ដោយ ព្រាប ចាន់ម៉ារ៉ា
នៅតាមជញ្ជាំងព្រះវិហារវត្ត ជាពិសេសបើវត្តនោះរបៀបបុរាណផង យើងតែងឃើញគំនូរដែលបង្ហាញពីជាតិសាសន៍នានាដែលខ្មែរស្គាល់។ ទោះបីរឿងនោះជាពុទ្ធប្រវត្តិក្តី, ជាតកក្តី, រាមកេរ្តិ៍ក្តី ក៏អ្នកគូរឆ្លៀតបង្ហាញយ៉ាងណាឲ្យឃើញថាពលរដ្ឋនៅនគរនីមួយៗតែងមានជាតិសាសន៍ខុសៗគ្នាដែរ។ បើយើងមើលរូបលេខ១ ដែលបង្ហាញអំពីល្បែងក្នុងពិធីបុណ្យមួយ ឃើញថាអ្នកសម្តែងភាគច្រើនជាខ្មែរ តែអ្នកគុនលំពែងមើលទៅសមតែជាជ្វា។ បើគេគូរអំពីពុទ្ធប្រវត្តិវិញ ភាគច្រើនគេពុំដែលចោលទេ ផ្នែកខាងចុងដែលនិយាយអំពីការចែកព្រះសារីរិកធាតុទៅពុទ្ធសាសនិកដែលមកពីទិសទីផ្សេងៗ។ នៅរូបលេខ២ យើងឃើញថាជាតិសាសន៍ ដែលមកទទួល មានឥណ្ឌាច្រើនសាសន៍, ចិន និងខ្មែរ។ រីឯរូបលេខ៣ ថែមទាំងឃើញមានអារ៉ាប់និងសាសន៍ស្បែកសទៀតផង។ បើយករូបលេខ៤មកមើល គឺកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនោះទៅទៀត ត្បិតជាងគំនូរធ្វើការបកស្រាយផ្នែកចុងក្រោយនៃពុទ្ធប្រវត្តិនេះ តាមព្រឹត្តិការណ៍នយោបាយអន្តរជាតិនៃប្រទេសកម្ពុជានាទសវត្ស១៩៦០ ដែលខ្លួនធ្លាប់បានដឹងឮផង ត្បិតនៅខាងឆ្វេង មនុស្សដែលឈរនៅជួរទីមួយនិងជួរទី២ សុទ្ធសឹងជាប្រមុខរដ្ឋ ឬឥស្សរជនកំពូលនៃប្រទេសកម្ពុជា, ឥណ្ឌូនេស៊ី, ភូមា, សហភាពសូវៀត, ឥណ្ឌា, សហរដ្ឋអាមេរិក និងចិនប្រជាមានិត។ រូបលេខ៥ ក៏នៅក្នុងពុទ្ធប្រវត្តិដែរដូចមានចំណងជើងនៅក្រោមនោះស្រាប់។ យើងឃើញថាគេគូរនគរនោះលំនាំជានគរខ្មែរ ឯមនុស្សម្នាវិញក្រៅអំពីខ្មែរ ឃើញមានចិនផង។ ក្នុងជាតកវិញ (រូបលេខ៦) ក៏ពុំខុសអ្វីពីនោះដែរ ព្រះមហោសថព្រមទាំងអ្នកហែហមគូរបង្ហាញក្រោមរូបភាពជាខ្មែរ រីឯជនជាតិមួយក្រុមទៀតដែលជាគូបដិបក្ខភ្នាល់ប្រស្នាគ្នាដាក់នគរនោះ គេគូរជាមនុស្សយួន។ បើចោលភ្នែកតែមួយភ្លែតទៅលើរូបលេខ៧ ស្រង់ចេញពីរឿងរាមកេរ្តិ៍ យើងអាចច្រឡំថាគេគូររូបអ្នកជិះសំពៅកណ្តាលមហាសាគរនោះជាយួនដែរ តែបើពិនិត្យបន្តិចទើបឃើញថាជាទ័ពស្វាដែលពាក់ដួន ក្រោមរូបភាពជាចិនទៅវិញទេ ដោយយោងទៅក្បូរក្បាច់លើសំពៅនោះ។ ណាមួយទៀត ចំពោះខ្មែរ តែកាលណានិយាយពីសំពៅបរកាត់សមុទ្រ តែងតែទាក់ទងទៅនឹងចិន។ រូបលំដាប់អំពីនេះតទៅសុទ្ធសឹងនិយាយរឿងរាមកេរ្តិ៍ទាំងអស់។ រូបលេខ៨-៩ បង្ហាញឲ្យឃើញមនុស្សនានាដែលយើងអាចកាត់យល់ថា មានខ្មែរ, ភូមា, អារ៉ាប់, ចិន និងសៀមជាដើម ព្រមទាំងសាសន៍ខ្លះទៀតមិនដឹងជានរណា។ រីឯរូបលេខ១០-១៣ ដែលបង្ហាញពីទ័ព ក៏ឃើញថាឯកសណ្ឋានខុសៗគ្នានោះទាក់ទងទៅនឹងជាតិសាសន៍ដែលខុសគ្នាដែរ។ រូបលេខ១៤ ពុំដឹងជាមានន័យអ្វីវែងឆ្ងាយឬអត់ តែយើងឃើញថា សេនាយក្សដែលជិះសេះកាន់ដាវ សុទ្ធតែមានសញ្ញាខ្វែងនៅលើមួកបញ្ជាក់ថាកាន់សាសនាយេស៊ូ។
ពោលមកនេះគឺសង្ខេបអំពីគំនូរដែលឃើញនៅតាមវត្ត។ បើយើងមើលសាស្ត្រារឿងពីមុនៗ មក កុំថាឡើយត្រឹមរឿងធម្មតាដូចជាព្រះជិនវង្ស ឬរឿងអ្វីខ្លីៗជាងនោះទៀត សូម្បីតែក្នុងរឿងព្រះវេស្សន្តរជាតក ក៏តែងតែមានរៀបរាប់ពីការហែក្បួន ទោះជាក្បួននោះមានលក្ខណៈជាទ័ព ឬជាក្បួនពិធីក៏ដោយ។ ការរៀបរាប់ក្បួននោះហាក់បីដូចជាធ្វើឡើងនៅក្នុងអាណាចក្រខ្មែរដូច្នោះ គឺថាតែងមានស្តេចខ្មែរ រីឯអ្នកហែក្តី រាស្ត្រសាមញ្ញក្តី ក្រៅអំពីខ្មែរតែងតែរៀបរាប់សាសន៍ជិតខាង ឬសាសន៍នៅទីឆ្ងាយៗផង។ បើមើលរឿងទាំងអស់នោះឲ្យបានច្រើន យើងអាចសង្ខេបមកថា កាលពីមុនមក ដែលហៅថានគរខ្មែរ គឺប្រទេសមួយដែលមានស្តេចខ្មែរសោយរាជ្យគ្រប់គ្រងរាស្ត្រប្រជាទូទៅជាធម្មតា។ ឯរាស្ត្រប្រជានោះភាគច្រើនបំផុតជាខ្មែរដូច្នោះមែនហើយ តែមានជនជាតិដទៃទៀត ដូចជាសៀម, យួន, ចាម្ប, ជ្វា, ព្នង, កួយ, សម្រែ៘
ខាងក្រោមនេះខ្ញុំសូមលើកយកសម្រង់ខ្លីៗពីរ។ ទី១ ដកស្រង់ចេញពីរឿងភោគកុលកុមារ ត្រង់ឈុតមួយដែលមានក្បួនដង្ហែស្តេច។ សម្រង់ទី២បន្ទាប់មក គឺដកស្រង់ចេញពីល្បើកអង្គរវត្ត ពោលគឺកាព្យមួយវែងដែលគេលើកឡើងនៅស.វ.ទី១៨។ ឈុតដែលស្រង់មកនោះនិយាយពីជាតិសាសន៍នានាដែលព្រះពិស្ណុការកែនយកមកសាងអង្គរវត្ត។ ឈ្មោះជាតិសាសន៍ផ្សេងៗក្នុងកំណាព្យទាំងពីរនេះ យើងបញ្ជាក់ដោយអក្សរមូល។ ម៉្យាងទៀត ខ្ញុំដឹងថា មានពាក្យច្រើនទៀតដែលច្បាស់ជាឈ្មោះជាតិសាសន៍មនុស្ស ប៉ុន្តែដោយសារខ្ញុំមិនច្បាស់ ខ្ញុំមិនហ៊ានធ្វើការបកស្រាយឡើយ ហើយទុកឲ្យនៅជាអក្សរជ្រៀងដដែល។
