សភាទន្សាយ

ដោយ អាំង ជូលាន

«សភា» ជាក្រុមជំនុំអ្វីមួយ ដែលតាំងពីសម័យបុរាណមកទល់នឹងមុនបច្ចុប្បន្ននេះបន្តិច ខ្មែរច្រើនសម្តៅទៅសាលាកាត់ក្តី ហើយន័យតពីនោះមកអាចសម្តៅទៅចៅក្រមកាត់ក្តីតែម្តង។ ខ្មែរបុរាណតែងតាំងចៅក្រមបួននាក់ដែលមានឋានានុក្រមបន្តបន្ទាប់គ្នាគឺ ឯក, ទោ, ត្រិណិ និង ចត្វារិ។

«សភាទន្សាយ» (ច្រើនអាននិងសរសេរក្លាយជា «សុភាទន្សាយ») ជាចង្កោមរឿងនិទានមួយចំនួនធំដែលមានទន្សាយជាតួអង្គ។ បើខំប្រមូលរឿងទាំងនោះឲ្យបានច្រើនយ៉ាងណា ក៏ប្រហែលជាមិនអាចអស់ដែរ ដោយសារអាចមានមនុស្សនៅតំបន់ផ្សេងៗចេះអ្វីៗប្លែកពីរឿងដែលគេដឹងទូទៅទៅទៀត។ ដោយសារពីមុនមករឿងសភាទន្សាយមានសារសំខាន់ ពន់ពេកដូច្នេះហើយ បានជាសូម្បីតែអ្នកនិពន្ធបរទេសក៏ចាប់អារម្មណ៍យកទៅប្រែជាភាសាគេដែរ មានជាអាទិ៍លោក P. Midan ដែលបានប្រមូលរឿងនេះមួយចំនួនមកចងក្រងផ្សព្វផ្សាយជាខ្មែរផង ជាបារាំងផងតាំងពីឆ្នាំ១៩២៧ម្ល៉េះ ដោយមានអ្នកគំនូរខ្មែរឈ្មោះ មៅ គូររូបភ្ជាប់នឹងអត្ថបទទាំងនោះទៀត (ក្រោយមកអតីតអង្គការ Cedoreck បានយកការផ្សព្វផ្សាយនោះមកចងក្រងសារជាថ្មី ហើយចេញផ្សាយនៅក្រុងប៉ារីស៍នៅឆ្នាំ១៩៨៦)។ ខ្ញុំស្រង់គំនូរក្នុងនោះខ្លះមកបង្ហាញខាងក្រោមនេះ។ ទោះជារឿងឬភាគមានច្រើនយ៉ាងណា ក៏មានចំណុចខ្លះៗលេចធ្លោចេញមកប្រហាក់ប្រហែលគ្នាពីរឿងមួយទៅរឿងមួយ។

ចំណុចសំខាន់មួយនៅត្រង់ថាទន្សាយមានប្រាជ្ញាលើសគេ បើរកករណីលើកលែង គឺមានតែម្តងគត់ដែលចាញ់បោកគេ ពោលគឺចាញ់បោកខ្យង ៖ ខ្យងដែលមានគ្នាច្រើនរាយបណ្តាក់គ្នានៅក្នុងទឹកក្បែរមាត់ច្រាំងជុំវិញបឹងមួយ រួចហើយក៏បបួលទន្សាយរត់ប្រណាំង។ ទន្សាយស្មានតែខ្យងមានតែមួយ លុះរត់បានបន្តិចទៅក៏ស្រែកហៅខ្យង ហើយភ្លាមនោះខ្យងដែលនៅខាងមុខវាស្រែកឆ្លើយថា «គូក !»។ លុះទន្សាយរត់តទៅទៀត ហើយស្រែករកខ្យងដូចមុន ក៏ចេះតែមានខ្យងដែលនៅខាងមុខឆ្លើយថាគូករហូត។ យូរទៅទាល់តម្រិះក៏យល់ព្រមចាញ់ខ្យង (រូបលេខ១)។

