ដោយ ព្រាប ចាន់ម៉ារ៉ា
ពាក្យថា”គំនូរបុរាណ” អាចឱ្យយើងយល់ថាជាគំនូរដែលគេគូរតាំងពីយូរណាស់មកហើយ។ តាមពិតទៅសព្វថ្ងៃ ពាក្យនេះគេហៅចំពោះប្រភេទគំនូរម៉្យាង (ទោះជាគូរតាំងពីយូរមកហើយក្តី ឬទើបនឹងគូរឥឡូវនេះក្តី) ដែលមានលក្ខណៈ សម្គាល់ផ្លែកពីគំនូរដូចយើងតែងឃើញជាទូទៅ ហើយដែលទទួលឥទ្ធិពលបច្ចេកទេសពីបច្ចិមប្រទេស។ ពាក្យថា គំនូរបុរាណ ទំនងជាសិល្បករក្នុងសាលារចនា (ភ្នំពេញ) កំណត់ហៅ ដើម្បីកុំឱ្យច្រឡំនឹងគំនូរម៉្យាងទៀតដែលខ្មែរទើប តែចាប់រៀននៅរវាងទសវត្ស១៩៤០ ហើយដែល គេហៅថាគំនូរទំនើប ឬគំនូរសម័យ។ គំនូរបុរាណអាចសម្គាល់បាន ដោយមើលទៅលើបច្ចេកទេសគូរ គឺរូបតួអង្គជាមនុស្ស ក្តី, សត្វក្តី ឬវត្ថុផ្សេងៗក្តី គេតែងផាត់ពណ៌តែមួយឱ្យស្មើសាច់ (មិនគិតពីចំណុចដែលត្រូវពន្លឺនិងស្រមោលទេ) ហើយកាត់ ឬឆូតដោយសរសៃទឹកថ្នាំពណ៌ខ្មៅឆ្មារៗ ដើម្បីឱ្យមើលឃើញ ជារាងរៅ ឬចំណុចផ្សេងៗ។ ចំពោះតួអង្គស្តេចឬទេពនានា គេតែងគូរជារូបទ្រង់គ្រឿង មានសំពត់អាវពណ៌ឆ្លាស់គ្នា ប្រកបដោយក្បូរក្បាច់ផ្កាភ្ញីល្អិតៗ និងគ្រឿងអលង្ការផ្សេងៗ ដែលជាទូទៅគេបិទសន្លឹកមាសស្តើងៗ ហើយគូរជាក្បាច់ យ៉ាងលម្អិតពីលើផង (រូបលេខ១-៣)។
ពីមុនមកគំនូរបុរាណច្រើនគូរជារូបសត្វ, មនុស្ស, ទេព, ទីកន្លែង ឬវត្ថុនៅលើ ក្រាំងដែលជាក្បួនទាយ ឬគម្ពីរនិយាយពីរឿងរ៉ាវទាក់ទងទៅនឹងសាសនា។ នៅតាមវត្តអារាមគេច្រើនគូរគំនូរបុរាណ ក្នុងព្រះវិហារ, សាលាឆាន់ ឬសម្ភារៈផ្សេងៗ មានទូរ, ប្រអប់ដាក់សាស្ត្រា, ក្តារបន្ទះជាដើម ហើយភាគច្រើនគូរទាក់ទង ទៅនឹងរឿងរាមកេរ្តិ៍, ពុទ្ធប្រវត្តិ ឬមួយជាពិសេសទៅទៀតគឺពពួកជាតក។ គេច្រើនគូររូបតួអង្គតូចៗ ហើយក្នុងឈុតនីមួយៗតែងមាន ភាពលម្អិតខ្លាំងណាស់ នៅក្នុងបរិយាកាសយ៉ាងរស់រវើកផង (រូបលេខ៤-៥)។
គួររំលឹកថា តាំងពីសម័យមុនសង្គ្រាមមក មានអ្នកស្រាវជ្រាវជាតិបារាំងមួយចំនួន ពិសេសលោកស្រី Madeleine Giteau (ដែលទើបនឹងចាកលោកនេះទៅក្នុងពេលថ្មីៗ) បានថតរូបនិងសិក្សាអំពីគំនូរបុរាណខ្មែរ នៅតាមវត្តចាស់ៗជាច្រើន ព្រមទាំងបានបោះពុម្ពជាសៀវភៅ ឬជាអត្ថបទចុះក្នុងប្រតិប័ត្រស្រាវជ្រាវផ្សេងៗ។ នៅសម័យមុនមានវត្តអារាមច្រើនណាស់ដែលមានគំនូរបុរាណ ហើយប្រណិតៗទៀតផង។ មកដល់សព្វថ្ងៃនេះ នៅសេសសល់ព្រះវិហារ ឬសាលាឆាន់មួយចំនួនតូចប៉ុណ្ណោះដែលមានគំនូរបុរាណ។ ក្នុងនោះ ឃើញមានថែវជុំវិញ ព្រះវិហារព្រះកែវមរកត និងព្រះវិហារវត្តពិភទ្ទរង្សី (ភ្នំពេញ), ព្រះវិហារ (ចាស់) វត្តវវានិ្ទ, ព្រះវិហារវត្ត ស៊ីសុវត្ថិរតនារាម និងសាលាឆាន់វត្តកៀនស្វាយក្រៅ (ខេត្តកណ្តាល), ព្រះវិហារវត្តមហាលាភ និងព្រះវិហារវត្តកណ្តាល (ខេត្តកំពង់ចាម), ព្រះវិហារវត្តកំពង់ត្រឡាចលើ (ខេត្តកំពង់ឆ្នាំង), ព្រះវិហារវត្តរកាកណ្តាល (ខេត្តក្រចេះ), ព្រះវិហារវត្តបាគង និងព្រះវិហារវត្តបូព៌ (ខេត្តសៀមរាប)៘ គំនូរទាំងអស់នោះច្រើនតែចាស់ទ្រុឌទ្រោមដោយប្រការផ្សេងៗ និងខ្លះទៀតត្រូវគេយកទឹកថ្នាំថ្មីទៅផាត់ពីលើធ្វើឱ្យបាត់លក្ខណៈដើមទៀតផង។ មកដល់បច្ចុប្បន្ននេះយើងសង្កេតឃើញថា គេលែងនិយមគូរគំនូរបែបបុរាណនៅតាមវត្តអារាមទៀតហើយ។ គេបែរមកគូរគំនូរទំនើបដែលមានទំហំធំៗ ងាយស្រួលគូរ ប្រើពេលវេលាតិច ហើយគិតថ្លៃទៅតាមម៉ែត្រក្រឡាផង។