សេចក្តីដោយ អាំង ជូលាន, គំនូរដោយ ហ៊ុយ ណូ
មានរឿងនិទានមួយដែលជាតិសាសន៍ពីរនៅជាប់គ្នាស្គាល់ គឺខ្មែរនិងសៀម។ ពីមុនមកសាច់រឿងប្រហែលជាដូចគ្នាស្ទើរតែទាំងអស់។ ជាសៀម តួអង្គសំខាន់ក្នុងរឿងមានពីរ។ មួយគឺ «ព្រះរ្វង» ឯមួយទៀតគឺ «ខមដាំឌិន»[1] ។ ជាខ្មែរវិញរឿងនោះឈ្មោះ «តេជោដំឌិន»[2] ហើយតួអង្គទាំងពីរជាតួអង្គដដែល (តេជោដំឌិន / នេនរោង)។ ស្តាប់តែឈ្មោះរឿងខ្មែរទៅក៏ឃើញភ្លាមថាមានពាក្យសៀមក្នុងនោះទៅហើយ។ នេះជាតម្រុយមួយបង្ហាញថាកាលពីមុនមក រឿងនិទាននេះកើតឡើងនៅក្នុងរង្វង់សាសន៍ទាំងពីរដែលទទួលឥទ្ធិពលពីគ្នាទៅវិញទៅមក។
បើពោលពីសព្វថ្ងៃនេះ នៅប្រទេសកម្ពុជាមានការនិទានផ្ទាល់មាត់ដែលហាក់ដូចជាខុសៗគ្នា កាលបើស្តាប់តែមួយភ្លែត។ ប៉ុន្តែបើពិនិត្យបន្តិច គឺថាបើជម្រុះផ្នែកកំប៉ិកកំប៉ុកចេញ គេនឹងឃើញថាដំណើររឿងជាមូលដ្ឋានឥតខុសគ្នាប៉ុន្មានឡើយ។ ជាទូទៅគេពុំសូវឃើញមានច្បាប់ណាដែលទទួលការកែប្រែសម្របសម្រួលទៅតាមគំនិតអ្វីថ្មីនៅពីក្រោយទេ មានន័យ ថាច្បាប់ទាំងនោះមានលក្ខណៈជារឿងនិទានធម្មតា។ ម្យ៉ាងទៀតរឿងនេះហាក់ដូចជាគេស្គាល់ច្រើនជាងគេនៅតំបន់មួយនៃខេត្តកំពង់ធំបច្ចុប្បន្ន គឺតំបន់ដែលនៅជុំវិញអតីតរាជធានីឦឝានបុរ ដែលមានក្រុមប្រាសាទសម្បូណ៌ព្រៃគុកជាមណ្ឌល ។ យើងខ្ញុំមិនទាន់អាចពន្យល់ថាហេតុអ្វីបានជាហាក់ដូចជាមានប្រជាប្រីយភាពជាងគេនៅតំបន់នេះឡើយ គ្រាន់តែសង្កេតថាតំបន់នេះ ពីមុនមកស្ថិតនៅក្នុងដីកំពង់ស្វាយដែល «ឆី» ដោយមេគ្រប់គ្រងធំមានងារជា «តេជោ»។ ឯក្នុងសាច់រឿងខ្មែរ តួអង្គដែលរស់ក្នុងស្រុកខ្មែរមានងារជាតេជោដូច្នេះដែរ។
នាបច្ចុប្បន្ន មានការចាប់ផ្តើមសិក្សាមួយហើយអំពីតំណាលផ្សេងៗដែលគេស្គាល់នៅប្រទេសកម្ពុជាធ្វើឡើងដោយលោក ឌី ផាណែត[3] ។ បើយកតែគ្រោងឆ្អឹងមកបង្ហាញច្បាប់ផ្សេងៗដែលខ្មែរនិទានអាចយកមកសង្ខេបដូចខាងក្រោម ៖
កាលពីព្រេងនាយ មានស្រីម្នាក់ដែលព្រហ្មលិខិតចារមកថានឹងមានកូនពីរដែលសុទ្ធតែជាអ្នកខ្លាំងពូកែមានឥទ្ធិឫទ្ធិលើសមនុស្សធម្មតាតែដែលនឹងព្រាត់ប្រាសគ្នាតាំងពីកំណើត។
កូនដំបូងចេញពីផ្ទៃម្តាយមកមានសុខភាពបរិបូណ៌ជាប្រក្រតី។នាងម្តាយស្រឡាញ់ថ្នាក់ថ្នមបីបមដូចតែម្តាយនិងកូនទូទៅលើលោកដូច្នោះ (រូបលេខ១)។
រូបលេខ១
ក្រោយពីនោះបន្តិចមក ថ្ងៃមួយនាងម្តាយចេញទៅងូតទឹកម្នាក់ឯងនាពេលល្ងាចនៅមាត់កំពង់។ ទីនេះស្ងាត់ឥតមានមនុស្សមកឡើយនៅពេលនោះ (រូបលេខ២)។ ងូតទឹកស្អាតបាតហើយមិនទាន់បានប៉ុន្មានស្រាប់តែចាប់ផ្តើមឈឺពោះរកកលឆ្លងទន្លេ។ ដោយដឹងថាប្រសិន បើទ្រាំដើរទៅផ្ទះវិញ គឺច្បាស់ជាកូននឹងកើតចេញមកមុនទៅដល់ជាមិនខាន ដូច្នេះក៏ប្រះខ្លួនដេកផ្ទាល់ដីភ្លាម (រូបលេខ៣)។ មិនយូរប៉ុន្មានក៏ឆ្លងទន្លេមែន ប៉ុន្តែពុំមែនទារកមានរូបរាងជាមនុស្សទេដែលចេញមកតែគឺជាពងមួយទៅវិញ (រូបលេខ៤)។ នាងតូចចិត្តខ្លាំងណាស់ ដ្បិតពុំដែលធ្លាប់ឮថាមានស្រីណាមានកូនមកជាពងដូច្នេះសោះ។ ដោយពុំចង់ឲ្យមានពាក្យគេដៀល ជាពិសេសខ្លាចក្រែងអ្នកផងថាកំណើតពងចេញមកពីមនុស្សយ៉ាងនេះជាឧត្បាតចង្រៃ នាងក៏លាក់ពងនោះនៅគុម្ពត្រែងក្បែរមាត់ទឹក មិនយកមកផ្ទះទេ។
មួយថ្ងៃក្រោយមក មានតាចាស់ម្នាក់បណ្តើរឆ្កែមករកងូតទឹកនៅកំពង់ដដែល។ មិនទាន់បានរៀបចំខ្លួនងូតផង ស្រាប់តែសម្លឹងទៅឃើញពងដែលនាងនោះលាក់ក្នុងគុម្ពត្រែងពីថ្ងៃមុន។ តាចាស់ភ្ញាក់ព្រើតដោយឃើញថាពងនោះមានទំហំធំលើសពងសត្វអ្វីទៀតដែលធ្លាប់ដឹង (រូបលេខ៥)។ តាក៏សង្ស័យភ្លាមថាបើដូច្នោះច្បាស់ជាពងនេះជាអភិនីហារអ្វីមួយហើយ។ ហេតុនេះក៏យកទៅថ្វាយស្តេច ដ្បិតមានតែស្តេចទេដែលពុំចាញ់បារមីឬក៏ឫទ្ធិអំណាចអ្វីមួយ បើទុកខ្លួនឯងឬក៏ឲ្យទៅមនុស្សធម្មតាក្រែងលោចាញ់បុណ្យនៅពុំបានសុខ អាចដល់បង់ជីវិតទៀតផង។ ប៉ុន្តែមិនថ្វាយស្តេចខ្មែរទេ គឺយកទៅថ្វាយដល់ស្តេចសៀមឯនោះ (រូបលេខ ៦)។ ព្រះរាជាសៀមទទួលយក