ដោយ ព្រាប ចាន់ម៉ារ៉ា
នៅតាមព្រះវិហារនានា យើងតែងឃើញមានគំនូររៀបរាប់អំពីពុទ្ធប្រវត្តិ និងរឿងទាំងឡាយក្នុងជាតក ឬក៏រឿងអ្វី ផ្សេងដែលទាក់ទងនឹងព្រះពុទ្ធសាសនាផង ក្រៅពុទ្ធសាសនាផង។ បើសង្កេតមើលគំនូរដែលនិយាយពីពុទ្ធប្រវត្តិ ឃើញថា មានលំដាប់លំដោយតាមដំណើររឿង តាំងពីព្រះអង្គទ្រង់ប្រសូតរហូតដល់ចូលព្រះបរិនិព្វាន (ឬក៏វែងជាងនេះបន្តិចក៏មាន) ទោះបីគំនូរនោះលើកយកតែចំណុចសំខាន់ៗមកបង្ហាញក៏ដោយ។ ជាធម្មតា គំនូរពុទ្ធប្រវត្តិមានច្រើនផ្ទាំងគួរសមដែរ ប៉ុន្តែនៅទីនេះ ខ្ញុំលើកយកតែគំនូរដែលនិយាយពីនាយចុន្ទប៉ុណ្ណោះមកបរិយាយ។
តាមសេចក្តីក្នុងពុទ្ធប្រវត្តិដែលខ្មែរយើងដឹងឮសព្វថ្ងៃនេះថា នាយចុន្ទគឺជាជាងដែកម្នាក់ដែលមានចិត្តជ្រះថ្លាចំពោះ ព្រះពុទ្ធអង្គ ហើយបានធ្វើចង្ហាន់អំពីសាច់ជ្រូកថ្វាយព្រះអង្គ សោយ។ ចង្ហាន់នេះហើយដែលព្រះអង្គសោយទៅបណ្តាល ឱ្យប្រឈួនរហូតដល់ចូលព្រះនិព្វាន។
មានអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនា ដូចជាអ្នកស្រី Ginette Martini ជាដើម ដែលបានសិក្សាអំពីរឿងនាយចុន្ទ ហើយសរសេរអត្ថបទដែលមានឈ្មោះថា Un jataka concernant le dernier repas du Buddha ( BEFEO LIX, Paris 1972) ។ ក្នុងនោះ អ្នកស្រីអធិប្បាយថា តាមគម្ពីរបាលី (គម្ពីរដែលគេទទួលស្គាល់ ហើយដែលចាស់) គឺគេពុំដឹងច្បាស់ថាព្រះអង្គសោយអ្វីជាប្រាកដដែលធ្វើឱ្យប្រឈួននោះទេ។ រីឯការ ដែលនិយាយរៀបរាប់ពីនាយចុន្ទធ្វើចង្ហាន់អំពីសាច់ជ្រូកថ្វាយព្រះអង្គនោះ គឺមាននៅក្នុងអដ្ឋកថា ដែលជាអត្ថបទបន្ថែមក្រោយដោយព្រះមហាថេរចាស់ៗនៅស្រីលង្កាសម័យបុរាណ។ គម្ពីរព្រះត្រៃបិតកដែលមានការផ្ទៀងផ្ទាត់បន្ថែមក្រោយនេះឯងហើយ ដែលគេផ្សព្វផ្សាយចូលមកតំបន់ឥណ្ឌូចិន មានភូមា, សៀម, លាវ, ខ្មែរជាដើមនេះ។ អ្នកស្រាវជ្រាវខាងលើនេះបានសិក្សាលើសាស្ត្រាមួយចារជាអក្សរខ្មែរ តែជាភាសាបាលី (ដែលគេរក្សាទុកនៅក្រុងបាងកក) មាននិយាយពីរឿងនាយចុន្ទថា នៅពេលនាយចុន្ទ យកចង្ហាន់ដែលធ្វើពីសាច់ជ្រូកមកថ្វាយ ព្រះអង្គសូមឱ្យនាយចុន្ទថ្វាយចង្ហាន់នោះចំពោះតែព្រះអង្គឯងគត់។ នៅសល់ប៉ុន្មានទៀតព្រះអង្គសូមកុំឱ្យប្រគេនទៅភិក្ខុណាឡើយ គឺសូមឱ្យយកទៅកប់ចោល។ លុះព្រះអង្គសោយចង្ហាន់នោះហើយ ក៏បណ្តាល ឱ្យប្រឈួនធ្លាក់ព្រះលោហិតតាមព្រះឱសមកភ្លាម។ អ្នកផងទាំងពួងយល់ថាចង្ហាន់របស់នាយចុន្ទនេះហើយដែលធ្វើឱ្យព្រះអង្គប្រឈួន។ ពេលនោះព្រះអង្គក៏ទ្រង់សម្តែងថា កាលពីព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ មានជាតិមួយនោះបានទៅកើតក្នុងគ្រួសារអ្នកក្រីក្រមួយ។ ក្រោយមកឪពុកក៏ស្លាប់ចោលទៅ កូននោះរស់នៅនឹងម្តាយរហូតដល់ធំពេញកម្លាំង។ គ្រាមួយមានកូនយក្ស វេស្សវ័ណមួយដើរធ្វើបាបអ្នកស្រុកនគរពារាណសី ហើយស្តេចនៃនគរ នេះអំពាននាវរកអ្នកខ្លាំងពូកែដើម្បីកម្ចាត់យក្សនោះ។ ម្តាយព្រះពោធិសត្វជ្រាបដំណឹងនេះក៏ប្រាប់ទៅគេថា ខ្លួនមានកូន ដែលប្រកបដោយប្ញទ្ធិខ្លាំងពូកែ។ ស្តេចប្រទានប្រាក់ឱ្យព្រះពោធិសត្វ១០០០កហាបណៈ ហើយព្រះពោធិសត្វក៏ទៅ ប្រយុទ្ធលុះត្រាសម្លាប់យក្សនោះបាន។
ការដែលព្រះអង្គសម្លាប់យក្សពីអតីតជាតិនោះហើយ ធ្វើឱ្យជាប់កម្មពៀរដល់គ្រានេះ។ យក្សនោះមកកើតជា សត្វជ្រូកឱ្យនាយចុន្ទសម្លាប់យកសាច់ធ្វើជាចង្ហាន់ថ្វាយព្រះអង្គ។ ម៉្យាងវិញទៀតសូមយល់ថា ដើម្បីនឹងព្រះ អង្គយាងចូលព្រះបរិនិព្វាន លុះណាតែព្រះអង្គជម្រះឱ្យអស់កម្មពៀរជាមួយសព្វសត្វទាំងពួងដែលព្រះអង្គជាប់ជំពាក់ ជាមុនសិន។ ដូច្នេះសត្វជ្រូកនេះឯង (អតីតជាតិជាយក្ស) ដែលត្រូវបញ្ចប់ពៀរវេរាជាចុងក្រោយបំផុតរបស់ព្រះអង្គ។
គួរកត់សម្គាល់ថា គំនូរនៅតាមព្រះវិហារមួយចំនួនក្នុងស្រុកខ្មែរ បង្ហាញរូបនាយចុន្ទនិងក្រុមគ្រួសារក្រោម រូបភាពជាជនជាតិចិន កំពុងរៀបចំចង្ហាន់ថ្វាយព្រះនៅក្នុងផ្ទះមួយ (រូបលេខ១-៣)។ វត្តខ្លះមិនត្រឹមតែគូររូបនាយចុន្ទនិងគ្រួសារជាចិនប៉ុណ្ណោះទេ ថែមទាំងគូរចង្ហាន់ដែលនាយចុន្ទថ្វាយព្រះនោះ ជាក្បាលជ្រូកទាំងមូលតែម្តង (រូបលេខ៤-៥)។ រីឯរូបខ្លះទៀត សូម្បី តែរបស់របរប្រើប្រាស់និងផ្ទះសម្បែងរបស់នាយចុន្ទក៏រៀបចំតាមរបៀបចិនពិតៗដែរ (រូបលេខ៦)។
គំនូរដែលនិយាយពីនាយចុន្ទដូចខាងលើនេះ ធ្វើឱ្យយើងឆ្ងល់ថា ហេតុអ្វីក៏គេគូររូបនាយចុន្ទជាជនជាតិចិន? ដ្បិតគ្មានគម្ពីរឬសំណេរណាមួយសោះដែលនិយាយថា នាយចុន្ទជាចិន។ ឬមួយខ្មែរទូទៅគិតថាអ្នកដែលកាប់ជ្រូក ឬអ្នកលក់សាច់ជ្រូក និងចូលចិត្តទទួលទានសាច់ជ្រូកគឺជាជនជាតិចិន ដូចដែលយើងឃើញសព្វថ្ងៃនេះ?