ឆ្អឹងសំណល់បុរាណនៅកោះតាមាស (បារាយទឹកថ្លា, អង្គរ)

 ដោយ វឿន វុទ្ធី

 ប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះមានការស្រាវជ្រាវផ្នែកបុរាណវិទ្យាមួយ ធ្វើឡើងក្នុងក្របខ័ណ្ឌសហការរវាងសាលាបារាំងចុងបូព៌ា (Ecole Française d’Extrême-Orient) និងអាជ្ញាធរអប្សរា។ កំណាយនោះធ្វើនៅក្នុងបរិវេណតូចមួយ ដែលអ្នកស្រុកហៅថា “កោះតាមាស” ក្នុងបារាយទឹកថ្លា ស្ថិតនៅខាងលិចប្រាសាទមេបុណ្យ។ ការសិក្សានោះមានទិសដៅស្រាវជ្រាវឲ្យយល់ដឹងពីបរិស្ថានទូទៅ, លំនៅស្ថាន, របៀបរស់នៅនៃមនុស្សមុនមានអង្គរមកទៀត។ សំណល់ដែលប្រមូលមកបាន មានច្រើនបែបយ៉ាង តែនៅទីនេះខ្ញុំនឹងនិយាយតែអំពីឆ្អឹងសត្វ ដែលជាសំណល់តាំងពីអាយុកាលនៃស្ថានីយ៍នេះ ពោលគឺប្រមាណ ៣០០០ឆ្នាំមុនបច្ចុប្បន្ន (រូបលេខ១-២)។ សូមបញ្ជាក់ថា ឆ្អឹងដែលឃើញនៅបរិវេណកំណាយដ៏តូចនេះ ពុំមែន មានន័យថាសត្វទាំងនោះរស់ក្នុងបរិវេណនេះតែម្តងទេ ប្រហែលជាភាគច្រើនណាស់ដែល សល់ពីមនុស្សទទួលទានជាអាហារ ឬដែលមនុស្សយកមកច្នៃធ្វើឧបករណ៍ប្រើប្រាស់ផ្សេងៗ ឬមួយទៀតដែលមនុស្សយកមកធ្វើជាសំណែន ឬដង្វាយនានា ត្បិតកន្លែងដែលសព្វថ្ងៃហៅថាកោះតាមាស កាលពីជំនាន់នោះគឺជាទីកប់ខ្មោច។ ប៉ុន្តែយើងអាចស្មានបានថាសត្វ ភាគច្រើនដែលឃើញឆ្អឹងនៅទីនេះ ប្រហែលជានៅជំនាន់នោះ រស់នៅក្នុងតំបន់ធំទាំងមូល ឧទាហរណ៍ បើគិតពីជើងទៅត្បូង អាចពីភ្នំគូលែនមកដល់ទន្លេសាប។ បើយោងតាមឆ្អឹងដែលរកឃើញ គឺត្រីមានប្រមាណ១៥យ៉ាង (រូបលេខ៣) ឯសត្វដទៃទៀត តូចឬធំ មានម្រាណ២៥យ៉ាង (រូបលេខ៤)។

ឆ្អឹងដែលប្រមូលបានទាំងប៉ុន្មាននេះប្រៀបបីដូចជាដាន ឬគន្លងដែលនាំផ្លូវយើងឲ្យស្រាវ ជ្រាវរុករកវែងឆ្ងាយតទៅទៀត អំពីបរិស្ថានទូទៅនៃតំបន់អង្គរ ការវិវឌ្ឍន៍ម្តងបន្តិចៗនៃបរិស្ថាននោះ ដោយសារមនុស្សមកតាំងទីកាន់តែច្រើនទៅៗ ហើយកំណើនប្រជាជនក៏ចេះតែកើនឡើងជាលំដាប់ ត្បិតបរិស្ថានធម្មជាតិតែងផ្លាស់ប្តូរជាធមត្មាកាលណាមានមនុស្សមកតាំងទី ឬរុករក ជាពិសេសកាលណាកសិកម្មរីក។