រឿងកូរសមុទ្រទឹកដោះនៅលើផ្តែរមួយនៃប្រាសាទកុដីស្វរ

 ដោយ ស៊ីយ៉ុន សុភារិទ្ធ

 ឈ្មេះប្រាសាទខាងលើនេះជាការស្មានរបស់អ្នកស្រាវជ្រាវ។ បើប្រាសាទនេះប្រាកដជាឈ្មោះដូច្នោះពីដើមមក ហើយខ្មែរនៅតែចងចាំដល់សព្វថ្ងៃមែន ប្រហែលជាខ្មែរហៅថា «ក្តីឥសូរ» ហើយ,   ប៉ុន្តែឈ្មោះដើមបាត់បង់ទៅហើយ។ អ្នកស្រុកនៅទីនោះ ពោលគឺនៅម្តុំភូមិស្រះស្រង់ក្នុងតំបន់អង្គរ ហៅគ្រប់គ្នាថា «គោកខ្មោច» ដ្បិតមកទល់ប្រមាណ ១០ឆ្នាំមុននេះ គេតែងយកខ្មោចមកកប់នៅទីនោះ។ ប៉មទាំងប៉ុន្មានក្នុងប្រាសាទ ដែលសាងឡើងនៅស.វ. ទី១០នេះខូចបាត់បង់ស្ទើរមើលពុំយល់ ប៉ុន្តែនៅមានចម្លាក់ខ្លះដេកនៅលើដី ដូចជាផ្តែរមួយដែលខ្ញុំលើកយកមកនិយាយនៅទីនេះ។ ចម្លាក់ផ្តែរនោះនិយាយពីរឿងកូរសមុទ្រទឹកដោះ ដែលខ្មែរបុរាណនិយមរាប់អានខ្លាំងណាស់ (សូមអានជំពូកទី៤ លេខរៀងទី២២)។

រឿងកូរសមុទ្រទឹកដោះជារឿងមួយដែលដំណាលពីការខំប្រឹងប្រែងរបស់ពួកអសោរនិងទេពក្នុងការកូរសមុទ្រ ដើម្បីយកទឹកអម្រឹត ដែលជាទឹកធ្វើឲ្យមានកម្លាំងខ្លាំងក្លា ហើយជាពិសេសធ្វើមិនឲ្យស្លាប់ (ពាក្យសំស្ក្រឹតថា «អម្រឹត»មានន័យដូចពាក្យបាលីថា «អមត» ពោលគឺ «មិនស្លាប់»)។ ក៏ប៉ុន្តែការនេះពុំមែនជាការងាយឡើយ ដ្បិតពួកអសោរនិងទេពត្រូវចំណាយពេលកូរសមុទ្រទឹកដោះរាប់ពាន់ឆ្នាំ ហើយមានពេលខ្លះពើបពះនឹងភយន្តរាយស្ទើរនឹងបោះបង់ចោលការម្តងៗផង។ តាមសេចក្តីដំណាលក្នុងរឿងមហាភារតថា នៅគ្រាមានគ្រោះភ័យកើតឡើងរមែងឃើញមានទេពធំៗយាងចុះមកជួយយកអាសាដើម្បីឱ្យការដែលត្រូវធ្វើនោះបានចូលដល់ផលសម្រេច។ គ្រោះកាចដែលធំជាងគេក្នុងរឿងនេះគឺជាតិពុលឈ្មោះ «កាលកូដ» ដែលកើតចេញពីសមុទ្រ ឆេះរន្ទាលខ្មួលខ្មាញ់គ្របដណ្តប់ទាំងភពត្រៃ ធ្វើឱ្យសត្វនិករទាំងអម្បាលម៉ានឈ្លក់ពុំអាចធ្វើអ្វីកើត។ ពេលឃើញហេតុភេទដូច្នេះ ព្រះព្រហ្មស្នើសុំឱ្យព្រះឥសូរជួយ។ ព្រះឥសូរក៏ព្រមជួយដោយលេបជាតិពុលកាលកូដ ទុកនៅត្រឹមព្រះសូរងរបស់ព្រះអង្គ។ ហេតុតែអំណាចជាតិពុលនេះខ្លាំងមហិមា ទើបធ្វើឱ្យព្រះសូរងរបស់ព្រះអង្គឡើងជាំខ្មៅ ហើយក៏ជាហេតុដែលនាំឱ្យគេហៅព្រះឥសូរថា «និលកណ្ឌ» (អ្នកដែលមានកជាំខ្មៅ)។

ការយកអាសារបស់ព្រះឥសូរក្នុងរឿងកូរសមុទ្រទឹកដោះនេះហាក់ដូចជាមិនមែនជារឿងអ្វីធំដុំឡើយ។ បើគម្ពីដែលគេនិយាយលើកតម្កើងព្រះនារាយណ៍ជាទេពធំ ដូចជាគម្ពីឈ្មោះ «វិស្ណុបុរាណ»នោះវិញ មិនទាំងនិយាយព្រះឥសូរផង។ ត្រង់នេះយើងអាចយល់បានហើយ ព្រោះសាសនិកគោរពព្រះនារាយណ៍ជាធំ (សម័យបុរាណហៅថា «វៃស្នវ») ចង់ឱ្យកាតព្វ កិច្ចនេះជាកិច្ចផ្តាច់មុខរបស់ព្រះនារាយណ៍។

