ដោយ ភឹង តារា
រឿងកូរសមុទ្រទឹកដោះដែលខ្មែរបុរាណនិយមខ្លាំងលើសពីម្ចាស់ដើម ពោលគឺឥណ្ឌាទៅទៀតនោះ មានលើកយកមកនិយាយតាមចំណុចពិចារណខុសៗគ្នាច្រើនលើកមកហើយនៅក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះ ជាពិសេសនៅជំពូក៣ លេខរៀងទី៣៣, ជំពូក៤ លេខរៀងទី២២ និងលេខរៀងទី៤៦។ ឯនៅទីនេះវិញ ការលើកមកបង្ហាញរបស់ខ្ញុំ ឥតមានផ្តោតលើការពិចារណា ឬក៏បញ្ចោញទ្រឹស្តីអ្វីទាំងអស់ ព្រោះគោលបំណងរបស់ខ្ញុំចង់បង្ហាញពីសម្បកក្រៅ ពោលគឺបែបផែនខុសៗគ្នា ដែលខ្មែរបុរាណបង្ហាញ ឬរំលេចរូបភាពទេពកថាតែមួយនេះ។ ម៉្យាងទៀត ឧទាហរណ៍ដែលលើកមកសុទ្ធសឹងជាចម្លាក់លើថ្មមួយមុខគត់ ដ្បិតមានតែថ្មនេះឯងដែលនៅគង់វង្សខ្លះដល់សព្វថ្ងៃ។ ពុំតែប៉ុណ្ណោះខ្ញុំយកតែចម្លាក់នៅជាប់នឹងតួប្រាសាទ ដែលមិនមែនជាចម្លាក់ទោលនៅក្នុងលំហតែឯង ដូចជាផ្លូវចូលទៅអង្គរធំ ឬទៅប្រាសាទផ្សេងទៀតឡើយ។
ចម្លាក់ឈុតរឿងនេះដែលមានទំហំធំធេងជាងគេ គឺនៅរោងទងខាងកើត ចំហៀងខាងត្បូងនៃអង្គរវត្ត ដែលមានប្រវែងដល់ទៅជិត៥០ម.។ រូបលេខ១ គឺមើលពីចុងខាងត្បូង ដែលយើងឃើញពួកអសោរនៅខាងក្បាលនាគ។ រូបលេខ២ គឺនៅចុងម្ខាងទៀត ដែលជាផ្នែកពួកទេព, រីឯរូបលេខ៣ គឺនៅកណ្តាលផ្ទាំងចម្លាក់ ដែលយើងឃើញរូបព្រះនារាយណ៍។ រឿងដដែល នៅអង្គរវត្តដដែលនេះ ពុំមែនមានតែចម្លាក់ប្រវែង៥០ម.ទេ តែមានទំហំអាចតូចជាងនោះប្រមាណ១០០ដង ដូចជាឃើញនៅតាមមេទ្វារជាដើម។ រូបលេខ៤ ជាឧទាហរណ៍មួយបង្ហាញពីចម្លាក់ស្តើងបំផុតលើថ្ម ដែលមនុស្សដើរទៅដើមក ច្រើនតែរំលងផុតពីភ្នែក ដោយសារតូចពេក ហើយផ្ទាំងទទឹងនោះប្រហែលកន្លះម៉ែត្រ តែតាមពិតបើពិនិត្យមែនទែនឃើញថា កម្រិតសិល្បៈនោះខ្ពង់ខ្ពស់ណាស់ (សូមមើលរូបលេខ៥ ដើម្បីឃើញគ្រោងទូទៅបានច្បាស់)។ នៅអង្គរវត្តដដែលនោះ ជួនកាលចម្លាក់ជ្រៅច្បាស់ តែដោយសារទំហំតូចដូចគ្នា ហើយទៅនៅនឹងជើងសសរផ្អោបផង ក៏អាចពុំបានទាក់ទាញអារម្មណ៍អ្នកទស្សនាដែរ (រូបលេខ៦)។
