ជួសជុល

ដោយ អាំង ជូលាន, ងៅ កុសល និង ស៊ាង សុភាក់

ក្នុងភាសាខ្មែរមានពាក្យថា «ជួសជុល» ដូចយើងធ្លាប់ឮនិងប្រើមកគ្រប់ៗគ្នា។ «ជួស» គឺត្រង់ណាដែលខូចដោយប្រការអ្វីមួយ គេយកថ្មីមកបំពេញវិញ។ ឧទាហរណ៍ រនាបណាបាក់ គេយកបន្ទះរនាបឫស្សីឬឈើថ្មីមកបំពេញ ដូចមានពាក្យស្លោកថា «បើរនាបមួយបាក់ យករនាបថ្មីមកជួស រីសំដីជ្រុលហួស គ្មានអ្វីជួសបាន»។ ន័យនោះសង្កត់ទៅលើសំដី គឺថាមុននឹងនិយាយអ្វីត្រូវគិតឲ្យបានវែងឆ្ងាយសិន។ តែមុននឹងដល់នោះ ក៏យើងឃើញដែរថា បើជាវត្ថុដែលជារូបិយ គេអាចរក្សាឲ្យបានយូរអង្វែងដោយ «ជួស»។ «ជុល» (ពាក្យនេះ សូម្បីតែនៅក្នុងវចនានុក្រមក៏អក្ខរាវិរុទ្ធមិនទៀង គឺមាន «ជល់» ផង និង «ជុល» ផង) គឺក្រណាត់សំពត់ត្រង់ណាដែលរហែក គេអាចយកមុខរហែកទាំងពីរនោះមកឲ្យជុលគ្នាវិញ ដើម្បីដេរភ្ជាប់ប្រើប្រាស់បានតទៅទៀត។ ដូច្នោះហើយបានជាឧបករណ៍សម្រាប់ធ្វើអំបោះឲ្យចូលក្នុងសាច់ក្រណាត់នោះ គេហៅថា «ម្ជុល» ( < ជុល )។

ខ្មែរមានពាក្យថា «កញ្ចើធ្លុះ» សំដៅទៅមនុស្សណាដែលពុំចេះឬពុំចង់ថែរក្សាអ្វី ខ្ជះខ្ជាយមិនដឹងមុខមិនដឹងបាត ស្គាល់តែបោះចោល។ ពាក្យនេះក៏មានរឿងពន្យល់ដែរ តែពុំចាំបាច់លើកមកនិយាយនៅទីនេះទេ។ ប្រការដែលសំខាន់នោះគឺគំនិតថាត្រូវថែរក្សា។

បើសួរថាពាក្យជួសជុលកើតចេញពីជំនាន់ណា, ពីរាជ្យណា, ពីសតវត្សណានោះ គ្មាននរណាអាចឆ្លើយបានទេ។ ដែលអាចឆ្លើយបានដោយងាយទៅវិញ គឺថាកើតពីពេលដែលមនុស្សចេះគិតរក្សាអ្វីៗឲ្យបាន «គង់វង្ស» ស្លាប់តែខ្លួនមែន តែវត្ថុជារូបិយឬអរូបិយនោះតពូជ។ ដូច្នេះហើយបានជាមានពាក្យថា «មរតក[ធន]» ប្រែថា «ទ្រព្យនៃអ្នកស្លាប់»។

ជាអកុសលគួរឲ្យសោកស្តាយជាពន់ពេក នាបច្ចុប្បន្ននេះ ផ្លូវដែលធ្លាប់យកជាគតិពីមុនមកបែរជាចុះឳនថយ អាចថាស្រុតចុះខ្លាំងក៏សឹងបាន។ តែប្រការជាវិជ្ជមានក៏មាននៅដោយទីខ្លះដែរ ដូច្នេះយើងខ្ញុំសូមលើកឧទាហរណ៍មួយជាគម្រូល្អមកបង្ហាញ។