រូបលេខ១

មានតែម្តងនេះឯងគត់ដែលទន្សាយចាញ់ប្រាជ្ញាគេ ក្រៅពីនោះនៅក្នុងវគ្គណាក៏ទន្សាយឈ្នះគេដែរ ទោះជាមានជាប់កុនដោយអន្លើក្តី។

ឧទាហរណ៍ មានម្តងនោះទន្សាយជាប់អន្ទាក់នៅពេលដែលទៅស៊ីដំណាំនៅចម្ការគេ។ ម្ចាស់ចម្ការក៏ចាប់យកវាមកផ្ទះ ក្រុងជាប់ក្នុងអង្រុតមួយ។ នៅជិតនោះ មានកូនផើងតូចមួយមានទឹកបន្តិច ដែលគេប្រស់ត្រីទុកឲ្យនៅរស់សម្រាប់ធ្វើស៊ីឆាប់ៗនេះ។ ទន្សាយក៏ស្រែកប្រាប់ទៅត្រីថាឲ្យនាំគ្នារើបម្រាស់ប្រឹងលោតឲ្យអស់ពីកម្លាំងក្នុងខ្លួន។ ពួកត្រីក៏ខំបម្រះលោតពេញទំហឹងតាមដែលធ្វើបាន ឯកូនផើងនោះក៏ក្រឡាប់ធ្វើឲ្យត្រីរនៀលលោតយករួចខ្លួនរៀងៗខ្លួន។ ម្ចាស់ផ្ទះឃើញក៏ស្ទុះយកអង្រុតដែលក្រុងទន្សាយទុកនោះទៅរុតត្រីវិញ តែត្រីរំដោះខ្លួនអស់គ្មានសល់ទៅហើយ។ ចំណែកឯទន្សាយក៏រួចខ្លួនពីអង្រុតក្នុងពេលនោះឯង (រូបលេខ២)។

រូបលេខ២

ជួនកាលទន្សាយបោកប្រាស់គេដើម្បីដោះខ្លួនពីអាសន្នអ្វីមួយ ហើយពុំតែប៉ុណ្ណោះវាបោះ សម្តីឲ្យគេឈឺចិត្តទៅទៀត ក្រោយពីបានរួចខ្លួនហើយ។ ឧទាហរណ៍ កាលថ្ងៃមួយវាទៅលួចស៊ីដំណាំគេតាមទម្លាប់ ហើយក៏ជាប់អន្ទាក់ដូចមុន។ ជួនជាមានគីង្កក់មួយវារមកដល់ក្បែរនោះ ទន្សាយក៏បញ្ឆោតគីង្កក់ឲ្យជួយខាំអង្កៀមចំណងអន្ទាក់ឲ្យដាច់ ដោយសន្យាថាព្យាបាលស្រែងឲ្យជា។ ស្រែងនោះមិនគឺអ្វីក្រៅពីស្បែកគម្រីងគម្រាំងដែលសត្វគីង្កក់តែងតែមានជាធម្មតា ប៉ុន្តែគីង្កក់នោះឆោត ចង់បានស្បែករលីងដែលមិនមែនជាធម្មជាតិរបស់ខ្លួន ក៏ខំប្រឹងកកេរខ្សែចំណងអន្ទាក់លុះត្រាតែដាច់។ ពេលនោះទន្សាយមិនត្រឹមតែដើរចេញប៉ុណ្ណោះទេ គឺថែមទាំងមានបោះពាក្យទ្រគោះថា «ស្រែងពីជីដូនជីតាអាឯងមក តើនរណានឹងមើលជា !» (រូបលេខ៣)។

រូបលេខ៣

រឿងរបៀបនេះមាននៅឈុតផ្សេងៗទៀត ដែលក្នុងនោះជួនកាលទន្សាយគ្មានជាប់កុនអ្វីឡើយ ដូចជាក្នុងឈុតដែលទន្សាយចង់ឆ្លងទន្លេ ហើយក៏ឲ្យក្រពើចម្លងវាទៅត្រើយម្ខាង ដោយសន្យាព្យាបាលស្រែង (ស្បែកក្រពើដែលគម្រីងគម្រាំង) ដូចគ្នា។ លុះទៅដល់ត្រើយពេលណា ទន្សាយលោតឡើងលើគោកហើយបែរខ្នងមកក្រពើវិញ ដោយយកដៃទះកំប៉េះគូទខ្លួនឯងជាការចំអកឡកឡឺយឲ្យក្រពើដែលខំជួយចម្លង (រូបលេខ៤)។

