ដោយ ជី រដ្ឋា
ជាតិសាសន៍នៅលើដីនេះច្រើនណាស់ដែលលេងល្បែងទាញព្រ័ត្រ ជួនកាលគូបដិបក្ខនោះសុទ្ធតែប្រុស ជួនកាលក្រុមប្រុសប្រកួតគ្នាជាមួយក្រុមស្រី។ ខ្ញុំពុំដឹងថា បើនិយាយទូទៅ នេះគ្រាន់តែជាល្បែងកម្សាន្ត ឬក៏អាចមានន័យអ្វីលើសពីនោះទៅទៀត។ បើនិយាយពីខ្មែរ គឺមានទាំងពីរ។
ខ្មែរនិយមលេងទាញព្រ័ត្រនៅពេលចូលឆ្នាំ។ បើយើងពិនិត្យមើលល្បែងជាប្រពៃណីទាំងអស់ ដែលគេលេងក្នុងឱកាសនោះ យើងសង្កេតឃើញថា ទីមួយជាការប្រកួតគ្នាយកឈ្នះចាញ់ ទីពីរ បើនិយាយជាទូទៅ តែងតែក្រុមម្ខាងជាប្រុស ក្រុមម្ខាងទៀតជាស្រី។ ល្បែងទាំងនោះមានដូចជាបេះអង្គុញ, ចោលឈូង, ទាញព្រ័ត្រនេះឯង។ ដើម្បីលេងគេត្រូវមានខ្សែធ្វើជា «ព្រ័ត្រ» ហើយខ្សែនោះអាចធ្វើពីស្បែកគោ, ស្បែកក្របី, ពួរធ្វើពីផ្តៅ...។ ព្រ័ត្រនោះជួនមានទំហំប៉ុនកដៃក្មេង និងមានប្រវែងវែងឬខ្លីស្របទៅនឹងចំនួនអ្នកចូលរួមលេង។ គេមិនប្រកាន់ថាក្មេង, ចាស់, ប្រុស, ស្រីទេ ឱ្យតែមានកម្លាំងគឺអាចលេងបនទាំងអស់។ មុនដំបូងគេចែកអ្នកលេងនោះជាពីរក្រុមសិន ដោយមួយក្រុមៗមានគ្នាយ៉ាងតិចណាស់ពី៥នាក់ឡើងទៅ តាមដែលអាចរកបាន។ គេតែងចែកប្រុសម្ខាង ស្រីម្ខាង (រូបលេខ១ ថតពីខាងប្រុស) តែដោយយល់ថាស្រីមានកម្លាំងខ្សោយជាងប្រុស គេតែងឃើញក្រុមស្រីមានគ្នាច្រើនជាងក្រុមបុរស (រូបលេខ២ ជាផ្នែកតូបមួយនៃក្រុមស្រី)។ បើធ្វើម៉ត់ចត់ គេរើសប្រុសម្នាក់និងស្រីម្នាក់ដែលមានមាឌធំ កម្លាំងខ្លាំងឱ្យឈរនៅចុងខ្សែព្រ័ត្រម្ខាងម្នាក់។ បន្ទាប់មកគេរើសអ្នកមានមាឌធំ មានកម្លាំងពីរនាក់ប្រុសស្រីទៀតឱ្យឈរទាញនៅខាងមុខក្រុមនីមួយៗ។ ពេលរៀបចំរួចរាល់ ហើយ គេឱ្យមនុស្សម្នាក់កាន់គង ឬរគាំងមកឈរត្រង់កណ្តាលទី ជិតក្រុមទាំងពីរ ដែលឈរកាន់ខ្សែទល់មុខគ្នា រួចស្រែកឆាកហ៊ោរយ៉ាងខ្លាំង។ ឯអ្នកទាញក៏ស្រែកបន្ទរដើម្បីកម្លាចិត្តខ្លួនឯងដើម្បីទាញ។ រីឯអ្នកកាន់ស្គរឬរគាំងចេះតែគោះវាយរហូត។