ដោយសារបារម្មណ៍នឹងការបាត់បង់ដែលកើតមានឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយ បានជាក្នុងពេលកន្លងមកនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈខិតខំស្រោចស្រង់អាគារមួយចំនួននៅតាមវត្ត ទៅតាមលទ្ធភាពថវិកាដែលមាន។ យើងខ្ញុំសូមសង្កត់លើពាក្យចុងក្រោយនេះ គឺប្រសិនបើថវិកាសម្បូណ៌ជាងនេះ ច្បាស់ជាទំហំការងារនិងលទ្ធផលដែលបានមកអាចគុណបានច្រើនដងទៅទៀត ដ្បិតធនធានមនុស្សដែលបណ្តុះបណ្តាលបានមកក៏មិនជាខ្សត់ខ្សោយប៉ុន្មានឡើយ ជាពិសេសតាមរយៈការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលក្នុងនោះមួយភាគបានឆ្លងកាត់បទពិសោធន៍បច្ចេកទេសតមកទៀតតាមការងារស្ថាប័ននានានៃក្រសួងផ្ទាល់ ឬនៃអាជ្ញាធរផ្សេងៗទៀតផង។ វត្តដែលលើកយកនិយាយនេះគឺវត្តមហាលាភ (ក្នុងស្រុកកោះសូទិន, ខេត្តកំពង់ចាម) ដែលពីមុនមកល្បីល្បាញ មានទាំងអតីតព្រះសង្ឃរាជ និល ទៀង ធ្លាប់គង់នៅផង។ រូបលេខ១ ជាកុដិមួយតូចល្មមសមរម្យដែលព្រះអង្គធ្លាប់គង់។

រូបលេខ១

ឯការជួសជុលដែលលើកមកនិយាយនេះគឺជួសជុលព្រះវិហារ។ ក្រុមអ្នកបច្ចេកទេសដែលដឹកនាំដោយស្ថាបត្យករ ច័ន្ធ វិត្ថារ៉ុងនោះ មានអតីតនិស្សិតបុរាណវិទ្យា ងៅ កុសល, សេង ចន្ថា, ស៊ាង សុភាក់ និងខុម ស្រីមុំ, អតីតនិស្សិតស្ថាបត្យកម្ម លឹម ប៊ុនហាក់ និងអតីតនិសិ្សតសិល្បៈសូនរូប អាន សុធា និងម៉ៅ ងីហ័ត។ ក្នុងនោះ អ្នកបច្ចេកទេសបួននាក់ធ្វើការងារជាប្រចាំផ្ទាល់កន្លែងអស់រយៈពេលបួនខែ។

ប្រសិនបើគ្មានការឆ្លងកាត់សង្គ្រាមហើយមានការថែទាំជាប្រក្រតីធម្មតានោះ ច្បាស់ជាពុំទាន់តម្រូវឲ្យមានការជួសជុលអ្វីជាធំដុំឡើយ ប៉ុន្តែប្រការផ្សេងៗធ្វើឲ្យមានការពុកផុយដោយអន្លើ។ រូបលេខ២ បង្ហាញព្រះវិហារមុនជួសជុលថ្មីៗនេះ។ គ្រឿងគ្រោងឆ្អឹងធំៗមិនជាខូច ខាតខ្លាំងណាស់ណាទេ។ ជហ្វានៅល្អទាំងអស់ ដៃរណែងខូចខ្លះ ហើយកន្លែងណាដកចេញគឺយើងយក ឈើថ្មីមកជួសដោយលាបថ្នាំការពារកណ្តៀរ ហើយបន្ទាប់មកលាបម្រាក់ជាមុនសិន។ ឯក្បឿងក៏មានតែមួយចំនួនដែរដែលខូច។ គេយកក្បឿងថ្មីដែលធ្វើឡើងគោរពតាមទំហំចាស់មកជួសក្បឿងខូច (រូបលេខ៣-៤)។

ចំពោះឈើជញ្ជាំងនិងទ្វារ គេកោសថ្នាំចាស់នោះទៅឃើញថាថ្នាំលាបពីដំបូងមកជាដីលែង។ ដូច្នេះគេក៏បានកោសខាត់ថ្នាំស្រទាប់ក្រោយចេញអស់ (រូបលេខ៥-៦) ដើម្បីលាបដីលែងតាមលំនាំដើមវិញ។ គ្រឿងឈើដទៃទៀតក៏ដូចគ្នា គឺឲ្យតែកន្លែងណាពុកផុយ យើងយក ឈើថ្មីមកជួសដោយមានលាបថ្នាំបង្ការដូចដៃរណែងដែរ (រូបលេខ៧-៨)។ បើផ្នែកកំបោរស៊ីម៉ង់ត៍វិញ ពុំមានការខូចខាតច្រើនពេកទេ (រូបលេខ៩)។

