ការលេងវោហារអំពីមនុស្ស ដោយយកអំពើសត្វមកប្រៀប

ដោយ ព្រាប ចាន់ម៉ារ៉ា

ក្នុងភាសាខ្មែរ បើយើងយកតែសត្វ ឬអំពើរបស់សត្វ ដែលគេយកមកដាក់លើមនុស្សនោះ ប្រហែលជាច្រើនសិប រាប់មិនអស់ឡើយ ឧទាហរណ៍ ពាក្យថា «និយាយញាប់ដូចឆ្កែអេះ», «ក្បាលពោះឡើងស្ពីង ដូចហ៊ីងហើម», «ស្លាប់ដូចពស់ រស់ដូចកង្កែប”៘

រីឯការលេងសម្តីដែលខ្ញុំនឹងលើកមកពោលនេះ មិនចេញឈ្មោះសត្វត្រង់ៗដូច្នេះឡើយ គឺគេយកតែអំពើរបស់សត្វណាមួយមកនិយាយ ដោយមិនចេញឈ្មោះសត្វនោះ តែអ្នកស្តាប់អាចយល់ថា គេនិយាយអំពីមនុស្សប្រៀបនឹងសត្វអ្វីមួយ។ ឃ្លាឃ្លោងប៉ុន្មានដែលខ្ញុំយកមកបង្ហាញនេះ ច្បាស់ជាពុំមែនមានតែប៉ុណ្ណេះទេ គឺនៅមានច្រើនទៅទៀត។ ដូច្នេះសូមគិតថា ទាំងនេះគ្រាន់តែជាឧទាហរណ៍ទៅចុះ។

១- យកឆ្កែមកប្រៀប

- ត្រង់កន្ទុយ ៖ នេះគឺគេនិយាយចំពោះមនុស្សណា ដែលភ័យខ្លាចនឹងការសម្លុត ឬស្តីបន្ទោសអ្វីមួយខ្លាំង ហើយធ្វើតែតាមការដែលគេតម្រូវឲ្យធ្វើ ដោយពុំងាករេទៅណាខុសពីនោះ ដោយសាររាងចាល។

- បក់ស្លឹកត្រចៀកខ្លប ៖ ពាក្យនេះក៏ប្រហាក់ប្រហែលនឹងពាក្យខាងលើដែរ គឺប្រៀបមនុស្សទៅនឹងឆ្កែ ដែលពុំហ៊ានប្រទូសរ៉ាយជាមួយយើង ហើយដែលយើងអាចមើលដឹងដោយឃើញត្រចៀកវាបក់ធ្លាក់ចុះមកក្រោម។

- ផាស់ក្រញាំ ៖ នេះក៏ប្រៀបទៅនឹងឆ្កែដែរ ប៉ុន្តែឆ្កែដែលភ័យខ្លាច ស្ទុះរត់មិនហ៊ានមើលក្រោយ ប្រាសយកតែព្រះអាយូស។

- អូសលោង ៖ ពាក្យនេះបង្ហាញពីស្ថានភាពភ័យតក់ស្លុតរបស់នរណាម្នាក់ ដែលគេប្រៀបទៅឆ្កែ ដែលឃើញខ្លាជាដើម ហើយដែលទន់ លែងមានដំណើរប្រក្រតីកើត នឹងស្ទុះរត់ក៏ពុំរួច បានត្រឹមតែវារអូសជើងក្រោយខ្វាសៗ។

- បានតែព្រុស ៖ យើងដឹងហើយពាក្យថា «ឆ្កែព្រុសមិនដែលខាំ» ដែលអាចធ្វើឲ្យយើងយល់អំពីមនុស្សដែលគេថា «បនតែព្រុស» ពោលគឺ អ្នកដែលបានតែសម្តីក្អេងក្អាងលើគេឯង តែគ្មានហ៊ានធ្វើអ្វីលើនរណាម្នាក់សោះ។

- គេកាច់ចង្កូម ៖ ពាក្យនេះគេនិយាយសំដៅទៅមនុស្ស ដែលធ្លាប់កោងកាច ហើយដែលនរណាម្នាក់បង្ក្រាបបាន លែងហ៊ាងគំរាមកំហែងអ្នកណាទៀត ប្រៀបដូចជាឆ្កែធ្លាប់កាច ខាំគេ ហើយលែងខាំនរណាទៀតបសន ដោយសារគេកាច់ចង្កូមអស់។

