ស្គរមហោរធឹក

 ដោយ ហេង សុផាឌី

ប្រភេទស្គរដែលខ្ញុំនឹងលើកយកមកនិយាយនេះ ខ្មែរនិងសៀមហៅថា “មហោរធឹក” ហើយចាត់ទុកថាជាស្គរដែលមានភាពសក្ការៈលើសពីស្គរដទៃ។ ដូច្នោះហើយបានជានៅព្រះរាជវាំងគេតែងយកមកប្រើក្នុងពិធីខ្លះៗ ទោះបីជាមិនយកមកទូងវាយក៏យកមកហែជាឱឡាឫកដែរ។ ស្គរប្រភេទនេះគេប្រទះឃើញនៅច្រើនទិសទីក្នុងទ្វីបអាស៊ីនេះ ពោលគឺតាំងពីប្រទេស ចិនរហូតមកដល់អាស៊ីប៉ែកអាគ្នេយ៍ ពុំថាតែដីគោកទេ គឺរាប់ទាំងកោះនានា ដូចជាឥណ្ឌាជាដើមផង។ ម៉្យាងទៀត ជំនាន់ដែលគេសិតធ្វើនោះ បើពោលចំពោះតែអាស៊ីអាគ្នេយ៍គឺសុទ្ធ សឹងតែនៅក្នុងបុរេប្រវត្តិសាស្ត្រ យ៉ាងហោចណាស់ក៏មុនគ្រិស្តសាសនាដែរ។

ការស្រាវជ្រាវចាប់ផ្តើមធ្វើឡើងដោយសាសន៍ស្បែកស មានន័យថាជាអ្នកដែលពុំមានឈ្មោះអ្វីពិសេសសម្រាប់ហៅស្គរនេះទេនៅក្នុងភាសាខ្លួន។ អាស្រ័យហេតុនេះគេក៏ហៅស្គរនេះដោយពាក្យផ្សេងៗយោងទៅតាមអ្វីដែលគេយល់ថាជាលក្ខណៈពិសេស ឬជាតួនាទីស្គរនោះ។ ឧទាហរណ៍ អ្នកខ្លះហៅថា “ស្គរសំរិត” (Tambour du bronze ) ត្បិតឃើញថាធ្វើពីប្រភេទលោហៈបែបនោះមែន។ ជួនកាលហៅថា “ស្គរភ្លៀង” (Tambour de pluie) ត្បិតគេយល់ថា ស្គរនេះអាចវាយក្នុងពិធីសុំទឹកភ្លៀង។ ពោលនេះស្ថិតនៅក្នុងការស្មានទេ គឺដោយសារឃើញរូបកង្កែបតិចឬច្រើនដែលផ្សាបន្តុបភ្ជាប់លើគែមស្គរនោះតែម្តង (រូបលេខ១) ពុំតែប៉ុណ្ណោះ ជួនកាលកង្កែប២ឬ៣ជាន់ត្រួតលើគ្នាទៀតផង (ដែលគេយល់ថាវាពាក់គ្នា)។ ប្រការនេះហើយដែលធ្វើឲ្យនឹកឃើញថា ប្រហែលមានន័យទាក់ទងនឹងភ្លៀង។ ម៉្យាងទៀត ចំពោះអាស៊ីអាគ្នេយ៍ អ្នកស្រាវជ្រាវយល់រហូតមកទល់ពេលនេះថា ស្គរមហោរធឹកស្ថិតនៅក្នុងអារ្យធម៌ចាស់មួយនាសម័យបុរេប្រវត្តិ ដែលគេហៅថា “អារ្យធម៌ដុងសឺន”។ បានជាប្រើពាក្យថាដុងសឺន មកពីស្ថានីយ៍សំខាន់មួយក្នុងអារ្យធម៌នោះស្ថិតនៅតំបន់មួយនៃវៀតណាមភាគកណ្តាល ដែលសព្វថ្ងៃឈ្មោះដុងសឺងដូច្នោះឯង។

នៅប្រទេសកម្ពុជា ស្គរមហោធឹកពុំមានចំនួនច្រើនណាស់ណាទេបើប្រៀបទៅប្រទេសខ្លះទៀត។ ខ្លះតម្កល់ទុកនៅព្រះបរមរាជវាំង ខ្លះនៅតាមមន្ទីរវប្បធម៌ខេត្តនានា បើពោលពីសារមន្ទីរជាតិ ឃើញមាន៤ (រូបលេខ២-៥, ក្នុងនោះ ស្គរលេខ៣ មកពីប្រទេសក្រៅទេ ត្បិតជាអំណោយរាជរដ្ឋាភិបាលលាវ ជូនដល់ឥស្សរជនខ្មែរម្នាក់)។

ទាំងនេះពុំមែនមានន័យថាស្គរមហោរធឹកនៅក្នុងដីខ្មែរមានតែប៉ុណ្ណេះឡើយ ត្បិតដូចបានពោលមកអម្បាញ់មិញនេះថាជាវត្ថុដែលផលិតឡើងនៅសម័យបុរេប្រវត្តិ ដូច្នេះតែងកប់នៅក្នុងដី។ ក្នុងកំណាយស្រាវជ្រាវថ្មីៗនេះយើងបានប្រទះឃើញស្គរមហោរធឹកនៅតាមស្ថានីយ៍មួយចំនួន ដូចជានៅក្រែក ក្នុងខេត្តកំពង់ចាម (រូបលេខ៦) ដែលនៅសល់តែបំណែកតែប៉ុណ្ណោះ។ បើនៅស្ថានីយ៍មេមត់ក្នុងតំបន់ដីក្រហមជាមួយគ្នា ក៏អ្នកស្រុករើសបានបំណែកស្គរមហោធឹកមួយដែរ ដែលជាផ្នែកកណ្តាលផ្ទៃស្គរ (រូបលេខ៧)។ ពោលមកយ៉ាងនេះមកអំពីឃើញរូបក្បាច់ដែលមនុស្សសម័យបច្ចុប្បន្នយល់ថាជាផ្កាយ ហើយដែលតែងតែនៅចំកណ្តាលផ្ទៃស្គរដូច្នោះមែន (សូមមើលរូបលេខ៨ដែលជារូបពង្រីកផ្នែកកណ្តាលនៃស្គរក្នុងរូបលេខ៤)។

ជួនកាលកំណាយដែលអ្នកស្រាវជ្រាវធ្វើ គឺធ្វើឡើងក្រោយពីមានការគាស់កកាយរុករកបុរាណវត្ថុដើម្បីជួញដូរប៉ុណ្ណោះ ដូចមានឧទាហរណ៍នៅរូបលេខ៩-១០ ដែលថតនៅស្ថានីយ៍មួយនៅភូមិព្រហារ, ឃុំជ្រៃ, ស្រុកព្រៃវែង, ខេត្តព្រៃវែង កាលពីខែមីនា ឆ្នាំ២០០៧ ដែលជាទីកប់ខ្មោចជំនាន់បុរេប្រវត្តិ។ ស្គរមហោរធឹកដែលឃើញនេះពុំត្រឹមតែគេយកទៅកប់ជាមួយសពក្នុងន័យថាជាវត្ថុសក្ការៈប៉ុណ្ណោះទេ គឺយើងឃើញថាពេលកប់នោះគេបញ្ចូលក្បាលសពទៅក្នុងស្គរនោះតែម្តង (រូបលេខ១១) ពុំតែប៉ុណ្ណោះសោត មានសំណល់អលង្ការនិងវត្ថុដទៃទៀតនៅលាយឡំជាមួយផង។