ដោយ ហុក សុកុល និង ព្រាប ចាន់ម៉ារ៉ា
អាគារដែលមានដំបូលកិង ជាពិសេស បើនៅតាមវត្តអារាមផង តែងមានហោជាងដែលមានគ្រឿងលម្អនៅអបជាមួយ។ ពាក្យគេនិយាយខ្លី ហៅថា «ជហ្វា-ដងក្តារ»។ រូបលេខ១ ជាគំនូរលម្អិតនៃគ្រឿងលម្អពីរយ៉ាងនេះឯង ដែលគេច្រើនតែប្រើជាគូនឹងគ្នា។ ជហ្វាតែងតែនៅលើកំពូលហោជាង រីឯដងក្តារហាក់ដូចជាក្របស្រោបនៅតាមបណ្តោយជម្រាលហោជាងតាំងពីលើមកដល់ក្រោម។ លុះមកដល់ចុងខាងក្រោមហើយ តែងតែបែកទៅលើវិញចេញជារូបក្បាលនាគ ដែលគេហៅថា «នាគសន្លឹក» ឬ «នាគដងក្តារ»។ នេះសឲ្យឃើញថា ដងក្តារទាំងមូលនោះជានាគ ជាពិសេសទៅទៀត ក្រៅអំពីក្បាលនាគ យើងអាចឃើញទ្រនុងខ្នងច្បាស់ ដូចឃើញនៅរូបលេខ២។ ដូច្នេះដងក្តារជាអ្វីនោះ អស់មានចម្ងល់ទៀតហើយ។ ដែលត្រូវឲ្យគិតគូរពិចារណាតទៅទៀត គឺជហ្វាដែលជាដៃគូនោះ។
នៅតាមវត្តអារាម ឬកន្លែងពិសេសខ្លះ អាគារប្រភេទកិង ដំបូលអាចមានពីរជាន់ ឬបីជាន់ (រូបលេខ៣) រីឯចំនួនជហ្វាក៏ច្រើនទៅតាមនោះ គឺមួយជាពីរ។ ជាទូទៅជហ្វាមានកម្ពស់ប្រមាណ មួយភាគបីនៃកម្ពស់ហោជាង។ បើហោជាងខ្ពស់ ជហ្វាក៏ខ្ពស់ស្របសមទៅតាមគ្នា ដូចជាជហ្វាបន្លាស់ថ្មីធ្វើពីលោហៈ ដែលឃើញនៅរូបលេខ៤ ពេលនៅដីនៅឡើយ យើងឃើញមានកម្ពស់ដូចនៅរូបលេខ៥ស្រាប់។ ឥឡូវចូរយើងពិនិត្យជហ្វានៅរូបលេខ៦ ដែលមានរូបលេខ៧ ជារូបលម្អិត។ យើងឃើញថា ពេលចេញពីកំពូលហោជាងទៅ ជហ្វាមានគែ មានពុកចង្កា មានមាត់ មានចង្កូម (ពាំកែវ) មានភ្នែក, រីឯរូបលេខ៨ក៏ដូចគ្នា។ មិនតែប៉ុណ្ណោះ យើងឃើញថានៅលើគែនោះ មានរូបចក្រ ដែលគេតែងហៅថាត្រា ថ្វីដ្បិតតែរបេះអស់ខ្លះ។ រូបត្រារបៀបនេះយើងតែងឃើញនៅក្រោមពពារនាគនៅតាមប្រាសាទនានា ដូចឃើញនៅរូបលេខ៩ ដែលថតនៅប្រាសាទបាគង (ស.វ.ទី៩)។ នេះជាតម្រុយឲ្យដឹងថា ជហ្វាជានាគដូចតែដងក្តារដែរ។ ត្រង់ចំណុចរូបត្រាអម្បាញ់មិញនេះ ជួនកាលគេច្នៃឲ្យទៅជាមុខមនុស្ស។ បើមើលនៅរូបលេខ១០ យើងឃើញថា ផ្នែកមូលខាងក្រោមដែលជាត្រានាគ ក្លាយទៅជាស្រងកមនុស្សនោះ។ ទាំងនៅរូបលេខ៨និង៩ យើងឃើញថា ដងក្តារដែលជាខ្លួននាគដូចពោលពីលើមកនោះ ក៏អាចចាត់ទុកថាជាខ្លួននាគដែលមានជហ្វាជាក្បាលដែរ។ ចុងស្រួចជហ្វាដែលកាច់ងពីរបីគន្លាក់ទៅលើនោះ គឺជាសិររបស់នាគនោះឯង មិនខុសពីសិរនៃនាគដែលនៅចុងដងក្តាខាងក្រោមឡើយ (រូបលេខ១១)។ បើយើងត្រឡប់ទៅមើលរូបលេខ២វិញ ក៏មិនខុសគ្នាពីរូបលេខ១២ដែរ គឺថានាគដែលជាជហ្វានិងនាគដែលជាដងក្តារខាងក្រោម មកព័ន្ធកន្ទុយគ្នានៅពាក់កណ្តាលកម្ពស់ហោជាង។
ខាងលើនេះ ខ្ញុំពុំបានយករឿងនិទានផ្សេងៗដែលនិយាយពីនាគទាក់ទងនឹងវត្តមកពោល ផងទេ ព្រោះខ្ញុំចង់បង្ហាញថា ដងក្តារនិងជហ្វាសុទ្ធតែជានាគ ដោយយកគ្រឿងលម្អជាក់ស្តែងនឹងភ្នែកមកលាតត្រដាងតែប៉ុណ្ណោះ។