រូបលេខ៤

ជួនកាលទន្សាយខូចរប៉ិលរប៉ូចសុទ្ធសាធ ដូចជាកាលដែលវាធ្វើពុតជាស្លាប់នៅមាត់ផ្លូវ ដោយសារឃើញយាយចាស់ម្នាក់កំពុងទូលចេកដើរតម្រង់មក។ យាយចាស់ស្មានតែវាងាប់មែនក៏រើសដាក់ទៅក្នុងល្អី ហើយបន្តដំណើររហូតដល់ផ្ទះ។ ក្នុងរយៈពេលនោះទន្សាយស៊ីចេកនៅលើក្បាលយាយយ៉ាងព្រងើយហើយក៏រត់ចេញបាត់ទៅ (រូបលេខ៥)។

រូបលេខ៥

ម្តងទៀតនោះ សត្វទាំងអស់ក្នុងព្រៃស្រុះស្រួលនាំគ្នាច្រូតស្បូវអស់ពេលច្រើនថ្ងៃ។ ដូច្នោះហើយ ក្នុងមួយថ្ងៃត្រូវវេនម្នាក់ដែលនៅដណ្តាំស្លសម្រាប់ឲ្យអ្នកច្រូតទទួលទាននៅពេលត្រឡប់មកវិញ។ គេបំពេញនាទីនេះបានគ្រប់គ្នា លើកលែងតែទន្សាយមិនទៅច្រូតនឹងគេ ដោយកុហកធ្វើពុតថាគ្រុន ហើយសុំនៅចាំយាមខ្ទមឯចម្ការ។ មិនតែប៉ុណ្ណោះ លុះដល់វេនត្រូវវាធ្វើបាយក៏វាមិនទៅរកម្ហូបអ្វីដែរ គឺវាជុះហើយបន្លំយកលាមករាគនោះមកថាជាផ្អកឲ្យគេហូប។

ឧទាហរណ៍ប៉ុន្មាននេះបង្ហាញថាទន្សាយពុំមែនមានសីលធម៌អ្វីប៉ុន្មានឡើយ គ្រាន់តែវាមិនយង់ឃ្នងខ្លាំង ហើយបើធ្វើអ្វីប៉ះពាល់លើគេ គឺគ្រាន់តែនៅក្នុងការចំអកឡកឡឺយប៉ុណ្ណោះ។ មកទល់ត្រឹមនេះ យើងឃើញថាលក្ខណសម្បត្តិរបស់វានៅត្រង់ប្រាជ្ញាឈ្លាសវៃ (លើកលែង តែចាញ់បោកខ្យងម្តងដូចពោលហើយស្រាប់)។ តាមពិតទៅមានច្រើនកន្លែងដែរ ដែលវាយកប្រាជ្ញានោះទៅជួយដោះស្រាយបញ្ហាឬទុក្ខសោកផ្សេងៗនៃអ្នកដទៃ ក្រោយពីមានការអង្វរពឹងពាក់ពីអ្នកដែលរងគ្រោះ។ ត្រង់នេះខ្ញុំសូមលើកផ្នែកមួយមកសង្ខេបឲ្យខ្លី ៖ មានត្រពាំងមួយនោះនៅខែប្រាំងទឹករីងស្ទើរខះអស់។ សត្វអកសប្បាយនឹងស៊ីត្រីនៅក្នុងភក់នោះណាស់។ ត្រីដែលនៅមិនទាន់បានអកស៊ី ខិតខំរកល្បិចដើម្បីបានរួចខ្លួនមួយគ្រា ដោយនិយាយបោកប្រាស់អកឲ្យពាំពួកវាទៅត្រពាំងឯណាផ្សេងដែលទឹកនៅមានគ្រាន់បើនៅ ឡើយ ដើម្បីវាសម្អាតខ្លួនឲ្យស្អាតសិនសឹមឲ្យអកស៊ី ចៀសវាងកុំឲ្យភក់ចូលមាត់។ អកឆោតក៏ពាំត្រីទៅត្រពាំងមួយដែលមានទឹកជ្រៅ។ រួចរាល់ហើយទើបស្រែកហៅត្រីដែលស្អាតខ្លួនដើម្បីស៊ី តែគ្មានត្រីណាមួយងើបមកលើក្បែរផ្ទៃទឹកឡើយ។ អកខឹងណាស់ក៏ទៅបបួលសត្វនានាក្នុងព្រៃឲ្យមកជួយបាចទឹកត្រពាំងឲ្យរីងអស់។ ពេលនោះទន្សាយដឹងរឿងដោយសារមានត្រីក្រាញ់មួយននៀលលើដីមកអង្វរឲ្យជួយពួកខ្លួនផង។ ទន្សាយក៏ទៅរកស្លឹកឈើមួយសន្លឹកធំ ហើយគូសវាសក្រវេមក្រវាមលើនោះ ធ្វើជាកាន់ពិនិត្យដើរមកជិតពពួកសត្វដែលកំពុងនាំគ្នាបាចទឹក។ សត្វទាំងនោះឆ្ងល់ហើយសួរថា ស្លឹកនោះគឺអ្វី។ វាក៏ឆ្លើយថានេះជាសំបុត្រព្រះឥន្ទ្រ ហើយក៏មើលខ្លាំងៗឲ្យស្តាប់ ៖