២- យកជ្រូកមកប្រៀប

- ឈ្មុសឈ្មុល ៖ នរណាម្នាក់ដែលធ្វើអ្វីដោយស្វះស្វែង ខ្មីឃ្មាត មិនដំអក់ ហើយផ្ចង់គំនិតធ្វើការនោះឲ្យទាល់តែចេញ គេតែងថាអ្នកនោះ «ឈ្មុសឈ្មុល» ក្នុងការងារ។ នេះមកអំពីជ្រូក កាលណាវារកអ្វីមួយ គឺវាយកច្រមុះសម្រុកទៅក្នុងដី កកាយដើម្បីរកវត្ថុនោះឲ្យបាន ជាពិសេសជ្រូកព្រៃ ព្រោះគ្មាននរណាឲ្យបាយវាស៊ីស្រាប់ៗឡើយ ម៉្លោះហើយវាតែងយកច្រមុះនិងខ្នាយឈ្មុសឈ្មុលរកប្រទាល ឬមើមអ្វីៗស៊ីជាអាហារ។

- ប្រឹងប្រែង ៖ ប្រែងជារោមដែលដុះនៅតាមបណ្តោយទ្រនុងខ្នងជ្រូក។ កាលពីមុននេះបន្តិច ដែលមិនទាន់មានការបង្កាត់ពូជជ្រូកយកមកពីប្រទេសផ្សេងៗនោះ ជ្រូកសម្បូណ៌ប្រែងជាងជ្រូកសព្វថ្ងៃ បើនិយាយពីជ្រូកព្រៃផង គឺប្រែងកាន់តែសម្បូណ៌ទៅទៀត។ បើយើងមើលទៅចម្លាក់នៅសម័យបុរាណ ដូចជានៅប្រាសាទបាយ័ន្តជាដើមផង យើងឃើញថាជ្រូកស្រុកពីមុនមកមិនខុសអ្វីប៉ុន្មានពីជ្រូកព្រៃឡើយ ហើយសម្បូណ៌ប្រែងដូចគ្នា។ ពេលណាមួយដែលជ្រូកខំប្រឹងរាងកាយដើម្បីទៅដេញកម្ចាត់សត្វដទៃ ឬក៏ដើម្បីឈ្មុសអ្វីៗនៅដីជាដើម ប្រែងដែលធម្មតាសណ្តូកផ្តេកលើគ្នានោះ តែងតែបះរឹងឡើងលើ ឃើញថាប្រែងចេញស្តែងឡើងដោយសារប្រឹង។ ហេតុនេះហើយទើបគេភ្ជាប់ពាក្យទាំងពីនេះថា «ប្រឹងប្រែង»។

៣- យកសេះ មកប្រៀប

           - ហេកុប ៖ សេះជាសត្វដែលមានបាទជើងសំប៉ែតរាបស្មើ ដោយសារពាត់ទៅដោយក្រចកតែមួយ។ ពុំតែប៉ុណ្ណោះ មនុស្សច្រើនយកដែកមកបោះមួយជាន់លើនោះផង ដើម្បីកុំឲ្យសឹក។ តែទោះបីជាមានក្រចកដែក ឬឥតក្រចកដែក ក៏សេះពេលដើរទៅឲ្យស្នូរខុសសត្វដទៃ ដោយសារឮសូរ «កុបៗ»។ រីឯមនុស្សវិញ ជាពិសេសបើអ្នកនោះជាស្រីផង ខ្មែរមិនដែលចូលចិត្តឲ្យដើរឮសូរឡើយ បើមើលទៅ «ច្បាប់ស្រី» ផង គេស្ទើរតែចាត់ទុកស្រីនោះថា ខាតលក្ខណ៍ទៅទៀត។ ដូច្នេះហើយទើបមានពាក្យថា «មីហេកុប» ដែលគេនិយាយសំដៅទៅលើស្រីណាម្នាក់ ដែលគ្មានភាពស្រគត់ស្រគំ ទៅណាហាក់ដូចជាស្ទុះហេ ហើយស្នូរជើងនោះក៏ក្ឌុងក្ឌាំង បីដូចជាស្នូរជើងសេះ «កុបៗ» ដូច្នោះ។

