ដោយ សាន ផល្លា
ដូចយើងដឹងស្រាប់ គំនូរសំខាន់ៗក្នុងព្រះពុទ្ធសាសនាអាចចែកចេញជាពីរក្រុម។ មួយក្រុមគឺពុទ្ធប្រវត្តិ ដែលរៀបរាប់អំពីព្រះពុទ្ធអង្គក្នុងជាតិដែលបានត្រាស់ ពោលគឺតាំងពីប្រសូតរហូតដល់ចូលព្រះ បរិនិព្វាន។ មួយក្រុមទៀត គឺជាតកដែលនិទានពីព្រះពុទ្ធអង្គក្នុងជាតិនានាមុនពេលបានត្រាស់ គឺកាលដែលនៅជាព្រះពោធិសត្វនៅឡើយ។ ជាតកនេះវែងឆ្ងាយណាស់ បើរាប់ចំនួនក្នុងព្រះត្រៃបិតកឃើញថាមាន៥៤៧។ ក្នុងនោះ ជាតក១០ដែលនៅខាងក្រោយ គេហៅថាទសជាតក ពោលគឺរឿងនិទានអំពីព្រះពោធិសត្វ១០ជាតិខាងក្រោយ មុនជាតិដែលបានត្រាស់។ រឿងនេះមានប្រជាប្រិយភាពជាងគេ។ ពុំតែប៉ុណ្ណោះឡើយ នៅស.វ.ទី១៦ ពោលគឺយូរយារក្រោយពីព្រះពុទ្ធអង្គចូលព្រះបរិនិព្វានមក ពុទ្ធសាសនិកនៅឥណ្ឌូចិន ជាពិសេសនៅនគរ “លាននា” (អានថា “ឡានណា”) ហើយដែលមានឈៀងម៉ាយជាមណ្ឌល) បានបង្កើតជាតកថ្មីៗប្រមាណ៥០ហៅថា “បញ្ញាសជាតក”។ ថ្វីត្បិតតែក្រុមខាងក្រោយនេះពុំមានចែងនៅក្នុងព្រះត្រៃបិតកក៏ដោយ ប្រជាប្រិយភាពនោះធំធេងរហូតដល់មានគំនូរនៅក្នុងវត្តទៀតផង។ លើសពីនោះទៅទៀត មានរឿងជាច្រើនដែលតាមពិតទៅគ្មានទាក់ទងអ្វីនឹងព្រះពុទ្ធសាសនាសោះ ប៉ុន្តែគេអះអាងថាជាជាតកដែរ មានរឿងព្រះជិនវង្សជាអាទិ៍។ ចំណែកឯរឿងមួយប្រភេទទៀត គឺកាន់តែពិបាករកប្រភពខ្លាំងណាស់ទៅទៀត ប៉ុន្តែការដែលគួរឱ្យកត់សម្គាល់នោះ គឺថាមានអ្នកស្គាល់រហូតដល់មានគំនូរនៅតាមវត្តទៀតផង។ នៅទីនេះខ្ញុំចង់និយាយពីរឿង “មហាជម្ពូបតី” ឬ “មហាជម្ពូវតី” ឬមួយ “មហាជម្ពូ”ដែលកម្រមានមនុស្សស្គាល់។ សំណាងល្អខ្ញុំបានជួបលោកតាអាចារ្យម្នាក់ដែលស្គាល់រឿងនេះ ហើយពុំតែប៉ុណ្ណោះខ្ញុំបានប្រទះឃើញសាស្ត្រារឿងជម្ពូបតីនេះដោយចៃដន្យ។ ខ្ញុំពុំហ៊ានអះអាងអ្វីទាំងអស់ពីប្រភពរឿងនេះ គ្រាន់តែតាមដានទៅឃើញថានៅប្រទេសលាវគេហៅថា “ជម្ពូបតិសុត្ត” ហើយដែលខ្មែរទទួលឥទ្ធិពលពីនោះក៏សឹងថាបាន។
