ដោយ វណ្ណ វិរៈបុត្រ
(ជំនួយថតរូប ៖ ឡន សីលបុត្រ, អ៊ឹង សុខប៉)
កាលពីមុនមក រឿងនាងវិមានចន្ទច្បាស់ជាមានប្រជាប្រិយភាពខ្លាំងក្លាដែរ។ ទោះបីជាមិនអាចបរិយាយមួយចប់បាន ក៏នៅមានមនុស្សច្រើនដែលនៅចាំចោះៗ ខ្លីក្តី វែងក្តី ហើយបើទោះជាមិនអាចយកឈុតត្រង់ណាមួយមកនិយាយបាន ក៏គង់ធ្លាប់ឮឈ្មោះរឿងនេះដែរ។ ថ្វីដ្បិតតែសព្វថ្ងៃពុំឃើញមានសេសសល់សៀវភៅបោះពុម្ពរឿងនេះសោះ ក៏យើងអាចស្មានបានថាពីមុនមកមាន។ ដូច្នេះហើយបានជានៅមានរហូតដល់ស្លាកស្នាមជាខ្សែភាពយន្តថតក្នុងទសវត្ស១៩៦០ដោយផលិតកម្មសុវណ្ណគិរីទៀតផង (រូបលេខ១)។ បើនិយាយពីសាស្ត្រាស្លឹករឹតវិញ គឺច្បាស់ជាមាននៅសល់ច្រើនកន្លែងហើយ។ បើជាគំនូរតាមវត្តវិញក៏យើងអាចស្មានបានថាពីមុនមកសម្បូណ៌ឃើញមាននៅតាមវត្តផ្សេងៗ។ ខ្ញុំពុំដឹងថាសព្វថ្ងៃនេះនៅមានសល់តាមវត្តណាខ្លះទេ ប៉ុន្តែ យ៉ាងហោចណាស់ក៏ឃើញមានសេសសល់នៅវត្តមួយឈ្មោះហៅថា វត្តនាគវ័នក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ គំនូរនេះ គេគូរលើបន្ទះក្តារដែលជាហប់នៃព្រះវិហារពេញមួយជុំផ្នែកខាងក្នុង។ ស្ថានភាពគំនូរមានការខូចខាតច្រើនណាស់ដែរ ខ្លះក៏នៅល្អទាំងរូបទាំងចំណងជើង ឯខ្លះទៀតមើលសឹងមិនយល់ថាជារូបអ្វីឲ្យប្រាកដ។ ក្នុងទីនេះ ខ្ញុំសូមលើកយកតែគំនូរដែលនៅច្បាស់ល្មមអាចមើលយល់មកបង្ហាញ។ ទាំងអស់មាន១៤ផ្ទាំង។ នៅសេសសល់ក្រៅពីនេះ ខ្ញុំឥតមានយកមកបង្ហាញឡើយ ដ្បិតមើលទៅលំបាកនឹងថានៅក្នុងឈុតអ្វី។ សាច់រឿងទាំងមូលដែលយកមកផ្ទៀងផ្ទាត់ជាមួយគំនូរនេះ គឺយកតាមសាស្រ្តាស្លឹករឹតដែលតម្កល់ទុកនៅបណ្ណាល័យសារមន្ទីរជាតិ ហើយជាសាស្រ្តាដែលមកពីវត្តបន្ទាយស្រី ខេត្តសៀមរាប (លេខសម្គាល់ b.239.II.1) មានចំនួន៨ខ្សែ ជាកាព្យសុទ្ធ តែងជាបទផ្សេងៗ។
ខ្ញុំសូមយកសាច់រឿងក្នុងសាស្ត្រានេះទាំងមូលមកសង្ខេបឲ្យខ្លីល្មមឲ្យតែងាយយល់ឈុត គំនូរ ។
កាលពីព្រេងនាយមានសេដ្ឋីម្នាក់មានកូនស្រីមួយឈ្មោះនាងវិមានចន្ទ។ នាងតែងតែបន់ស្រន់ដល់ព្រះចន្ទ ដោយសារនាងចង់បានព្រះចន្ទជាប្តី។ លុះមិនយូរប៉ុន្មានព្រះចន្ទក៏យកនាងទៅធ្វើជាមហេសីនៅស្ថានលើ តែដោយសារកម្មរបស់នាងពីបុព្វជាតិនានានោះនាងវិមានចន្ទត្រូវខ្យល់កម្មវិជ្ជវាតបក់ដាច់ក្បាលធ្លាក់ចុះមកលើផែនដី មកទើរលើស្លឹកឈូកក្នុងស្រះវត្តមួយ។ និយាយពីនគរមួយឈ្មោះចម្បាក។ ព្រះរាជាមានព្រះរាជបុត្រ៧អង្គ។ បុត្រពៅគេមាននាមថាសុរិយាវង្ស។ ថ្ងៃមួយកើតការអផ្សុកខ្លាំងក៏ចេញទៅព្រៃ លេងកម្សាន្ត បានជួបនាងវិមានចន្ទនៅសល់តែក្បាល ដែលព្រះសង្ឃបានយកមកទុកនៅទីកន្លែងសមរម្យ។ ព្រះសុរិយាវង្សក៏សុំយកក្បាលនាងវិមានចន្ទពីព្រះសង្ឃមកទុកក្នុងវាំង។រឿងនេះក៏បានដឹងដល់ព្រះបិតា ដែលជ្រាបហើយក៏ចង់ឃើញមុខនាង។ នាងវិមានចន្ទភ័យណាស់ក៏បន់ស្រន់ដល់ព្រះចន្ទឲ្យយកខ្លួនរបស់នាងមកភ្ជាប់ឲ្យនាងវិញផង។ នេះហើយដែលធ្វើឲ្យនាងមានរូបរាងពេញលេញឡើងវិញ។ បងៗទាំង៦នៃព្រះសុរិយាវង្សច្រណែននិងប្អូន ក៏រកវិធីបណ្តេញចេញពីវាំងទាល់តែបាន។ ព្រះសុរិយាវង្សនិងនាងវិមានចន្ទក៏ចាកចេញពីវាំង។ នាងវិមានចន្ទប្រសូតបុត្រប្រុសមួយឈ្មោះបុណ្យវង្ស។ ក្រោយមកកូននេះលាឪពុកម្តាយចាកចេញទៅរៀនវិជ្ជាពីលោកតាឥសី ហើយទីបំផុតក៏បានចៅរបស់លោកតាឈ្មោះថានាងអញ្ជ័នវតីមកជាប្រពន្ធ។ ថ្ងៃមួយ បុណ្យវង្សលាលោកតាទៅសាកវិជ្ជាក្នុងព្រៃ ហើយក៏ជួបដំរីសមួយដែលសុខចិត្តប្រគល់ខ្លួនធ្វើជាយានជំនិះព្រះអង្គ។ លុះធ្វើដំណើរបន្តទៅទៀតក៏ដល់នគរយក្សមួយឈ្មោះវិរុល្លមេឃនៅហេមវន្តបុរី។ យក្សនោះមានកូនស្រីឈ្មោះនាងសិរីគន្ធា។ បុណ្យវង្សក៏ចាប់ចិត្តប្រតិព័ទ្ធរហូតបានរួមរសជាមួយនាង (រូបលេខ២)។ ដំណឹងនេះឮដល់យក្សជាឪពុកក៏លើកទ័ពច្បាំងនិងបុណ្យវង្ស (រូបលេខ៣)។
វិរុល្លមេឃច្បាំងចាញ់ (រូបលេខ៤) ហើយកងទ័ពយក្សក៏ចាត់ចែងធ្វើបុណ្យសព (រូបលេខ ៥)។ ព្រះអង្គបុណ្យវង្សនាំនាងសិរីគន្ធាទៅជួបលោកតាឥសី និងនាងអញ្ជ័នវតីជាប្រពន្ធធំ ហើយសូមផ្ញើប្រពន្ធទាំងពីរនិងលោកតា ដើម្បីចេញទៅរកឪពុកម្តាយតែម្នាក់ឯង (រូបលេខ ៦)។ ពេលបានជួបឪពុកម្តាយហើយ (រូបលេខ៧) ព្រះអង្គក៏អធិដ្ឋានឲ្យកើតជាប្រាសាទទុកឲ្យលោកទាំងពីរ ហើយដាក់ឈ្មោះទីនោះថាសោឡសមហានគរ (រូបលេខ៨)។ រួចហើយព្រះអង្គក៏លាចេញទៅនគរចម្បាកបុរីដើម្បីទៅច្បាំងនិងស្តេចពាលទាំង៦ ដែលត្រូវជាឪពុកធំ។ ពេលទៅដល់ព្រះអង្គក៏ផ្លែងសរឲ្យកើតជាទឹកលិចលង់ (រូបលេខ៩)។ ស្តេចពាលទាំង៦ភ័យខ្លាចក៏ប្រគល់នគរឲ្យទៅបុណ្យវង្ស (រូបលេខ១០) ទើបបុណ្យវង្សនាំមាតាបិតាទៅសោយរាជ្យនៅនគរដើមវិញ (រូបលេខ១១)។ បន្ទាប់ពីនោះមក ក៏សុំអនុញ្ញាតមាតាបិតាទៅរកជីដូនជីតាម្តងនៅឯនគរពារាណសី (រូបលេខ១២)។ លុះយូរបន្តិចទៅក៏ទៅយកប្រពន្ធទាំងពីរពីលោកតាឥសីមកនៅនគរសោឡសវិញ (រូបលេខ១៣)។ គំនូរនៅវត្តនាគវ័ននេះបញ្ចប់ទៅដោយផ្ទាំងមួយបង្ហាញពីការសជាតិ (រូបលេខ១៤)។