     កាច់ជើងត្រុំ          ប្រមុំជើងអក           កាប់ក្បាលចចក       ដកភ្លុកដំរីស

     អាដែងពស់ថ្លាន់     ត្រូវកាប់យកក          ចងបាច់ឲ្យល្អ           យកថ្វាយព្រះឥន្ទ្រ។

ឮតែប៉ុណ្ណោះសត្វទាំងឡាយក៏ភិតភ័យរត់យកតែព្រះអាយុះរៀងខ្លួន (រូបលេខ៦)។

រូបលេខ៦

រឿងដែលទន្សាយជួយគេតាមពាក្យអង្វរនៃអ្នករងគ្រោះនោះមានច្រើនទៅទៀត។ តែពេលខ្លះពុំចាំបាច់មាននរណាអង្វរឡើយ គឺទន្សាយនឹកឃើញជួយអ្នកដែលមានអាសន្នដែរ ដូចជានៅក្នុងរឿងមនុស្សបួននាក់ដេកទល់ជើងគ្នា ៖ មានបុរសបួននាក់ធ្វើដំណើរក្នុងព្រៃ។ លុះដល់ពេលត្រូវសម្រាកក៏នឹកឃើញខ្លាចខ្លាមកទីនោះ ហើយបែកប្រាជ្ញាថាត្រូវដេកយកជើង ទល់គ្នា ហើយដាក់ក្បាលឲ្យត្រូវតាមទិសនីមួយៗដើម្បីបញ្ឆោតខ្លា។ លុះដេកទៅខ្លាក៏មកដល់មែន។ វាបម្រុងខាំស៊ីក្បាលមួយ ស្រាប់តែឃើញក្បាលដែលនៅទិសផ្ទុយចំមុខនោះសម្លឹងមកវា។ វាសាកមើលគ្រប់ទិសក៏ឃើញតែលទ្ធផលដដែល គឺថាបើមកពីខាងកើតឃើញមានក្បាលមួយសម្លឹងមកពីខាងលិច លុះដើរមករកស៊ីក្បាលខាងត្បូងក៏ឃើញក្បាលមួយទៀតសម្លឹងមកពីខាងជើង។ ខ្លាឆ្ងល់ណាស់ពុំដឹងថានេះជាសត្វអ្វី ទើបយករឿងនេះទៅប្រាប់ទន្សាយ។ ទន្សាយក៏បបួលទាំងខ្លាទាំងសត្វដទៃទៀតឲ្យនាំគ្នាមកមើល។ លុះទៅដល់ឃើញហើយវាស្រែកថា «សត្វនេះហៅថាសត្វមិនជីមិនជា ស៊ីក្បាលទាំងអស់គ្នា ទាំងឯងទាំងអញ»។ ឮដូច្នោះ សត្វទាំងអស់ក៏បោលជាន់គ្នាយកតែព្រះអាយុះរៀងៗខ្លួនដូចនៅខាងលើដែរ (រូបលេខ៧)។