តែពុំបានយកព្រះទ័យទុកដាក់រឿងនេះប៉ុន្មានឡើយ ដោយព្រះអង្គគ្រាន់តែគិតថានេះជាពងសត្វមួយដែលមានទំហំធំតែប៉ុណ្ណោះ។ ហេតុនេះហើយព្រះអង្គក៏ប្រើអាមាត្យឲ្យយកទៅទុកនៅទីណាមួយ ឯក្រោលគោទៅ។ អាមាត្យក៏ធ្វើតាមព្រះរាជបញ្ជា (រូបលេខ៧)។ មិនយូរប៉ុន្មានកូនមនុស្សមួយក៏ញាស់ចេញពីពងនោះ (រូបលេខ៨)។
មកដល់ត្រឹមនេះ យើងឃើញថាកូនកើតមកធម្មតានៃស្ត្រីដែលនិយាយពីខាងលើនិងកូនញាស់ពីពងអម្បាញ់មិញជាបងប្អូននឹងគ្នាបង្កើត ដ្បិតពងនោះក៏ចេញពីពោះតែមួយ។ ប៉ុន្តែដោយសារតែតាចាស់នោះ បងប្អូនទាំងពីរបែកគ្នាតាំងពីកំណើត ឥតដែលស្គាល់គ្នាឡើយ។ ពុំតែប៉ុណ្ណោះទេ នៅដាច់ពីគ្នាស្រឡះដោយមួយនៅស្រុកខ្មែរឯមួយទៀតនៅស្រុកសៀម។
ក្រោយអំពីនោះយូរមកទៀត ប្អូន (ដែលញាស់ចេញពីពង) បួសជាសាមណេរនៅវត្តសុខោទ័យហើយខិតខំរៀនធម៌អាថ៌ក្រោមឱវាទនៃព្រះតេជគុណចៅអធិការ (រូបលេខ៩)។ នេននេះមាននាមថា «នេនរោង» ប្រកបដោយចំណេះខាងសិល្បវិជ្ជាលើសលុបឆ្ងាយពីអ្នកដទៃ។ មាត់នោះទិព្វ បើមានពុទ្ធដីកាថាដូចម្តេចនឹងមានអ្វីកើតតាមពាក្យពេចន៍នោះមែន។ បើត្រូវការដងទឹកឬក៏រក្សាទឹកក្នុងអ្វីមួយ ពុំចាំបាច់ប្រើគ្រុះ ប្រើជាល ឬក៏ប្រើភាជន៍អ្វីមួយដែលគត់ទឹកឡើយ គឺនេនរោងរែងតែជាលក្រឡាភ្នែកក្រួចធម្មតាក៏ទឹកនៅក្នុងនោះឥតធ្លាយស្រក់ចេញទៅណាមួយដំណក់ទាល់តែសោះ (រូបលេខ១០)[4] ។ រឿងនេះល្បីរន្ទឺទៅដល់ព្រះរាជា។ ដូច្នេះពេលត្រូវយកទឹកទៅថ្វាយស្តេចខ្មែរប្រចាំឆ្នាំ [5] ស្តេចសៀមក៏ប្រើឲ្យគេទៅរកនេនរោងឲ្យរែងជាលដើម្បីដាក់ទឹកនោះយកទៅ។ លុះគេយកទឹកជាដំណាង សួយសារអាករស្តេចសៀមទៅដល់វាំងខ្មែរហើយ មនុស្សម្នាភ្ញាក់ផ្អើលគ្រប់គ្នា ដោយឃើញ ថាជាលភ្នែកក្រួចនោះគត់នឹងទឹក។
