ប្រឡាក់, ដិត, ដាម ៖ និយមន័យពាក្យ

ដោយ ហ៊ួន សាវង

ពាក្យអ្វីក៏ដោយសុទ្ធតែមានឬសហើយមានន័យដើមទាំងអស់ ប៉ុន្តែជួនកាល ឬថាញឹកញាប់ផងក៏សឹងបាន ន័យដែលអ្នកនិយាយនិងអ្នកស្តាប់ចាប់យកអាចរួមនៅតែត្រឹមនេះ ឬរីករហូតដល់ត្រឹមនោះ អាស្រ័យតាមតំបន់ផ្សេងៗ។ នេះហើយដែលសព្វថ្ងៃហៅថា «និយមន័យ»។

ក្នុងអត្ថបទខ្លីនេះ ខ្ញុំសូមលើកយកពាក្យ «ប្រឡាក់», «ដិត», «ដាម» មកពិចារណា ៖

- ប្រឡាក់ ៖ ជាទូទៅ គំនិតដែលនៅក្នុងនោះគឺវត្ថុមួយជាប់ស្នាមជាពណ៌ ដោយសារទៅប៉ះលើវត្ថុអ្វីមួយទៀតដែលជាប្រភពពណ៌នោះ។ ទំហំ ឬពោលម្យ៉ាងទៀតថាវិសាលភាពនៃនិយមន័យពាក្យនេះខុសគ្នាខ្លះពីតំបន់មួយទៅតំបន់មួយ។ ជាទូទៅបើនិយាយថា «ប្រឡាក់អំបិល» ឬ «ប្រឡាក់ស្ករ» ជាដើម នរណាក៏អាចយល់បានដែរ។ ឧទាហរណ៍ បើថា «ប្រឡាក់ត្រី» គឺយើងតែងយល់ថាត្រីនោះគេអង្កន់សាច់ដើម្បីបញ្ចូលអំបិលក្នុងនោះឲ្យប្រៃ ហើយដើម្បីទុកបានយូរ។ ថាត្រឹមនេះគឺអ្នកដែលប្រើភាសាខ្មែរនៅទីណាក៏យល់ដូចគ្នាទាំងអស់។ បើនិយាយថាខ្លួនប្រាណ «ប្រឡាក់ភក់» ក៏នៅតែយល់ដូចគ្នា គឺថាមានភក់មកជាប់លើខ្លួន។ តែត្រង់នេះ គឺវត្ថុដែលមកជាប់នឹងខ្លួនជាវត្ថុដែលមិនស្អាត ឬពោលថាមានមន្ទិលក៏បាន។ តពីនេះហើយដែលធ្វើឲ្យពាក្យថា «ប្រឡាក់» មានន័យជាអវិជ្ជមានកាលណានិយាយក្នុងបរិបទសីលធម៌។ ឧទាហរណ៍ គេអាចនិយាយថាទៅ «ប្រឡាក់ប្រឡូស ខូចឈ្មោះ» ដោយសារធ្វើអំពើអ្វីមួយមិនគប្បី ទាក់ទងនឹងរឿងពុករលួយជាដើម។ មកដល់ត្រឹមនេះ ពាក្យ «ប្រឡាក់» ស្តាប់ទៅយល់ដូចគ្នាទាំងអស់ ប៉ុន្តែពុំមានន័យថាវិសាលភាពនៃនិយមន័យពាក្យនេះមានទំហំប៉ុនគ្នាបេះបិទពីតំបន់មួយទៅតំបន់មួយឡើយ ព្រោះបើយើងយកការប្រើប្រាស់ពាក្យដដែលនេះក្នុងចំណោមខ្មែរដែលរស់នៅខេត្តសុរិន្ទ្រ, បុរីរម្យ…នៅតំបន់ឦសាននៃប្រទេសថៃឡង់ដ៍បច្ចុប្បន្ន និយមន័យពាក្យនេះមានទំហំឬវិសាលភាពលើសពីខាងលើទៅទៀត។ ឧទាហរណ៍ គេនិយាយថា «សព្វថ្ងៃខ្មែរនិងលាវប្រឡាក់គ្នាអស់ហើយ មិនដូចមុនទេ» មានន័យថាពីមុនមកខ្មែរច្រើននៅដោយខ្មែរ ឯលាវវិញដែលនៅតំបន់ឦសានដូចគ្នាច្រើននៅដោយលាវ មិនសូវបានគ្នាជាប្តីប្រពន្ធឡើយ។ ដូច្នេះ «ប្រឡាក់» នៅត្រង់នេះមានន័យថា «លាយគ្នា» ពោលគឺភប់ប្រសប់គ្នាជាប្តីប្រពន្ធ ហើយន័យនេះគ្មានអវិជ្ជមានអ្វីទាល់តែសោះ។

