ដោយ សាន ផល្លា
ការដែលប្រទេសជិតខាងគ្នា (ជួនកាលឆ្ងាយពីគ្នាផង) ជះឥទ្ធិពលលើគ្នាទៅវិញទៅមក ជាបាតុភូតធម្មតា គ្មានអ្វីនឹងឲ្យឆ្ងល់ឡើយ។ បើយកករណីប្រទេសខ្មែរនិងប្រទេសសៀមមកពិនិត្យក៏ឃើញថា ឥទ្ធិពលទៅវិញទៅមកនេះមានដូចគ្នា តែសន្ទុះខ្លាំងឬតិចនោះ គឺអាស្រ័យទៅតាមសម័យកាល ពោលគឺបរិបទប្រវត្តិសាស្ត្រជាទូទៅ។ យើងដឹងហើយថា ប្រវត្តិសាស្ត្រខ្មែរស្ថិតនៅក្នុងចំណោមប្រវត្តិ សាស្ត្រដែលចាស់ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ ត្រឹមតែនៅ ស.វ.ទី៦ ខ្មែរចាប់ផ្តើមមានសិលាចារឹកនិង ប្រាង្គប្រាសាទនានា ដែលជាប្រការមួយបញ្ជាក់ ថា ពេលនោះឥទ្ធិពលអារ្យធម៌ឥណ្ឌាជ្រួតជ្រាបសុះសាយលើខ្មែរហើយ។ ឯអាណាចក្រខ្មែរដែលរីកធំខ្លាំង ហើយវាតឥទ្ធិពលដល់ទីឆ្ងាយៗនោះ បើពោលជាសង្ខេប គឺនៅសម័យអង្គរ មានន័យថាពីស.វ.ទី៩ដល់ស.វ.ទី១៤។ រីឯសៀមវិញករកើតជារដ្ឋនៅចុងស.វ.ទី១៣។ អាណាចក្រទី១នោះឈ្មោះថា “សុខោទ័យ” ក្រោយមកទៀតប្រទេសសៀមរីកធំទៅៗ ហើយមណ្ឌលនៃរាជ្យអំណាចដូរមក “អយុធ្យា”។ ក្រោយមកទៀត ពោលគឺនៅស.វ.ទី១៨ទើបដូរ មកក្រុងបាងកកសព្វថ្ងៃ។ ព្រះ “រាម” ទី១ ផ្តួចផ្តើមសាងព្រះបរមរាជវាំង ដែលក្រោយមក លូតលាស់ធំទៅៗរហូតដល់ដូចយើងឃើញសព្វថ្ងៃ។ ក្នុងវាំងនោះគឺមានឧបោសថាគារមួយហៅថា “វត្តព្រះកែវ”។ កំពែងដែលពាត់ជុំវិញនោះ ជាថែវដែលមានគំនូររឿងរាមកេរ្តិ៍ (មាត់សៀមថា “រ៉ាម៉ាកៀន”) មួយចប់ជុំវិញ។ សូមកុំភ្លេចថា ព្រះរាមទី១នោះហើយដែលបានឲ្យគេចងក្រងរឿងរាមកេរ្តិ៍សៀមនោះជាសំណេរពេញលេញឡើង។ ជំនាន់នោះ ថ្វីត្បិតទើបតែចាញ់ដៃភូមាដែលមកកម្ទេចក្រុងអយុធ្យានោះក្តី តែសៀមងើបឡើងវិញភ្លាម ដោយពង្រឹងសេដ្ឋកិច្ចនិងរាជ្យអំណាចខ្លាំងក្លាបានមកដូចមុន។ រីឯខ្មែរវិញ ក្នុងជំនាន់ជាមួយគ្នានោះ គឺចុះឱនថយខ្លាំង ទាំងខាងសេដ្ឋកិច្ច ទាំងខាងរាជ្យអំណាច។
គឺក្នុងបរិបទនេះហើយដែលមនុស្សច្រើនយល់ថា អ្វីៗដែលខ្មែរធ្វើគឺសុទ្ធសឹងជាការយកតម្រាប់តាមសៀមទាំងអស់។ ខ្ញុំពុំរ៉ាយរាប់វែងឆ្ងាយទៀតទេ សូមលោតមកដល់ព្រះវិហារព្រះកែវមរកតនៃព្រះបរមរាជវាំងក្រុងភ្នំពេញតែម្តង ដែលសាងនៅដើមស.វ.