ដោយ ភឹង តារា
ដូចយើងដឹងស្រាប់ហើយ ចម្លាក់នៅតាមប្រាសាទបុរាណមានច្រើនបែបយ៉ាង អាចចាត់ថាជាប្រភេទផ្សេងៗក៏បាន។ ទោះបីជាពុំនិយាយពីចម្លាក់នៅតាមផ្ទាំងជញ្ជាំងធំវែង មានជញ្ជាំងរោងទងនៅអង្គរវត្ត, ប្រាសាទបាយ័ន្តឬបន្ទាយឆ្មារ ហើយនិយាយតែពីចម្លាក់ដែលនៅតាមគ្រឿងសំណង់ដូចជាផ្តែរ, ហោជាង, ហោជាងរោងច្រៀកនិងស៊ុមទ្វារក៏ដោយ ក៏ប្រភេទនីមួយៗអាចខុសគ្នាដែរ។ ឧទាហរណ៍ ក្បាច់ផ្តែរឬហោជាងខ្លះ គេឆ្លាក់ខ្វៀលជ្រៅទៅក្នុងសាច់ថ្ម ធ្វើឲ្យចម្លាក់នោះលៀនចេញក្រឡោតមកក្រៅ ខ្លះទៀតមិនជ្រៅដល់ម៉្លោះទេ តែយ៉ាងណាក៏ជ្រៅគ្រាន់បើដែរ។ គេសង្កេតឃើញថា នៅស.វ.ទី១២-១៣ ជាពិសេសក្នុងរចនាបថអង្គរវត្តនិងបាយ័ន្ត មានចម្លាក់ម៉្យាងដែលល្អិត ខុសប្លែកពីខាងលើ ហើយភាគច្រើនតែងឃើញនៅតាមស៊ុមទ្វារ។ ដែលហៅថាល្អិតនោះ គឺឆ្លាក់ស្តើងៗ ពុំជ្រៅទៅក្នុងសាច់ថ្មប៉ុន្មានឡើយ ឯទំហំសោតក៏តូចៗ ទាល់តែភ្នែកយើងខំពិនិត្យ ទើបឃើញច្បាស់។ ធម្មតាអ្នកទៅទស្សនាអងរ្គវត្តឬក៏បាយ័ន្តជាដើម ជាពិសេសបើទើបនឹងទៅលើកទីមួយឬទីពីរ ពុំងាយមានពេលឯណាឡើយនឹងពិនិត្យរូបប្រភេទនេះ ដ្បិតរកតែពេលមើលរូបធំៗដែលគួរឲ្យស្ញប់ស្ញែងនោះក៏ស្ទើរតែមិនទាន់ផង ដូច្នេះរូបល្អិតនៅស៊ុមទ្វារច្រើនតែកន្លងភ្នែកអ្នកទស្សនា ដែលទៅហួសមកហួស។ ដែលហៅថាចម្លាក់តាមស៊ុមទ្វារនោះ គឺចម្លាក់ដែលតែងឃើញនៅលើមេទ្វារបញ្ឈរទាំងពីរនិងមេផ្តេកគ្របពីលើនោះ រីឯមេផ្តេកខាងក្រោមពុំដែលមានចម្លាក់ឡើយ ព្រោះមនុស្សដើរទៅមកលើនោះ។ តាមពិតទៅអ្នកប្រាជ្ញធំៗ ជាពិសេសលោក George Cœdès យល់តម្លៃរូបដែលមនុស្សទូទៅពុំសូវចាប់អារម្មណ៍នេះជាយូរមកហើយ ឧទាហរណ៍ លោកបានពញ្ញាក់អារម្មណ៍អ្នកសិក្សាតាមរយៈអត្ថបទមួយតាំងពីឆ្នាំ១៩១៣មកម៉្លេះ (សូមអានអត្ថបទឈ្មោះ “Seconde étude sur les bas-reliefs d’Angkor Vat’’, BEFEO XIII-6 )។ តែជាទូទៅឃើញហាក់ដូចជានៅតែមនុស្សមិនសូវរវីរវល់។