រូបលេខ៧

លក្ខណសម្បត្តិនិងចរិតសត្វខ្លះលេចចេញធ្លោពីចង្កោមរឿងសភាទន្សាយនេះ។ យើងឃើញហើយថាទន្សាយគឺប្រាជ្ញា។ មានវគ្គមួយចំនួនធំដែរ ដែលទាក់ទងនឹងសត្វខ្លា ហើយដែលបង្ហាញថាខ្លាជាសត្វកាចសាហាវ ប៉ុន្តែល្ងង់ សូម្បីតែដំរីក៏ខ្លាមានប៉ុនប៉ងខាំសម្លាប់ដែរ កុំតែបានទន្សាយជួយដោយប្រាជ្ញាឲ្យរួចខ្លួន។ អ្នកដែលគុំធ្វើបាបឬសងសឹកមកលើទន្សាយច្រើនលើកច្រើនគ្រាគឺខ្លានេះឯង តែមិនដែលបានសម្រេចឡើយ គឺម្តងៗតែងតែចាញ់កលទន្សាយជានិច្ច។ ដូចជាម្តងនោះខ្លារកទន្សាយឃើញក៏បម្រុងខាំស៊ី ដ្បិតគុំតាមសងសឹកយូរហើយ។ គាប់ជួនជាទីនោះមានឬស្សីមួយគុម្ព ហើយមានខ្យល់បក់មកល្មមធ្វើឲ្យដើមឬស្សីខ្លះរេចុះរេឡើង សង្កៀតគ្នាចេញជាសម្លេងយ៉ាងពិរោះ។ ខ្លានឹកឆ្ងល់ ក៏មិនទាន់នឹកស៊ីទន្សាយភ្លាមទេ ហើយសួរថាតើនោះជាសម្លេងអ្វី។ ទន្សាយឆ្លើយថានេះជាភ្លេងដែលឧបករណ៍នៅស្ទើរ ហើយបញ្ជាក់ថាបើចង់ពិរោះជាងនេះ ទាល់តែយកកន្ទុយទៅដាក់ត្រង់ចំណុចដែលឬស្សីពីរដើមខ្វែងគ្នា។ ខ្លាក៏ធ្វើតាម ឯខ្យល់ក៏បក់មកធ្វើឲ្យឬស្សីសង្កៀតគ្នាកៀបកន្ទុយខ្លាឈឺស្ទើរស្លាប់។ ក្នុងពេលនោះទន្សាយក៏រត់បាត់។

ខ្លានឹកឃើញតែរឿងសងសឹក តែដោយសារល្ងង់ក៏ចេះតែថ្លោះធ្លោយចាញ់បោកទន្សាយរាល់ពេលដែលត្រូវសងសឹក។ មានវគ្គមួយនោះប្រហាក់ប្រហែលគ្នានឹងវគ្គអម្បាញ់មិញនេះ ៖ ខ្លាជួបវាក់គ្នានឹងទន្សាយនៅទីមួយទៀតដែលមានឬស្សីមួយគុម្ពដូចគ្នា។ មែកឬស្សីមួយនោះមានសំបុកឪម៉ាល់យ៉ាងធំ។ ឃើញអាសន្ននឹងខ្លាដូច្នោះ ទន្សាយក៏នឹកឃើញយកស្មៅទៅចុករន្ធឪម៉ាល់ជិតអស់គ្រប់រន្ធ ឯឪម៉ាល់ដែលនៅក្នុងនោះខំប្រឹងហើរចេញ តែចេញមិនរួច បង្កើត ជាសម្លេងងូងៗសមតែសម្លេងទ្រអ៊ូ។ ខ្លាសួរទន្សាយថានេះជាសម្លេងអ្វី។ ទន្សាយក៏ប្រាប់ថាជាស្គរពិសេស តែមិនទាន់ពិរោះណាស់ណាទេ បើចង់ពិរោះមែនទែន ទាល់តែឡើងទៅទះដោយដៃទាំងពីរឲ្យអស់ទំហឹង។ ខ្លាក៏ឡើងទៅមែន ឯទន្សាយឆ្លៀតពេលទាន់រត់ចេញបានឆ្ងាយពីទីនោះ។ ខ្លាទះសំបុកឪម៉ាល់តាមទន្សាយប្រាប់។ សំបុកក៏បែកធ្លាយ ឯឪម៉ាល់ក៏ចេញមករាប់រយទិចខ្លាគ្មានប្រណីទាល់តែធ្លាក់មកដល់ដី (រូបលេខ៨)។