និយាយពីកូនបងវិញម្តង។ ពេលដែលធំដឹងក្តីឡើង បុរសនេះខ្លាំងពូកែទៅដោយសិល្បវិជ្ជាណាស់ដែរ ហើយក្រោយមកក៏ទទួលងារ«តេជោ» [6] ពីព្រះរាជា។ គេហៅគាត់ថា «តេជោ ដំឌិន» ដោយសារគាត់ចេះជ្រែកដី [7] ។ កាលបើស្តេចខ្មែរទ្រង់ជ្រាបថាសៀមមានអ្នកខ្លាំងពូកែដោយសារឃើញជាលដាក់ទឹក ដូច្នោះហើយ ព្រះអង្គក៏កើតក្តីបារម្ភ ទើបត្រាស់បញ្ជាឲ្យគេទៅហៅតេជោដំឌិនមកគាល់។ គ្រាន់តែមកដល់ភ្លាម ព្រះអង្គមានបន្ទូលប្រើឲ្យទៅកំចាត់នេនរោងជាអ្នកខ្លាំងពូកែនៅឯស្រុកសៀមឲ្យបានឆាប់ (រូបលេខ១១)។ តេជោដំឌិនពុំមានចិត្តប៉ងកំចាត់នរណាឡើយហើយក៏ពុំច្បាស់ក្នុងចិត្តថានឹងអាចបំពេញកិច្ចនេះបានប្រាកដផង។ តែនេះជាព្រះរាជបញ្ជា ដែលពុំអាចទទឹងរឹងរូសបាន។ ដូច្នេះហើយក៏រៀបចំខ្លួនលាផ្តែផ្តាំប្រពន្ធដែលក្តុកក្តួលក្នុងចិត្តជាអនេក (រូបលេខ១២)។ ផ្តែផ្តាំចប់សព្វគ្រប់ហើយក៏មុជខ្លួនជ្រែកទៅក្នុងដីធ្វើដំណើរ (រូបលេខ១៣)។
តេជោដំឌិនទៅងើបផុសចេញពីដីនៅធ្លាវត្តសុខោទ័យឯស្រុកសៀម។ ពេលផុសទើបនឹងបានពាក់កណ្តាលខ្លួនក៏ស្រាប់តែឃើញនេនមួយអង្គកំពុងបោសសំអាតធ្លា (រូបលេខ១៤) ហើយ ក៏សួរទៅនេននោះមួយរំពេចថា ៖ «ឯណាទៅ, នេនរោង ?» (រូបលេខ១៥)។ នេនដែលកំពុងបោសធ្លាពុំមែនជាអ្នកឯណាផ្សេងឡើយ គឺថាជានេនរោងនោះឯង។ ប៉ុន្តែលោកនឹកសង្ស័យទាន់ ក៏មានពុទ្ធដីកាឆ្លើយទៅវិញថា «ឈប់, សុំចាំមួយភ្លែត ! អាត្មានឹងទៅរក»។ ដោយសារមាត់នោះជាមាត់ទិព្វ គ្រាន់តែចេញពាក្យថា «ឈប់» ភ្លាម តេជោដំឌិនក៏ជាប់នៅឆ្កឹងពាក់កណ្តាលខ្លួនក្នុងដីពុំអាចរើខ្លួនបាន។ នេនរោងទៅពិតពុទ្ធដីកាព្រះតេជគុណចៅអធិការសព្វគ្រប់តាមដំណើររឿង។ ក្រោយពីធ្មេចព្រះនេត្រសញ្ជឹងគិតមួយស្របក់ធំមក លោកគ្រូក៏យល់រឿងហើយពន្យល់ហេតុនានាដែលមានពីមុនមក ទើបនេនរោងយល់ថាតេជោដំឌិនត្រូវជាបងបង្កើត (រូបលេខ១៦)។ ពេលនេនរោងត្រឡប់ទៅរកបងនៅធ្លាដែលបោសអម្បាញ់មិញក៏ឃើញថាបងនៅឆ្កឹងឥតកម្រើក។ នេនរោងយកដៃអង្រួនស្មាហើយមានពុទ្ធដីកាឲ្យបងភ្មាក់ស្មារតីឡើងវិញ តែគ្មានបានប្រយោជន៍អ្វីទាំងអស់ដ្បិតតេជោដំឌិនក្លាយទៅជាថ្មរួចទៅហើយ (រូបលេខ១៧)។ ថ្មនេះនៅក្នុងវត្តសុខោទ័យរហូត (រូបលេខ១៨)។ មាត់នេនរោងដែលធ្លាប់តែទិព្វ ចាប់ពីឥឡូវនេះតរៀងទៅក៏អស់ឥទ្ធិពលរលីង។
