រូបពីរ

ដោយ ព្រាប ចាន់ម៉ារ៉ា

សព្វថ្ងៃនេះអ្នកទៅទស្សនាសារមន្ទីរជាតិ ក្រុងភ្នំពេញ តែងតែចាប់អារម្មណ៍លើបំណែកចម្លាក់អំពី
សម្រឹត មានរូបដំរី និងមនុស្ស នៅក្នុងធ្លាបរិវេណជុំវិញអាគារសារមន្ទីរ (រូបលេខ១-៥)។ ការខូចខាត
ក្លាយមកជាបំណែកនេះ កើតឡើងនៅទសវត្ស១៩៧០ប៉ុណ្ណោះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺថា
គេដាក់គ្រាប់ផ្ទុះ ធ្វើឲ្យខូចហិនហោចដោយចេតនា។ គំនិតដែលនៅពីក្រោយនោះគឺគេយល់ថា រូប
ទាំងមូលនេះជានិមិត្តរូបនៃភាពខ្ញុំគេ។ សូមជ្រាបថា នៅលើរូបធំទាំងមូល មានរូបទាហានពីរនាក់
ដែលម្នាក់រាងខ្ពស់ជាទាហានបារាំង ឯម្នាក់ទៀតតូចជាងនោះបន្តិចជាទាហានខ្មែរ។ ដូច្នេះហើយ
បានជាគេហៅរូបយ៉ាងធំទាំងមូល ដែលនៅក្នុងសួនតូចមួយខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយ
ចង្វារសព្វថ្ងៃនេះថា «រូបពីរ» ឬជាភាសាបារាំងថា Monument aux Morts (រូបលេខ៦)។ ម្យ៉ាង
ទៀត រូបនេះស្ថិតនៅមុខស្ថានទូតបារាំងទៀតផង ដែលធ្វើឲ្យអ្នកកាន់អំណាចរបបនោះកាន់តែ
ងាយបកស្រាយថា ជានិមិត្តរូបខ្មែរខ្ញុំបារាំង។

រូបលេខ១

រូបលេខ២

រូបលេខ៣

រូបលេខ៤

រូបលេខ៥

រូបលេខ៦

ការសម្ពោធនៅឆ្នាំ១៩២៥នោះមានភាពឱឡារិក ដ្បិតអ្នកមុខអ្នកការបារាំងយាងព្រះករុណាព្រះបាទ
ស៊ីសុវត្ថិ ព្រមទាំងព្រះរាជបុត្រដែលជាអនាគតព្រះករុណាព្រះបាទមុនីវង្សផង (រូបលេខ៧)។ ឯ
បដិសណ្ឋារកិច្ចក៏ធំដុំណាស់ដែរ (រូបលេខ៨) មិនតែប៉ុណ្ណោះការរៀបចំហាក់ដូចជាពិធីដែលពាក់ព័ន្ធ
នឹងស្តេចខ្មែរតែម្តង ដ្បិតក្រៅពីល្ខោនហ្លួងសម្តែងរបាំ (រូបលេខ៩) គេឃើញមានព្រះសង្ឃ (រូបលេខ
១០) ព្រមទាំងជនជាតិផ្សេងៗ ដែលសុទ្ធសឹងជាប្រជារាស្ត្រនៃព្រះរាជាខ្មែរទាំងអស់ (សូមមើល
អត្ថបទនៅជំពូក៣ លេខរៀងទី២០)។ រូបលេខ១១ បង្ហាញពីជនជាតិកូឡា ឯនៅរូបលេខ១២វិញ
ទំនងជាជាតិកួយ ដ្បិតឃើញមានឧបករណ៍តន្ត្រី និងល្បែងដែលគេប្រើក្នុងល្បែងវាយខែល។

រូបលេខ៧

រូបលេខ៨

រូបលេខ៩

រូបលេខ១០

រូបលេខ១១

រូបលេខ១២