ដោយ ព្រាប ចាន់ម៉ារ៉ា
នៅរវាងដើមស.វ.ទី២០ ឬក្រោយពីនោះមកទៀតផង តាមវត្តអារាម ឬអាគារសំខាន់ផ្សេងៗខ្លះទៀត គេនិយមប្រើជាទូទៅនៅឡើយនូវគំនូរម៉្យាងហៅថា “គំនូរបុក”។ តទៅនេះខ្ញុំសូមសង្ខេបដំណាក់កាលផ្សេងៗនៃការរៀបចំនោះ។ ជាដំបូងគេរំលីងផ្ទៃដែលនឹងត្រូវគូរនោះឲ្យស្មើល្អ រួចហើយទើបយកម្រាក់មកលាបលនឲ្យបានជាស្ថាន ឬផ្ទៃទូទៅមួយខ្មៅរលោងស្រិល ទុកឲ្យស្ងួត។ គេគូររូបរាងក្បាច់ ឬតួអង្គអ្វីមួយដែលចង់បាននោះលើក្រដាសសិន រួចហើយទើបគេកាត់ចោះទម្លុះតាមរាងរៅដែលចង់បានធ្វើជាពុម្ព។ បន្ទាប់មកទើបគេយកពុម្ពនោះទៅបិទភ្ជាប់ឲ្យជិតលើទីដែលត្រូវមានរូប។ គេយកជ័រធម្មជាតិ មានជ័រល្វាជាដើម ទៅលាបតាមរន្ធពុម្ពនោះដើម្បីបានជាស្រទាប់ស្អិតស្តើងមួយតាមរាងក្បាច់។ បានដូច្នោះហើយទើបគេបកពុម្ពក្រដាសចេញ។ មកដល់ពេលនេះមានន័យថា គំនូរដែលចង់បានគឺរូបរាងនៃជ័រនោះឯងហើយ។ បន្ទាប់មកទៀតទើបគេយកសន្លឹកមាសស្តើងៗ ដែលគេតែងប្រើសម្រាប់ ទឹបលើព្រះបដិមាជាដើម ទៅទឹបលើផ្ទៃជ័រនោះ។ ផ្នែកដែលគ្មានជ័រគឺសន្លឹកមាសមិនអាចទៅជាប់ទេ គ្រាន់តែយកដៃទៅញីរំលីងទៅក៏ជ្រុះមកឯង ឃើញថាមានតែផ្ទៃជ័រសុទ្ធសាធដែលមាសជាប់ទាំងស្រុង ពោលគឺក្បាច់ដែលគេចង់បាន។ នេះជាប្រភេទទី១។ ឯប្រភេទទី២វិញ គឺគេប្រើទឹកមាសតែម្តង។ ធ្វើរបៀបនេះគេពុំបាច់ប្រើជ័រឈើទៀតទេ គឺគេយកទឹកមាសនោះទៅផ្តិតលើរន្ធពុម្ពតែម្តង។ ដើម្បីធ្វើដូច្នោះ គេយកកំណាត់សំពត់អ្វីដែលទន់ស្តើងរុំលើវត្ថុងាយជក់ទឹក មានកម្ទេចស្បៃជាដើមមកប្រើជាឧបករណ៍សម្រាប់ “បុក”។ គេយកឧបករណ៍នោះទៅជ្រលក់ថើៗនឹងទឹកមាស ហើយយកទៅផ្តិតលើពុម្ព ឲ្យដិតបានជារូបផ្សេងៗ។ ឯពាក្យថា “បុក” នោះ គឺតាមពិតគ្រាន់តែយកទៅប្រថាប់ថ្នមៗលើរន្ធពុម្ពប៉ុណ្ណោះ។