ទោះបីម្នាក់ៗធ្លាប់ពូកែយ៉ាងណាក៏ដោយ កម្មកាចពីអតីតបណ្តាលឲ្យព្រាត់ប្រាសគ្នាដូច្នេះរហូត។
នៅប្រទេសថៃឡង់ដ៍ ការបង្ហាញមានច្រើនបែបយ៉ាង ហើយបើគិតជាសេចក្តីនិទានផ្ទាល់មាត់ ប្រហែលជាមានចំនួនច្រើនជាងសេចក្តីនិទានដែលគេស្គាល់នៅកម្ពុជា។បើស្តាប់តែការនិទានផ្ទាល់មាត់ គេប្រទះសាច់រឿងប្រហាក់ប្រហែលនឹងរឿងខ្មែរខាងលើនេះដែរ គ្រាន់តែដូចជាមិនឮថាព្រះរ្វងនិងខមដាំឌិនជាបងប្អូននឹងគ្នា ហើយក៏មិនឮថាព្រះរ្វងមានកំណើតនៅស្រុកខ្មែរ។ ច្បាប់សៀមខ្លះបានឆ្លងកាត់ការយកទៅតាក់តែងសាជាថ្មី។ ឧទាហរណ៍នៅឆ្នាំ១៩១៧ ព្រះបាទវជិរាវុធ (ព្រះរាមទី៦) ក៏បានយករឿងនេះទៅសរសេរសម្រួលតាមព្រះទ័យព្រះអង្គដែលចង់បង្ហាញអំពីឥទ្ធិឫទ្ធិខ្លាំងក្លានៃព្រះរ្វងជាស្ថាបនិកនៃអាណាចក្រ សៀមឯករាជ្យមុនដំបូងបង្អស់។ ពុំតែប៉ុណ្ណោះទេ ក្រោយមកមានទីខ្លះដូចជានៅវត្តត្រពាំង ថង (សុខោទ័យ) ជាដើម ដែលគេឃើញមានចម្លាក់ថ្មីមួយបង្ហាញថាព្រះរ្វងបង្ក្រាបខមដាំឌិនទៀតផង (រូបលេខ ១៩, © Wikimedia Commons)។ សារុបមក ច្បាប់សៀមភាគច្រើនដែលគេស្គាល់សព្វថ្ងៃមានព្រះរ្វងជាតួអង្គធំ គឺថាជាអ្នកបង្កើតអាណាចក្រសៀមឲ្យមានឡើង រីឯខមដាំឌិនជាខ្មែរឈ្លានពានដែលព្រះរ្វងបង្ក្រាបបាន។ប៉ុន្តែជួនកាលមានរឿងនិទានផ្សេងដែលក្នុងនោះខមដាំឌិនជាតួអង្គល្អក៏មាន ដូចមានក្នុងច្បាប់មួយនៃរឿង «ព្លាយចោមពល»។ រឿងនេះជារឿងតំណាលតពីរឿង «ឃុនឆាងឃុនផែន» ដែលកើតចេញឡើងនៅខេត្តសុពណ្ណបុរី។ ក្នុងនោះគេនិយាយថាព្លាយចោមពល (ដែលត្រូវជាចៅរបស់ឃុនផែន) ជាអ្នកមានវិជ្ជាជ្រៅជ្រះដោយសារបានរៀនចេះតាមរយៈគ្រូជាព្រះសង្ឃ។ ថ្ងៃមួយ ព្លាយចោមពលកំពុងតែបោសច្រាសធ្លាវត្ត ស្រាប់តែខមដាំឌិនផុសចេញឡើងពីដីនៅមុខនោះ ដោយមានកាន់គម្ពីរមួយនៅដៃទៀតផង។ ខមដាំឌិនសួរសំណួរអ្វីជ្រៅៗទៅព្លាយចោមពលជាការសាកល្បងចំណេះ ហើយឃើញថាសួរអ្វីទៅក៏មិនទាល់។ហេតុនេះក៏កើតចិត្តចង់បណ្តុះវិជ្ជាខាងមន្ត្រអាគមឲ្យទៀត ទើបបង្រៀនបន្ថែមវិជ្ជាទាំងនេះឲ្យព្លាយចោមពលបានចប់សព្វគ្រប់។ បង្រៀនហើយជ្រែកដីត្រឡប់ទៅស្រុកខ្លួនវិញ។ រឿងនេះមានគូរជាគំនូរនៅជញ្ជាំងវត្តបាលីល័យ ក្នុងខេត្តសុពណ្ណបុរី។
យ៉ាងណាក៏ដោយ តទៅមុខគួរតែមានការស្រាវជ្រាវវិភាគឲ្យបានល្អិតល្អន់។ ការសិក្សារបស់លោកឌី ផាណែតដែលបាននិយាយនៅខាងលើនោះជាជំហានដំបូង។ គេគួរឲ្យអាទិភាពទៅច្បាប់ទាំងឡាយណា (ទាំងខ្មែរទាំងសៀម) ដែលមានលក្ខណៈជាច្បាប់ចាស់ និទានតែផ្ទាល់មាត់ដោយអ្នកស្រុក គឺថាដែលពុំមានការកែកុនច្រើនតម្រូវទៅតាមនយោបាយ។ ហេតុដែល ថាដូច្នេះ គឺមកពីនៅសម័យក្រោយៗមកនេះ ពុំថាខាងណាៗឡើយ មនុស្សច្រើនតែលង់ ខ្លួនក្នុងគំនិតថាខ្លួនឯងខ្លាំង រីឯម្ខាងទៀតតែងតែអន់ជាងខ្លួន ហើយយកនយោបាយបែប «ជាតិនិយម» មកលាយឡំនិងការវិភាគ។ និយាយឲ្យខ្លីមួយម៉ាត់គឺថាទាល់តែប្រកាន់យកឥរិយាបថ ស្រាវជ្រាវឲ្យបានពេញលេញស្របតាមក្បួនច្បាប់នៃវិជ្ជា។ ម្យ៉ាងទៀត ដើម្បីបកស្រាយជ្រៅជ្រះបាន គេត្រូវយកប្រវត្តិប្រទេសទាំងពីរនៅជំនាន់នោះមកផ្គុំផ្គូនិងសិល្បៈ, សាសនាជាដើមទៀតនៅជំនាន់ដដែល។ ពេលនោះ គេនឹងឃើញថារឿងដើមដែលអ្នកស្រុកនិទានមានមូលដ្ឋានប្រវត្តិសាស្ត្រ ជាពិសេសទំនាក់ទំនងនៃជនជាតិនិងប្រទេសទាំងពីរនៅសតវត្សទី១៣-១៤។
បើស្តាប់តែមួយត្រួសប៉ុណ្ណោះក៏ចំណុចខ្លះៗលេចធ្លោមកឯងរួចទៅហើយ ៖
- នេនរោង / ព្រះរ្វង, វត្តសុខោទ័យ [8] បង្ហាញពីបរិបទសាសនាច្បាស់ គឺថាអាណាចក្រសុខោទ័យដែលជាអាណាចក្រសៀមមុនដំបូងកាន់ព្រះពុទ្ធសាសនាថេរវាទមាំទាំ [9] រីឯក្នុងរឿងដែលខ្មែរតំណាលវិញ គ្មានកន្លែងណាទាក់ទងនឹងព្រះពុទ្ធសាសនាសោះ។ ត្រង់នេះ បើស្គាល់ប្រវត្តិសាស្ត្រ គឺថាកាលនោះថេរវាទពុំទាន់រាលដាលចូលមកស្រុកខ្មែរខ្លាំងនៅឡើយទេ។
