ដើមប្រី

ដោយ ខៀវ ចាន់

ប្រីជាឈ្មោះប្រភេទស្មៅទឹកម្ប៉ាងដូចពពួកកក់ដែរ ច្រើនដុះនៅតាមបឹង, ត្រពាំង ឬជួនកាលក្នុងទីដែលមានទឹកជ្រៅផង (រូបលេខ១) ហៅជាពាក្យរុក្ខជាតិថា Scleria poaeformis។ តាំងពីសម័យបុរាណមក ប្រីតែងឲ្យឈ្មោះដល់ទីកន្លែងផ្សេងៗ ឱទាហរណ៍សិលាចារឹកមាននិយាយអំពី ស្តុកប្រី ស្តុកប្ឫ ។ សព្វថ្ងៃ ប្រីក៏នៅតែជាឈ្មោះ ទីកន្លែង, វត្ត, ប្រាសាទបុរាណ...ដដែល។ ដើមវាសំប៉ែតហើយអាចខ្ពស់រហូតដល់ពីរម៉ែត្រ ឬលើសអំពីនោះទៅ ទៀត។ ផ្កាវាតូចៗដូចផ្កាស្មៅ (រូបលេខ២)។

អ្នកស្រុកតែងទៅច្រូតហើយចងជាកណ្តាប់ប្រវែងបីទៅបួនហត្ថ យកមកប្រក់ដំបូលផ្ទះ, ចងកៀបធ្វើ ជញ្ជាំងផ្ទះឬជញ្ជាំងជង្រុកស្រូវ (រូបលេខ៣-៤)។ ប្រយោជន៍របស់ប្រីពុំត្រឹមតែប៉ុណ្ណោះទេ គឺគេយកប្រីជាឱសថផង ជាពិសេសសម្រាប់ជម្ងឺម៉្យាងហៅថាតាន ពោលគឺស្បែកបាតដៃបាតជើងស្ងួតរហូត ដល់ប្រេះធ្វើឲ្យឈឺចុកចាប់។ បើពុំនោះទេ ក៏គេយកទៅផ្សំថ្នាំសម្រាប់ដំបៅ និងបូសជាដើម។ កាលណាមានគ្រុន ក្តៅព្រមទាំងរោគតាននោះផង គេយក ឫសប្រី (រូបលេខ៥), ស្មៅថ្នក់ទឹកព្រមទាំងសត្វខ្ចៅត្រាំទឹកលាយគ្នា ទាំងបីមុខនេះ ហើយ យកឲ្យអ្នកជម្ងឺទទួលទានផងព្រមទាំងងូតផង។ រីឯបូសផ្កាប់មុខឬដែលរកមុខមិនឃើញ ហើយមិនព្រមធ្លាយ គឺគេយកដើមប្រីទៅកម្លោចយកផេះវាមកលាយកំបោរ ហើយទើបយកទៅបិតលើបូសនោះដើម្បីឲ្យឆាប់ធ្លាយ។