នៅស្រុកខ្មែរសាច់រឿងត្រង់លេបពិសពុលនេះ ខ្មែរស្គាល់ច្បាស់លាស់ ហើយលើកយកមកប្រើជាគុណសម្បត្តិធំមួយរបស់ព្រះឥសូរផង។ មានសិលាចារឹកជាច្រើនដែលនិយាយរឿងនេះ តែសូមជម្រាបថា មិនមែននិទានរឿងនោះទាំងស្រុងឡើយ គឺគ្រាន់តែជាឃ្លាខ្លះៗដែលអាចឱ្យយើងយល់ថា ជាសម្រង់ពីសាច់រឿងប៉ុណ្ណោះ។ ខ្ញុំសូមលើកយកសិលាចារឹកថ្នល់បារាយពីរ ដែលស្ថិតនៅជ្រុងនិរតី (K. 283) និងជ្រុងពាយព្យ (K. 282) ដែលចារនៅ ស.វ.ទី៩ ក្រោមរាជ្យព្រះបាទយសោវម៌ទី១ មកបង្ហាញ។ ផ្គុំសម្រង់សិលាចារឹកទាំងពីរនោះមកឃើញថា នៅស.វ.ទី៩ខ្មែរដឹងអំពីរឿងជាតិពុលកាលកូដចេញមកពីសមុទ្រទឹកដោះ ហើយ ព្រះនារាយណ៍ឱ្យព្រះឥសូរលេបជាតិពុលនេះ។ ត្រង់នេះខុសពីសេចក្តីដំណាលនៅក្នុងរឿងមហាភារត។

ក្រៅអំពីសិលាចារឹកនោះ យើងមានស្លាកស្នាមផ្សេងៗទៀត ដែលបង្ហាញថា នៅស្រុកខ្មែរ ព្រះឥសូរមាននាទីសំខាន់ក្នុងរឿងកូរសមុទ្រទឹកដោះ ដ្បិតជួនកាលព្រះឥសូរមាននាមថា «និលកណ្ឋ»(បំពង់កជាំខ្មៅ), «សិតិកណ្ឋ» (ដែលមានពាក់អលង្ការនៅក)ឬ «ស្រីកណ្ឋ» (អ្នកដែលមានកស្រស់ស្អាត)។

មិនតែប៉ុណ្ណោះឡើយ នៅប្រាសាទគោកខ្មោចដែលពោលខាងលើនោះ យើងឃើញផ្តែរមួយនិយាយពីរឿងកូរសមុទ្រទឹកដោះ ហើយដែលនៅក្នុងនោះ ព្រះឥសូរមាននាទីសំខាន់។ បានជាពោលដូច្នេះ តាមការសង្កេតទូទៅ ការបង្ហាញរឿងកូរសមុទ្រទឹកដោះនៅស្រុកខ្មែរច្រើនតែមានលំនាំដូចតទៅ៖ ព្រះនារាយណ៍ឱបភ្នំមន្ទរដែលជាក្នូរ, អសោរនិងទេពនៅសងខាង ទាញព្រត័្រដែលជានាគពាសុកី, នៅពីក្រោមក្នូរមានអណ្តើក។ ចំណែកផលដែលកើតពីការកូរសមុទ្រទឹកដោះ មានព្រះអាទិត្យ, ព្រះចន្ទ្រ, ស្រី (នាងលក្ម្សី) ទេពអប្សរ និងសេះជាដើម។ ឯផ្តែរប្រាសាទនៅគោកខ្មោច (រូបលេខ១) មានឆ្លាក់រូបនាគពាសុកីជាភ្ញីវល្លិ៍ថ្នាំងៗ រុំពាត់ភ្នំមន្ទរដែលជាក្នូរមានរាងដូចជាបង្កោលនៅកណ្តាល។ ព្រះនារាយណ៍មានព្រហស្ថបួនឱបភ្នំមន្ទរ ឯនៅលើភ្នំមានទេពមួយព្រះអង្គទៀត។ នៅផ្នែកខាងឆ្វេងនៃក្នូរមានរូបបុរសម្នាក់ឈរលើកដៃស្តាំឡើងត្រឹមមាត់ ហើយដៃឆ្វេងដាក់ចុះក្រោម។ នៅពីក្រោយខ្នងបុរសនោះ គឺព្រះព្រហ្ម ដែលគេឆ្លាក់បង្ហាញតែពាក់កណ្តាលខ្លួន។

រូបបុរសឈរនេះឯង ដែលខ្ញុំយល់ថាជាព្រះឥសូរកំពុងលេបជាតិពុលកាលកូដ ដូចបាននិយាយពីខាងលើមក (រូបលេខ២)។ សន្និដ្ឋានដូច្នេះ ដ្បិតរូបបុរសនោះឈរលើកដៃស្តាំដែលអាចឱ្យយើងយល់បានថា ជាកាយវិការក្បង់វត្ថុរាវអ្វីមួយ ហើយច្បាស់ជាជាតិពុលកាលកូដនោះឯង។ ចំណុចសំខាន់បំផុតទៀតនោះ បើយើងពិនិត្យរូបពង្រីក លេខ៣ ឲ្យច្បាស់ទៅនឹងឃើញថា អ្នកនោះមានចំណិតព្រះចន្ទនៅផ្នួងសក់ ដែលជាលក្ខណៈសម្គាល់នៃព្រះឥសូរផង។