១- រឿងភោគកុលកុមារ ៖
ទោះ ចិនចាម្បជ្វា បារាំងលន្ទា បរទេសសៃសាយ
លើកទៅចោមចាប់ សម្លាប់ខ្ចាត់ខ្ចាយ កុំគិតមើលងាយ
ប្រហែសនឹងវា។
សានា ភូមា និរភ័យ សឹងកាន់ទង់ជ័យ បញ្ឈរបញ្ឈប់ត្រាត្រៀម។
អណ្ដាប់នោះសោតសឹង សៀម រាយរៀបមេរៀម ដាក់លើដំរីផ្គងផ្គូ។
សេនា ខ្មែរ សឹងកាន់ធ្នូ ចេះបាញត្រង់ត្រូវ មុតមែនក្វែនស្ទាត់តម្រង់។
អណ្តាប់នោះ ចិនហៃហុង រឹងរូសទ្រនង់ ករកាន់ដាវខ្លីខែលស្រាង។
ប៉ែកស្តាំសោតសឹង បារាំង ករកាន់ស្នាប់បាំង ម្នោម្នះក្រៃលែងមហិមា។
អណ្តាប់នោះសឹង កូឡា កាន់សំសែងារ គ្រវីពព្លាមពន់ពេក។
អណ្តាប់នោះសេនា ខែក កាន់សេឡោស្បែក នូវដាវកូនស្រាលងងា។
ប៉ែកឆ្វេងសោតសឹងសេនា យួន យកអាសា ករកាន់កាំភ្លើងស្នូកកោង។
សេនា ជ្វា គាតក្រអោង ជួតក្បាលសំពោង ករកាន់នូវក្រឹសគ្រប់ដៃ។
សេនា ចាមច្បិន ហ៊ានក្រៃ កាន់កាំភ្លើងដៃ បញ្ឈរច្រូងច្រាងប្រទាស់។
ទ័ពនូន លន្ទា ស្ទាត់ណាស់ កាន់កាំភ្លើងរះ របបរបៀបបីសំញែង។
សេនា យីពុន ខះខែង ករកាន់ដាវវែង គ្រវីគឃ្លើនគឃ្លាវ។
អណ្តាប់នោះសេនា លាវ កាន់លំពែងសាវ ចាមរីចងចុងរន្ទាល។
សេនា មន នៅកណ្តាល ជិតជើងគជសារ គជេន្ទ្រទីនាំងក្សត្រា។
កាន់ស្នែងក្របីងងា ខ្លះកាន់គ្រទា ខ្លះកាន់ដបខចាំបែរ។
ខ្លះកាន់តូរ្យតន្ត្រីត្រែ ស័ង្ខសឹងដើរហែ អណ្តាប់អណ្តោយរៀងគ្នា។
ខ្លះទៅប្រញាប់ ដង្ហោយប្រាមប្រាប់ រាស្ត្រប្រជាជន
ចាម្បចិនកួយតាំង បារាំងយីពុន យួនលាវសៀមល-
ន្ទា ទាំង ភូមា។
២- ល្បើកអង្គរវត្ត ៖
ទើបឲ្យកែនពល រវាតរវល់ វឹកវរអឺងកង
ប្រាំពិលរង្វាស់ នគរធំផង បានស្រេចហើយហោង
សព្វបរទេសា។
ខ្មែរសៀមភូមា មនលាវលន្ទា ជ្វាចាម្បលង្កា
យួនចាស់កៃសើន ច្រើនណាស់ត្រៀបត្រា ការៀងហង្សា
ទាំង ក្លឹង្គ ខែតខ្មាំង។
បារាំងស្ទៀងព្នង ទំពួនព្នងផង ច្រើនក្រៃត្រឡាំង
ចិនកហុកកៀន ទាជីវកោយតាំង ទាំង កួយស្មូនឆ្នាំង
ហៃហុង ទទាំងកៀរ។
យីពុនឈៀងម៉ៃ រខើងក្រាសក្រៃ មីមើកគកៀ
ទាំងកួយ ពាណឹង ខែកកូឡាប្អៀរ កួយដែកកន្ទេល
រដាក សៀម ផង។
