ព្រះកាមនៅតាមចម្លាក់បុរាណខ្មែរ

ដោយ ជី រដ្ឋា

 នៅជំពូកទី៦ លេខរៀងទី២៦ មានអត្ថបទមួយរបស់លោក តាំង រតនា មានចំណងជើងថា «អនង្គ»។ ក្នុងនោះមានការពន្យល់ក្បោះក្បាយហើយថា នោះជាព្រះនាមមួយទៀតរបស់ព្រះកាម  (ខ្មែរសព្វថ្ងៃនិយមថា «ព្រះកាមទេព») ដែលគេយកមកដាក់ជាឈ្មោះឲ្យមនុស្ស តាំងពីបុរាណកាលរហូតដល់សម័យថ្មី។  ឯនៅទីនេះវិញ ខ្ញុំសូមចោលភ្នែកទៅមើលព្រះកាមដែលឃើញតាមចម្លាក់ខ្មែរបុរាណនានាវិញម្តង។

ចម្លាក់បង្ហាញពីព្រះកាមយឹតធ្នូបាញ់តម្រង់ទៅរកព្រះឥសូរ ដែលកំពុងអង្គុយធ្វើធម៌ស្មឹងស្មាធិ៍មានច្រើនកន្លែងនៅតាមប្រាសាទខ្មែរ ដូចជានៅហោជាងមួយរបស់ប្រាសាទបន្ទាយស្រី, ជញ្ជាំងប្រាសាទបាភួន,  ហោងជាងមួយនៃប្រាសាទភ្នំរុង (សព្វថ្ងៃស្ថិតនៅក្នុងទឹកដីប្រទេសថៃឡង់ដ៍), ចម្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត និងជញ្ជាំងប្រាសាទបាយ័ន្ត,  នៅហោជាងមួយនៃប្រាសាទបន្ទាយឆ្មារ  ព្រមទាំងនៅហោជាងមួយទៀតនៃប្រាសាទព្រះខ័ន។  ខ្ញុំផ្តោតអារម្មណ៍ជាសំខាន់ទៅលើចម្លាក់នៅអង្គរវត្ត, ភ្នំរុង, បាភួន និងព្រះខ័ន ដ្បិតនៅកន្លែងទាំងបួននេះ គេបង្ហាញព្រះកាមពេញរូបរាងទាំងស្រុង។

