សិល្បៈក្នុងការវេចខ្ចប់

ដោយ អាំង ជូលាន

ក្នុងអារ្យធម៌ផ្សេងៗដ៏ច្រើនលើលោកនេះ គេសង្កេតឃើញថាពេលខ្លះមនុស្សចាប់អារម្មណ៍និងឲ្យតម្លៃខ្លាំងណាស់ទៅលើការវេចខ្ចប់។ ក្នុងពាណិជកម្មសព្វថ្ងៃ យើងតែងប្រទះឃើញថាជួនកាលកញ្ចប់, ប្រអប់…ដែលគ្រាន់តែស្រោបលើវត្ថុអ្វីមួយ (ជាចំណីអាហារឬក៏ជាវត្ថុប្រើប្រាស់) ល្អគួរឲ្យចង់ទុក ក្រោយពីយកវត្ថុនោះប្រើហើយ ទោះមិនដឹងជាទុកប្រើការអ្វីក៏នៅតែចង់ទុកដោយសារស្តាយ។ ករណីខ្លះរហូតធ្វើឲ្យយើងគិតថាវត្ថុដែលនៅក្នុងហាក់ដូចជាមានតម្លៃថោកជាងគ្រឿងវេចខ្ចប់នោះទៅទៀត។

ខ្ញុំសង្កេតឃើញថាកាលពុំទាន់មានវត្ថុខ្ចប់វេចផ្សេងៗធ្វើពីជ័រ ចេញមកពីការផលិតដោយម៉ាស៊ីន ការវេចខ្ចប់នៅស្រុកខ្មែរក៏មានសោភ័ណណាស់ដែរ។ ប្រើតែស្លឹកឈូកឬស្លឹកចេកជាកញ្ចប់ ដោយមានតែសង្វារចេកចងធ្វើជាខ្សែសោះក៏មើលទៅគួរឲ្យគាប់ភ្នែកដែរ។ គួរឲ្យស្តាយជាពន់ពេកដែលទម្លាប់នេះបាត់បង់ស្ទើរតែឈឹងទៅហើយ មិនតែប៉ុណ្ណោះវត្ថុថ្មីដែលយកមកប្រើសុទ្ធសឹងធ្វើឲ្យខូចកខ្វក់ដល់បរិស្ថាន។ ប៉ុន្តែគួរកត់សម្គាល់ដែរថានៅមានប្រអប់ឬកញ្ចប់មួយចំនួនដែលខ្មែរនៅតែធ្វើប្រើ។ ប្រហែលមកពីវត្ថុទាំងនោះមានសិល្បៈនិងតម្រូវឲ្យមានបច្ចេកទេសគួរឲ្យសរសើរ ទើបបានជាទម្លាប់ធ្វើនោះមិនទាន់រលាយ។ ក្នុងចំណោមនោះខ្ញុំសូមបង្ហាញតែប្រភេទប្រអប់ឬកញ្ចប់សម្រាប់ដាក់នំ ហៅថា «កាតំ»។ តាមពិតទៅអ្នកអានទាំងអស់គ្នាស្គាល់អស់ទៅហើយ ដ្បិតមានធ្វើពាសពេញក្នុងស្រុកខ្មែរ តែខ្ញុំលើកមកបង្ហាញនេះគ្រាន់តែជាការរំឮកប៉ុណ្ណោះ ថាបើយើងរក្សាវត្ថុកម្រិតដល់ត្រឹមនេះបាន ហេតុអ្វីក៏វត្ថុដែលសាមញ្ញជាងនោះ (កញ្ចប់ស្លឹកចេក ស្លឹកឈូកដែលនិយាយពីលើ) ទៅជាលែងរាប់រក។

កាតំធ្វើអំពីស្លឹកត្នោតត្រង់ផ្នែកកំពូលស្លឹក។ ការធ្វើនោះពុំតម្រូវឲ្យមានឧបករណ៍អ្វីពិសេសទេ គឺថាក្រៅពីកាំបិតគេត្រូវមានបន្ទះឈើឬឬស្សីតូចមួយដែលមានបោះដែកគោលមួយកន្លែងហើយដែលហៅថា «ឈើកណ្តឹក» សម្រាប់អូសដឹកស្លឹកនោះតាមបណ្តោយឲ្យមានទំហំប៉ុនគ្នា (រូបលេខ១-៣)។ ដោយសារកាតំមានរូបរាងផ្សេងៗគ្នា របៀបរៀបស្លឹកនិងកាយវិការក៏ខុសៗគ្នាដែរ (រូបលេខ៤-៥) ដើម្បីឲ្យច្បាស់ជាងនេះ សូមមើលរូបកុននៅជំពូក៧, លេខរៀងទី២៤។ រូបដែលនឹងបង្ហាញតទៅនេះគ្រាន់តែជារូបរាងកាតំមួយចំនួនប៉ុណ្ណោះ ខ្ញុំពុំដឹងថាបើរាប់ឲ្យអស់នឹងមានប៉ុន្មានបែបឡើយ។ រូបលេខ៦ហៅថា «ជ្រុង», លេខ៧ហៅថា «ដោះក្រមុំ», លេខ៨ហៅថា «ផ្ការំដួល» (ស្រុកខ្លះហៅថាផ្កាច័ន្ទ), លេខ៩ហៅថា «សារ៉ាយកាត់»។ សារុបមកទាំងអស់នៅរូបលេខ១០។

បើត្រឡប់ទៅរូបលេខ៣វិញ យើងឃើញថាពេលដែលគេកាត់យកស្លឹកត្នោត គេចៀរយកទ្រនុងក្រៅទុក ហៅថា «ក្បាបត្នោត» មកប្រើជាអ្វីផ្សេងទៀត។ នៅទីនេះគេយកវាមកមូររុំធ្វើជារង្វេលឆ្នាំង (រូបលេខ១១)។ រូបលេខ១២បង្ហាញពីរង្វេលមួយដែលប្រើរវាងមួយឆ្នាំមកហើយ ព្រមទាំងរង្វេលមួយទៀតនៅថ្មីស្រឡាង។