រឿងនោះដំណាលថា៖ មានស្តេចចក្រពត្តិមួយអង្គសោយរាជ្យនៅនគរបញ្ចាល មានព្រះនាមថា ជម្ពូបតី មានឫទ្ធិអំណាចខ្លាំងដោយសារព្រះអង្គមានសុពណ៌បាទមួយគូ ដែលអាចបញ្ជាឱ្យធ្វើអ្វីតាមសេចក្តីប្រាថ្នា។ បើព្រះអង្គចង់បាននគរណាមួយជាចំណុះ ព្រះអង្គប្រើសុពណ៌បាទនោះទៅធ្វើភ្លៀង, ផ្គរ, រន្ទះ និងបំបាក់កំពូលប្រាសាទស្តេចនគរនោះឱ្យបាក់ស្បាត។ ស្តេចជម្ពូបតីតែងធ្វើរបៀបនេះរហូតបាននគរចំនួន១០១ជាចំណុះ។ ថ្ងៃមួយព្រះអង្គឮថានគររាជគ្រឹះរបស់ព្រះបាទពិម្ពិសារ មានទ្រព្យហូរហៀរ ក៏មានព្រះទ័យចង់បាននគរនេះភ្លាម។ រាត្រីមួយ ជម្ពូបតីចោលសុពណ៌បាទកើតជានាគទៅគំរាមស្តេចនគររាជគ្រឹះឱ្យយកសួយសាអាករមកថ្វាយ។ ព្រះបាទពិម្ពិសារភិតភ័យខ្លាំងណាស់ ហើយទូលដំណឹងនេះថ្វាយទៅព្រះពុទ្ធអង្គដែលគង់នៅឯព្រៃវេឡុវ័នដើម្បីឱ្យព្រះអង្គជួយ។ ព្រះពុទ្ធអង្គយកចក្រកែវនិម្មិតជាសត្វគ្រុឌទៅបង្ក្រាបនាគរបស់ជម្ពូបតី។ បន្ទាប់មកព្រះពុទ្ធអង្គផ្ញើសារទៅជម្ពូបតីថាព្រះអង្គជាព្រះរាជាធិរាជ បដិសេធមិនព្រមធ្វើជាចំណុះនគរបញ្ចាលឡើយ។ គ្រាន់តែឃើញសារនេះ ជម្ពូបតីក្រេវក្រោធយ៉ាងខ្លាំង ហើយណាត់ប្រឡងឫទ្ធិគ្នា។ ព្រះពុទ្ធអង្គពឹងព្រះឥន្ទ្រឱ្យជួយចេញច្បាំង។ ព្រះឥន្ទតំណែងខ្លួនជាមេទ័ពចូលច្បាំងរហូត ធ្វើឱ្យស្តេចជម្ពូបតីបាក់ក្លបខ្លាច ហើយសុខចិត្តទៅថ្វាយបង្គំព្រះរាជាធិរាជ ដោយមានព្រះឥន្ទ្រជាអ្នកនាំផ្លូវ។ នៅឯនគរាជគ្រឹះអ្វីៗសុទ្ធតែនិម្មិតទាំងអស់ ជម្ពូបតីឃើញផ្ទៃដីថ្លាស្មានថាជាទឹក ក៏ដោះស្បែកជើងកាន់ តែពេលដឹងថាមិនមែនជាទឹក ជម្ពូបតីមានការខ្មាស់អៀនយ៉ាងខ្លាំង។ ជម្ពូបតីឆ្លងកាត់ផ្សារដែលមានស្រីលក់ដូរស្អាតៗ ហើយរស់រាយរាក់ទាក់ ក៏នឹកស្ងើចសរសើរនគរនិងប្រជារាស្ត្រនៅទីនោះថារស់នៅមានរបៀបរៀបរយល្អជាងនគររបស់ខ្លួនឆ្ងាយណាស់។ ព្រះឥន្ទ្រនិម្មិតអ្វីៗទាំងអស់នេះដើម្បីបំបាក់ភាពអំនួតនិងការកាចសាហាវរបស់ជម្ពូបតី។ បន្ទាប់មកព្រះឥន្ទ្រនាំជម្ពូបតីទៅគាល់ព្រះព្រហ្ម ហើយដោះប្រស្នារបស់ព្រះព្រហ្មរួចទាំងអស់។ ទីបំផុតជម្ពូបតីមកគាល់ព្រះរាជាធិរាជ ដែលជាព្រះពុទ្ធនិម្មិត។ ពេលជួបដំបូង ជម្ពូបតីមិនព្រមលុតជង្គង់ថ្វាយបង្គំព្រះអង្គទេ ថែមទាំងធ្វើឫកក្រអឺតក្រទមដដែល។ ព្រះអង្គក៏និម្មិតសរប្រវែងចង្អុលដៃឱ្យជម្ពូបតីលើក តែលើកពុំរួច។ បន្ទាប់មក ព្រះអង្គធ្វើឱ្យជម្ពូបតីឃើញស្ថាននរក។ ជម្ពូបតីឃើញញាតិសណ្តានខ្លួនដែលចែកស្ថានទៅ ត្រូវភ្លើងនរកឆាបឆេះ និងត្រូវយមបាលធ្វើទារុណកម្មយ៉ាងវេទនាជាទីបំផុត។ ជម្ពូបតីមានចិត្តសង្វេគយ៉ាងខ្លាំង ទើបព្រមលុតជង្គង់ថ្វាយបង្គំព្រះពុទ្ធអង្គ ហើយសុំសាងផ្នួសក្នុងពេលនោះតែម្តង។ រីឯព្រះមហេសីនិងបុត្ររបស់ជម្ពូបតី បាត់ស្វាមីនិងបិតាយូរពេកក៏យាងមកតាម តែជម្ពូបតីមិនព្រមត្រលប់ទៅវិញ ព្រះមហេសីនោះក៏បួសជាភិក្ខុនីតាមស្វាមីក្នុងគ្រានោះដែរ។
ដូចពោលខាងលើរួចមកហើយថា រឿងនេះកម្រមានគេគូរនៅតាមវត្តណាស់ គឺមានតែវត្តសោមនស្សមួយគត់ដែលខ្ញុំប្រទះឃើញគេគូររឿងនេះ។ វត្តសោមនស្សស្ថិតនៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។វិហារវត្តសោមនស្សកសាងក្នុងឆ្នាំ១៩៣៧ ហើយគំនូរនោះប្រហែលគូរក្នុងទសវត្ស១៩៤០ ដោយជាងឈ្មោះ ភៀន។ បើតាមសំដីអ្នកស្រុកនៅទីនោះថា គេសាងវិហាររួច ប្រហែលជា១០ឆ្នាំទើបគេចាប់គូរគំនូរ។
គំនូរនៅលើជញ្ជាំងព្រះវិហារចែកជា៣ផ្នែក គឺខាងលើ, កណ្តាល និងខាងក្រោម។ នៅផ្នែកខាងលើគេគូររឿងជម្ពូបតីតាមដំណើររឿងយ៉ាងពិស្តារ ហើយឈុតនីមួយៗនៃសាច់រឿងបន្តគ្នារហូត មិន ខ័ណ្ឌចែកជាផ្ទាំងៗទេ។ នៅផ្នែកកណ្តាល គេគូរពុទ្ធប្រវត្តិនៅតាមចន្លោះទ្វារនិងបង្អួច។ ចំណែកផ្នែកខាងក្រោម គេគូររឿងព្រេងផ្សេងៗដូចជាធនញ្ជ័យ, ចៅចាក់ស្មុក, មរណមាតាជាដើម។ សព្វថ្ងៃ គំនូរផ្នែកខាងក្រោមនោះរលប់ស្ទើរមើលពុំឃើញ។ រីឯនៅលើពិតានវិញ មានតែពុទ្ធប្រវត្តិ២ផ្ទាំងប៉ុណ្ណោះ គឺព្រះអង្គយាងចេញសាងផ្នួស និងព្រះអង្គកាត់ព្រះកេសា។ ក្រៅពីនោះ គេលំអដោយរូបក្បូរក្បាច់ផ្សេងៗ។