- តេជោដំឌិន (ឬខមដាំឌិន) ៖ សេចក្តីតំណាលទាំងខ្មែរទាំងសៀមមិនបង្ហាញថាជាសង្ឃឡើយ។
បើក្នុងវិស័យសិល្បៈបុរាណវិញ គ្រាន់តែក្រឡេកមើលមួយភ្លែតទៅបុរាណស្ថានសុខោទ័យក៏ប្រវត្តិសិល្បៈវិទូឃើញច្បាស់ទៅហើយថាកំពូលប្រាសាទនានាជាការចម្លងពីកំពូលប្រាសាទអង្គរវត្ត គ្រាន់តែកំពូលនោះស្តួចវែងទៅលើ ស្របទៅតាមចំណូលចិត្តនៃអ្នកស្រុកនៅឯនោះ។
យើងអាចយកចំណុចត្រង់ថាតេជោដំឌិននិងព្រះរ្វងជាបងប្អូនពោះមួយមកពិចារណាវិភាគវែងឆ្ងាយទៅទៀត ប៉ុន្តែចំណុចដែលបង្ហើបមកពីរ-បីនេះគ្រាន់តែជាឧទាហរណ៍សម្រាប់ការសិក្សាវែងឆ្ងាយទៅខាងមុខ។
...............................
[1] ប្រែថា «ខ្មែរមុជទៅក្នុងដី» គឺថា «ខ្មែរ (ធ្វើដំណើរដោយ) ជ្រែកដី»។
[2] ប្រែថា «តេជោជ្រែកដី»។
[3] សូមមើល Dy Phanet, Recherche sur les relations entre le Siam et le Cambodge à travers la littérature orale : le cycle de Decho Dam Din, URBA-INALCO, mémoire de Master (inédit) 2019.
[4] គេបញ្ជាក់ថា «ភ្នែកក្រួច» ដូច្នេះដោយសារពាក្យនេះជាឈ្មោះក្រឡាជាលដែលទូលាយជាងគេ ពុំញឹកទាល់តែសោះ។ មានន័យថាបើឥតមានសិល្បមន្ត្រអ្វីនៅពីក្រោយទេ ពេលចាក់ទឹកទៅ ទឹកត្រូវតែលិចហូរធ្លាក់ទៅក្រោមមួយរំពេច។ រូបលេខ២០ជាកន្ត្រកដែលរែងជាក្រឡាភ្នែកក្រួច។
[5] ការយកទឹកមកថ្វាយប្រចាំឆ្នាំមានន័យថាជាការចុះចូលឬជាការទទួលស្គាល់អំណាច។ ទំនៀមនេះពុំមែនមានតែក្នុងរឿងទេ តែគឺជាទំនៀមដែលមានក្នុងបុរាណកាល ដូចមានល្បះ១៦៦នៃសិលាចារឹកព្រះខ័ន (K. 908) ជាភស្តុតាងស្រាប់។ សូមមើល George Cœdès, “La stèle du Preah Khan d’Angkor”, BEFEO XLI, 1941 : 267-68 និង 299 ព្រមទាំង Thomas S. Maxwell, “The Stele Inscription of Preah Khan, Angkor. Text with Translation and Commentary”, UDAYA 8, 