រូបលេខ៨

រឿងខ្លាចាញ់បោកទន្សាយមានច្រើនទៀត ហើយសុទ្ធតែឲ្យអ្នកស្តាប់យល់ថាជាសត្វល្ងង់ពូកែតែខាងគម្រាមគេ។ តែក្នុងភាសាខ្មែរ ដូចជាពុំមានពាក្យពេចន៍អ្វីពិសេសភ្ជាប់ភាពល្ងង់ខ្លៅទៅនឹងខ្លាឡើយ។ បើក្រពើវិញទើបមាន តែគួរឲ្យឆ្ងល់ដែរ ដ្បិតក្នុងចង្កោមរឿងទន្សាយទាំងមូលដូចជាមិនសម្បូណ៌រឿងក្រពើដែលអាក្រក់ឃោឃៅទេ ក្រៅតែអំពីរឿងមួយដែលសង្ខេបមកដូចតទៅ ៖ នៅខែប្រាំងពេញបន្ទុក បឹងមួយនោះស្ទើរតែរីងទឹកអស់។ ក្រពើមួយដែលរស់ក្នុងនោះអង្វរឲ្យអ្នកបរទេះម្នាក់ជួយដឹកខ្លួនទៅដាក់ទីណាដែលមានទឹកច្រើនបន្តិច។ បុរសនោះក៏ជួយយកអាសារក្រពើដោយចងវាផ្អោបនឹងប៉ែកខាងក្រោមបណ្តោយទូករទេះ ហើយធ្វើដំណើរទៅមុខទៀត។ លុះដល់បឹងដែលមានទឹកហើយក៏ស្រាយលែងក្រពើឲ្យចុះទឹក តែបែជាក្រពើនោះរករឿងទារខាំស៊ីបុរសនោះវិញ ដោយចោទថាមុននេះយក វាមកចងរិតខ្លាំងធ្វើបាបវាឲ្យវេទនា។ អ្នកបររទេះក៏ទៅប្តឹងទន្សាយឲ្យកាត់សេចក្តីឲ្យសិន។ ទន្សាយដឹងថាអ្នកនេះជាជនស្លូតត្រង់ក៏ប្រាប់ទៅគូវិវាទទាំងពីរថា ឥឡូវនេះវាត្រូវពិនិត្យមើលជាមុនសិនថាតើកាលចងនោះ ចងរិតដល់កម្រិតណា។ បុរសក៏ចងក្រពើដូចកាលចងលើកមុន ដូចពាក្យបញ្ជាសភាទន្សាយ។ លុះក្រពើជាប់ចំណងតឹងឡើងវិញហើយ ទន្សាយក៏ប្រាប់បុរសនោះថា «ចាំអ្វីទៀត ម្តេចក៏មិនព្រលះវាទៅ !» (រូបលេខ៩)។

