ពាក្យ “សត្យ” ក្នុងឈុតព្រះរាមចូលកោដ្ឋបញ្ឆោតនាងសីតា

ដោយ វ៉ាន់ វី

រឿងរាមកេរ្ដិ៍ (“កេរ្តិ៍ឈ្មោះរបស់ព្រះរាម”) មានឥទ្ធិពលខ្លាំងណាស់លើសង្គមខ្មែរតាំងពីបុរាណមក ដូចមានបង្ហាញជាចម្លាក់, គំនូរ, ល្ខោនច្រើនបែបយ៉ាង, សំណេរកាព្យ និងការនិទានផ្ទាល់មាត់ជាដើម។ តួអង្គខ្លះក្នុងរឿងនេះឲ្យឈ្មោះទៅដល់រុក្ខជាតិទៀតផង ដូចជាលំពែងព្រះរាម, សីតា, ស្រម៉ពិភេក។ល។ បើក្នុងការគោរពបូជាផង តួអង្គខ្លះក្លាយមកជាអ្នកតា ដូចជាតាទសមុខ, តាកំហែង។ល។ ចំណុចផ្សេងៗដែលត្រូវសង្កេតមានច្រើនប្រការណាស់ ពុំអាចរៀបរាប់អស់ក្នុងអត្ថបទខ្លីនេះបានឡើយ។ នៅទីនេះ ខ្ញុំលើកយកតែសញ្ញាណដែលហៅថា “ពាក្យសត្យ” ពោលគឺ ពាក្យពិត មានន័យថានិយាយអ្វីហើយមិនធ្វើអ្វីឲ្យខុសនឹងពាក្យនោះ។ ខ្ញុំសូមចោះយកសញ្ញាណនេះពីឈុតសំខាន់មួយហៅថា “ព្រះរាមចូលកោដ្ឋបញ្ឆោតនាងសីតា”។

ក្នុងរឿងរាមកេរ្តិ៍ ព្រះរាមតែងប្រចណ្ឌឬលើសពីនោះទៅទៀត គឺចោទនាងសីតាថាគ្មានភក្តីភាពនិងព្រះអង្គ នៅពេលដែលបែកគ្នា ដូចជាកាលដែលក្រុងរាពណ៍ចាប់យកទៅទុកនៅនគរលង្កាជាដើម។ ប្រការនេះកើតឡើងមួយសាជាពីរសា រហូតធ្វើឲ្យនាងសីតាប្តេជ្ញាចិត្តនៅមុខបុត្រទាំងពីរគឺរាមលក្សណ៍និងជបលក្សណ៍ថា ទាល់តែព្រះរាមសុគតទើបនាងចូលនគរវិញ។ លុះដឹងថាការប្រកាន់និងការចោទសុទ្ធតែខុសពីការពិតហើយ ព្រះរាមក៏រកវិធីអង្វរនាងសីតាច្រើនលើកច្រើនគ្រា តែពុំបានសម្រេច។ ដោយសារនឹកនាងសីតាពេក ព្រះរាមទ្រង់គង់មិនស្ងប់ ហើយក៏នឹកឃើញកលមួយបញ្ឆោតនាងសីតា គឺចូលកោដ្ឋធ្វើជាសុគត ដោយឱ្យរាស្ត្រក្នុងនគរកាន់ទុក្ខ។ ព្រះអង្គប្រើហនុមានឲ្យទៅទូលនាងសីតាតាមកិច្ចកលនោះ។ ដោយស្មានថាជារឿងពិត នាងសីតាក៏កើតទុក្ខសោកសង្រេង ហើយមកធ្វើបុណ្យព្រះរាមតាមហនុមាន។ ពេលកំពុងគោរពកោដ្ឋដាក់ព្រះសព នាងក៏យំសន្លប់ទៅ។ ព្រះរាមស្ទុះចេញពីកោដ្ឋមកមើលនាងសីតាៗដឹងខ្លួន ក៏ខឹងក្រោធនិងស្ដីបន្ទោសព្រះរាមជាខ្លាំង ថាព្រះអង្គពុំគួរប្រព្រឹត្ដអំពើដ៏គួរខ្មាសអៀននេះសោះ។ ពាក្យជាកាព្យនោះគឺ ៖

                 កាលនោះក្សត្រីនិម៌ល             ភ្ញាភ្ញាក់ទតយល់ក្សត្រា

                 ក្រេវក្រោធពិរោធសោះសា         ស្ទុះរត់ចរចេញទៅខ្មី។

                 ហើយនាងទូលតបទៅថ្វាត់       បពិត្រមហាក្សត្រនរបតី

                 ស្ដេចធ្វើច្នេះពុំជូក្ដី                 យល់ល្អហើយឬក្សត្រថ្លៃ។

                 ម្ដេចពុំគិតខ្មាសរេហ៍ពល          នូវក្សត្រសាមលផងនៃ

                 ទេពទសទិសាដែនត្រៃ            គេនឹងតិះដៀលនិន្ទា។

                 (រាមកេរ្ដិ៍ ខ្សែ៨០, ផ្សព្វផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ, ទំព័រ២៩-៣០)

ព្រះរាមរត់ដេញចាប់នាងសីតា តែនាងចេះតែរត់គេចទៅ។ ព្រះរាម, ព្រះអនុជទាំងបីអង្គ, និងហនុមានខំនាំគ្នាតាមស្ទាក់ផ្លូវ តែនាងសីតាជ្រែកព្រះធរណីទៅស្នាក់នៅជាមួយស្ដេចភុជង្គនាគ នាឋានបាតាល។ ហនុមានទៅតាមអង្វរព្រះនាងតាមបញ្ជារបស់ព្រះរាម តែត្រូវនាងសីតាជេរស្ដីត្រឡប់មកវិញ ដោយនាងមិនព្រមមករស់នៅជាមួយព្រះរាមវិញទេ។

