ចម្បាក់ទើបរកឃើញថ្មីនៅក្បាលស្ពាន

ដោយ ឆាយ រចនា

នៅចម្ងាយ១៣គ.មខាងជើងបន្ទាយស្រី មានភ្នំមួយហៅថាក្បាលស្ពាន ហើយដែលដាច់ចេញពីភ្នំគូលែនមកខាងលិច។ ភ្នំនេះមានស្ទឹងមួយហូរកាត់ ព្រមទាំងមានកន្លែងទឹកធ្លាក់ផង។ ទឹកនេះមួយភាគបែកទៅស្ទឹងឫស្សី ឯមួយភាគទៀតទៅស្ទឹងសៀមរាប។ បានជាហៅថា “ក្បាលស្ពាន” មកពីមានផ្ទាំងថ្មយ៉ាងធំមួយលាតសន្ធឹងកាត់ទទឹងផ្លូវទឹក ពុំខុសអ្វីពីស្ពានឡើយ ត្បិតទឹកហូរច្រោះក្រោមនោះ។

ធម្មជាតិនៅទីនេះជាទីត្រកាលក្រៃលែង ព្រោះខ្មែរបុរាណ, ជាពិសេសនៅស.វ.ទី១១, មកធ្លាក់រូបច្រើននៅលើផ្ទាំងថ្មដែលមានស្រាប់ ទោះជាទឹកហូរពីលើក៏មានចម្លាក់នៅបាទស្ទឹងដែរ។ រូបនោះមានច្រើនបែបយ៉ាង។ ដែលស្គាល់ពីមុនមក គឺព្រះឥសូរជិះព្រះគោជាមួយនាងឧមា, ព្រះនារាយណ៍ផ្ទំ ហើយមានព្រះព្រហ្មផុសចេញពីផ្ចិតព្រះអង្គ។ល។ ប៉ុន្តែរូបដែលច្រើនជាងគេបំផុត មិនអាចរាប់បាន គឺលិង្គព្រះឥសូរ។ សូម្បីតែសិលាចារឹកដែលនៅលើជញ្ជាំងពើងមួយនោះក៏ហៅដែរថា “សហស្រលិង្គ” (ប្រែថាលិង្គរាប់ពាន់)។ ដោយសារសិលាចារឹកនោះឯងទើបយើងដឹងថា អ្នកដែលមករៀបចំទីនេះច្រើនជាងគេ គឺព្រះបាទឧទយាទិត្យទី២ ពោលគឺព្រះរាជាដែលកសាងបារាយទឹកថ្លា និងប្រាសាទបាភួន។

           គេនឹកសានថាគ្មានចម្លាក់បុរាណណាមួយដែលពុំស្គាល់ទៀតទេនៅក្បាលស្ពាន ទើបតែរវៀងពាក់ កណ្ដាលឆ្នាំ២០០៥ ក៏ប្រទះឃើញរូបដូចបង្ហាញមកជាមួយស្រាប់។ រូបនេះស្ថិតនៅកន្លែងដែលមនុស្សចូលចិត្តទៅជាងគេ គឺកន្លែងជាប់នឹងទឹកធ្លាក់។ តែពុំដែលនរណាចាប់អារម្មណ៍ថា គួរឡើងទៅមើលផ្នែកខាងលើនៃផ្ទាំងថ្ម ដោយសាររុក្ខជាតិវាតទីខ្លាំងពេក។ តាមស្មានមើលទៅ ប្រហែលជារូបព្រះ “ហេវជ្រ” បើពុំនោះទេ រូបព្រះឥសូររាំ ក្រោមទិដ្ឋភាពមួយដែលពាក្យសំស្រ្កឹតហៅថា “សទសិវ”។