អនោតស្រះ

ដោយ វ៉ា សុវណ្ណារដ្ឋ

គម្ពីរព្រះពុទ្ធសាសនាជាច្រើនមាននិយាយអំពីស្រះសួគ៌ពិសិដ្ឋមួយដែលខ្មែរស្គាល់ជាទូទៅថា “អនោតស្រះ”។ ពាក្យ “អនោត” ជាការបំព្រួញខ្លីពីពាក្យបាលីថា “អនោតត្ត”។ ពាក្យថា “អនោតត្ត” ឬសំស្ក្រឹតថា “អនវតប្ត” មានន័យថា ដែល “មិនត្រូវកម្តៅ”។ ន័យនៃពាក្យនេះអាចឲ្យយើងយល់បានហើយថាស្រះនេះមានទឹកត្រជាក់ត្រជុំជាទីមនោរម្យ។ គម្ពីរខ្លះនិយាយថា ស្រះសួគ៌មួយនេះស្ថិតនៅជំពូទ្វីប ខាងជើងភ្នំហិមាល័យ ដែលព្រះបច្ចេកពុទ្ធ ព្រះអរហន្ត និងទេពនិករទាំងឡាយទៅស្រង់ជម្រះកាយ។ ចេញពីស្រះពិសិដ្ឋនេះទៅ មានទន្លេបួនហូរចុះមកផែនដី រួមមាន ៖ នៅខាងកើតមានទន្លេមួយឈ្មោះថា “គង្គា”, ទន្លេខាងត្បូងហៅថា “សិន្ធុ”, ទន្លេខាងលិចគឺ “វក្សុ” និងទន្លេខាងជើងហៅថា “សីតា”។

ខ្មែរស្គាល់និងមានជំនឿមុតមាំខ្លាំងណាស់ចំពោះអនោតស្រះនេះតាំងតែពីសម័យបុរាណមកម្ល៉េះ ដោយមានយកមកសាងជាប្រាសាទ និយាយក្នុងគម្ពីរព្រះពុទ្ធសាសនាខ្មែរ ហើយព្រមទាំងមាននិយាយភ្ជាប់ក្នុងរឿងនិទានផ្សេងៗផងក៏មាន។ នៅទីនេះខ្ញុំសូមយកមកបង្ហាញខ្លះជាទូទៅប៉ុណ្ណោះ។ ឯកសារសិក្សាស្រាវជ្រាវស៊ីជម្រៅអំពីស្រះនេះមានច្រើនមកហើយដែរ ដូចជាក្នុងអត្ថបទរបស់លោកស៊ីយ៉ុន សុភារិទ្ធ ឈ្មោះថា “ប្រាសាទនាគព័ន្ធ ៖ “តីថ៌” ជម្រះមន្ទិលបាបកម្ម” ដែលចុះផ្សាយក្នុងទស្សនាវដ្តីឧទ័យលេខ១០ជាដើម។

នៅចុងសតវត្សទី១២ដើមទី១៣ យើងឃើញមានការសាងអនោតស្រះនេះជាប្រាសាទនៅលើដីផ្ទាល់តែម្តង គឺប្រាសាទនាគព័ន្ធ។ ប្រាសាទនាគព័ន្ធនេះមានស្រះធំមួយនៅចំកណ្តាលនិងមានស្រះតូចបួនទៀតនៅតាមទិសទាំងបួន។ ភ្ជាប់មាត់ស្រះធំមកស្រះតូចនោះមានទបង្ហូរទឹកដែលសាសនិកត្រូវដងពីស្រះធំហើយចាក់បង្ហូរចូលមកក្នុងស្រះតូចឲ្យហូរចេញមកតាមមាត់មនុស្សនិងមាត់សត្វតាមតាមទិសនីមួយៗ ៖ ខាងកើតមាត់មនុស្សតំណាងឲ្យទន្លេគង្គានិងជានាងគង្គាតែម្តង, ខាងត្បូងមាត់សិង្ហ, ខាងលិចមាត់សេះ និងខាងជើងមាត់ដំរី (រូបលេខ១)។ រូបនាគពីរដែលព័ន្ធជុំវិញឃឿនប្រាសាទនៅកណ្តាលស្រះនោះទៀតសោត គឺមិនមែនជាការលំអធម្មតានោះទេ តែគឺជាការបង្ហាញពីនាគដែលមានឈ្មោះថា “អនវតប្ត” ដែលរស់នៅកណ្តាលអនោតស្រះនោះតែម្តង (រូបលេខ២)។

នៅសម័យក្រោយៗមកទៀត នៅពេលដែលខ្មែរបែរមកកាន់ព្រះពុទ្ធសាសនាថេរវាទវិញអនោតស្រះនៅតែរឹងមាំក្នុងជំនឿខ្មែរ ដូចមានគំនូរក្នុងគម្ពីរត្រៃភូមិ ដែលបង្ហាញនៅរូបលេខ៣ជាឧទាហរណ៍។ ការបង្ហាញអំពីអនោតស្រះនេះនៅប្រទេសថៃឡង់ដ៏ក៏មានច្រើនក្រាស់ក្រែលដែរ ដូចគំនូរនៅវត្តភូខាវថង ក្នុងក្រុងបាងកកជាដើម (រូបលេខ៤)។ មិនតែប៉ុណ្ណោះមានទាំងយកមកឆ្លាក់នៅលើព្រះពុទ្ធបាទទៀតផង (រូបលេខ៥និងរូបពង្រីកលេខ ៦)។ ទន្ទឹមគ្នានេះ ក្នុងកិច្ចពិធីខ្លះក៏មានបង្ហាញនូវរូបតំណាងនេះដែរ ដូចជាក្នុងពិធីកោជុកដែលព្រះសង្ឃបួនអង្គយកបាត្រដាក់ទឹកចាក់លើក្បាលក្មេងដែលគេទើបកោសក់រួចដើម្បីជម្រះមន្ទិលដោយទឹកទន្លេទាំងបួន ពោលគឺទឹកពិសិដ្ឋនៃអនោតស្រះ។ ចំពោះគំនិតអំពីទឹកពិសិដ្ឋជាទូទៅនេះ គេអាចអានអត្ថបទមួយនៅក្នុងជំពូក២ លេខរៀង៤៥ នៅក្នុងបណ្តាញពត៌មានវប្បធម៌នេះ។