នៅទីនេះខ្ញុំសូមលើកយកគំនូរនៅក្នុងព្រះវិហារចំនួន៣នៅតាមដងទន្លេមេគង្គ (អ្នកស្រុកហៅថា “ទន្លេធំ”) ក្នុងខេត្តកំពង់ចាមមកបង្ហាញជាឧទាហរណ៍។ ទី១ គឺព្រះវិហារវត្តមហាលាភ (រូបលេខ១)។ វិហារនេះធ្វើអំពីឈើ មានសរសរចំនួន៦០ ដែលសុទ្ធតែលាបលនម្រាក់ពណ៌ខ្មៅរលោងស្រិល និងរចនាក្បូរក្បាច់ពណ៌មាសឆ្អិនឆ្អៅជារូបផ្សេងៗច្រើនយ៉ាង (រូបលេខ២)។ បើមើលគំនូរទាំងអស់នោះទៅឃើញថាល្អពិចិត្រខ្លាំងណាស់។ សសរខ្លះគូរជាក្បាច់ផ្កាភ្ញី, ខ្លះជារូបសត្វច្រើនបែបយ៉ាង មានទាំងសត្វក្នុងធម្មជាតិ មានទាំងសត្វក្នុងរឿងបុរាណនានាជាដើមផង (រូបលេខ៣)។ រីឯរូបតួអង្គនានាវិញ ក៏មានច្រើនដែរ រាប់តាំងពីមនុស្ស, យក្ស, ទេព្តាជាដើមឡើងទៅ។ រូបលេខ៤-៥ ជារូបកិន្នរ ឯរូបលេខ៦ ជាទេពនិករផ្សេងៗ។ យើងឃើញហើយថា រូបទាំងអស់នេះរស់រវើកណាស់ ក្បាច់រចនាក៏ល្អិតល្អន់ពន់ពេក បញ្ជាក់ថាកម្រិតសិល្បៈនោះខ្ពង់ខ្ពស់។ សូមជ្រាបថា ក្រៅពីសសរ គឺនៅលើគ្រឿងផ្សេងៗទៀត មានពិតាន, ធ្នឹម, ផ្ទោង, ផ្លាន៘ សុទ្ធតែមានក្បាច់លម្អទាំងអស់។
ទី២ គឺព្រះវិហារវត្តស្វាយសាច់ភ្នំ (រូបលេខ៧)។ វិហារនេះមានសសរចំនួន៣២ ដែលសុទ្ធតែគូរវាសក្បាច់រចនាដូចសសរព្រះវិហារខាងលើនោះដែរ។ សសរនៅទីនេះ ក្រៅអំពីក្បូរក្បាច់ផ្កាភ្ញីសព្វបែបយ៉ាងនោះ គឺគេគូរជាឈុតខ្លីៗដែលស្រង់មកពីរឿងនានា។ រូប លេខ៨-៩ ទំនងជាឈុតខ្លះក្នុងរឿងព្រះជិនវង្ស។
រីឯព្រះវិហារទី៣ គឺនៅវត្តកណ្តាល (រូបលេខ១០)។ នៅទីនេះយើងឃើញថា គំនូរបុកនោះមាននៅលើបល្ល័ង្កព្រះ (រូបលេខ១១)។ ក្បាច់ដែលគេរចនាជាភ្ញីវល្លិផ្សេងៗគឺមានជាធម្មតា ហើយលើសពីនោះ គឺរូបតួអង្គខ្លះដែលគេបញ្ចូលទៅក្នុងទម្រង់ផ្កាភ្ញី មើលទៅជាទីត្រកាលណាស់ដែរ (រូបលេ១២)។ រូបលេខ១៣ ជារូបរាហូ។
តាមពិតទៅប្រភេទគំនូរដែលខ្ញុំរៀបរាប់នេះមាននៅច្រើនកន្លែងទៀត មិនថានៅក្នុងតែព្រះវិហារទេ សូម្បីតែសម្ភារៈប្រើប្រាស់នានានៅតាមវត្តអារាមក៏មានដែរ ដូចជាទូ, ប្រអប់ដាក់សាស្ត្រា (រូបលេខ១៤) និងវត្ថុខ្លះទៀត។