- ដិត ៖ នៅតំបន់ខាងជើង យ៉ាងហោចណាស់រាប់ពីតំបន់អង្គរឡើងទៅលើ ពាក្យ «ប្រឡាក់» ក្នុងន័យ «ប្រឡាក់ភក់» ដូចនិយាយខាងលើ មិនសូវឮគេនិយាយឡើយ តែគេយកពាក្យ «ដិត» មកប្រើវិញ។ ឧទាហរណ៍ «ខោនេះដិតភក់»។ ដូច្នេះវិសាលភាពពាក្យ «ដិត» នេះខុសគ្នាខ្លះរវាងអ្នកខាងត្បូងនិងអ្នកខាងជើង។ ប៉ុន្តែគំនិតដែលចង់និយាយនោះតែមួយទេ គ្រាន់តែពាក្យដែលយកមកប្រើវិញខុសគ្នា។ ក្រៅពីនេះ ពាក្យថា «ដិត» ដែលយល់ជាទូទៅក៏គ្មានអវិជ្ជមានអ្វីទាំងអស់ ផ្ទុយទៅវិញ បើថាវិជ្ជមានហាក់ដូចជាសមជាង ដូចជាថា «ទឹកខ្មៅនេះដិតជាប់ល្អ»។ ក្លិនល្អដែលដិតជាប់នឹងខ្លួន ដូចមាននៅក្នុងពាក្យកាព្យឃ្លោងឃ្លាដែលព្រះករុណាព្រះបាទអង្គឌួងលើកក្នុងរឿងនាងកាកី ត្រង់នាងកាកីបានខ្លួនទៅគ្រុឌថា ៖ «ទើបជាប់ក្លិនមេ ក្លិន ដិត ដោយគេ ឈ្ងុយឈ្ងប់មហិមា (…)»។ ម្យ៉ាងទៀតក្នុងពាក្យពេចន៍ស្នេហា មានពាក្យថា «ផ្តេកផ្តិត» ដូចយើងដឹងស្រាប់គ្រប់គ្នា។ ពាក្យថា «ផ្តិត» នេះមកពីឬសថា «ដិត» (ដូចជាពាក្យ «ផ្តេក» មកពីឬសថា «ដេក» ដូច្នោះដែរ) គឺមានន័យថាយកមកឲ្យប៉ះជាប់នឹងខ្លួន ហើយគ្មានន័យអវិជ្ជមានត្រង់ណាឡើយ។ ដូច្នេះហើយបានជាពីមុនមក កាលណាគេយកក្រដាសដែលជក់ទឹកប្រភេទណាមួយទៅប្រថាប់លើអក្សរថ្ម គេតែងនិយាយថា «ផ្តិតសិលាចារឹក» ថានោះគឺចង់ឲ្យអក្សរ ដិត ល្អលើក្រដាស។

- ដាម ៖ ពាក្យនេះ ន័យតែងតែបែរទៅរកអវិជ្ជមាន។ អ្វីដែលដាម ដូចជាទឹកខ្មៅជាដើម មានន័យថាប្រតេកប្រតាក។ បើថា «ដៀមដាម» គឺធ្វើឲ្យមនុស្សដែលគេនិយាយនោះខូចឈ្មោះឬក៏អាប់ឱកិត្តិយសកម្រិតណាមួយ។ ដូច្នេះហើយបានជាយើងមិនដែលឮពាក្យថា «ផ្តេកផ្តាម» ទាល់តែសោះ គឺឮតែ «ផ្តេកផ្តិត» ដូចទើបនឹងនិយាយមកអម្បាញ់មិញ។ ត្រង់នេះហើយដែលធ្វើឲ្យឆ្ងល់ថាហេតុអ្វីក៏សព្វថ្ងៃនេះ ពាក្យដែលធ្លាប់តែឮគេថា «ផ្តិតសិលាចារឹក» ក្លាយទៅជា «ផ្តាមសិលាចារឹក» ទៅវិញ? តើការ «ផ្តាម» នេះធ្វើឡើងក្នុងគោលបំណងឲ្យបានលទ្ធផលមកជាអក្សរប្រតេកប្រតាកលើក្រដាសឬយ៉ាងណា?