នៅទីនេះខ្ញុំលើកយកឧទាហរណ៍នៅប្រាសាទមួយតូច ស្ថិតនៅមុខអង្គរវត្ត ហៅថាប្រាសាទព្រហ្មកិល។ អ្នកស្រាវជ្រាវដឹងថា នេះជាហោសម្រាប់មនុស្សបន់ស្រន់នៅក្នុងមន្ទីរពេទ្យមួយ ដែលព្រះបaទជ័យវរ្ម័នទី៧សង់នៅក្នុងតំបន់អង្គរ។ ហោនេះជាប៉មទោលមួយតែឯង ដែលមានមណ្ឌបឬយ៉ចេញមកក្រៅ (រូបលេខ១)។ ជាដំបូងខ្ញុំសូមបញ្ជាក់ថា ក្បាច់ចម្លាក់លើស៊ុមទ្វារប្រាសាទចំតួតែម្តងនោះ សុទ្ធតែជាចម្លាក់គ្មានសាច់រឿងអ្វីប្រaកដទេ គឺគ្រាន់តែជាក្បាច់ភ្ញីផ្កាប៉ុណ្ណោះ (រូបលេខ២)។ ដូច្នេះចូរយើងមកមើលស៊ុមទ្វារនៃមណ្ឌបដែលលយចេញមកក្រៅនៅខាងកើត។ រូបលេខ៣ ជាមេទ្វារខាងត្បូង ឯរូបលេខ៤ ជាមេទ្វារខាងជើងនៃមណ្ឌបនោះ។ មេទ្វារខាងត្បូងមានរូបឆ្លាក់ក្នុងរង្វង់មូលរៀបគ្នាជាជួរ។ ជួរខាងលើមានរង្វង់៤ ដែលក្នុងនោះយើងឃើញថាមានមនុស្ស២គូដាល់គ្នា ហើយដែលខ្ញុំយល់ថាជាល្បែងប្រដាល់នៅក្នុងឱកាសបុណ្យអ្វីមួយ (រូបលេខ៥)។ នៅជួរខាងក្រោមបន្ទាប់នោះ (រូបលេខ៦) រូបនៅរង្វង់ទី១រាប់ពីឆ្វេងទៅ រេចរិលខ្លាំង លំបាកនឹងស្មានថាជាអ្វី។ នៅរង្វង់ទី២ យើងឃើញមនុស្សរែកអម្រែកអ្វីមួយ ដែលហាក់ដូចជាផ្លែឈើ។ ក្នុងរង្វង់ទី៣ និងទី៤ មានមនុស្សអង្គុយលើគ្រែទាប លើកដៃចង្អុលទៅអ្នករែកនោះ ហាក់ដូចជាហៅឲ្យមកជិតខ្លួន។ លុះឃើញរង្វង់ទាំង៣នេះហើយទើបខ្ញុំសង្ស័យថា មនុស្សដែលនៅក្នុងរង្វង់ទី១ជាចម្លាក់រេចរិលនោះ ហាក់ដូចជាយកឈើចាក់គូទអ្នករែកអម្រែកឲ្យសំដៅឲ្យលឿនទៅរកអ្នកហៅទិញទាំងពីរនោះ។ រង្វង់មួយជួរនៅរូបលេខ៧ បង្ហាញពីមនុស្សមួយក្រុមដែលហាក់ដូចជាសម្តែងល្បែងប្រភេទសៀកឬប៉ាហ៊ី។ នៅរង្វង់ទី៣យើងឃើញមនុស្សម្នាក់បោះវត្ថុអ្វីរាងមូលពីដៃមួយទៅដៃមួយ (រូបលេខ៨-៩)។ វត្ថុមូលទាំងនោះមើលទៅឃើញថា ចេញពីដៃមួយទៅដៃមួយ ហើយត្រឡប់ទៅមករបៀបនេះ ដោយពុំងាយជ្រុះមកដី ស្របទៅតាមការប៉ិនប្រសប់របស់អ្នកលេង។ រង្វង់ទី៤ បង្ហាញច្បាស់ថាមានមនុស្សម្នាក់ទះស្គរ(រូបលេខ១០-១១) ឯរង្វង់ទី២វិញក៏បង្ហាញពីមនុស្សកាន់ឧបករណ៍ភ្លេងដែរ ដែលទំនងជាសាដៀវមានឃ្លោកពីរ(រូបលេខ១២-១៣)។ ឯនៅរង្វង់ទី១មុនគេនោះ ខ្ញុំយល់ថាជាអ្នកភ្លេងដែលកំពុងគោះ ឈិង (រូបលេខ១៤-១៥)។ យោងទៅតាមនេះ ការបកស្រាយរបស់ខ្ញុំគឺថា គេសម្តែងការប៉ិនប្រសប់ក្នុងកាយវិការនៃមនុស្សក្នុងរង្វង់ទី៣ ដែលមានអ្នកភ្លេងលេងកំដរការសម្តែងនោះ (រូបលេខ១៦-១៧)។ នៅជួរបន្ទាប់មកទៀត (រូបលេខ១៨) យើងឃើញថារង្វង់ទី៣ ហាក់ដូចជាបង្ហាញពីបុរសម្នាក់ដែលមានសក្តិយស ឬក៏ជានាយចៅហ្វាយគេ ដែលមានអ្នកជញ្ជូនឥវ៉ាន់តាមខ្លួនឲ្យ នៅរង្វង់ទី៤។ អ្នកធំនោះចង្អុលទៅមនុស្សម្នាក់នៅរង្វង់ទី២ ដែលកំពុងទ្រោបលើសត្វគោ ដោយអស់កម្លាំងលង់លក់ផងក៏មិនដឹង ហើយម៉្យាងទៀតនៅក្រោមគោនោះឃើញមានមនុស្សម្នាក់ទៀតអង្គុយ។ ទាំងនេះបង្ហាញថា អ្នកធំនោះត្រូវបន្តដំណើរទៅណាទៀត ហើយក៏និយាយ ឬស្រែកប្រាប់ទៅបាវបម្រើនោះឲ្យរួសរាន់ឡើង។ ឯរង្វង់ទី១ ខ្ញុំមិនអាចបកស្រាយបានទេ ដោយសាររេចរិលខ្លាំង។ រូបបន្តបន្ទាប់មកទៀត ពោលគឺរូបលេខ១៩-២២ ក៏សុទ្ធតែបង្ហាញពីទិដ្ឋភាពផ្សេងៗក្នុងជីវិតមនុស្សរស់នៅរាល់ថ្ងៃដែរ ពោលគឺហាក់ដូចជាពុំមែនទេពកថាអ្វីវែងឆ្ងាយឡើយ ឯការបកស្រាយសោតក៏ស្រេចតែអ្នកមើលម្នាក់ៗ។
ឥឡូវចូរយើងមើលមកមេទ្វារខាងជើងនៃស៊ុមដដែលនេះ។ ចម្លាក់មួយភាគនោះរេចរិលខ្លាំង មិនបាច់យកមកបង្ហាញនៅទីនេះឡើយ។ នៅរូបលេខ២៣ យ៉ាងហោចណាស់យើងឃើញថា នៅក្នុងរង្វង់ទី១ មានធីតាម្នាក់ទំនងជាកិន្នរកំពុងរាំ។ នៅជួរមួយបន្ទាប់មកទៀត (រូបលេខ២៤) យើងឃើញថារង្វង់ទាំង៣ ដែលនៅសេសសល់ដោយអន្លើនោះបង្ហាញពីមនុស្សនិងរទេះគោ ហើយហាក់ដូចជាមានទំនាក់ទំនងគ្នាពីមួយទៅមួយផង។ មានមនុស្សម្នាក់ជិះរទេះធុនស្រាល ប្រភេទរទេះសាឡីដោយសំយុងជើងមកដីនៅក្នុងរង្វង់កណ្តាល រីឯគោទាំងពីរដែលអូសរទេះ ដែលមួយហាក់ដូចជាកញ្ជ្រោលបន្តិចផងនោះ គេឆ្លាក់នៅក្នុងរង្វង់ទី១។ ឯរង្វង់ទី៣ដែលខូចខាតមួយភាគទៅហើយនោះ ក៏ឃើញមានសត្វគោដែរ តែពុំដឹងថាកំពុងអូសរទេះ ឬយ៉ាងណា។ បើមើលមករូបលេខ២៥វិញ ថ្វីដ្បិតតែបកស្រាយមិនកើត ក៏ជាការបង្ហាញថាចម្លាក់ល្អិតៗទាំងនេះពុំដូចគ្នាទេ គឺរូបដែលបង្ហាញនោះតែងខុសៗគ្នា។
ខ្ញុំសូមរំលឹកថា ឧទាហរណ៍ដែលខ្ញុំបង្ហាញមកនេះ គ្រាន់តែស្រង់ពីប្រាសាទព្រហ្មកិលដ៏តូចមួយប៉ុណ្ណោះ ហើយម៉្យាងទៀតគឺយើងពុំអាចឃើញរូបដែលបាក់បែកខូចខាតអស់យ៉ាងច្រើនទៅហើយផង។ ចុះទំរាំបើយើងសិក្សាទៅលើចម្លាក់ល្អិតប្រភេទនេះនៅប្រាសាទធំៗ ដូចជាអង្គរវត្តជាដើម តើយើងនឹងអាចឃើញអ្វីខ្លះតទៅទៀតក្នុងទិដ្ឋភាពដែលស្រង់ពីជីវិតរាល់ថ្ងៃរបស់មនុស្ស ឬក៏រឿងរ៉ាវដែលស្រង់មកពីទេពកថា។