ទឹកអម្រឹតក្នុងចម្លាក់រឿងកូរសមុទ្រទឹកដោះនៅស្រុកខ្មែរ

 ដោយ ជី រដ្ឋា

រឿងព្រេងដែលនិទានអំពីទេពនិងអសោរព្រមព្រៀងគ្នាកូរសមុទ្រទឹកដោះយកទឹកអម្រឹត មកផឹកដើម្បីឱ្យជីវិតរស់នៅរហូត លែងស្លាប់នោះ មានប្រភពដើមនៅឥណ្ឌា។ រឿងនេះជ្រួតជ្រាបមកដល់ខ្មែរតាំងពីបុរាណកាល ហើយសព្វថ្ងៃអ្នកស្រុកទម្លាប់ហៅថា “ទាញព្រ័ត”។ រឿងនេះមានប្រជាប្រិយភាពពន់ពេកណាស់នៅស្រុកខ្មែរនាសម័យបុរាណ ដូចមានសម្រង់ខ្លីៗក្នុង សិលាចារឹករួមទាំងចម្លាក់យ៉ាងច្រើនសន្ធឹកសន្ធាប់, ជាពិសេសខ្មែរបុរាណយករឿងកូរសមុទ្រទឹកដោះទាំងមូលមកលាតត្រដាងជាសំណង់នៅលើលំហដីថែមទៀតផង។ ប្រការនេះគួរយកមកពិចារណា ត្បិតឥណ្ឌាដែលជាម្ចាស់រឿង ពុំសូវនិយមរឿងនេះប៉ុន្មានឡើយ, ចម្លាក់នៅលើថ្មក៏មានតិចតួច, បើពោលពីការយកសាច់រឿងមកបង្ហាញជាសំណង់ក្នុងលំហ គឺឥតមានសោះ។

រូបចម្លាក់ខ្មែរទាំងនោះច្រើនតែមាននៅលើផ្តែរ, ប៉ុន្តែអាចមានម្តងម្កាលដែរនៅលើហោជាង, ឬពុំនោះទេ នៅលើផ្ទាំងជញ្ជាំងប្រាសាទតែម្តង (ឧទាហរណ៍ដែលស្តែងបំផុត គឺនៅរោងទងខាងកើតនៃប្រាសាទអង្គរវត្ត)។ គោលបំណងនៃការកូរសមុទ្រទឹកដោះនោះ ខ្ញុំទើបនឹងពោលមកហើយ គឺយកទឹកអម្រឹតដែលនឹងផុលចេញពីបាតសមុទ្រដោយការកូរនោះ។ ក្រុមទេពនិងក្រុមអសោរយកភ្នំ “មន្ទរ” ដែលស្ថិតនៅកណ្តាលមហាសមុទ្រទឹកដោះធ្វើជាខ្នូរ ហើយយកពស់ “ពាសុកី” (ពាក្យសំស្ក្រឹតដើមថា “វាសុកី”) ធ្វើជាព្រ័តពាត់ជុំវិញខ្នូរនោះរូតទៅរូតមក។ រីឯទឹកអម្រឹតដែលបានមកនោះ អ្នកឆ្លាក់ពុំសូវបង្ហាញឱ្យឃើញឡើយ តែជួនកាលបង្ហាញក្រោមរូបភាពជាថូឬភាជន៍អ្វីមួយដែរ។ នៅទីនេះខ្ញុំយកឧទាហរណ៍ខ្លះៗស្ដីពីនិមិត្តរូបទឹកអម្រឹតមកបង្ហាញ។

រូបលេខ១ ជាចម្លាក់ផ្តែរនៅប្រាសាទរកាជន្លឹង ដែលប្រហែលសាងនៅស.វ.ទី១១។ ផ្តែរនេះបង្ហាញពួកអសោរឈរនៅខាងក្បាលពស់ ឯពួកទេពឈរទាញនៅខាងកន្ទុយ។ តួអង្គសំខាន់ដែលឱបភ្នំមន្ទរជាព្រះនារាយណ៍, ព្រោះបើតាមគម្ពីរ “ភគវតបុរាណ” គឺក្នុងចំណោម ទម្រង់ផ្សេងៗរបស់ព្រះនារាយណ៍ពេលកូរសមុទ្រទឹកដោះនោះ  មានទម្រង់មួយដែលមើលទៅលោកហាក់ដូចជាស្តេចភ្នំមួយអង្គ។ នៅខាងក្រោមភ្នំមន្ទរ មានសត្វអណ្តើកមួយយ៉ាងធំយកស្នូកទ្រភ្នំ។ អណ្តើកនោះឈ្មោះ “កុម៌” ហើយជាទម្រង់មួយទៀតរបស់ព្រះនារាយណ៍ដែលកាឡាខ្លួនទៅទ្រភ្នំមន្ទរកុំឲ្យលិចចុះទៅក្នុងបាតសមុទ្រ។ នៅអមសងខាងភ្នំមន្ទរផ្នែកខាងក្រោម ឃើញមានសត្វសេះ “ឧច្ច័យស្រវ” និងព្រះនាងលក្ម្សីដែលផុសចេញមកពីការកូរនោះ។