៤- យកបក្សីមកប្រៀប

- មិនឡើងទ្រនំ ៖ សត្វដែលគេចិញ្ចឹមឲ្យមានទ្រនំ ជាទូទៅគឺសត្វមាន់ រីឯទាវិញដែលចិញ្ចឹមជាមួយគ្នា តែពុំអាចឡើងទ្រនំឡើយ ដោយសារជើងនោះម្រាមជាប់គ្នា មិនអាចកៀបទ្រនំបាន ដូច្នេះនៅផ្ទាល់តែនឹងដី។ កាលណាគេចង់បង្អាប់ បន្ទាបបន្ថោកនរណាម្នាក់ គេតែងនិយាយថា «ពូជទាវាមិនចេះឡើងទ្រនំទេ»។ នេះបើគេចង់បញ្ជាក់ឲ្យច្បាស់ តែគេអាចនិយាយកាត់ដោយមិនបញ្ចោញពាក្យថា «ទា» ឲ្យមកនៅត្រឹមតែ «មិនឡើងទ្រនំ» ក៏បាន។

- ហែកហួរ ៖ ពាក្យ «ហួរ» នេះគេច្រើននិយាយចំពោះក្ងាន។ ក្ងានមិនខុសពីទាឡើយ គឺម្រាមជើងជាប់គ្នា មិនអាចកាយអ្វីកើត បើច្រាសប្រយុទ្ធជាមួយគេផង កាន់តែមិនកើតទៅទៀត។ ដូច្នេះនៅសល់តែចំពុះសំប៉ែតប៉ុណ្ណោះ ដែលក្រៅពី «ហួរ» គឺយកទៅហែកឬបំបែកវត្ថុអ្វីមួយបាន។ ឯការហែកនិងហួរនោះ មើលទៅពិបាកភ្នែកណាស់ ព្រោះជើងក៏គ្មានក្រញាំ ចំពុះក៏មិនស្រួច ម៉្លោះហើយខំយកជើងទប់វត្ថុនោះកុំឲ្យរបូត ឯចំពុះសំប៉ែតខំខាំទាញគ្រវីគ្រវាត់។ ការដែលមើលទៅឃើញជារញ៉េរញ៉ៃ ពិបាកភ្នែកនេះហើយ ធ្វើឲ្យគេនិយាយចំពោះអ្នកដែលនិយាយកកូរកកាយពីគ្នាទៅវិញទៅមកថា «ហែកហួរ» គ្នា។

- ចេកចាចៗ ៖ ពាក្យនេះស្រួលយល់ទេ គឺថាបើគេនិយាយត្រង់ គឺនិយាយពីចាបដែលស្រែកឆ្លងឆ្លើយគ្នា ដូចជាពេលដែលវាចូលសំបុកជាដើម។ ឯគំនិតនោះនៅត្រង់ថា ថ្លង់ឥតប្រយោជន៍ រកស្តាប់អ្វីមិនឮ ដូច្នេះក៏យកមកប្រើចំពោះមនុស្ស ដែលបញ្ចោញសម្លេងឆ្លើយឆ្លងទៅមក ដោយគ្មានបានការ ដូចជាក្មេងជជែកគ្នាជាដើម។

- មួយគែៗ ៖ ដូចយើងដឹងស្រាប់ហើយ បក្សីដូចជាមាន់ ទា ឬចាបជាដើម តែងមានថ្នក់កហៅថា «គែ»។ អាហារមួយថ្នក់ៗមានសត្វល្អិត និងធញ្ញជាតិអ្វីជាដើម តាមមើលទៅចំណុះមួយគែនោះប្រហែលជាទ្រទ្រង់ជីវិតបានមួយថ្ងៃ ឬក៏មួយគ្រាខ្លីជាងនេះ។ យ៉ាងណាក៏ដោយ កាលណាគេនិយាយពីមនុស្សដែលរកស៊ីបានត្រឹមតែរស់មួយថ្ងៃទល់នឹងមួយថ្ងៃ គ្មានអ្វីទុកការគ្រាក្រ គឺមានន័យថាបានតែមួយគ្រាខ្លី។

៥- យកពស់មកប្រៀប

- អស់ពិស ៖ នេះក៏ងាយយល់ដែរ ដ្បិតពស់ តែកាលណាអស់ពិស គឺគ្មានអ្វីគួរឲ្យខ្លាចទៀតឡើយ។ ឯមនុស្សវិញ ដែលធ្លាប់មានអំណាច ហើយប្រើអំណាចនោះសង្កត់សង្កិនគេឯង លុះដល់ពេលណាមួយអស់អំណាចដោយប្រការអ្វីមួយ ហើយបណ្តាលឲ្យខ្លាចគេទៅវិញ ពេលនោះគេថាអ្នកនោះ «អស់ពិស» ហើយ។

