ដោយ សាន ផល្លា
យើងដឹងហើយថារឿងយ៉ាងល្បីល្បាញ ដែលនៅឥណ្ឌាគេហៅថា រាមាយណ ខ្មែរជ្រួតជ្រាបតាំងពីយូរមកហើយដែរ បើយកចម្លាក់ថ្មជាភស្តុតាង គឺមានតាំងពីស.វ.ទី៦មក។ នៅជំនាន់នោះពុំដឹងថាឈ្មោះ «រាមាយណ» ខ្មែររក្សានៅដដែល ឬក៏មានការកែប្រែខ្លះទៅហើយ តែបើលោតមកដល់សម័យកណ្តាល ជាពិសេសមកដល់ស.វ.ទី១៦ យើងដឹងច្បាស់ថាខ្មែរហៅរឿងនោះថា “រាមកេរ្តិ៍” រួចទៅហើយ។
ខ្ញុំសូមនិយាយយ៉ាងខ្លីពីរ-បីម៉ាត់អំពីឥទ្ធិពលដែលប្រទេសសៀមនិងប្រទេសខ្មែរទទួលពីគ្នាទៅវិញទៅមក។ ពីដើមឡើយ (ឧទាហរណ៍ ពីជំនាន់ចុងស.វ.ទី១៣ ដែលអាណាចក្រសុខោទ័យកកើតឡើង) សៀមទទួលឥទ្ធិពលវប្បធម៌ពីខ្មែរទៅខ្លាំងណាស់។ ជាបន្តបន្ទាប់ មកទៀត ថ្វីត្បិតតែខ្មែរចុះអន់ម្តងបន្តិចៗក្នុងវិស័យនយោបាយ, សេដ្ឋកិច្ច និងយោធា ឥទ្ធិពលវប្បធម៌ខ្មែរនៅតែមានពុំដាច់ទៅលើវាំងសៀម ទោះជាមកដល់សម័យអយុធ្យាដែលសៀមខ្លាំងក្លាពេញបន្ទុកហើយក្តី។ ក្រោយៗមកទៀតក៏ឥទ្ធិពលខ្មែរនៅតែមាន។ ប៉ុន្តែចាប់ពីស.វ.ទី១៤មកឥទ្ធិពលនោះពុំមែនមានតែមួយទិសទេ គឺថាពីសៀមមកខ្មែរវិញក៏មានដែរ ហើយមានរហូតមកដល់ដើមសម័យថ្មី។ ឃើញថាចាប់អំពីសម័យកណ្តាលមក ឥទ្ធិពលមានលើគ្នាទៅវិញទៅមក។
នៅសម័យកណ្តាលនោះសៀមស្គាល់រឿងរាមកេរ្តិ៍ដែរ ហើយនិយាយតាមសម្តីរបស់ខ្លួនថា «រ៉ាម៉ាកៀន» (ឯច្បាប់សរសេរមួយចប់រឿងពេញលេញគឺទាល់តែមកដល់ស.វ.ទី១៨ នៅក្រោមរាជការទី១)។ យ៉ាងណាក៏ដោយ រាមកេរ្តិ៍ល្បីល្បាញនៅប្រទេសសៀមខ្លាំងណាស់ដែរ ហើយមានគំនូរនៅតាមទីផ្សេងៗផង។
សេចក្តីពិចារណារបស់ខ្ញុំនៅទីនេះធ្វើឡើងទៅលើចំណុចមួយនៃគំនូរជញ្ជាំងថែវវត្តព្រះកែវនៅវាំងក្រុងបាងកក និងគំនូរជញ្ជាំងនៅវាំងភ្នំពេញ។ គំនូរទាំងពីរនេះគឺនៅក្រុងបាងកកកើតឡើងមុន។ រីឯចំណុចដែលលើកឡើងនេះគឺរូបក្រុងរាពណ៍។ ក្នុងរឿងរាមកេរ្តិ៍ជាអត្ថបទ រាពណ៍មានក្បាល១០ ដៃ២០ តែបើមើលគំនូរសៀមក្តី ខ្មែរក្តីវិញ មិនត្រូវគ្នានឹងការរៀបរាប់នេះទេ។ ក្នុងគំនូរសៀម រាពណ៍ គេគូរពណ៌បៃតង មានមុខតែ៧ ជួនកាលមានដៃ២០, ដៃ១៦, ដៃ១៤, ដៃ១០, ដៃ៨, ដៃ៤ ឬដៃ២។ ឯគំនូរខ្មែរវិញក៏ស្រដៀងគ្នានោះដេរ គឺរាពណ៍មានសម្បុរបៃតង មានមុខ៧ ដៃ៦, ដៃ៤ ឬដៃ២។
ឥឡូវគួរយើងទៅពិនិត្យរបៀបបង្ហាញក្រុងរាពណ៍ពីបុរាណកាលមុននោះមកទៀត។ បើ យកប្រភពដើមមកនិយាយ ពោលគឺឥណ្ឌា រូបលេខ១ បង្ហាញពីចម្លាក់ថ្មរូបរាពណ៍។ យើងឃើញថា គេឆ្លាក់ក្បាលរាពណ៍ទាំង១០មួយជួរផ្តេក ដោយក្បាលមួយជាប់ជាមួយដងខ្លួន ហើយក្បាល៩ដទៃទៀតភ្ជាប់បន្តបន្ទាប់គ្នាសងខាង ជួនកាលក្បាល៥ភ្ជាប់នៅចំហៀងខាងឆ្វេង ហើយក្បាល៤ទៀតភ្ជាប់នៅចំហៀងខាងស្តាំ ឬក៏បញ្ច្រាសមកវិញ។ បើមកដល់ចម្លាក់ខ្មែរ គួរយើងពិនិត្យរូបរាពណ៍ដែលឃើញនៅលើហោជាងមួយនៃប្រាសាទបន្ទាយស្រី ដែលសាងឡើងនៅស.