយធ្វើជាប់គ្នា៣យប់បន្ទាប់ពីយប់ចុងក្រោយនៃកិច្ចលេងកង្កែប ឬក្រោយពេលសែនព្រេនអ្នកតាមាសរួច នៅក្នុងបរិវេណដីផ្ចិតភូមិ ក្នុងភូមិសំរោងចម្ងាយប្រមាណជា៥០ម៉ែត្រពីខ្ទមអ្នកតាមាស។ មុនពេលធ្វើពិធី គេយកចង្អេរ២មកចងផ្ទប់មុខចូលគ្នា អមដោយដងរែកចំនួន៤ចងខ្វែងជាជើងក្អែក ហើយទុកផ្នែកខាងក្រោមរាងវែងបន្តិចសម្រាប់ធ្វើជាដងកាន់។ គេឲ្យក្មេងស្រីព្រហ្មចារី២ នាក់អាយុប្រមាណជា១១-១២ឆ្នាំមកអង្គុយកាន់ចង្អេរនោះដែលគេដាក់បញ្ឈរក្នុងក្រឡុកមួយចម្ងាយប្រមាណជា២ម៉ែត្រទល់មុខផ្ចិតភូមិ ដោយមានតុបតែងផ្កាភ្ញីនិងលំអដោយចង្ក្រង់ធ្វើពីសំបកខ្យងខ្ចៅចំនួន៣ខ្សែ។ ផ្នែកចុងទាំងសងខាងនៃដងរែកដែលលៀនចេញមកមាន២ខែ្ស ឯនៅពីខាងលើចង្អេរមាន១ខ្សែទៀត (រូបលេខ១៦)។ ក្នុងចង្អេរដែលគេចងផ្ទប់គ្នានោះ គេដាក់បំណែកកញ្ចក់, ក្រាស់សិតសក់និងសក់ស្រីក្រមុំ។ ក្នុងមួយយប់ៗគេលេងនាងដុង៣ដង និងសែន៣ដងដែរ ដោយមានរៀបរណ្តាប់ដូចជាចំណីចំណុក, ផ្កា, ប្រេងម្ស៉ៅ…។ ទីដែលសែននោះសំខាន់ជាងគេគឺនៅត្រង់ផ្ចិតភូមិ។ ក្នុងពេល សែនចង្អេរគេរើសរកមនុស្សម្នាក់ជាអ្នកកាន់ចង្អេរ និងម្នាក់ទៀតជាអ្នកកាន់អង្រែ ហើយអ្នកនោះត្រូវកាន់រហូតដល់ចប់ពិធីរយៈពេល៣ថ្ងៃដោយពុំអាចមាននរណាមកដូរជំនួសឡើយ។ ក្នុងកិច្ចសែននេះ គេឃើញមានស្រី្តចំណាស់ម្នាក់ជាអ្នកឈរមើលខុសត្រូវ។ អង្រែដែលសែនរួច គេយកទៅឲ្យប្រុសៗកាន់ (រូបលេខ១៧)។ នៅក្រុមម្ខាងទៀតគេឃើញប្រុសៗអង្គុយទល់មុខគ្នាជា២ជួរដោយមានកាន់កំណាត់ ឬស្សីគ្រប់ដៃសម្រាប់វាយលើដើមឬស្សី១ដើមវែងដែលគេដាក់សណ្តូកនៅចំចន្លោះកណ្តាលហៅថា «វាយក្រាប់» (រូបលេខ១៨-១៩) ។ នៅនឹងដើមឬស្សីនោះក៏គេមានធ្វើកិច្ចច្រូចស្រាដែរ ហើយមានច្រៀងដោយគ្មាននរណាមួយយល់ទំនុកថា ៖

អើយម៉ែនាងវ៉ាក់ អើយម៉ែញ៉ាក់ញ៉ែ ម៉ែសូរ៉ែៗនាងដុង (ច្រៀងដដែលៗចំនួន៣ដង)។ សូម៉ែកយអើយ សូម៉ែនាងដុង សាម៉ឺតឡុងខុង សាម៉ុងឡុងឃាន ម៉ែវៀនៗសៅង៉ោកៗ បោកគូផែងៗម៉ែវាង។

ឡៅអើយ ឡៅផែងៗ កាចឺតផែងម៉ា កយៗនាងវ៉ា អិនប្រាក់ម៉ាអំអិន សុភិនគិនសា ម៉ែដូលូ អើយណាំម៉ាយគ្រី។

រូបលេខ១៦

រូបលេខ១៧

រូបលេខ១៨

រូបលេខ១៩

លុះពេលសែនព្រេនចប់ហើយ អ្នកវាយក្រាប់ចាប់វាយផងច្រៀងផង ឯអ្នកកាន់ចង្អេរក៏ចាប់ផ្តើមរេចង្អេរទៅមុខទៅក្រោយៗ រួចផ្កាប់ចង្អេរដល់ដី៣ដងពីលើអង្រែដែលផ្តេកហើយស្រាប់។ ពេលចង្អេរដល់ដីម្តងៗ ក្មេងទាំង២លើកចង្អេរនោះអុកចូលក្នុងក្រឡុកនោះវិញ។ លុះផ្កាប់ចង្អេរគ្រប់៣ដងហើយ ក្មេងទាំង២លើកចង្អេរនោះដើរទៅរកកន្លែងអ្នកវាយក្រាប់ដោយដើរបណ្តើរអុកដីបណ្តើរ។ ពេលដើរទៅដល់ហើយគេលើកចង្អេរនោះទៅគោះនឹងឬស្សីវាយក្រាប់៣ដង រួចរត់យ៉ាងលឿនទៅស្វែងរកអង្រែ ដ្បិតខណៈពេលដែលក្មេងស្រីលើកចង្អេរដើរមកគោះឬស្សីក្រាប់នោះ បុរសដែលកាន់អង្រែលួចយកអង្រែនោះទៅលាក់ទុក។ ពេលរកឃើញអង្រែ គេយកចង្អេរគោះលើអង្រែនោះ៣ដងរួចហុចចង្អេរនោះឲ្យទៅស្រ្តីដ៏ទៃដើម្បីដេញវាយប្រុសៗ។ វាយនេះគេសន្មត់ថាដេញចង្រៃឧបទ្រពចេញ (រូបលេខ២០- ២១)។ អ្នកខ្លះជឿថាបើកាន់ចង្អេរវាយគេ តែវាយពុំត្រូវ ចង្អេរនោះហាក់ដូចជាធ្ងន់ទៅៗ។ ក្នុងពេលកាន់ដេញវាយនោះ ប្រុសៗនាំគ្នាស្រែកច្រៀងញ៉ោះទៅអ្នកដេញថា «សារាយនាងថោងៗ...»។ នៅគម្រប់ជាបីយប់នៃការលេងនាងដុង គេយកចង្អេរនោះទៅកន្លែងមួយស្ងាត់ដើម្បីពុះបំបែកចេញពីគ្នា (ចង្អេរ២ ដងរែក៤) ហើយគ្រឿងដែលដាក់ក្នុងចង្អេរនោះ គេចាក់ចោលនៅទីនោះតែម្តង។ បន្ទាប់ពីនោះមក ស្រីៗនៅតែយកចង្អេរនិងដងរែកដេញវាយប្រុសៗដដែលរហូតដល់គេប្រកាសថាឲ្យឈប់ទើបឈប់បាន។

រូបលេខ២០

រូបលេខ២១