ឈ្មោះជាតិសាសន៍ខ្លះនៅទីនេះពុំចាំបាច់មានសេចក្តីពន្យល់ឡើយ ព្រោះយើងធ្លាប់ស្គាល់មកជាធម្មតា ប៉ុន្តែមានឈ្មោះមួយចំនួនដែលគួរមានអធិប្បាយបន្តិចបន្តួច។ ឈ្មោះនោះគឺ ៖
- បារាំង ៖ ពីជំនាន់មុន ដែលហៅថា “បារាំង” គឺសំដៅទៅលើជាតិសាសន៍អឺរ៉ុបពីរ។ មួយគឺ សាសន៍អេស្ប៉ាញ៉ុល ឯមួយទៀតគឺ សាសន៍ប៉ទុយហ្គេ។ នេះមកអំពីសាសន៍ស្បែកសដែលចូលមកស្រុកខ្មែរខ្ទរខ្ទារមុនដំបូងនៅចុងស.វ.ទី១៦ គឺក្រុមទាំងពីរនេះឯងហើយ។ ចូលមកនោះ ពុំមែនមកស្នាក់អាស្រ័យធម្មតាឡើយ គឺមកទាក់ទងដល់វាំងស្តេចតែម្តង។ កាលដែល សៀមវាយបន្ទាយលង្វែករលំនៅចុងស.វ.ទី១៦ គឺពួកអេស្ប៉ាញ៉ុលនាំព្រះបាទសត្ថា ភៀសខ្លួនទៅស្រុកលាវ ហើយក្រោយមកព្រះអង្គសុគតនៅទីនោះ។ ក្រោយមកមានសាសន៍ស្បែក សផ្សេងទៀតមកប្រទេសកម្ពុជា ហើយមិនយូរមិនឆាប់ ក្លាយខ្លួនទៅជាអាណាព្យាបាល លើប្រទេសកម្ពុជាផង។ សាសន៍នោះគេហៅខ្លួនគេថា Français ហេតុនេះខ្មែរក៏ហៅគេថា “បារាំងសេស” មិនថា “បារាំង” ខ្លីទទេដូចសព្វថ្ងៃឡើយ ព្រោះខ្លាចច្រឡំនឹងសាសន៍ទាំងពីរដូចពោលខាងលើ។ យូរៗទៅដោយស្បែកសស្ទើរតែទាំងអស់នៅប្រទេសកម្ពុជា (ជាពិសេសនៅស.វ.ទី១៩និងទី២០) សុទ្ធសឹងជាពួកបារាំងសេសនោះ ខ្មែរក៏និយាយកាត់ទៅរកទម្លាប់ធ្លាប់មានពីមុនមកថា បារាំងៗ ដូច្នេះទៅ។
- លន្ទា ៖ ឈ្មោះនេះសំដៅទៅលើសាសន៍សដែលមកពីប្រទេសហូឡង់ដ៍ (Holland ឬ Netherlands) ដោយសារខ្មែរនិយាយតាមពួកម៉ាឡាយូដែលហៅសាសន៍នោះថា Belanda។ ប្រវត្តិពួកលន្ទាខ្លីទេនៅប្រទេសកម្ពុជា គឺថាពួកនេះចូលមកក្រោយបន្តិចពីពួកអេស្ប៉ាញ៉ុលនិងពួកប៉ទុយហ្គេ តែរស់នៅស្រុកខ្មែរពុំបានយូរឡើយ ដោយសារមានការលួចកាប់សម្លាប់។
- កូឡា ៖ យើងសង្កេតឃើញថាក្នុងពាក្យកាព្យនេះមានប្រើពាក្យថា “ភូមា” ផង “កូឡា” ផង។ កូឡាមិនមែនជាជនជាតិភាគច្រើននៃប្រទេសភូមាទេ គឺជាជនជាតិភាគតិចមួយក្រុមដែលរស់នៅប្រទេសភូមាផង ប្រទេសថៃឡង់ដ៍ផង ប្រទេសកម្ពុជាផង (ជាពិសេសនៅតំបន់ប៉ៃលិន)៘
ខែក ៖ ពាក្យថា “ឥណ្ឌា” ពីមុនមកខ្មែរពុំស្គាល់ទេ ហើយហៅជាទូទៅថា “ក្លឹង្គ” ដោយសារឈ្មោះនេះជាឈ្មោះរដ្ឋមួយនៃប្រទេសឥណ្ឌា ដែលសព្វថ្ងៃហៅថា Orissa ។ រីឯពាក្យថា “ខែក” ប្រហែលសំដៅទៅលើជាតិសាសន៍ណាមួយនៃប្រទេសឥណ្ឌានេះដែរ តែខ្ញុំពុំដឹងថាជាតិសាសន៍ណាមួយប្រាកដ។/p>