2008 : 98។ ល្បះ១៦៦នេះនិយាយពីកិច្ចស្រង់ទឹកប្រតិមាតំណាងឲ្យព្រះសពផ្សេងៗដែលតម្កល់នៅប្រាសាទព្រះខ័ន។ កិច្ចនេះធ្វើរាល់ឆ្នាំក្នុងខែផល្គុន ៖ «អ្នកដែលប្រណិប័តយកទឹក (ពីប្រទេសរៀងៗខ្លួន) មកស្រង់រាល់ថ្ងៃក្នុងរយៈពេលបុណ្យ មានសូរ្យភដ្តនិងព្រាហ្មណ៍ដទៃទៀត, ព្រះរាជាជ្វា, ព្រះរាជាយួន, និងព្រះរាជាចាម្បពីរអង្គ»។ នាបច្ចុប្បន្ន (ឆ្នាំ២០១៩) កាលព្រះបាទវជិរាលង្ករណ (ព្រះរាមទី១០) ឡើងគ្រងរាជ្យ គេមានប្រមូលយកទឹកពីទីពិសេសនានានៃប្រទេសថៃឡង់ដ៍មកធ្វើកិច្ចដែរ។
[6] នៅសម័យកណ្តាល ប្រទេសកម្ពុជាបែងចែកជាខេត្តធំៗហៅថា «ដី» ចំនួន៥។ «កំពង់ស្វាយ» ជាដីមួយក្នុងចំណោមនោះ ហើយគ្រប់គ្រង (ឆី) ដោយមេដែលមានងារជា «តេជោ»។
[7]«ដំឌិន» អានក្លាយពីពាក្យសៀម «ដាំឌិន» ប្រែថា «មុជទៅក្នុងដី» ដូចបាននិយាយនៅខាងលើ។
[8] និយាយតាមខ្មែរ។ បើតាមសៀមគឺ «វត្តមហាធាតុឆ្លៀង» នៅខេត្តសុខោទ័យ។
[9] នៅប្រទេសថៃឡង់ដ៍ មានសិលាចារឹកល្បីល្បាញមួយ (K. 413) ចារជាភាសានិងជាអក្សរខ្មែរនៅគ.ស.១៣៦១។ មានការសិក្សាច្រើនពីសំណាក់អ្នកនិពន្ធផ្សេងៗគ្នាក្នុងជំនាន់ខុសៗគ្នា។ ការសិក្សាចុងក្រោយគេគឺ Saveros Pou, « Inscription dite de Brai Svāy ou ‘Bois des Manguiers` de Sukhoday », BEFEO LXV, 1978 : 333-359។ នៅក្នុងសិលាចារឹកនោះមាននិយាយពីការឆ្លងព្រះវិហារមួយសាងដោយព្រះរាជាព្រះនាម «ឮទៃ្យ» នៅភូមិព្រៃស្វាយ (ក្រុងសុខោទ័យ)។ដើម្បីឆ្លង គេទៅនិមន្តព្រះមហាសង្ឃរាជមួយអង្គដែលគង់នៅកោះលង្កាមកជាអធិបតី។ ការរៀបរាប់ពីព្រះរាជានោះបង្ហាញច្បាស់ថាព្រះពុទ្ធសាសនាថេរវាទរឹងមាំខ្លាំងណាស់ទៅហើយនៅអាណាចក្រសុខោទ័យ។ តាមពិតទៅព្រះពុទ្ធសាសនាថេរវាទមានឥទ្ធិពលតាំងពីរាជ្យព្រះអយ្យកោ (ជីតា) នៃព្រះអង្គម្ល៉េះ ពោលគឺតាំងពីរាជ្យព្រះបាទរាមកំហែង (គ.ស.១២៧៩-១២៩៨) ដែលជាស្ថានិកនៃអាណាចក្រនេះ។