វ.ទី១០ (រូបលេខ២)ព្រមទាំងចម្លាក់រូបរាពណ៍ដែលឃើញនៅរោងទងខាងលិច ចំហៀងខាងជើងនៃអង្គរវត្ត ដែលសាងឡើងនៅស.វ.ទី១២ (រូប លេខ៣)។ ទាំងពីរកន្លែងនោះគេឆ្លាក់ក្បាលរាពណ៍ទាំង១០បញ្ឈរត្រួតលើគ្នា។ ក្បាល នៅជាប់ដងខ្លួន និងនៅកណ្តាលមានមុខ៤ដូចគ្នា ចំណែកឯក្បាលខាងលើមានមុខ២។ ដោយសារវាំងបាងកកកើតមុនវាំងភ្នំពេញ យើងអាចសន្និដ្ឋានថា រូបរាពណ៍នៅវាំងសៀមនោះមានឥទ្ធិពលចេញត្រង់មកពីប្រាសាទបុរាណខ្មែរ។ ប៉ុន្តែ ខ្ញុំនៅឆ្ងល់ថា រាពណ៍នៅក្នុងចម្លាក់ខ្មែរបុរាណមានមុខ១០ ចុះហេតុអ្វីរាពណ៍នៅក្នុងគំនូរសៀមមានមុខតែ៧ គឺក្បាលនៅជាប់ដងខ្លួនមានមុខធំ១ ក្បាល កណ្តាលមានមុខ៤ ហើយក្បាលខាងលើមានមុខ២ (រូបលេខ៤)។ បើតាមអ្នកស្រាវជ្រាវខ្លះ គំនូរសៀមចាប់តាំងពីដំណាក់កាលទី២នៃរចនាបថអយុធ្យា (ពាក់កណ្តាលស.វ.ទី១៧)មក ទទួលឥទ្ធិពលពីមុខខ្មុករបាំ។ ការអះអាងនេះធ្វើឱ្យខ្ញុំចាប់អារម្មណ៍សង្កេតទៅលើមុខខ្មុកសៀម។ មុខរាពណ៍មាន៣ថ្នាក់។ ថ្នាក់ខាងលើមានមុខ២, ថ្នាក់កណ្តាលមានមុខ៤ ហើយថ្នាក់ក្រោមមានមុខ៤ដែរ តែមុខមួយធំ ហើយចំណែកមុខ៣ទៀត (ជួនកាលគេគូរថែម)តូចៗនៅខាងក្រោយ ។ បើរាប់ចំនួនមុខគឺមាន១០ តែប្រសិនបើមិនចាប់អារម្មណ៍ទេ គឺមើលឃើញតែមុខចំនួន៧ប៉ុណ្ណោះ (រូប លេខ៥)។ ម៉្លោះហើយ ពេលសិល្បករគូរចម្លងចូលគំនូរ គឺឃើញមុខសំខាន់ចំនួនតែ៧ទេ ឯមុខតូចៗ៣ទៀតនៅខាងក្រោយបត់មើលពុំឃើញ ព្រោះគំនូរបុរាណកម្របង្ហាញរូបតួអង្គពីខាងក្រោយ ណាស់។ ដូច្នេះ លក្ខណៈរូបរាងរាពណ៍នៅក្នុងគំនូរវាំងសៀមប្រហែលទទួលឥទ្ធិពលពីមុខខ្មុករបាំ។ រីឯមុខខ្មុកនោះពុំមែនកើតឡើងដោយឯកឯងទេ គឺយកគំនិតតាមចម្លាក់នៅប្រសាទបុរាណខ្មែរ។
ឥឡូវចូរពិចាណាលើរូបរាពណ៍ដែលគូរនៅវាំងខ្មែរវិញម្តង ដូចមានរូបលេខ៦ជាឧទាហរណ៍។ គំនូរខ្មែរបង្ហាញរូបក្រុងរាពណ៍នេះប្រហែលទទួលឥទ្ធិពលមកពីគំនូរសៀម ច្រើនជាងទទួលឥទ្ធិពលដោយផ្ទាល់ពីចម្លាក់នៅប្រាសាទបុរាណខ្លួនឯង។ ព្រោះប្រសិនបើគំនូរនេះទទួលឥទ្ធិពលពីចម្លាក់ប្រាសាទបុរាណ ក្រុងរាពណ៍គួរមានមុខ១០ មិនមែនមានតែមុខ៧ដូច្នេះទេ។ បានជាខ្ញុំហ៊ានអះអាងដូច្នេះ ព្រោះបើយើងពិនិត្យ មើលគំនូររូបក្រុងរាពណ៍របស់ លោកឧកញ៉ា ទេពនិម្មិត ម៉ក់ (ជាមេជាងគំនូរនៅព្រះរាជវាំង ខ្មែរ) គូរធ្វើជាគំរូឲ្យសិស្សនៅសាលារចនារៀនគូរនោះ គឺក្រុងរាពណ៍មានមុខ១០ដូចទៅនឹងចម្លាក់នៅប្រាសាទអង្គរវត្តដែរ (រូបលេស៧)។ ប៉ុន្តែមានហេតុផលមួយទៀតគួរគិត គឺគំនូររូបក្រុងរាពណ៍នៅព្រះរាជវាំងខ្មែរអាចចម្លងពីមុខខ្មុករបាំបុរាណខ្មែរដែរ (រូបលេខ៨)។