ដោយ ស៊ីយ៉ុន សុភារិទ្ធ
យើងដឹងហើយថា អគារដែលឱ្យន័យពេញលេញទៅដល់វត្តនីមួយៗគឺព្រះវិហារ ព្រោះនេះជាឧបោសថាគារ មាន័យថាជាកន្លែងដែលព្រះសង្ឃអាចបំពេញឧបោសថបាន។ វត្ថុដែលកំណត់ថាទីនេះជាទីសក្ការៈនោះ គឺសីមាដែលជាទូទៅមានចំនួនប្រាំបួន៖ មួយនៅមុខបល្ល័ង្កព្រះហៅថាសីមាឥន្ទ្រកីល ចាត់ទុកថាសំខាន់ជាងគេ រីឯប្រាំបីទៀតតែងនៅតាមទិសនិងអនុទិស។ សីមាប្រាំបីនេះច្រើននៅជុំវិញ ហើយខាងក្រៅព្រះវិហារ តែជួនកាលឃើញមាននៅក្នុងព្រះវិហារដែរ។ ម៉្យាងទៀតសីមាមួយកន្លែងៗអាចមានពីរដាំនៅស្ទើរជាប់គ្នា ហៅថា “សីមាភ្លោះ”។ នេះនិយាយពី “សន្លឹកសីមា” ឬហៅថា “និមិត្តសីមា” ពោលគឺផ្ទាំងថ្មរាងជាសន្លឹកដាំនៅលើកន្លែងមួយដែលនៅពីក្រោមនោះប្រមាណមួយម៉ែត្រទៅក្នុងដីមាន “ឫសសីមា” ដែលគេបញ្ចុះជាឱឡារិកនៅពេលឆ្លងព្រះវិហារ។ ពេលបញ្ចុះរួចហើយ គេអាចមើលឃើញតែសន្លឹកសីមាដែលជាសញ្ញាខាងក្រៅតែប៉ុណ្ណោះ។
សន្លឹកសីមាតែងមានចម្លាក់រូបផ្សេង។ ជាទូទៅច្រើនឃើញក្បាច់ប្រភេទដូចជាក្បាច់ភ្ញី, រូបទេពប្រណម្យ, រូបនាងគង្ហីងជាដើម។ យ៉ាងណាក៏ដោយច្រើនតែជារូបអ្វីមួយទោល ដែលមិនទាក់ទងនឹងរឿងអ្វីមួយជាពិសេស។ ករណីដែលខ្ញុំយកមកបញ្ហាញនៅទីនេះ គឺឃើញនៅវត្តត្រាច ក្នុងតំបន់អង្គរ។ សីមានៅទីនេះសុទ្ធសឹងជាសីមាភ្លោះហើយនៅក្នុងព្រះវិហារទាំងអស់។ តែប្រការដែលអាចចាត់ទុកថាប្លែកបាននោះ គឺសីមាមួយចំនួនធំជាសម្រង់ឈុតរឿង, ឯរឿងនោះខ្ញុំយល់ថាជារឿងព្រះវេស្សន្តរជាតក។ តទៅនេះខ្ញុំសូមបង្ហាញរៀងតាមលំដាប ដោយចាប់ផ្តើមពីសីមាទិសខាងកើត ហើយតគ្នាពីមួយទៅមួយតាមទិសប្រទក្សិណ។ ម៉្យាងទៀតដោយសារជាសីមាភ្លោះ ខ្ញុំសូមបង្ហាញមួយគូៗនោះពីក្រៅទៅក្នុង។
ខាងកើត (រូបលេខ១-២)៖
- ខាងក្រៅទំនងជាទេពប្រណម្យ តែមិនលុតជង្គង់ទេ ពែនភ្នែនទៅវិញ។
- ខាងក្នុងមានរូបតួអង្គពីរ ហាក់ដូចជាបព្វជិតនៅកណ្តាលព្រឹក្សា។
អាគ្នេយ៍ (រូបលេខ៣-៤)៖
- ខាងក្រៅ ខ្ញុំយល់ថាជាតាជូជក ដែលទៅសួរតាបសឫសីរកផ្លូវទៅភ្នំគិរីវង្កត ដើម្បីទៅជួបព្រះវេស្សន្តរ។
- ខាងក្នុង, នៅជួរខាងលើយើងឃើញព្រះអយ្យកោនិងអយ្យិការបស់ជាលីនិងក្រិស្ណា ឯនៅជួរក្រោមគឺតាជូជក ដែលយកចៅទាំងពីរមកថ្វាយព្រះអង្គដើម្បីបានរង្វាន់។
ត្បូង (រូបលេខ៥-៦)៖
- ខាងក្រៅ ជារូបជូជក ដែលមិនហ៊ានចុះពីលើមែកឈើ ដោយសារខ្លាចឆ្កែរបស់ព្រានចេតបុត្រ។
- ខាងក្នុងគឺនាងមេទ្រីទៅបេះផលា ហើយជួបនឹងទេវតាដែលតំណែងជាសត្វសាហាវរារាំងដំណើរមិនឱ្យត្រឡប់មកវិញបានភ្លាម ទុកពេលឱ្យព្រះវេស្សន្តរដាក់ទានបុត្រទៅឱ្យតាជូជកហើយសិន។/p>
និរតី (រូបលេខ៧-៨)៖
- ខាងក្រៅគឺរូបនាងផុស្សតីសុំពរទាំងដប់ពីព្រះឥន្ទ្រ។
- ខាងក្នុងជារូបភ្ញី
លិច ៖ សីមាទាំងគូនេះលិចទៅក្នុងដីស្ទើរបត់ រីឯការបកស្រាយស្ថិតនៅក្នុងការស្មានប៉ុណ្ណោះ គឺយោងទៅតាមរឿងព្រះវេស្សន្តរ (រូបលេខ៩)៖
- ខាងក្រៅ អាចជារូបព្រះវេស្សន្តរ ត្រង់ឈុតដែលព្រះអង្គនឹងប្រទានដំរីបច្ច័យនាគេន្ទ្រដល់អ្នកនគរស្រីពិរាស្ត្រ
- រូបខាងក្នុងមើលមិនយល់។
ពាយព្យ ៖ កន្លែងនេះក៏ស្មានដូចខាលើដែរ (រូបលេខ១០-១១)៖
- ខាងក្រៅ អាចជាព្រះវេស្សន្តរបររាជរថមុនពេលដែលមានគេមកសូមទានសេះ បន្ទាប់មកសូមទានរទេះ។
- ខាងក្នុងគឺរូបបក្សីនិងភ្ញី។
ជើង (រូបលេខ១២-១៣)៖
- ខាងក្រៅ ជារូបព្រះវេស្សន្តរនិងនាងមេទ្រីពបុត្រទាំងពីរយាងដើរដោយព្រះបាទ ក្រោយពីដាក់ទានរាជរថទៅគេហើយ។
- ខាងក្នុង គឺជារូបភ្ញី។
ឦសាន (រូបលេខ១៤-១៥)៖
- ខាងក្រៅ គឺរូបនាងអាមិត្តធីតាប្រើតាជូជក់ឱ្យទៅរកខ្ញុំបម្រើមកជំនួសដៃជើង។
- ខាងក្នុង ជារូបព្រះវេស្សន្តរដាក់ទាននាងមេទ្រីឱ្យទៅឥន្ទ្រព្រាហ្មណ៍។