ត្រង់នេះហើយដែលថាគេឲ្យតម្លៃលើពាក្យសត្យ ព្រោះរវាងស្នេហានិងពាក្យសត្យ នាងសីតាជ្រើសយកពាក្យសត្យនោះឯង ទោះជានាងស្រឡាញ់ព្រះរាមប៉ុនណាក៏ដោយ។

ពាក្យដែលធ្លាប់ថ្លែងនៅមុខបុត្រទាំងពីរនោះគឺ ៖

                  ម៉្លេះហើយកុំស្ដេចសង្កា            ម្ដាយពុំប្រាថ្នាវិលថ្កាន

                  នឹងនៅតាមកម្មបុរាណ          សូវស្លាប់ពុំទៅយល់ឡើយ។

                  ថាបើព្រះអង្គសុគត              មែនពិតប្រាកដជាក់ហើយ

                  សឹមម្ដាយវិលទៅកូនអើយ       បង្គំព្រះសពក្សត្រថ្លៃ។

                  (រាមកេរ្ដិ៍ ខ្សែ៨០, ផ្សព្វផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ, ទំព័រ៤)

ឈុតដែលនិយាយមកនេះមានជាគំនូរនៅថែវព្រះវិហារព្រះកែវមរកត ដែលគេគូរនៅដើមស.វ.ទី២០។ នៅរូបលេខ១ យើងឃើញព្រះរាមកំពុងគង់ក្នុងរោងរម្យ មានបន្ទូលទៅកាន់ហនុមាននិងព្រះអនុជទាំងបី ដោយមានបរិពារខ្លះនៅក្បែរនោះផង។ រូបលេខ២បង្ហាញត្រង់ហនុមានដំណែងខ្លួនធំដាក់នាងសីតាលើបាតដៃ នាំហោះយកទៅព្រះមេរុព្រះរាម។ នៅរូបលេខ៣ដែលជារូបពង្រីកនៃរូបលេខ១ យើងឃើញនាងសីតាដើរបណ្ដើរយំបណ្ដើរទៅរកព្រះមេរុព្រះរាម ឯហនុមានដើរតាមក្រោយ។ រីឯនៅរូបលេខ៤ដែលជារូបពង្រីកនៃរូបលេខ១ដែរ យើងឃើញព្រះរាមកំពុងចាប់នាងសីតានៅពីមុខកោដ្ឋ។

បើយើងមើលសៀវភៅរឿងរាមកេរ្ដិ៍ខ្សែ៨០ ដែលបោះពុម្ពឡើងវិញដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនៅឆ្នាំ១៩៩៥ (តាមច្បាប់បោះពុម្ពលើកទី២នៅ១៩៥៩) ឃើញថា គេដាក់គំនូរអំពីឈុតនេះនៅលើក្របមុខតែម្ដង ដោយបង្ហាញត្រង់កន្លែងនាងសីតា, ព្រះអនុជទាំងបី, ហនុមាន និងស្រីស្នំកំពុងទួញយំសោកនៅមុខកោដ្ឋតម្កល់សពព្រះរាម (រូបលេខ៥)។

ឈុតនេះច្បាស់ជាគេយល់ថាជាឈុតមួយសំខាន់ហើយ ត្បិតតែកាលណាមានគំនូររឿងរាមកេរ្តិ៍យើងតែងឃើញគេគូរឈុតនេះ ឧ. នៅរូបលេខ៦ដែលបានមកពីវត្ដនៅភ្នំក្រោម។

សារសំខាន់នៃពាក្យសត្យនេះ និយាយមករួចហើយនៅក្នុងរឿងរាមកេរ្តិ៍។ ឯក្នុងវប្បធម៌ខ្មែរជាទូទៅវិញ ក៏មិនខុសគ្នាពីនោះដែរ។ មានពាក្យទំនឹមនិងច្បាប់ចាស់ជាច្រើនដែលលើកចំណុចនេះមកនិយាយ។

ឧ. “មនុស្សគេយកសម្ដី ដំរីគេយកភ្លុក”។ ឃ្លានេះ បង្ហាញពីតម្លៃនៃសម្តីនោះឯង។

ច្បាប់កេរ្ដិ៍កាល ៖

                   សប្បុរសពេកចាញ់ធន            នាទុជ៌នចាញ់ឥន្ទ្រិយ

                   ប្រពន្ធល្អច្រើនចាញ់ប្ដី             ពាក្យច្រើនភូតចាញ់អាត្មា”។

ច្បាប់កូនចៅ ៖

                   តែមួយអ្នកទៀង          ពាក្យពេចន៍ឥតល្អៀង             ចម្រើនមេត្តា

                   នោះកូវក្រអូប             ក្រៃលែងក្លិនផ្កា                     ទូទៅនានា

                                                ដោរដល់សួគ៌ស្ថាន”។

ច្បាប់រាជនេតិឬច្បាប់ព្រះរាជសម្ភារ ៖

                  ពិសាផ្លែប្រាំ                 ពិសារសធម៌                          ពិសាសត្យា

                  ពិសាសីលទាន             ទ្រើសទ្រង់ករុណា                      ពិសារសវា

                                                 ចាចេញមធូ។