ដោយ ក.ឆោម គន្ធា
អ្នកនិពន្ធអត្ថបទផ្សេងៗក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះធ្លាប់បញ្ជាក់ច្រើនដងហើយថារឿងមហាភារតដែលខ្មែរសម័យបុរាណស្គាល់ជ្រួតជ្រាបច្បាស់នោះ សព្វថ្ងៃខ្មែរលែងស្គាល់ហើយ មិនដូចរឿងរាមកេរ្តិ៍ដែលមនុស្សម្នានៅតែចងចាំដល់បច្ចុប្បន្ន។ នាងខ្ញុំពុំលើកយករឿងរាមកេរ្តិ៍មកនិយាយទេ សូមបង្ហាញតែការចាប់អារម្មណ៍ខ្លះៗទៅលើរឿងមហាភារត។ ទោះបីមិនរវីរវវល់នឹងចម្លាក់ថ្មក៏គេដឹងថារឿងនេះមានប្រជាប្រិយភាពខ្លាំងនៅបុរាណកាល កាលណាគេយកសិលាចារឹកពិសេសសិលាចារឹកជាភាសាសំស្រ្កឹតមកសិក្សា។ សិលាចារឹកទាំងអស់នោះពុំមែនបរិយាយរៀបរាប់ដំណើររឿងទេ តែជាញឹកញយតែងប្រៀបព្រះរាជា ឬអ្នកធំណាមួយទៅតួអង្គផ្សេងៗនៃរឿងមហាភារត ដោយលើកពីឈុតនានាបញ្ជាក់ផង។ ទាំងនេះបង្ហាញឲ្យឃើញថា កាលជំនាន់នោះអ្នកនិពន្ធនិយាយអ្វីតែបន្តិចក៏អ្នកអានយល់ បរិបទនោះទាំងស្រុងទៅហើយ ពុំចាំបាច់រាយរ៉ាប់វែងឆ្ងាយឡើយ។
ខ្មែរបុរាណហាក់ដូចជាជាប់ចិត្ត នឹងឈុតចុងក្រោយបង្អស់ ស្តីពីសង្រ្គាមនៅសមរភូមិដ៏ធំធេង មួយហៅថា «កុរុក្សេត្រ» ។ ឧទាហរណ៍ សិលាចារឹកជាភាសាសំស្រ្តឹត នៅវត្តហ្លួងកាវ K.365 (បច្ចុប្បន្ននេះនៅក្នុងទឹកដីប្រទេសលាវប៉ែកខាងត្បូង) ដែលចារតាំងពីស.វទី៥មកម្ល៉េះក៏មាននិយាយថាព្រះរាជាមួយអង្គព្រះនាម «ទេវានីក» ស្ថាបនាបូជនីយដ្ឋានត្រចះត្រចង់មួយដែលចាត់ទុកថាជា«កុរុក្សេត្រថ្មី»(នវកុរុក្សេត្រ)។ បូជនីយដ្ឋាននោះនៅជាប់នឹងទន្លេមេគង្គត្រង់តំបន់មួយដែលមានប្រាសាទវត្តភូដ៏ល្បីល្បាញនៅទីនោះ។
បើពោលពីចម្លាក់វិញគឺមានផ្ទាំងមួយដ៏ធំ ដែលបង្ហាញពីចម្បាំងនេះនៅប្រាសាទអង្គរវត្ត(រូបលេខ១)។ សូមរំលឹកថា បើនិយាយពីផ្ទាំងចម្លាក់ធំៗ ប្រាសាទអង្គរវត្តឲ្យតម្លៃស្មើគ្នារវាងរឿងរាមកេរ្តិ៍និងរឿងមហាភារត ត្បិតបើយើងចូលតាមមាត់ទ្វារខាងលិច នៃរោងទងដែលមានចម្លាក់ភ្លាម បើបទទៅឆ្វេងមានចម្លាក់រឿងរាមកេរ្តិ៍លាតសន្ធឹងដល់ចុង តែបើទៅស្តាំវិញក៏ដូចគ្នា គឺគេបង្ហាញរឿងមហាភារតរហូតដល់ចុង។ ខាងឆ្វេងជាចម្បាំងនៅក្រុងលង្កា ឯខាងស្តាំជាចម្បាំងនៅកុរុក្សេត្រ (សូមមើលអត្ថបទជំពូកទី៣, លេខរៀងទី៤៨)។ កុរុក្សេត្រជាសមរភូមិធំចុងក្រោយបង្អស់ ដែលគូបដិបក្សម្ខាងជាពួកបាណ្ឌព និងម្ខាងទៀតជាពួកកោរព(ក្នុងពាក្យសំស្រ្កឹតដើមគេនិយមប្រើ «កៅរវ»)។ នាងខ្ញុំសូមរៀបរាប់ដំណើរដើមទងខ្លះៗ ដើម្បីឲ្យយល់អំពីបុព្វហេតុនៃចម្បាំងនោះ។
រឿងនោះចាប់ផ្តើមពីអន្លើពួកបាណ្ឌព និងនាងកុន្តី ដែលជាម្តាយពិការភ្នែកភៀសខ្លួនស្នាក់អាស្រ័យជាមួយគ្រួសារព្រាហ្មណ៍ម្នាក់នៅភូមិមួយឈ្មោះឯកចក្រ។ ពួកគេតែងខ្លួនធ្វើជាព្រហ្មណ៍ដើរសូមទានគេពីព្រលឹមដល់ព្រលប់រាល់ថ្ងៃ។ នៅសម័យនោះមាននារីម្នាក់ប្រកបដោយរូបឆោមស្រស់ស្អាត ឈ្មោះនាងទ្រៅបទី ដែលជាទីចាប់ចិត្តនៃក្សត្រានានា ក្នុងនោះមានទុយ៌ោធន ដែលក្សត្រល្បីល្បាញមួយនៅក្នុងពួកកៅរព។ ទាំងអស់គ្នាក៏ស្រុះស្រួលគ្នាធ្វើពិធី “ស្វយំពរ” គឺថាឲ្យនាងទ្រៅបទី នោះសម្រេចចិត្តខ្លួនឯងជ្រើសរើសយកនរណាម្នាក់ធ្វើជាប្តី។ នាងក៏ជ្រើសរើសយក អជ៌ុន ដែលជាក្សត្រមួយអង្គក្នុងចំណោមក្សត្រពួកបាណ្ឌពទាំង៥អង្គ។ ពេលត្រឡប់មកដល់ក្បែរផ្ទះវិញ អជ៌ុន ក៏ស្រែកពីក្រៅប្រាប់នាងកុន្តីជាម្តាយដែលនៅខាងក្នុងថា «ព្រះមាតាអើយ! ថ្ងៃនេះកូនបានទានម៉្យាងដ៏ពិសេស»។ នាងកុន្តីក៏ឆ្លើយទៅវិញភ្លាមថា«អើ! បើដូច្នោះកូនឯងចែកបងប្អូនឲ្យបានស្មើៗគ្នាផង»។ បន្ទាប់មកទើបនាងកុន្តីយល់ថា ទាននោះមិនមែនជាម្ហូបអាហារទេ តែគឺជានាងទ្រៅបទី។ តាមពិតនាងអាចកែសម្តីនាងបាន តែនាងសម្រេចថាមិនកែឡើយព្រោះគិតថា នាងទ្រៅបទីមានរូបរាងស្អាតខ្លាំងណាស់បើរៀបការជាមួយតែអជ៌ុនតែម្នាក់នឹងអាចមានការច្រណែនពីបងប្អូន៤ នាក់ទៀតជាមិនខាន។ ម្ល៉ោះហើយបានជាឲ្យកូនទាំង៥នាក់រៀបការជាមួយ។
នេះហើយប្រការក្រោយបង្អស់ ដែលជំរុញឲ្យមានចម្បាំងរាំងជល់នៅកុរុក្សេត្រ។ រីឯដំណើររឿងសង្គ្រាមនោះគឺវែងឆ្ងាយ ហើយមានទេពផ្សេងៗដូចជាក្រឹស្ណាជាដើម មករួមប្រឡូកដែរ ដែលហួសពីប្រធានបទនាងខ្ញុំនៅទីនេះ។