នៅចន្លោះឧទាហរណ៍ពីរបែបក្នុងប្រាសាទអង្គរវត្តតែមួយនេះ រូបលេខ៧ ដែលថតមកពីក្រុមប្រាសាទព្រះពិធូរ អាចយកមកធ្វើជាឧទាហរណ៍នៃប្រភេទចម្លាក់ដែលឃើញជាទូទៅ ហើយដែលខ្ញុំពុំហានថា ទាំងអស់នោះមានដល់ចំនួនប៉ុន្មាន ដ្បិតដោយសារមានច្រើនពេក ថាទៅនាំតែខុស។ នៅប្រាសាទបេងមាលាក៏មានរបៀបបង្ហាញខុសៗគ្នាដែរ តែខ្ញុំសូមយករូបលេខ៨មកបង្ហាញ ដើម្បីឲ្យឃើញថា គេឆ្លាក់នៅលើថ្មដែលមានផ្ទៃតូច ហើយដែលនៅទីចង្អៀតផង។ បើនៅប្រាសាទចៅសាយវិញ ចម្លាក់រឿងនេះមានទ្រង់ទ្រាយប្លែក បើអ្នកទស្សនារវល់តែជក់ចិត្តនឹងរូបស្រីស្នំនៅក្រោមនោះ គឺច្បាស់ជារំលងភ្នែកហើយ (រូបលេខ ៩-១០)។ ចំណែកឯនៅប្រាសាទព្រះឥន្ទ្រកោសីយ៍ ផ្តែរទាំងមូលយ៉ាងសំខាន់នោះ គេឆ្លាក់រូបព្រះឥន្ទ្រគង់លើក្បាលដំរី ឯរឿងកូរសមុទ្រទឹកដោះ គេឆ្លាក់នៅថ្មមួយគន្លាក់ស្តើងលើផ្តែនោះទៅទៀត (រូបលេខ១១)។ របៀបបង្ហាញក៏ចម្លែកណាស់ដែរ (រូបលេខ១២) ដ្បិតនៅខាងក្បាលមានតួអង្គតែម្នាក់ រីឯខាងកន្ទុយវិញ ឃើញដល់ទៅ៧នាក់ (ខ្ញុំពុំហ៊ានថាខាងណាជាទេព ខាងណាជាអសោរទេ)។ រឿងកូរសមុទ្រទឹកដោះនេះ បើនៅប្រាសាទតាសោមវិញ គឺគេឆ្លាក់នៅលើខឿនរានហាល ដែលអ្នកទស្សនាតិចណាស់អាចនឹងចាប់អារម្មណ៍ ដ្បិតផ្នែកនោះ ធម្មតាកម្រនឹងគេឆ្លាក់ឈុតរឿងអ្វីមួយណាស់ ណាមួយនៅទាបផង។ រូបលេខ១៣ ជាចម្លាក់ឈុតនោះទាំងមូល, រូបលេខ១៤ ជាផ្នែកមួយខាងក្បាលនាគ ឯរូបលេខ១៥ គឺផ្នែកកណ្តាលដែលគេបង្ហាញពីរូបព្រះនារាយណ៍។
បង្ហាញមកប៉ុណ្ណេះក៏ខ្ញុំពុំហ៊ានអះអាងថា ភាពសម្បូណ៌បែបនោះចប់ត្រឹមនេះដែរ គឺអាចមានបែបផែនផ្សេងពីនេះទៅទៀត ក៏អាចថាបាន។ តែគ្រាន់តែឃើញមកហើយនេះ ក៏បញ្ជាក់បានហើយថា ប្រជាប្រិយភាពនៃរឿងកូរសមុទ្រទឹកដោះធំធេងខ្លាំងណាស់ ដូចអ្នកនិពន្ធមុនៗធ្លាប់គូសសង្កត់រួចហើយ។