- កម្សាកញី ៖ នេះដំបូងឡើយក៏និយាយពីពស់ដែរ គឺអំពីពស់ឈ្មោលដែលទៅជួបវាក់នឹងញី ព្រោះដំបូងភ្លាមនោះ ដោយសារឃើញញី វាទប់ខ្លួន ឬថយខ្សាកបន្តិច។ ចំពោះមនុស្សវិញ «កម្សាកញី» សំដៅទៅមនុស្សប្រុសមុខខ្មូរ អៀនប្រៀន ពេលដើរទៅជិតស្រី។ បន្ទាប់ពីនោះ គេនិយាយចំពោះមនុស្សដែលខ្លាចគេជាទូទៅ។

៦- យកត្រីមកប្រៀប

- បាក់ធ្មុង ៖ ពាក្យនេះមានន័យប្រហែលគ្នានឹងពាក្យ «កាច់ចង្កូម» ឬ «អស់ពិស» ដែលនិយាយពីលើមកដែរ គឺសំដៅទៅលើមនុស្ស ដែលធ្លាប់តែក្អេងក្អាងជិះជាន់គេ ហើយអស់អំណាចទៅ ខ្លបខ្លាចគេទៅវិញ មិនខុសអ្វីពីត្រីខ្លះ ដូចជាត្រីឆ្លាំងនិងអណ្តែងជាដើម ដែលបាក់ធ្មុងដោយសារគេកាច់អស់ទៅ ក៏គ្មានអ្វីគួរឲ្យខ្លាចទៀត។

- និយាយបញ្ច្រាសស្រកី ៖ ដើម្បីងាយយល់ពាក្យនេះ គួរយើងនឹកឃើញដល់ពាក្យ «អនុលោម» ដែលយើងយល់គ្រប់គ្នា។ ពាក្យនេះ បើប្រែឲ្យចំក្នុងន័យដើម គឺមានន័យថា ធ្វើឲ្យស្របទៅតាម «បណ្តោយរោម» ដូច្នេះគ្មានគំនិតអ្វីមួយដែលជាគំនិតប្រឆាំង។ រីឯពាក្យផ្ទុយ គឺ «ប្រតិលោម» ប្រែថា «បញ្ច្រាសរោម» ដែលមានន័យថា ប្រឆាំងជំទាស់ជាដើម។ ពាក្យថា «និយាយបញ្ច្រាសស្រកី» នេះ មិនខុសពីប្រតិលោមប៉ុន្មានទេ តែធ្ងន់ធ្ងរជាង គឺថាគំនិតឬសម្តីដែលប្រឆាំងនោះ ធ្វើឡើងដោយកំរោល ហើយធ្វើម៉េចឲ្យតែបានប្រឆាំងប៉ុណ្ណោះ។

៧- យកហ៉ីងមកប្រៀប

- បំប៉េងខ្លួន ៖ ហ៊ីងខុសពីក្រុមកង្កែប គីង្គក់ កញ្ចាញ់ចេកជាដើម ត្រង់វាអាចបំប៉េងខ្លួនបានធំខ្លាំងខុសធម្មតា។ នៅក្នុងរឿននិទានឬកំណាព្យជាដើម គេតែងនិយាយរឿងហ៊ីងបំប៉េងខ្លួននេះក្នុងន័យថា ជាការអួតអាងខ្លួនឯងហួសមាឌ ហួសសមត្ថភាព ហើយច្រើនតែមានផលវិបាកអាក្រក់អ្វីមួយនៅទីបញ្ចប់។ មនុស្សអួតក្អេងក្អាង និយាយពន្លើសដើម្បីអួតខ្លួនឯង ក៏គេថា «បំប៉េងខ្លួន» ដូច្នេះដែរ។

៨- យកឃ្មុំមកប្រៀប

- ជុំគ្នាអ៊ូ ៖ ត្រចៀកខ្មែរឮសំឡេងថា «អ៊ូ» នេះ កាលណាឃ្មុំហើរជុំគ្នា ដូចជាពេលវាហើរចេញពីសំបុកជាដើម។ ដូច្នេះនិយាយថា «អ៊ូ» មានន័យថាសំឡេងចេញពីមាត់ច្រើន ឮតែសូរ តែចាប់សេចក្តីថាអ្វីមួយមិនកើត នេះហើយដែលគេនិយាយថាមនុស្ស «ជុំគ្នាអ៊ូ» ឮសូរអឺងកងពីចម្ងាយ តែពុំដឹងថា នរណានិយាយច្បាស់ពីអ្វីខ្លះឡើយ។