ស្រែអំបិល

ដោយ អាំង ជូលាន

មកទល់ពេលនេះនៅប្រទេសកម្ពុជាគេពុំដែលស្រាវជ្រាវរកថាមានរ៉ែអំបិលនៅឡើយទេ ដ្បិតមានឆ្នេរ
សមុទ្រគ្រប់គ្រាន់ ដែលជាបរិស្ថានមានអំណោយផលក្នុងការផលិតអំបិល។ នៅប្រទេសវៀតណាមក៏
ដូចគ្នា តែបើនៅប្រទេសលាវ អំបិលដែលគេផលិតនោះជាអំបិលរ៉ែនៅក្នុងដី ដ្បិតប្រទេសនេះមិនជាប់
នឹងសមុទ្រទេ។ បើនៅប្រទេសថៃឡង់ដ៍ទើបមានការផលិតពីប្រភពទាំងពីរយ៉ាងនេះ។ 

ប៉ុន្មានឆ្នាំកន្លងមកនេះប្រទេសកម្ពុជាផលិតជាមធ្យមបាន១២០ ០០០តោនក្នុងមួយឆ្នាំ ឃើញថាកើន
ឡើងជាងមុនដែរ ព្រោះនៅឆ្នាំ២០០០ផលិតបានតែ៨០ ០០០តោនប៉ុណ្ណោះ។ ផលិតអំបិលនិងផលិត
ស្រូវផ្ទុយគ្នាស្រឡះ ដោយសារនៅរដូវភ្លៀងគេមិនអាចផលិតអំបិលបានឡើយ ដូច្នេះហើយផលិត
ផលទាំងមូលនោះក៏អាស្រ័យតាមរាំងយូរ ឬភ្លៀងយូរដែរ។ ឆ្នាំណាដែលរាំងយូរ ស្រែអំបិលទំហំមួយ
ហិកតាអាចផលិតបាន៤០តោន តែបើភ្លៀងច្រើនពេក នោះបានមិនដល់១០តោនផងក៏មាន។

ជាទូទៅស្រែអំបិលលែងមានសកម្មភាពក្រោយពីចូលឆ្នាំហើយបន្តិច។ គេត្រូវការទំហំដីធំដែរដែល
នៅជិតមាត់សមុទ្រ ព្រោះជាដំបូង ផុតពីសមុទ្របន្តិចមកគេត្រូវបង្ហូរទឹកប្រៃចូលក្នុងទំនប់ធំមួយហៅ
ថា «ស្រែហាល»។ ផុតពីនោះមកទៀតទើបមានស្រែដែលកំណត់ដោយភ្លឺដេញតៗគ្នាចូលមកខាង
ក្នុងដីគោក (រូបលេខ១-២)។ កម្រិតប្រៃនៃអំបិលគេគិតជាលេខ។ នៅក្នុងស្រែហាលដំបូងកម្រិតប្រៃ
នោះមានត្រឹមតែ «២លេខ» ប៉ុណ្ណោះ។ គេទុកឲ្យទឹកនោះ «ដេក» មួយយប់ក្នុងស្រែហាលសិន ទើបគេបង្ហូរឲ្យចូលមកក្នុងស្រែបន្ទាប់មកទៀតមួយគន្លាក់។ នៅទីនោះកម្រិតប្រៃនឹងឡើងបាន «៥
លេខ»។ សូមបញ្ជាក់ថា តែកម្រិតឡើងដល់៧លេខហើយគ្មានរុក្ខជាតិអ្វីដុះបានទៀតឡើយ សូម្បីតែ
ត្រីសមុទ្រក៏រស់នៅមិនបាន ហើយម្យ៉ាងទៀត ផ្ទៃបាតដីក្តៅខុសធម្មតា។ ទឹកនៅត្រឹមនេះមានជម្រៅ
តែពីរថ្នាំងដៃប៉ុណ្ណោះ។ ថ្ងៃបន្ទាប់មកទៀតគេបង្ហូរបន្តចូលស្រែមួយគន្លាក់មកទៀត។ ពេលនោះកម្រិត
ប្រៃឡើងដល់ «១០លេខ» ហើយ។ គេធ្វើរបៀបនេះតទៅទៀតរហូតដល់កម្រិតនោះឡើងដល់២៥
ដែលជាស្រែនៅចុងគេ។ ស្រែនោះគេហៅថា «ស្រែចម្អិន» រីឯអំបិលដែលកើតឡើងនោះគេថាវា «ដុះ»
(រូបលេខ៣-៤)។ ការងារនៅទីនេះគេហៅថា «បណ្ដុះអំបិល» ក៏បាន។ គេត្រូវតែប្រញាប់ប្រញាល់
«កោស» យកអំបិលនោះទៅដាក់ឃ្លាំងជារៀងរាល់ថ្ងៃ (រូបលេខ៥-៩) បើពុំដូច្នោះអំបិលនឹងទៅជារឹង
កកខ្លាំង ដ្បិតតែបានកម្ពស់មួយចង្អុលដៃហើយកំណកអំបិលឡើងរឹងដូចថ្ម។ បើថ្ងៃកាន់តែខ្លាំង ទឹកក៏
ហួតកាន់តែឆាប់ រីឯអំបិលក៏ដុះលឿនទៅតាមនោះ។ ឯទឹកនោះវិញក្តៅខ្លាំងណាស់ អាចឡើងដល់
៤៥អង្សាក៏មាន។ 