- ចិន
៖ នៅទីនេះយើងឃើញថាខ្មែរយល់ថាចិនមានច្រើនបែបដែរ ត្បិតមានឈ្មោះថា “ចិនហុក កៀន”, “ចិនហៃហុង”, “ចិនទាជីវ” និង “ចិនកួយតាំង” (ឬ “ចិនកោយតាំង” ) ផង។ ឈ្មោះខាងក្រោយនេះ ប្រហែលជាសំដៅទៅលើចិន ដែលសព្វថ្ងៃយើងហៅថា “ចិនកន្តាំង” នេះ ឯងហើយ។
- ការៀង ហង្សា ៖ សព្វថ្ងៃ “ការៀង” ជាជនជាតិភាគតិចដែលរស់នៅប្រទេសភូមា។ រីឯពាក្យថា “ហង្សា” នៅទីនេះ គឺសំដៅទៅលើ “ហង្សវតី” ដែលជាឈ្មោះអាណាចក្រមនមួយនៅជំនាន់បុរាណ។ ដូចយើងដឹងស្រាប់ហើយ អាណាចក្រមនរលាយចូលទៅក្នុងប្រទេសភូមាមួយភាគធំ ហើយមួយភាគទៀត សព្វថ្ងៃនៅក្នុងទឹកដីប្រទេសថៃឡង់ដ៍។
- យួនចាស់កៃសើន ៖ ឈ្មោះនេះ តាមអ្នកស្រាវជ្រាវយល់ គឺសំដៅទៅយួនមួយពួកដែលហៅថា “តៃសឺន”។
- ឈៀងម៉ៃ ៖ បានជានៅក្នុងល្បើកអង្គរវត្តមានពាក្យថា សៀម ផ្សេង ឈៀងម៉ៃ ផ្សេង មកអំពីជំនាន់នោះ ឈៀងម៉ៃ នៅក្នុងនគរមួយដាច់ដោយឡែកហៅថា “លានណា” (សៀម អានថា ឡានណា)។
- ប្អៀរ ៖ ឈ្មោះនេះមាននៅក្នុងស្រុកមួយហៅថា “រលាប្អៀរ” នៃខេត្តកំពង់ឆ្នាំង។ អ្នកខ្លះយល់ថាសំដៅលើជនជាតិ “ព័រ”។ ខ្ញុំពុំហ៊ានអះអាងអ្វីទេនៅទីនេះ គ្រាន់តែឆ្ងល់ថា បើខ្មែរហៅថា “ប្អៀរ” យ៉ាងនេះ ហេតុអ្វីក៏មានពាក្យថា “ព័រ” ដែរ?
- កួយពាណឹង ៖ យើងសង្កេតថា ក្នុងល្បើកអង្គរវត្តគេចែកថាមានកួយដែក, កួយកន្ទេល, កួយស្មូនឆ្នាំង ដូចយើងនៅស្គាល់ដល់សព្វថ្ងៃ។ ពាក្យថា “កួយពាណឹង” នៅទីនេះ ប្រហែលជាសំដៅទៅក្រុមកួយម៉្យាងដែរ ត្បិតកួយជាជាតិសាសន៍មួយធំណាស់ រស់នៅប្រទេសកម្ពុជាផង, ប្រទេសថៃឡង់ដ៍ផង ព្រមទាំងប្រទេសលាវទៀត។
យើងសង្កេតឃើញថា ល្បើកអង្គរវត្តមាននិយាយពីជនជាតិភាគតិចដែលនៅក្នុងអម្បូរភាសាមន-ខ្មែរ ហើយដែលរស់នៅប៉ែកឦសានប្រទេសកម្ពុជាខ្លះៗដែរ គឺព្នង, ទំពួន, ស្ទៀង។ ម៉្យាងទៀត ដូចខ្ញុំបានពោលមកពីលើរួចហើយ ឈ្មោះជាតិសាសន៍នានានៅមានច្រើនទៀតក្នុងសម្រង់កាព្យទាំងពីរនេះ ប៉ុន្តែខ្ញុំពុំហ៊ានអះអាងអ្វីដោយសារខ្ញុំពុំច្បាស់។