សាលាសំណាក់

ដោយ អាំង ជូលាន

ការសាងសាលាសំណាក់ជាប្រពៃណីចាស់មួយ ដែលប្រទេសកម្ពុជាមានជាយូរមកហើយ ។ លុះមកដល់រាជ្យព្រះបាទជ័យវរ្មន័ទី៧ ទំនៀមនេះហាក់ដូចជាគេកាន់តែលើកតម្លៃឱ្យខ្លាំងជាងមុនទៅទៀត។ សិលាចារឹកប្រាសាទព្រះខ័នឱ្យយើងដឹងថា ព្រះរាជាអង្គនោះសាងសាលាសំណាក់ចំនួន១២១ នៅតាមដងផ្លូវធំៗ ដែលចេញពីរាជធានីអង្គរ (ហៅថាយសោធរ) ទៅតំបន់ផ្សេងៗដែលនៅឆ្ងាយ។ ឧទាហរណ៍ ពីអង្គរធំទៅប្រាសាទភិមាយ (សព្វថ្ងៃនៅក្នុងទឹកដីប្រទេសថៃឡង់ដ៍) មានសាលាសំណាក់ចំនួន១៧។ សិលាចារឹកនោះជាភាសាសំ្រស្កឹត ឯពាក្យដែលសំដៅលើសាលាសំណាក់ បើសរសេរឱ្យងាយគឺ “អគ្និគ្រិហ” មានន័យថា “ផ្ទះដែលមានភ្លើង”។ សព្វថ្ងៃ អាគារសម្រាប់ឱ្យអ្នកដំណើរផ្លូវឆ្ងាយស្នាក់អាស្រ័យនៅមួយពេលៗនៅសម័យនោះ ពុំមានអ្វីនៅសេសសល់ដ៏តិចតួចឡើយ។ យើងគ្រាន់តែស្មានក្នុងចិត្តថា អាគារនោះសង់អំពីឈើ ហើយនៅមួយកន្លែងៗ មានអាគារមួយឬអាចច្រើនជានោះ។ ប៉ុន្តែអ្វីដែលនៅសេសសល់នោះ គឺអាគារដែលមានរាងទ្រវែងទៅមុខ, សាងអំពីថ្មភក់ឬថ្មបាយក្រៀម  ហើយដែលជំនាន់នោះមានតម្កល់បដិមា (ជាពិសេសព្រះលោកេសូរ) សម្រាប់អ្នកដំណើរធ្វើកិច្ចបូជា ឬបន់ស្រន់ជាដើម។ ក្នុងហោបន់ស្រន់នោះ ប្រហែលជាមានតម្កល់ព្រះភ្លើងថែមទៀតផង បានជាគេហៅថា“ អគ្និគ្រិហ” ។ យ៉ាងណាក៏ដោយ ទីណាដែលមានអាគារថ្មនេះ គឺប្រាកដជាមានសំណងឈើនៅជិតនោះ ជាកន្លែងឱ្យអ្នកដំណើរសំចតនៅមួយរយៈពេលខ្លី។ រូបលេខ១ គឺជាអគ្និគ្រិហ ដែលនៅមុខប្រាសាទបន្ទាយឆ្មារ។ តែសូមជ្រាបថា អាគារដែលយើងប្រទះឃើញទាំងអមល្បាម៉ានមានរូបរាងជាទូទៅរបៀបតែម្យ៉ាងនេះឯង។

ឥឡូវចូរយើងមើលសាលាសំណាក់នាបច្ចុប្បន្ននេះវិញ។ បើពិនិត្យឱ្យម៉ត់ចត់ទើបយើងឃើញថាអាចមាននាទីមុខងារខុសគ្នាពីមួយទៅមួយ។ នៅទីនេះខ្ញុំមិននិយាយពីសាលាដែលធ្វើនៅមាត់ផ្លូវសំខាន់ៗ ដើម្បីបញ្ជាក់ថាផ្លូវតូចមួយដែលបត់ចូលទៅនោះជាផ្លូវទៅវត្តឡើយ  ត្បិតសាលារបៀបនេះគឺមុខងារសំខាន់ហាក់ដូចជាសម្រាប់តែបញ្ជាក់ប្រាប់អ្នកដំណើរថាជាផ្លូវទៅវត្តតែប៉ុណ្ណោះ (អ្នកខ្លះហៅសាលាប្រភេទនេះថា “សាលាឆទាន” គឺ “សាលាទាន៦”)។ សាលាសំណាក់សម្រាប់អ្នកដំណើរផ្លូវជិតឬឆ្ងាយឈប់សម្រាកនោះនៅតែមានជាធម្មតា ដូចឃើញនៅរូបលេខ២ដល់លេខ៦។

ប៉ុន្តែជួនកាល, ក្រៅពីសម្រាប់អ្នកដំណើរ, សាលានោះអ្នកភូមិប្រើជាកន្លែងសម្រាប់ជួបជុំគ្នាក្នុងឱកាសពិធីបុណ្យអ្វីមួយដែលមានលក្ខណៈជាសហគមន៍ ជាពិសេសសម្រាប់  “បុណ្យភូមិ” ដែលគេតែងពូនភ្នំស្រូវឬដារលាន ហើយដែលគេតែងប្រារឰធ្វើនៅខែបុស្សឬខែមាឃ។ សាលារបៀបនោះស្ថិតនៅតាមមាត់ផ្លូវមែន តែពុំដែលដាច់រយាលពីភូមិអ្នកស្រុកឡើយ (រូបលេខ៧-១៥)។

សាលាមួយក្រុមទៀត មិនសង់នៅជាប់មាត់ផ្លូវតែម្តងទេ គឺច្រើនផុតពីផ្លូវបន្តិច ឬមួយក៏ចូលទៅក្នុងភូមិតែម្តង។ ថ្វីត្បិតតែគេពុំដែលហាមឃាត់នរណាពុំឱ្យស្នាក់មួយពេលនៅទីនោះក៏ដោយ ប៉ុន្តែមុខងារសំខាន់បំផុតគឺជាសាលាសម្រាប់អ្នកភូមិ។ ក្រៅពីបុណ្យដារលានក៏គង់ប្រជាជនប្រារឰពិធីផ្សេងៗទៀត ឬប្រើប្រាស់ជាទីប្រជុំការងារសហគមន៍ (រូបលេខ១៦ -១៩)។ រូបលេខ១៨-១៩ បង្ហាញពីពិធីចម្រើនអាយុលោកតាអាចារ្យម្នាក់ ដែលអ្នកភូមិ គោកត្នោតនិងគោកបេង (ស្ថិតនៅលើខ្នងបារាយទឹកថ្លា, ខេត្តសៀមរាប) ធ្វើជូនគាត់ជាការដឹងគុណ។

ប្រពៃណីសាលាបុណ្យឬសាលាសំណាក់នៅតាមភូមិឬក្រៅភូមិ ដូចបានពោលមកនេះ ប្រហែលជាមានអនាគតយូរអង្វែងទៅមុខទៀត។ រូបលេខ២០បង្ហាញពីសាលាសំណាក់តាមផ្លូវនៅជនបទមួយ ដែលអ្មកស្រុកកំពុងសង់។