ដោយ ព្រាប ចាន់ម៉ារ៉ា
ម្ហូបអាហារផ្សេងៗដែលយើងទទួលទានរាល់ថ្ងៃនេះ គឺជាធម្មតាគេតែងខ្វល់ខ្វាយសម្រិតសម្រាំងខ្លាំងទៅលើរសជាតិ ត្បិតគោលបំណងធំបំផុត គឺធ្វើម្តេចឱ្យម្ហូបឆ្ងាញ់ដើម្បីទទួល ទានបាយឆ្ងាញ់បានបរិបូណ៌។ ពាក្យថា “ឆ្ងាញ់បាយ” គឺមកពីម្ហូប “ត្រូវមាត់” ឬ “ចាប់មាត់” នេះឯងហើយ។ ប៉ុន្តែជាញឹកញយយើងសង្កេតឃើញថា ក្រៅពីធ្វើឱ្យឆ្ងាញ់មាត់ គេតែងយកចិត្តទុកដាក់ លើសោភ័ណភាពទៅទៀត។ នៅទីនេះខ្ញុំសូមលើកយកម្ហូបពីរមុខមកបង្ហាញ ដើម្បីធ្វើជាឧទាហរណ៍៖ បើមើលនៅរូបលេខ១ ឃើញថាជាទំពាំងដែលគេឆ្លាក់ជារូបផ្សេងៗ មានរូបត្រី, ផ្លិត, ស្លឹក , ផ្កាភ្ញីជាដើម។ ឯនៅរូបលេខ២ ជាខសាច់ជ្រូកជាមួយទំពាំង, ពោលគឺ ទំពាំងដែលគេឆ្លាក់ ដូចឃើញនៅរូបលេខ១អម្បាញ់មិញនេះឯង។ មើលម្ហូបនេះទៅ យើងយល់ហើយថា មិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ គឺថែមទាំងល្អស្រស់ចាប់ភ្នែកទៀតផង។ ឥឡូវចូរយើងមើលរូបលេខ៣ ដែលបង្ហាញពីការរចនាផ្លែល្ហុងនិងមើមការ៉ុត។ គេឆ្លាក់ចម្រៀកល្ហុងនិងមើមការ៉ុតនោះធ្វើជាផ្កាចម្ប៉ានិងផ្កាផ្សេងៗទៀត។ រូបលេខ៤ បង្ហាញពីរូបផ្កាចម្ប៉ាដដែលនោះ ដែលបន្ទាប់មកគេយកកំណាត់ស្លឹកខ្ទឹមមកដោតធ្វើជាទង។ ពុំតែប៉ុណ្ណោះគេយកគល់ខ្ទឹមមកច្រៀកបំបែកធ្វើជាផ្កា ដាក់ជិតគ្នានោះជាលម្អ មើលទៅ ឃើញហាក់ដូចជាផ្កាស្រស់ពិតៗក្នុងធម្មជាតិដូច្នោះ។ នេះជាជ្រក់ល្ហុងនិងការ៉ុត ដែលយើងឃើញថាមានការផ្ចិតផង់ យកចិត្តទុកដាក់ធ្វើខ្លាំងណាស់, មើលតែក្នុងរូបនេះទៅក៏ឃើញថាជាទីត្រកាលភ្នែកពន់ពេក។
តាមពិតទៅ ម្ហូបទាំងពីរមុខខាងលើនេះ គេសម្រិតសម្រាំងឡើងដើម្បីធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃក្នុងឱកាសបុណ្យទាន។ យើងអាចសង្កេតឃើញម្ហូបចំណីដទៃទៀតច្រើនមុខនៅពេលមានពិធីបុណ្យផ្សេងៗ ដែលគេធ្វើឱ្យមានសោភ័ណភាពល្អលើសពីរបស់សម្រាប់បរិភោគក្នុងពេលធម្មតា។ នេះខ្ញុំមិននិយាយអំពីចំណីអាហារដែលគេធ្វើសម្រាប់លក់ដូរឱ្យទាក់ចិត្តអ្នកទិញទេ គឺខ្ញុំលើកយកតែអ្វីដែលជាទម្លាប់ពិសេសនៅក្នុងការរស់នៅរបស់អ្នកស្រុកមកបង្ហាញប៉ុណ្ណោះ។ ម៉្យាងវិញទៀតសូមជ្រាបថា ម្ហូបអាហារណាដែលមានលក្ខណៈជាសក្ការៈកាន់តែខ្លាំង ដូចជាចង្ហាន់លោក ឬដង្វាយព្រះជាដើម គឺគេកាន់តែយកចិត្តទុកដាក់សម្រិតសម្រាំងខ្លាំងថែមទៀត។
ពោលសរុបទៅ ម្ហូបពីរមុខដែលយកមកបង្ហាញនេះ ជាឧទាហរណ៍ថា គេមិនត្រឹមតែធ្វើយ៉ាងណាឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ពិសាតែម៉្យាងប៉ុណ្ណោះទេ គឺគេផ្ចិតផ្ចង់ឱ្យវត្ថុជាម្ហូបនោះមានសម្រស់, ឱ្យមើលទៅឃើញល្អពិចិត្រគួរចង់ទទួលទានផង សមដូចពាក្យដែលគេនិយាយថា “ល្អមើល ល្អស៊ី”។