ដោយ ហុក សុកុល
ខ្ញុំបានបង្ហាញជាហូរហែមកហើយអំពីប្រភេទផ្ទះប្រពៃណីដែលមាននៅប្រទេសកម្ពុជា ដូចជាផ្ទះប៉ិត, ផ្ទះកន្តាំង, ផ្ទះរោងដោលជាដើម ។ នៅទីនេះខ្ញុំចង់និយាយពីសសរបន្តិច ហើយនិយាយនេះក៏មិននិយាយវែងឆ្ងាយពីសសរទូទៅ ឬជំនឿពិសេសដែលទាក់ទងនឹងសសរទ្រូងជាដើមឡើយ គឺនិយាយតែពីជើងសសរប៉ុណ្ណោះ។
កាលពីមុនប្រទេសកម្ពុជាសម្បូណ៌ទៅដោយឈើច្រើនបែបយ៉ាង ដូច្នេះបើគេចង់ធ្វើផ្ទះអ្វីមួយសម្រិតសម្រាំង គេតម្រូវប្រភេទឈើទៅតាមគ្រឿងផ្ទះនីមួយៗ។ បើនិយាយតែ ពីសសរ គឺគេរកឈើណាដែលធន់នឹងសំណើម ព្រមទាំងធន់នឹងសត្វល្អិត មានកណ្តៀរជាដើមផង ត្បិតគល់សសរតែងតែ មុជចូលទៅក្នុងដី (រូបលេខ១)។ សូមបញ្ជាក់ ថា គេពុំដែលដាំសសរបញ្ច្រាសទេ ពោលគឺខាងណាជាខាងគល់ឈើ ខាងនោះជាខាង គល់សសរ។ បើពោលពីជំនឿតទៅទៀតបន្តិច គឺឈើសសរទាំងមូលនោះត្រូវចៀសវាង យកឈើណាដែលមាន៖
- ក្រយ៉ៅនៅគល់ ហៅថា “ក្រយ៉ៅមាន់កកាយ”។
- ក្រយ៉ៅនៅត្រង់កម្ពស់ដែលជ្រូកអាចឈរត្រដុសបាន ហៅថា “ក្រយ៉ៅជ្រូកត្រដុស”។
- ក្រយ៉ៅនៅត្រង់កម្ពស់ដែលគោអាចឈរលិតបាន ហៅថា “ក្រយ៉ៅគោលិត”។
តាមធ្លាប់ឮនិងធ្លាប់ឃើញមក គេនិយមប្រើឈើកកោះ ជាពិសេសផ្ចឹក ដូចមានពាក្យស្លោកថា “គគីរនឹងទឹក ផ្ចឹកនឹងដី”។ ទោះជាយូរទៅផ្នែកខាងក្រោមនោះតែងតែរិចរិលច្រើនជាងផ្នែកឯទៀត (រូបលេខ២) ក៏គេអាចកាត់ផ្នែកខាងក្រោមនោះចោល ដោយយកឈើថ្មីមកតជំនួស។ ដោយសារគំនិតថាជំនួសនេះហើយ ទើបបានជាគេហៅថា “ជើងតាង” ពោលគឺជើងសសរថ្មីតាងឲ្យជើងសសរចាស់។ ធម្មតាជើងតាងថ្មីនេះត្រូវតែធ្វើយ៉ាងណាឲ្យទំហំធំជាងសសរ (រូបលេខ៣-៤) ត្បិតផ្នែកនេះជាផ្នែកខ្លី បើធ្វើប៉ុនសសរដើម ច្បាស់ជាពុំអាចធ្វើឲ្យផ្ទះនោះនឹងនទេ។ ប៉ុន្តែជើងតាងពុំមែនសុទ្ធតែជាឈើទេ ពោលគឺធ្វើពីថ្មធម្មជាតិក៏មានប្រើដែរ កុំថាឡើយនៅតាមទីគោរពបូជា មានព្រះវិហារជាដើម (រូបលេខ៥) សូម្បីតែនៅតាមផ្ទះសាមញ្ញក៏មានដូច្នោះដែរ (រូបលេខ៦)។ នៅក្នុងករណីពិសេសខ្លះ ជើងតាងធ្វើអំពីថ្មនេះនៅឃើញមានធ្វើមួយៗនៅឡើយ (រូបលេខ៧)។ ប៉ុន្តែជាទូទៅគឺតែងតែធ្វើពីស៊ីម៉ងត៍ហើយសព្វថ្ងៃនេះ។ ជួនកាលធ្វើនោះពុំផ្ចិតផ្ចង់ខាងសោភ័ណភាពអ្វីឡើយ គឺធ្វើយ៉ាងណាឲ្យតែមាំល្មមៗ (រូបលេខ៨) តែជួនកាលទៀត ធ្វើនោះក៏ខំផ្ចិតផ្ចង់រូបរាងក្បូរក្បាច់ដែរ (រូបលេខ៩)។
ទីនេះគួរពិចារណាបន្តិចលើកិច្ចខ្លះៗដែលអាចារ្យធ្វើទាក់ទងនឹងជើងសសរ។ បើយើងពិនិត្យជើងសសរមួយនៅប្រាសាទអង្គរវត្ត (រូបលេខ១០) យើងឃើញថាក្នុងចំណោមក្បូរក្បាច់រចនាស្អេកស្កះនោះមានត្របកឈូក។ យើងដឹងហើយថានៅអាស៊ីនេះ ឈូកជានិមិត្តរូបនៃភាពបរិសុទ្ធ ត្បិតទោះជាឈូកដុះចេញពីភក់ជ្រាំអ្វីក៏ដោយ ក៏ផ្កាឈូកលេចធ្លោមកខាងលើស្អាតចែស ដូចមានពាក្យក្នុងចម្រៀងមួយថា “ឱផ្កាឈូកអើយ ដុះចេញពីភក់ គួរធុំអាក្រក់ ម្តេចឡើយឈ្ងុយឈ្ងប់”។ ប្រហែលជាយ៉ាងនេះហើយបានជាជើងតាងតាមផ្ទះខ្លះមានរាងជាផ្កាឈូក (រូបលេខ១១)។ ពុំតែប៉ុណ្ណោះ យើងឃើញមានទម្លាប់នៅស្រុកខ្លះដែលគេចារកថា យកមកទ្រាប់សសរនៅលើជើងតាង ដោយនីមួយៗនោះសុទ្ធតែមានស្លឹកឈូកព្រហ្មចារីយ៍មួយសន្លឹកមកទ្រាប់ផង (រូបលេខ១២-១៤)។ ដែលហៅថាស្លឹកឈូកព្រហ្មចារីយ៍ គឺស្លឹកនោះនៅពេញលេញ មិនទាន់រហែក។ សូម្បីតែសសរបេតុងសុទ្ធក៏អ្នកដែលគេប្រិតប្រៀងនៅតែធ្វើកិច្ចស្រដៀងគ្នានោះដែរ (រូបលេខ១៥)។ នៅតំបន់ខ្លះទៀតពុំឃើញប្រើស្លឹកឈូកទេ តែជើងសសរនៅតែមានសារសំខាន់ដូចគ្នា ព្រោះនៅលើជើងតាងនោះធ្លាប់ឃើញគេរៀបស្លាធម៌ ហើយជាពិសេសគេយកត្រឡាចមួយកង់ស្តើងមកបញ្ចុះលើស្នូលដែក ដោយបញ្ជាក់ ថា ត្រឡាចជាគ្រឿងត្រជាក់ត្រជុំ។