ដោយ ព្រាប ចាន់ម៉ារ៉ា
បើចេញផុតពីទីក្រុងបន្តិចទៅ ពុំចាំបាច់ទៅដល់ជនបទទេ ឲ្យតែផ្ទះណាមានដីភូមិបន្តិចបន្តួច មនុស្សម្នាតែងតែដាំដំណាំខ្លះៗ ក្នុងនោះកម្រថាគ្មានដើមចេកណាស់។ នេះមកអំពីចេកមាននាទីសំខាន់នៅក្នុងជីវិតរាល់ថ្ងៃ។ កុំថាឡើយត្រឹមផ្លែ គ្រាន់តែត្រយូងក៏យកមកប្រើជាអាហារ រីឯស្លឹកក៏យកមកប្រើប្រាស់។ តាមពិតទៅគ្មានផ្នែកណាមួយដែលសល់ទេ សូម្បីតែដើមក៏យកមកហាន់ស្លទទួលទាន ហើយយ៉ាងហោចណាស់ក៏ធ្វើជាបាយជ្រូកដែរ។ ខ្ញុំពុំពោលឲ្យវែងឆ្ងាយជាងនេះទៅទៀតទេ គឺយកតែការប្រើប្រាស់ម៉្យាងដែលទាក់ទងនឹងដើមតែប៉ុណ្ណោះ។ កាលណាគេនិយាយថា “ចាក់ចេក” គឺសំដៅទៅលើការដែលយកដើមចេកមកធ្វើជាក្បូរក្បាច់រចនាសម្រាប់កិច្ចពិធីនានា។ នៅប្រទេសកម្ពុជាទាំងមូល ឲ្យតែមានខ្មែរ គឺតែងតែមានអ្នកចេះចាក់ចេក។ តទៅអនាគតយូរ ឬឆាប់នោះខ្ញុំពុំហ៊ានអះអាងអ្វីទាំងអស់ ត្បិតរោងដំឡើងស្រាប់ៗ ដែលគ្មានលក្ខណៈសិល្បៈអ្វីសោះនោះកំពុងតែវាតទីស្ទើរតែពេញធឹងហើយនៅតាមទីក្រុង ឯជនបទវិញក៏ចាប់ផ្តើមរាលដាលជាបន្តបន្ទាប់មកដែរ។
ដើមដែលគេយកមកប្រើគឺដើមចេកជ្វា (រូបលេខ១) ដោយសារវាមានដើមស្រឡូនល្អ ហើយជាពិសេសមិនស្រួយ ហើយកាលណាប៉ះអ្វីទៅមិនងាយឡើងជាំ។ ដែលចាក់នោះគឺគេបកយកស្រទបនីមួយៗមកចាក់។ ក្នុងមួយដើមៗគេអាចបានស្រទបច្រើនដែរ (រូបលេខ២)។ នៅតាមជនបទ ការដែលចាក់នោះពុំរើសថាត្រូវនរណា ឬនរណាធ្វើឡើយ ឲ្យតែចេះចាក់ ពុំថាព្រះសង្ឃ ឬគ្រហស្ថទេ (រូបលេខ៣-៤)។ ឯឧបករណ៍ដែលចាក់នោះ ក៏ជាដែកចាក់ធម្មតា គ្មានអ្វីជាពិសេសឡើយ ធ្វើម្តេចសំលៀងឲ្យតែមុត (រូបលេខ៥)។ លុះដល់ចាក់នោះសោត គឺចាក់យកៗតែម្តង គ្មានគូសព្រាងលើស្រទបចេកផ្ទាល់ ឬលើក្រដាសអ្វីមួយឡើយ។ នេះគឺមកពីកាលណាវប្បធម៌នៅរស់ អ្វីៗហាក់ដូចជាចេញមកឯង ពុំបាច់ហាត់រៀនវែងឆ្ងាយយូរយារទេ។ នៅផ្នែកខ្លះគេយកស្រទបដែលចាក់រួចហើយមកផ្គុំគ្នា ដោយយកកន្លាស់ឫស្សីដោត (រូបលេខ៧) រីឯការដេរឲ្យជាប់គ្នាក៏ដេរពីបន្ទោះឫស្សីដែរ។ ស្រទបដែលចាក់ជាក្បាច់រួចហើយនោះ គេពាសក្រដាសពណ៌ពីខាងក្នុង លុះដល់ឆ្កើះយកផ្នែកដែលមិនមែនជាសន្លឹកក្បាច់ចេញ ទើបធ្វើឲ្យមើលទៅឃើញក្បូរក្បាច់រចនាផុសឡើង (រូបលេខ៨)។ ក្បាច់នោះពុំដឹងថាមានប៉ុន្មានបែបឡើយ ព្រោះអាស្រ័យទៅតាមចំណូលចិត្តនិងទេពកោសល្យក្នុងការបង្កើតរបស់អ្នកចាក់។ រូបលេខ៩-១០ ជាឧទាហរណ៍តូចមួយបង្ហាញថាក្បាច់មានលំនាំខុសៗគ្នា។
វត្ថុដែលតម្រូវឲ្យមានការចាក់ចេកនោះច្រើនតែអ្វីដែលមានភាពសក្ការៈ ហៅថារាន, គ្រែ, បុស្បុក ឬទីតម្កល់ម្ឈូសសម្រាប់បូជាសពជាដើម។ រូបលេខ១១ ជារានសម្រាប់សំពះពេលា, រូបលេខ១២-១៣ ហៅថារានពុទ្ធគុណ, រូបលេខ១៤ ជាគ្រែអាស្នា (ហៅម៉្យាងទៀតថា “គ្រែអាសន៍”) សម្រាប់អភិសេកព្រះ, រូបលេខ១៥-១៦ ជារានសម្រាប់កោរជុក (អ្នកខ្លះហៅថា រានម៉ា), ឯរូបលេខ១៧ បង្ហាញថាសូម្បីតែខឿនដែលនៅផ្ទាល់ដីក៏ចាក់ចេកយ៉ាងផ្ចិតផ្ចង់ណាស់ដែរ។