រូបលេខ៩

រឿងទន្សាយមិនអាចនិយាយអស់ទេ ដូចបានពោលនៅខាងលើមកហើយ។ រឿងក្រោយគេដែលខ្ញុំនឹងសង្ខេបនេះ គ្រាន់តែចង់បញ្ជាក់ថាសូម្បីតែចៅក្រមដែលជាមនុស្សក៏ទទួលស្គាល់ប្រាជ្ញាទន្សាយថាជាសភាដែរ ៖ មានបុរសម្នាក់ឮល្បីប្រាជ្ញាទន្សាយដូចគេឯងដឹងរាល់គ្នាដែរ តែមិនអស់ចិត្ត ក៏រកវិធីល្បង ទើបធ្វើពាក្យមួយប្តឹងទៅចៅក្រមនៅសាលាកាត់ក្តីនៃមនុស្សលោក។ ពាក្យនោះគឺ «បីបួនខែហើយដែលមានចោរលួចក្របីខ្ញុំមួយ។ ក្របីនោះ បើថាញីក៏មិនមែនញី បើថាឈ្មោលក៏មិនមែនឈ្មោល។ ពេលដែលលួចនោះ នឹងថាឆ្នាំទៅក៏មិនមែន ថាឆ្នាំនេះក៏មិនមែន។ រីឯចោរនោះ នឹងថាជាបងប្អូនខ្ញុំក៏មិនមែន ថាអ្នកដទៃផ្សេងទៀតក៏មិនមែន»។ ក្រុមចៅក្រមនឹងកាត់ថាដូចម្តេចក៏មិនចេញ ហើយប្រកាសថាបណ្តឹងនេះផ្តេស ផ្តាសមិនអាចយកជាការ។ លុះប្រគល់សំណុំរឿងទៅទន្សាយ ទើបទន្សាយឆ្លើយថា «ដែលថាក្របីញីមិនញី ឈ្មោលមិនឈ្មោលនោះ គឺក្របីស្ទាវ។ ចំណែកឯលួចឆ្នាំទៅក៏មិនមែន ឆ្នាំនេះក៏មិនមែន គឺពេលនោះជាយប់មុនថ្ងៃចូលឆ្នាំ មានន័យថាចន្លោះឆ្នាំចាស់និងឆ្នាំថ្មី។ រីឯចោរដែលពុំមែនជាបងប្អូន ហើយពុំមែនជាអ្នកដទៃទោះ គឺប្អូនថ្លៃម្ចាស់ក្របី»។ ឮដូច្នោះហើយទាំងអស់គ្នាយល់ស្របគ្នាថាទន្សាយមានប្រាជ្ញាពិតប្រាកដ (រូបលេខ១០)។

រូបលេខ១០

សូមរំឮកថាពីមុនមក សភាទន្សាយជារឿងដែលគេរាប់អាននិទានខ្លាំងណាស់។ ក្មេងឬចាស់ណាក៏ដោយ សុទ្ធសឹងចេះវគ្គខ្លះៗដោយអន្លើដែរ គ្រាន់តែតិចឬច្រើន។ ហេតុនេះគ្មានអ្វីឲ្យឆ្ងល់ឡើយដែលក្នុងភាសាខ្មែរមានពាក្យពេចន៍មួយចំនួនស្រង់ចេញពីរឿងនេះ។ ខ្ញុំពុំដឹងជាពាក្យទាំងនោះមានប៉ុន្មានឡើយ តែពេលនេះនឹកឃើញតែបួនប៉ុណ្ណោះ ៖

១. «គ្រុនទន្សាយ» ៖ ពាក្យនិយាយពីជម្ងឺដែលពុំមានមែនទែន តែកើតឡើងដោយពុតត្បុត (សូមមើលត្រង់ទន្សាយសុំនៅយាមខ្ទម មិនទៅច្រូតស្បូវនឹងគេ)។

២. «អាក្រពើ», «អាក្រពើវង្វេងបឹង» ៖ ពាក្យនិយាយដៀលត្មះដល់មនុស្សដែលរមឹលគុណ (សូមមើលត្រង់ក្រពើសុំឲ្យអ្នកបររទេះជួយនាំវាទៅបឹងណាដែលមានទឹក)។

៣. «ដល់ត្រើយ សើយគូទ» ៖ ត្រង់នេះក៏សម្តៅទៅការរមឹលគុណដែរ តែមិនធ្ងន់ធ្ងរដូច «អាក្រពើ» ដែលប៉ុនប៉ងសម្លាប់អ្នកដែលបានស្រោចស្រង់ខ្លួនឡើយ (សូមមើលត្រង់ទន្សាយពឹងឲ្យក្រពើចម្លងទឹកទន្លេ)។

៤. «ត្រីក៏រួច ទន្សាយក៏រួច» ៖ ប្រើចំពោះស្ថានភាពមួយដែលត្រូវចំណេញច្រើនយ៉ាង តែបែជាខាតបាត់បង់ទាំងអស់ទៅវិញ។