ធ្លាក

ដោយ អាំង ជូលាន

នៅតាមជនបទ ជួនកាលគេប្រទះឃើញដើមម៉្យាងហៅ “ធ្លាក” ដែលជារុក្ខជាតិដុះមិនសូវខ្ពស់ពីដីប៉ុន្មានឡើយ ហើយដែលអ្នកស្រុកតែងដាំនៅក្នុងដីភូមិរបស់ខ្លួន (រូបលេខ១)។ ដើមនេះមានផ្កា (រូបលេខ២)និងផ្លែច្រើនដែរ (រូបលេខ៣-៤) តែមានតែផ្លែប៉ុណ្ណោះដែល គេប្រើប្រាស់។ ផ្លែនេះជាប្រភេទផ្លែឈើពុល បើមនុស្សច្រឡំខាំហូបគឺពុលអាចដល់ស្លាប់ រីឯការប្រើប្រាស់នោះគឺយកទៅប្រើសម្រាប់គោក្របីដែលឈឺរាករូសខ្លាំង។ កាលណាសត្វ ពាហណៈមានជំងឺដូច្នេះ គេយកផ្លែធ្លាកទៅដុតផ្ទាល់នឹងរងើករបៀបដូចដុតត្រប់ដូច្នោះដែរ។ បន្ទាប់មកទើបយកមកកិន ហើយកូរជាមួយទឹកក្នុងភាជន៍អ្វីមួយ ដើម្បីយកទៅបញ្ច្រកឱ្យគោផឹក។ ក្នុងការផឹកលើកទីមួយ គេដាក់ធ្លាកតែមួយផ្លែសិនប៉ុណ្ណោះ ព្រោះបើហួសពីនោះក្រែងលោសត្វពុល។ បើនៅតែពុំបត់ឬមួយគ្រាន់តែអន់រាក ក្រៅពីនោះមួយថ្ងៃមក គេអាចដុតដល់ទៅពីរផ្លែ ដ្បិតធ្លាប់ស៊ាំម្តងហើយ។ យ៉ាងណាក៏មិនហ៊ានដាក់លើសពីពីរផ្លែនោះដែរ។ នេះបើប្រើជាថ្នាំសត្វពាហណៈរាករូស។ បើម៉្យាងទៀតនោះគឺប្រើសម្រាប់មនុស្សដែលកើតឫសដូងបាត តែមិនមែនយកមកទទួលទានឡើយ ដ្បិតពុលដូចបានពោលមកពីលើ។ អ្នកដែលកើតឫសដូងបាតយកផ្លែធ្លាកមួយចំនួនមកបុកនឹងត្បាល់ ហ្មត់ល្មមហើយ ទើបយកមករុំនឹងកំណាត់អ្វីមួយស្អាត។ បន្ទាប់មកគេយកឥដ្ឋឬថ្មមួយដុំទៅដុតនឹងភ្លើងឱ្យក្តៅ ល្មមនឹងយកកញ្ចប់កំណាត់នោះមកកម្តៅផ្ទាល់ពីលើ។ កាលណាក្តៅល្មមហើយ អ្នកជំងឺអង្គុយនៅលើកញ្ចប់នោះតែម្តង។ លុះអង្គុយយូរទៅឃើញថាអន់ក្តៅ គេយកកញ្ចប់នោះទៅកម្តៅលើឥដ្ឋឬថ្មនោះជាថ្មីទៀត ហើយធ្វើរបៀបនេះច្រើនដងរហូតដល់ពេលដែលយល់ថាអន់ឈឺចាប់។

 អ្នកដែលចូលចិត្តលេងសើចស៊ីផឹកវិញ បើចង់ធ្វើបាបគេ គឺអាចយកឫសធ្លាកបន្តិចមកកម្លោចដើម្បីត្រាំក្នុងទឹកត្នោតជូ។ អ្នកឯទៀតដែលមិនដឹង ហូបទៅឆាប់ស្រវឹងច្រងាប់ច្រងិលដោយសារនេះជារុក្ខជាតិពុល។