ដោយ ព្រាប ចាន់ម៉ារ៉ា
នៅជំពូកទី១ លេខរៀងទី៣៧ លោកឃុត សុខាន បានលើកយកមកជម្រាបអំពីសារសំខាន់នៃត្នោតនៅប្រទេសកម្ពុជា ដែលគេដឹងជាទូទៅនោះហើយ។ ខ្ញុំក៏ដូចគ្នាដែរ គឺពុំចាំបាច់ពន្យល់ឲ្យខ្មែរដឹងថា សំខាន់នោះដល់កម្រិតណាទេ តែគោលបំណងនៅទីនេះ គឺយកផ្នែកមួយនៃសិល្បៈស្លឹកត្នោតមកបង្ហាញ។ បានជាថាផ្នែកមួយ មកពីត្នោតអាចយកទៅច្នៃជាវត្ថុផ្សេងៗដែលមានលក្ខណៈសិល្បៈច្រើនបែបច្រើនយ៉ាង។ ខ្ញុំសូមនិយាយតែអំពីស្លឹកដែលគេយកទៅឆ្លាក់ជាក្បាច់ក្បូរ ដើម្បីតម្លើងជាវត្ថុមួយហៅថា “គ្រូកំណើត” ដែលលោកគ្រូ អាំង ជូលាន និយាយរួចហើយនៅជំពូកទី២ លេខរៀងទី៦ ដោយសង្កត់ទៅលើជំនឿនិងកិច្ចដែលទាក់ទងនឹងមេមត់។
បើមិនដែលដឹងថាគេធ្វើដូចម្តេច ហើយឃើញតែស្លឹកដែលគេឆ្លាក់ហើយស្រាប់ ច្បាស់ជាយើងយល់ថា គេប្រើឧបករណ៍អ្វីពិសេសៗហើយ សម្រាប់យកទៅកាត់ ខ្វៀល ឬចោះ ពុំតែប៉ុណ្ណោះអាចនឹងស្មានថា មានខ្នាតអ្វីមួយវាស់វែងផង ព្រោះក្បាច់ទាំងនោះល្អិតល្អន់ ហើយពីម្ខាងទៅម្ខាងដូចគ្នា ព្រមទាំងស្មើដៃគ្នាខ្លាំងណាស់ សមតែមានការគូសវាស ឬមានគំរូពុម្ពជាដើម។ តាមពិតទៅពុំដូច្នោះឡើយ គឺគេយកកាំបិតតូចដែលប្រើប្រស់សម្រាប់ការងារគ្រប់បែបយ៉ាងរាល់ថ្ងៃ មានការធ្វើម្ហូបជាដើម មកប្រើលើស្លឹកស្រស់តែម្តង (រូបលេខ១-២)។ លទ្ធផលមួយសន្លឹកៗដែលបានមកក៏មានលំនាំទូទៅតាមធម្មជាតិនោះដែរ គឺធំនៅខាងក្រោម រៀវស្តួចទៅលើ (រូបលេខ៣-៤)។ លុះបានចំនួនគ្រប់គ្រាន់ដើម្បីធ្វើជមហៅថា “គ្រូកំណើត” បានហើយ ទើបគេយកទៅរុំផ្អោបនឹងជើងធ្វើពីឈើឬផ្លែដូង។ ចំនួនសន្លឹកនោះជួនកាល៤ (រូបលេខ៥-១១) ឬជួនកាលលើសពីនោះទៀតផង (រូបលេខ ១២-១៣)។ ពុំតែប៉ុណ្ណោះទេ បើមើលរូបលេខ១៤ ឃើញថាគេយកសន្លឹកធំនិងសន្លឹកតូច ដែលសុទ្ធតែមានក្បាច់មករាយឆ្លាស់គ្នា។ រីឯក្បាច់វិញ បើពិនិត្យរូបទាំងអម្បាលម៉ាននៅទីនេះដោយប្រុងប្រយ័ត្ន ឃើញថាខុសគ្នាទាំងអស់ ហើយនីមួយៗមានឈ្មោះរៀងៗខ្លួន តែខ្ញុំស្គាល់មិនច្បាស់ ដូច្នេះពុំហ៊ាននិយាយថាក្បាច់នេះឈ្មោះអ្វី ក្បាច់នោះឈ្មោះអ្វីទេ ខ្លាចភ័នច្រលំ និយាយខុស។