ការងារសំខាន់មួយគឺសសរ។ មួយចំនួនតម្រូវឲ្យមានការជួសជុល ហើយក្នុងនោះមានមួយចំនួនតូចពុកផុយខ្លាំងដោយកណ្តៀរពូន។ ជាដំបូង សសរណាដែលនៅល្អទាំងអស់ គេគ្រាន់តែសំអាតដោយប្រើទឹក។ បើកន្លែងណាដែលឃើញមានជាតិអំបិលនឹងផ្សិតដុះឡើង គេប្រើថ្នាំគីមីមកលាយជាមួយទឹកសម្រាប់សំអាតយកអំបិលនឹងផ្សិតនោះចេញ។ បើកណ្តៀរស៊ីកន្លែងណាហើយ ត្រូវផ្ចិតផ្ចង់ខ្លាំងជាងនោះ គឺថាយកដែកបុកឆ្កិះឲ្យដំបូក, កំណកដី និងឈើដែលពុកក្នុងនោះឲ្យធ្លាក់ចេញមកអស់សិន មិនឲ្យសល់អ្វីផ្តេសផ្តាសឡើយ។ ក្នុងការសំអាតនេះ មានការបាញ់ខ្យល់ដោយម៉ាស៊ីនជាបញ្ចប់។ ឧទាហរណ៍នៅរូបលេខ១០-១៣ គឺជាសសរដែលខូចខាតក្នុងកម្រិតមធ្យម ៖ យើងឃើញថាមានការសំអាតឲ្យស្រេចជាមុនហើយ ទើបគេយកវត្ថុធាតុថ្មីមកបំពេញ។ វត្ថុធាតុថ្មីនោះគឺជ័រទឹកស្លជាមួយជ័រចុងទាល់តែខាប់ហើយកូរលាយនឹងអាចម៍រណា។ លុះបំពេញបានជិតត្រឹមត្រូវហើយ ទើបយកម្រាក់មកលាបបិតខាត់ឲ្យស្មើជាចុងក្រោយ។ គេគ្មានគូរអ្វីជាថ្មីឡើយ គឺរក្សាតែគំនូរចាស់ឲ្យបានវែងឆ្ងាយតទៅអនាគតទៀត បើទោះជាគូរបំពេញថ្មីក៏មិនអាចបានគុណភាព (ទាំងទឹកដៃទាំងទឹកមាស) ឲ្យបានដូចគេពីមុនមកទេ។

សសរបង្ហាញនៅរូបលេខ១៤-១៧ខូចខាតធំធេងណាស់នៅប៉ែកខាងក្រោម ហើយតម្រូវឲ្យដាក់ស្នូលឈើគ្រាក់តគ្នាជាកង់ៗនៅខាងក្នុងសិន។ ក្រៅពីនេះត្រូវមានដែកផ្សេងៗស្អេកស្កះទៀតដើម្បីខាំជ័រនិយាយខាងលើនេះឲ្យជាប់។ បើឧទាហរណ៍នៅរូប១៨-១៩ ក៏កាន់តែធ្ងន់ធ្ងរជាងនោះទៅទៀត ហើយគេប្រើបច្ចេកទេសដូចមុននេះដែរ។

រីឯគំនូររឿងពុទ្ធប្រវត្តិលើឈើខាងក្នុងវិញ មួយភាគនោះខូចជាស្ថាពរទៅហើយ ឯកន្លែងខ្លះទៀតគ្រាន់តែចាស់ដោយអាយុកាលផង ដោយខ្វះការថែទាំផង ដូចមានឧទាហរណ៍នៅរូប២០-២១។ លុះខំសំអាតទៅ រូបដែលស្ទើរតែមើលលែងយល់ហើយនោះឡើងស្រស់គួរសមវិញ ថ្វីដ្បិតតែមិនប្រឹមប្រិយត្រចះត្រចង់ដូចកាលនៅថ្មីស្រឡាង (រូបលេខ ២២-២៥)។

សព្វថ្ងៃព្រះវិហារវត្តមហាលាភមានសម្រស់ដូចឃើញនៅរូបលេខ២៦បើមើលពីក្រៅ និងដូចរូបលេខ២៧-២៨បើមើលពីក្នុង។ សម្រស់នេះជាសម្រស់ថ្លៃថ្នូរ ក្នុងសោភណភាពខ្មែរដែលចាស់ព្រេងព្រឹទ្ធបានតាក់តែងមក តាមប្រពៃណីអ្នកស្រុកទន្លេក្នុងខេត្តកំពង់ចាម។ នៅរូបលេខ២៩ យើងឃើញពាក្យពេចន៍មួយកំណាត់ឃ្លា ព្រោះមួយកំណាត់ទៀត គេចារនៅប៉ែកម្ខាងទៀតនៃសសរតែមួយនេះ។ មើលឃើញតែប៉ុណ្ណេះក៏អាចយល់ដែរថាអ្នកសាង សសរមួយនេះប្រាថ្នាទៅកើតក្នុងសុគតិភពនៅពេលក្រោយ តាមអំណាចផលបុណ្យដែលខ្លួនបានធ្វើ។ ប្រការនេះគួរមនុស្សដែលកើតក្រោយមកទៀតយកមកត្រិះរិះមុននឹងវាយអ្វីមួយរបស់គេចោល។