អ្វីដែលយើងគួរកត់សម្គាល់ គឺមានតួអង្គស្រីម្នាក់ បង្ហាញត្រឹមពាក់កណ្តាលខ្លួននៅខាងធ្វេង ក្បែរភ្នំមន្ទរ, ដៃធ្វេងកាន់ថូមួយ (រូបលេខ២)។ ខ្ញុំយល់ថាថូនោះច្បាស់ជា “ថូទឹកអម្រឹត” ត្បិតគម្ពីរមហាភារតក៏រៀបរាប់ដែរថា នៅចុងបញ្ចប់នៃការកូរសមុទ្រទឹកដោះមានទេពឈ្មោះ “ធន្វនតរី” បង្ហាញខ្លួនហើយកាន់ថូពណ៌សដែលមានទឹកអម្រឹតនៅខាងក្នុងនោះ។ បើនៅជញ្ជាំងខាងលិចនៃប្រាសាទបាយ័ន្តវិញ ដែលឆ្លាក់រឿងកូរសមុទ្រទឹកដោះដែរ (រូប លេខ៣) ថូនោះគេឆ្លាក់បង្ហាញកាន់តែច្បាស់ជាងខាងលើនេះទៀតផង (រូបលេខ៤)។ ជួនកាលទៅទៀត គេពុំបង្ហាញរូបថូឱ្យនៅដាច់តែឯង ឬដោយមានតួអង្គណាកាន់ឡើយ គឺដោយសារគំនិតថាទឹកអម្រឹតផុលចេញពីការកូរ គេក៏ឆ្លាក់រូបថូនៅលើខ្នងអណ្តើកផ្ទាល់ ពោលគឺនៅបាតភ្នំមន្ទរដែលមានរូបរាងជាខ្នូរនោះតែម្តង។ រូបលេខ៥ ស្រង់ចេញពីហោជាងមួយនៅប្រាសាទព្រះវិហារ រីឯរូបលេខ៦វិញ គឺស្រង់ចេញពីផ្តែរមួយនៅភ្នំតាម៉ៅ ខេត្តតាកែវ។

ឥឡូវចូរយើងពិនិត្យប្លង់អង្គរធំទាំងមូល ពោលគឺផ្នែកសំខាន់បំផុតនៃរាជធានី “យសោធរ” ដែលព្រះបាទជ័យវរ្ម័នទី៧រៀបចំកែលម្អឡើងវិញនៅចុងស.វ.ទី១២ ក្រោយពីកលិយុគធំៗពីរកើតឡើង, ទី១ ការធ្វើឃាតព្រះរាជាដោយមន្ត្រីម្នាក់ដែលដណ្តើមយករាជ្យ, ទី២ ការដែលចាម្បវាយអុកឡុកអង្គរបន្ទាប់ភ្លាមនោះមក អស់រយៈពេល៤ឆ្នាំ។ និមិត្តរូបអង្គរធំទាំង មូល ពុំគឺអ្វីក្រៅពីការលាតត្រដាងលើលំហដីនៃការកូរសមុទ្រទឹកដោះឡើយ (រូបលេខ៧)។ ប្រាសាទបាយ័ន្តដែលនៅចំកណ្តាល ជាភ្នំមន្ទរនោះឯងហើយ (រូបលេខ៨) រីឯពួកទេពនិងអសោរ ព្រមទាំងពស់ពាសុកីជាព្រ័តនោះ យើងអាចឃើញនៅគ្រប់ទ្វារទាំង៥នៃអង្គរធំ ។រូបលេខ៩ ជារូបដែលអ្នកស្រុកហៅថា “ទាញព្រ័ត” នៅទ្វារទន្លេអុំ (ទ្វារខាងត្បូង)។ កសិន្ធុទឹកពាត់ជុំវិញ (ហៅថា “ជ័យសិន្ធុ” កាលជំនាន់សាងអង្គរធំ) គឺទឹកមហាសមុទ្រដែលថយបន្តិចម្តងៗពីចំណុចកណ្តាល ដែលខាប់កកឡើងដោយការកូរនោះ។

យើងដឹងហើយថា ការកសាងរបស់ព្រះបាទជ័យវរ្ម័នទី៧ ជាសំណង់សាសនាក្តី ជាហេដ្ឋារចនាសម្ព័ន្ធសង្គមក្តី មានច្រើនណាស់ លំបាកនឹងរាប់ឱ្យអស់។ ប្រសិនបើមុននោះ ប្រទេសពុំបានឆ្លងកាត់ហេតុការណ៍អ្វីអាក្រក់ទេ ក៏គង់តែការកសាងនោះនៅតែច្រើនលើសលប់ដដែល ប៉ុន្តែការដែលរៀបចំរាជធានីតម្រូវទៅតាមរឿងកូរសមុទ្រទឹកដោះនោះ ប្រហែលជាពាក់ព័ន្ធទៅនឹងវិបត្តិធំៗពីរដែលពោលនៅខាងលើនេះឯងហើយ។ អង្គរធំដែលជានិមិត្តរូប ឬមួយអាចពោលថា ជាលទ្ធផលនៃការកូរសមុទ្រទឹកដោះនោះ ជា“អម្រឹត” មានន័យថា ក្នុងគំនិតរបស់ព្រះរាជានិងរាស្ត្រប្រជាទាំងអស់ដែលរស់ក្រោមរាជ្យនោះ អំណើះតទៅលែងមានអ្វីមកបៀតបៀនទៀតបាន ត្បិតអម្រឹត មានន័យថា ពុំស្លាប់។