យើងអាចចាត់ទុកវត្ថុដែលហៅថាគ្រូកំណើតនេះ ថាជាវត្ថុសិល្បៈបានដែរ ដ្បិតដែលរៀបចំធ្វើនោះ គឺធ្វើតាមពាក្យបញ្ជាដែលជាចំណង់ចំណូលចិត្តរបស់ខ្មោចដែលទាមទារឲ្យធ្វើនោះ។ សូមជម្រាបបន្ថែមបន្តិចដើម្បីអ្នកអានងាយយល់ ៖ កាលណាមានមនុស្សម្នាក់ឈឺ ដាក់ថ្នាំមិនកប ជួនកាលគេទៅបញ្ជាន់មេមត់ដើម្បីដឹងដើមហេតុជម្ងឺ ទើបបានជាពេលខ្លះអាចដឹងថា ជម្ងឺនោះកើតឡើងដោយសារអ្នកនោះមានគ្រូកាន់ (“គ្រូ” នោះជាខ្មោចប្រចាំខ្លួន) តែដោយសារពុំដឹងដូច្មេះ ក៏ពុំដែលរាប់រកគ្រូរបស់ខ្លួន ដែលជាគ្រូកំណើតនោះ។ តាមរយៈមេមត់ដែលកំពុងចូល គ្រូនោះក៏ប្រាប់មកអ្នកជម្ងឺថា អំណើះតទៅត្រូវអ្នកនោះរៀបចំហ៊ឹងតម្កល់វត្ថុហៅថាគ្រូកំណើតនេះ ដោយមានកិច្ចបូជាខ្លះទៀតផង។ ឯរូបរាងនិងក្បាច់វត្ថុនោះគឺអាស្រ័យតាមគ្រូនោះឯងដែលចង់បានប្រភេទណាៗ ដូចជាក្បាច់ «ស្វាហម», ក្បាច់ «នាគព័ន្ធ» ជាដើម មានន័យថាខ្មោចជាគ្រូនោះចាប់អារម្មណ៍ចង់បានវត្ថុឲ្យមានសោភ័ណតាមចិត្តខ្លួនដែរ។
ចំណុចមួយទៀតដែលគួរឲ្យចាប់អារម្មណ៍ដែរ គឺថាស្លឹកត្នោតដែលមានក្បាច់ទាំងនេះ តែមួយឆ្នាំក៏នឹងកោងរមួល លែងមានរូបរាងស្រស់ដូចកាលនៅថ្មីទៅហើយ ដូច្នេះត្រូវតែធ្វើថ្មីទៀត។ ត្រង់នេះគប្បីយកទៅប្រៀបនឹងវត្ថុប្រើក្នុងកិច្ចពិធីដទៃ ដូចជាគ្រែអាស្នា, រាន, បុស្បុក... ដែលត្រូវ «ចាក់ចេក» (សូមអាននៅជំពូលទី៣ លេខរៀងទី២៤) ឬវត្ថុផ្សេងអំពីនោះទៀត ដែលគេធ្វើឡើងដោយដឹងច្បាស់ថាមុខជានឹងខូចក្នុងពេលឆាប់ៗទៅវិញ។ ប្រការនេះសំខាន់ណាស់ ដ្បិតបង្ហាញថា នៅជនបទ មនុស្សខ្មែរពុំមែនធ្វើអ្វីៗឲ្យតែរួចពីដៃឡើយ។ ទោះជាវត្ថុអ្វីមួយត្រូវបត់បង់ក្នុងពេលដ៏ឆាប់ខាងមុខក្តី ក៏វត្ថុនោះត្រូវតែមានសោភ័ណភាព ដូចវត្ថុដែលមានអាយុកាលយូរ ដូចជាចម្លាក់លើថ្មជាដើមដែរ។