ទី២០។ អ្នកខ្លះនិយាយថា គំនិតធំៗចម្លងតាមសៀម ប៉ុន្តែគួរពិចារណាថា ការរៀបចំប្លង់ មិនថាវាំងសៀមដែលកើតមុន ឬវាំងខ្មែរដែលកើតក្រោយឡើយ គឺសុទ្ធសឹងស្រង់គំរូមកពីអង្គរទាំងអស់ ជាពិសេស គឺថា ទីបូជាព្រះសព (នៅភ្នំពេញ និយាយកាត់ថា “វាលមេរុ”, នៅបាងកកនិយាយកាត់ថា “ស្នាមហ្លួង”) ស្ថិតនៅខាងជើងឈៀងទៅរកឦសានវាំង (នៅអង្គរធំ គឺ “លានស្តេចគម្លង់”)។ ម៉្យាងទៀត ពិនិត្យតែអង្គរវត្តទៅឃើញហើយថា មានថែវមួយជុំដែលមានចម្លាក់រឿង (រូបលេខ១) ក្នុងនោះ មួយផ្ទាំងវែងនៅថែវខាងលិច ចំហៀងខាងជើង សុទ្ធសឹងនិទានរឿងរាមកេរ្តិ៍។ កុំភ្លេចថា ចាស់ៗ អ្នកស្រុកសៀមរាបអង្គរនៅតែហៅចម្លាក់លើផ្ទាំងជញ្ជាំងថា “គំនូរ” ដូច្នេះ។ ម៉្លោះហើយ បើពោលថា ទាំងសៀមទាំងខ្មែរសម្លឹងទៅរកគំរូពីបុរាណកាល ពោលគឺពីជំនាន់អាណាចក្រអង្គរ នោះទើបសមរម្យ។
ឥឡូវចូរយើងចោលភ្នែកមួយត្រួសទៅលើគំនូរនៃវត្តរបស់វាំងទាំងពីរ។ រូបលេខ២ គឺគំនូរ ថែវនៅវាំងក្រុងបាងកក ឯរូបលេខ៣ គឺនៅវាំងភ្នំពេញ។ ខ្ញុំពុំអាចយកគំនូរទាំងអស់មករៀបរាប់ទេ សូមលើកយកតែរូបអាគារមួយចំនួនមកពិចារណា។ បើមើលគំនូរនៅវាំងភ្នំពេញ អាគារមានដំបូលច្រើនបែបយ៉ាងដែរ តែនៅក្នុងប្រភេទដែលយើងធ្លាប់ឃើញនៅតាមវត្តអារាម (រូបលេខ៤-៥)។ បើមើលទៅអាគារនៅក្នុងគំនូរវាំងនៅក្រុងបាងកកវិញ មានចំណុចពីរដែលធ្វើឲ្យយើងចាប់អារម្មណ៍។ ចំណុចទី១ គឺថាអាគារក្នុងគំនូរធ្វើតាមលំនាំអាគារដែលមានពិតមែននៅក្នុងព្រះរាជវាំងនោះ (សូមប្រៀបធៀបរូបលេខ៦និងលេខ៧)។ ចំណុចទី២ គឺថាអាគារខ្លះមានកំពូលដែលចម្លងតាមមុខព្រហ្មបាយ័ន្តអង្គរធំជាដើម (រូបលេខ៨-១០) សូម្បីតែក្លោងទ្វារក៏ធ្វើត្រាប់តាមក្លោងទ្វារអង្គរធំដែរ (រូបលេខ១១-១២)។ ខ្ញុំសូមបញ្ជាក់ថា ប្រាសាទឬសំណង់បុរាណនៅប្រទេសថៃឡង់ដ៍បច្ចុប្បន្ន ទោះបីពីដើមមកជាប្រាសាទខ្មែរក៏ដោយ ក៏ពុំដែលមានមុខព្រហ្មនៅកំពូលដែរ។ ឥឡូវសូមពិនិត្យកំពូលអាគារនៅរូបលេខ១៣។ យើងឃើញថា ពីលើមុខព្រហ្មនោះមានកំពូលប្រាង្គស្តួចឡើងទៅលើ ដែលមាននៅតាមសំណង់សាសនាពិតៗតាំងអំពីជំនាន់សុខោទ័យមកម៉្លេះ។ ត្រង់នេះ ទោះបីជាពុំដែលរៀនអំពីប្រវត្តិសិល្បៈ ក៏គេនៅតែមើលឃើញយ៉ាងងាយថា កំពូលដែល ស្តួចស្រឡូនទៅលើដូចស្នូលពោតនោះ គឺវិវឌ្ឍន៍តមកអំពីកំពូលប្រាសាទអង្គរវត្តតែម្តង។ ដូច្នេះ បើពោលថាចម្លងតាមសុខោទ័យ ក៏គង់ប្រភពដើមនៅតែជាអង្គរវត្តដដែល។ ឃើញថា កំពូលនៅរូបលេខ១៣នេះមានឥទ្ធិពលពីប្រាសាទបាយ័ន្តផង ពីអង្គរវត្តផង។