ដោយ ហ៊ីង ច័ន្ទថន
បើយើងមើលរូបចម្លាក់នៅតាមជញ្ជាំងប្រាសាទនានា ឬបដិមាថ្មពីសម័យបុរាណ យើងឃើញថាមនុស្សជំនាន់នោះត្រចៀកវែងណាស់ មិនថាអភិជន ឬរាស្ត្រសាមញ្ញឡើយ មានន័យថាត្រចៀកនោះធ្លាប់មានពាក់អ្វីមួយដែលមានទំហំធំឬធ្ងន់ ធ្វើឲ្យស្លឹកត្រចៀកធ្លាក់យារមកក្រោមម្តងបន្តិចៗ។ សូម្បីតែបដិមាព្រះពុទ្ធអង្គដែលគេឆ្លាក់សព្វថ្ងៃនេះក៏មានព្រះកាណ៌វែងធ្លាក់ចុះមកក្រោមដូច្នេះដែរ។ សព្វថ្ងៃការចោះត្រចៀកនៅតែមាន ប៉ុន្តែចោះនោះ ដើម្បីពាក់អលង្ការអ្វីមួយដែលមានទំហំតូច ហើយស្រាល មិនអាចធ្វើឲ្យទងត្រចៀកធ្លាក់យារវែងមកក្រោមទេ។ ម៉្យាងទៀត ជាធម្មតាមានតែមនុស្សស្រីប៉ុណ្ណោះដែលធ្វើរបៀបនេះ។
ទំនៀមដែលធ្វើឲ្យផ្នែកខ្លះនៃរូបរាងកាយដូរខុសពីធម្មជាតិ ពុំមែនមានត្រឹមតែត្រចៀកប៉ុណ្ណោះទេ ជនជាតិផ្សេងៗលើលោកនេះមានការនិយមប្លែកៗច្រើនទៀត។ ខ្លះយកកងមួយចំនួនធំមកវាន់ក ហើយថែមម្តងមួយៗរហូតដល់យូរទៅបំពង់កនោះវែងខ្លាំង ហើយគឺកងនោះឯងជួយទប់ឲ្យក្បាលនៅនឹងបាន។ ខ្លះទៀតវះបបូរមាត់ក្រោមយកថាសមូលធ្វើពី ឈើមកញាត់ ហើយដូរទំហំថាសនោះម្តងបន្តិចៗ លុះយូរទៅបបូរមាត់ខាងក្រោមក៏លយចេញមកក្រៅឆ្ងាយផុតពីបបូរមាត់ខាងលើ។ ខ្លះទៀតយកកំណាត់មករុំរឹតបន្តឹងកំភួនជើងនិងប្រអប់ជើងទាំងមូល តាំងពីមនុស្សនោះនៅក្មេង លុះដល់ធំទៅ កំភួនជើងនោះពុំធំស្របទៅតាមមាឌខ្លួនឡើយ រីឯម្រាមជើងបីឬបួនទៅជារលាយចូលគ្នា ដោយសាររឹតរួតច្រើនឆ្នាំ។ នេះគ្រាន់តែជាឱទាហរណ៍ខ្លះៗនៃការកែប្រែខ្លួនប្រាណមនុស្សស្រី។
បើត្រឡប់មកប្រទេសកម្ពុជាវិញ ទាល់តែទៅមើលជាតិពន្ធុផ្សេងៗដែលនៅភូមិភាគឦសាន ទើបឃើញមានសំណល់បន្តិចបន្តួចពីការកែប្រែខ្លួនប្រាណនេះ។ រហូតមកដល់ចុងទសវត្ស១៩៦០ ផ្នែកដែលទទួលការកែកុននោះគឺត្រចៀកនិងធ្មេញ។ មកទល់ពេលនោះ ប្រុសពេញកម្លោះតែងកាត់ធ្មេញលើមួយជួរឲ្យខ្លី ប៉ុន្តែសព្វថ្ងៃនេះអ្នកទាំងនោះស្លាប់ស្ទើរអស់ទៅហើយ កម្រប្រទះមនុស្សដែលធ្លាប់កាត់ធ្មេញទៀតណាស់។ បើទំនៀមចោះត្រចៀកដើម្បី ដោតត្រសាល់អ្វីមួយឲ្យមានប្រហោងធំ ប្រហែលមានតក្រោយពីនោះមកបន្តិច ព្រោះសព្វថ្ងៃយើងអាចឃើញមនុស្សចាស់ស្រីឬប្រុសដែលត្រចៀកមានប្រហោងធំរបៀបនេះ តែពុំងាយប្រទះថាមានពាក់ត្រសាល់ទៀតទេ ដោយសារមានទេសចរមកទិញយកដោយឲ្យតម្លៃខ្ពស់។ រូបលេខ ១-៣ សុទ្ធសឹងជាមនុស្សស្រី ឯរូបលេខ៤ជាមនុស្សប្រុស។ យើងស្មានបានថា ជួនកាលត្រសាល់នោះ អ្នកពាក់ដូរយកទំហំធំទៅៗរហូតដល់ដាច់ស្លឹកត្រចៀក (រូបលេខ ៥-៦)។ កាលដែលចោះត្រចៀកមុនដំបូងនោះ គេចាប់ផ្តើមពាក់ត្រសាល់អ្វីមួយធ្វើពីឈើឬឫស្សីជាដើម។ ត្រសាល់នេះ គេប្តូរឲ្យធំឡើងបន្តិចម្តងៗ លុះដល់មានគ្រួសាររៀងៗខ្លួនទៅ ក៏បែរទៅរកវត្ថុធាតុអ្វីមួយមានតម្លៃជាងឈើយកមករចនាពាក់ តាមលទ្ធភាពដែលអាចធ្វើបាន។ ឱទាហរណ៍ត្រសាល់នោះអាចធ្វើពីស្នែងក្របី ឬបើប្រសើរជាងនេះទៅទៀត គឺធ្វើពីភ្លុកដំរី (រូបលេខ ៧-៨)។
ដោយសារទំនៀមជាតិពន្ធុទាំងនេះម៉្យាង ហើយម៉្យាងទៀតដោយឃើញមនុស្សខ្មែរក្នុងចម្លាក់បុរាណដូចពោលមកពីខាងលើ យើងអាចសួរថាតើខ្មែរជំនាន់នោះពាក់អលង្ការត្រចៀកជាប្រភេទត្រសាល់ ឬក៏ជារយ៉ា។ នេះគ្រាន់តែជាចម្ងល់ដែលពុំទាន់មានចម្លើយនៅឡើយ។