មុននឹងនិយាយមកដល់នេះ ខ្ញុំសូមសង្ខេបរឿងរ៉ាវព្រះកាមបន្តិចតាមទេពកថាឥណ្ឌា។  កាលមួយនោះ លោកទាំងមូលប្រឈមនឹងគ្រោះភ័យអន្តរាយ ដោយសារអសោរមួយឈ្មោះ តារក  ដើរធ្វើទុក្ខបុកម្នេញគេឯង ហើយគ្មានទេពអង្គណាអាច សម្លាប់អសោរនោះបានទេ  ទាល់តែនរណាជាបុត្ររបស់ព្រះឥសូរ ទើបសម្លាប់បាន។ ប៉ុន្តែព្រះឥសូរពុំទាន់មានបុត្រសោះ  ហើយម៉្យាងទៀត ទោះជាចង់ឲ្យព្រះអង្គមានបុត្រ ក៏ទៅពុំរួច  ដ្បិតនៅពេលនោះ ព្រះអង្គកំពុងសំងំធ្វើធម៌ស្មឹងស្មាធិ៍ក្នុងព្រៃយ៉ាងស្ងប់ស្ងាត់ ពុំមាននរណាម្នាក់ហ៊ានមករំខានព្រះអង្គឡើយ។  ហេតុនេះទេពផ្សេងៗក៏ជំនុំមូលមតិគ្នាថា នឹងទៅរកព្រះកាមឲ្យមករំខានព្រះឥសូរ កុំឲ្យព្រះអង្គស្មឹងស្មាធិ៍បានតទៅទៀត។ ឯព្រះកាមក៏យល់ព្រម ហើយក៏យាងទៅឯព្រៃត្រង់ទីដែលព្រះឥសូរស្មឹងស្មាធិ៍។  លុះឃើញហើយ  ព្រះកាមក៏យឹតធ្នូបាញ់តម្រង់ទៅរកព្រះឥសូរ បណ្តាលឲ្យព្រះឥសូរកើតកិលេសក្នុងអង្គប្រាណ នឹកគិតទៅចង់រួមស្នេហ៍ជាមួយនាងបព៌តី (ពាក្យសំស្ក្រឹតថា “បវ៌តី” ប្រែថា បុត្រីភ្នំ) ដែលជាព្រះជាយា។  តែភ្លាមនោះ ព្រះឥសូរដឹងខ្លួនទាន់  ហើយកើតក្តីក្រោធខ្លាំងណាស់នឹងអ្នកមករំខាន។ ព្រះអង្គក៏បើកព្រះនេត្រទីបី (ព្រះឥសូរមានព្រះនេត្រទីបី បញ្ឈរនៅកណ្តាលថ្ងាស) បញ្ចេញភ្លើងដុតបំផ្លាញព្រះកាមឲ្យក្លាយជាផេះផង់អស់ទៅ។ នាងរតី ដែលជាព្រះជាយាយំសោកអាណិតព្រះស្វាមី និងសុំឲ្យព្រះឥសូរប្រស់ព្រះកាមមកវិញ។ ព្រះឥសូរមានបន្ទូលប្រាប់ទៅវិញថា ព្រះកាមពុំបនស្លាប់បាត់ទៅណាទេ  តែអំណើះតទៅព្រះអង្គគ្រាន់តែជាទេពដែលឥតខ្លួនតែប៉ុណ្ណោះ ហើយព្រះកាមនឹងនៅជាមួយយើងគ្រប់ៗគ្នា។ គឺចាប់ពីពេលនោះហើយដែលគេហៅព្រះ កាមថា «អនង្គ» មានន័យថា «ឥតខ្លួន»។ ចំណែកឯព្រះឥសូរដែលត្រូវព្រួញកាមទេពហើយនោះ ក៏យាងទៅរកនាងបព៌តី។  តែដំបូង  ព្រះឥសូរក្លែងកាយជាឥសីទៅល្បងព្រះទ័យនាងបព៌តីជាមុនសិន ចង់ដឹងថា តើពេលដែលបែកគ្នានោះ ព្រះនាងមានភក្តីភាពនឹងព្រះអង្គឬអត់។ ឥសីដែលជាព្រះឥសូរក្លែងកាយនោះ ទៅនិយាយនឹងនាងបព៌តីថា កុំឲ្យមានព្រះទ័យប្រតិព័ទ្ធលើព្រះឥសូរអី ដោយពោលបង្អាប់ថា ព្រះឥសូរជាអទិទេពអាក្រក់ដោយប្រការផ្សេងៗ។  នាងបព៌តី ខំមានបន្ទូលការពារព្រះឥសូរជាព្រះស្វាមីវិញ តែទោះយ៉ាងណា ក៏ប្រកែកពុំឈ្នះឥសីនោះឡើយ ទើបនាងយកចង្អុលដៃទាំងពីរចុកត្រចៀក លែងស្តាប់តទៅទៀត។  លុះយល់ជាក់ថា នាងបព៌តី ពិតជាស្មោះនឹងព្រះអង្គមែនហើយ  ទើបព្រះឥសូរប្រែកាយជារូបដើមវិញ។ ឈុតត្រង់នេះ ឃើញមានឆ្លាក់នៅប្រាសាទមួយក្នុងក្រុមព្រះពិធូរ (សព្វថ្ងៃចម្លាក់នោះដាក់តាំងនៅសារមន្ទីរ Guimet ឯក្រុងប៉ារីស៍,  សូមមើលរូបលេខ១)។  ក្រោយមកព្រះឥសូរនិងនាងបព៌តីក៏បានព្រះរាជបុត្រមួយអង្គព្រះនាម ស្កន្ទ  ហើយគឺព្រះស្កន្ទនេះឯងដែលទៅសម្លាប់អសោរ តារក ចោល។  