រូបលេខ១

រូបលេខ២

រូបលេខ៣

រូបលេខ៤

រូបលេខ៥

រូបលេខ៦

រូបលេខ៧

រូបលេខ៨

រូបលេខ៩

នៅពេលប្រមូលអំបិលរាល់ថ្ងៃ មានពេលខ្លះក៏ភ្លៀងដែរ តែបើភ្លៀងនោះតិចតួចឬល្មមៗ គឺគ្មានបង្កើត
បញ្ហាអ្វីធំដុំទេ តែបើភ្លៀងច្រើនពេកគេត្រូវបង្ហូរទឹកសាប ពោលគឺទឹកភ្លៀងចេញតាមប្រឡាយកាត់
ទទឹងមួយ (រូបលេខ១០)។ ការបង្ហូរនោះមិនលំបាកទេ ព្រោះទឹកសាបស្រាលជាងទឹកប្រៃ ដូច្នេះស្ថិត
នៅផ្ទៃខាងលើ។ ម្យ៉ាងវិញទៀត បើមិនបង្ហូរទឹកសាបចេញគឺការនៅលាយគ្នានោះបណ្តាលឲ្យដុះស្លែ
ភ្លាមមួយរំពេច។ ដូច្នេះហើយបានជាការងារដែលត្រូវធ្វើជាដំបូងបង្អស់ គឺគេចាប់ផ្តើមពីសម្អាត
ប្រឡាយទទឹង ព្រមទាំងសម្អាតផ្ទៃស្រែទាំងអស់កុំឲ្យមានជាប់ស្លែ បន្ទាប់មកទើបគេបង្ហាប់ដី។ 

រូបលេខ១0

រូបលេខ១១

រូបលេខ១២

រូបលេខ១៣

រូបលេខ១៤

រូបលេខ១៥

ឃ្លាំងផ្ទុកអំបិលត្រូវតែប្រើរុក្ខជាតិជាឈើ ឬឫស្សីជាដើម (រូបលេខ
១១-១២)យ៉ាងហោចណាស់ក៏សម្រាប់ធ្វើជញ្ជាំងដែរ (រូបលេខ១៣
-១៥) បើដំបូលទើបអាចប្រើលោហៈបាន (រូបលេខ១៦)តែយ៉ាងនោះ​
ហើយក៏នៅតែឆាប់ច្រេះដែរ។

រូបលេខ១៦