ឥឡូវយើងងាកមកមើលចម្លាក់នៅតាមប្រាសាទខ្មែរវិញម្តង។ យើងទើបនឹងឃើញថា  ក្នុងទេពកថាឥណ្ឌា  រាងកាយទាំងមូលនៃព្រះកាមរលាយជាផេះផង់អស់ ដោយព្រះនេត្រទីបីនៃព្រះឥសូរ  ឯនៅលើចម្លាក់ខ្មែរវិញ យើងតែងឃើញរាងកាយព្រះកាមសុគតស្តូកស្តឹងនៅមុខព្រះឥសូរ។

នៅអង្គរវត្ត ក្នុងផ្ទាំងតែមួយគេបង្ហាញរូបព្រះកាមកំពុងយឹតធ្នូបាញ់ព្រះឥសូរផង ព្រមទាំងពេលដែលព្រះកាមសុគតដោយសារព្រះឥសូរផង (រូបលេខ២ ជារូបពង្រីក ពុំអាចឃើញរូបព្រះឥសូរដែលគង់ធ្វើធម៌នៅឆ្ងាយខាងលើពីនោះឡើយ)។  ស្រីម្នាក់ដែលកំពុងត្រកងលើកព្រះសិរសពព្រះកាមនោះឡើង ច្បាស់ជានាងរតីហើយ។ 

នៅប្រាសាទបាភួនក៏ដូចគ្នាដែរ  គឺយើងឃើញរូបព្រះកាមកំពុងយឹតធ្នូបាញ់ព្រះឥសូរ,  ព្រះកាមសុគតដោយសារព្រះឥសូរ  ព្រមទាំងមាននាងរតីមកលើកព្រះសិរសាសោកស្តាយ ក្នុងផ្ទាំងតែមួយ  (រូបលេខ៣)។

បើ់នៅប្រាសាទព្រះខ័នវិញ ក៏គ្មានអ្វីខុសពីមុនៗ (រូបលេខ៤) គឺព្រះកាមយឹតធ្នូបាញ់ទៅរកព្រះឥសូរដែលកំពុងស្មឹងស្មាធិ៍  ហើយក្នុងផ្ទាំងហោជាងជាមួយគ្នាក៏យើងឃើញថា មានរូបព្រះកាមសុគតស្តូកស្តឹង ដោយមាននាងរតីត្រកងព្រះសិរ (ចម្លាក់ត្រង់នេះត្រូវពិនិត្យបន្តិច  ដ្បិតរូបនាងរតីបែកបក់ផ្នែកខាងលើអស់ទៅហើយ)។

នៅភ្នំរុងក៏ដូចនៅព្រះខ័នដែរ  គ្រាន់តែហោជាងនោះខូចខាតច្រើន។  តែទោះជាយ៉ាងណាក៏យើងឃើញព្រះកាមបាញ់ព្រះឥសូរ  ព្រមទាំងព្រះកាមសុគតស្តូកស្តឹង ដោយមាននាងរតីទ្រព្រះសិរផង (រូបលេខ៥)។

ដែលមើលទៅហាក់ដូចជាមានការឃ្លាងឃ្លាតគ្នារវាងគម្គីរឥណ្ឌានិងចម្លាក់ខ្មែរនោះ  តាមពិតទៅមិនប៉ះពាល់ដល់មូលដ្ឋាននៃរឿង ឬទេពកថានោះឡើយ។  ដើម្បីឲ្យភ្នែកមនុស្សមើលឃើញថា ព្រះកាមត្រូវអន្តរាយខ្លួន ក៏អាស្រ័យដោយមានរូបបង្ហាញដែរ  បើមិនឆ្លាក់ឲ្យឃើញជាទេពនោះស្លាប់ ក៏អ្នកមើលចម្លាក់ពិបាកកាត់យល់។  ម៉្យាងទៀត ខ្ញុំយល់ថា វិចិត្រករខ្មែរបុរាណក្នុងទី និងសម័យកាលខុសគ្នានោះ  ប្រហែលជាចង់បង្ហាញពីមរណភាពគួរឲ្យរំជួលចិត្តនោះ  ជាពិសេសតាមចម្លាក់រូបនាងរតី។