ទោះបីជាអ្នកលេងផ្ទាល់នោះពុះគិតអ្វីវែងឆ្ងាយពីការកម្សាន្តក៏ដោយ ក៏ប្រហែលជាល្បែងនេះមានន័យវែងឆ្ងាយទៅទៀត។ បើយើងមើលចម្លាក់បុរាណ យើងឃើញថាឈុតមួយ ដែលអ្នកស្រុកហៅថា “ទាញព្រ័ត្រ” សម្បូណ៌ខ្លាំងណាស់ មិនថាតែជំនាន់ណាពិសេសទេក្នុងសម័យបុរាណ។ ចម្លាក់ភាគច្រើនតែងឃើញមាននៅលើផ្តែរ (រូបលេខ៣) តែក៏អាចមានក្រៅអំពីលើផ្តែរដែរ។ បើនៅអង្គរវត្តផង គឺរឿងទាញព្រ័ត្រនេះ គេឆ្លាក់នៅលើផ្ទាំងជញ្ជាំងយ៉ាងវែងមួយ ពោលគឺអស់មួយចំហៀងរោងទងខាងកើត (រូបលេខ៤)។ នេះនិយាយពីចម្លាក់នៅលើផ្ទាំងថ្ម ជួនកាលទៅទៀត ទាញព្រ័ត្រនេះគេឆ្លាក់ចេញជារូបទាំងមូលនៅលើលម្ហផ្ទៃដីតែម្តង។ ឧទាហរណ៍ដែលស្តែងបំផុត គឺចម្លាក់ដែលយើងឃើញនៅគ្រប់ច្រកចូលអង្គរធំ (រូបលេខ៥)។ ត្រង់នេះហើយដែលគួរបញ្ជាក់ថា មិនត្រឹមតែបុរាណកាលទេ សព្វថ្ងៃនេះគេសាងរូបពីស៊ីម៉ង់ត៍លាបពណ៌បង្ហាញអំពីទាញព្រ័ត្រនៅគ្រប់ទិសទី ជាពិសេសនៅតាមវត្ត។
ចម្លាក់គ្រប់បែបយ៉ាងនេះ អ្នកស្រាវជ្រាវពុំហៅថា «ទាញព្រ័ត្រ» ដូចមនុស្សម្នាទូទៅឡើយ គឺគេហៅថា “កូរសមុទ្រទឹកដោះ” ដោយយោងទៅតាមទេវកថានៅប្រទេសឥណ្ឌានានា ដូចជាក្នុងគម្ពីរមហាភារត, ការថក, សំហិតា ជាដើម។ ខ្ញុំសូមសង្ខេបយ៉ាងខ្លីបំផុតអំពីសាច់រឿងដែលស្រង់ពីមហាភារត ៖ មានពេលមួយពួកទេពនិងពួកអសោរព្រមព្រៀងគ្នាកូរសមុទ្រទឹកដោះឲ្យខាប់ដើម្បីឱ្យផុលទឹកអម្រឹតពីក្រោមទឹកសមុទ្រយកមកផឹកដើម្បីឱ្យជីវិតលែងស្លាប់តទៅទៀត។ ក្នុងការកូរនោះ គេយកនាគឈ្មោះ “ពាសុកី” មកធ្វើជាព្រ័ត្ររុំជុំវិញភ្នំកណ្តាលសមុទ្រមួយឈ្មោះ «ភ្នំមន្ទរ» ដែលដើរតួជាខ្មូរ ពោលគឺទេពម្ខាង អសោរម្ខាង រូតព្រ័ត្រឲ្យភ្នំនោះវិលទៅមក (ដូចជាគេរូតកូរស្ករត្នោតដែរ)។ កូររាប់ពាន់ឆ្នាំទៅ ទឹកអម្រឹតក៏ផុលចេញមកមែន ហើយដោយប្រើល្បិចផ្សេងៗ ទេពក៏យកមកក្រេបអស់ដោយមិនឲ្យទៅខាងពួកអសោរឡើយ។ ដូច្នោះហើយបានជាទេពលែងចេះស្លាប់។ នេះនិយាយដល់ចុងចប់ តែនៅក្នុងពេលកូរយ៉ាងយូរនោះ ទាំងបាតសមុទ្រ ទាំងភ្នំមន្ទររង្គោះរង្គើទាល់តែព្រះនារាយណ៍កាឡាខ្លួនទៅជាសត្វអណ្តើកធំមួយទៅទ្របតភ្នំនោះឲ្យនឹងវិញ (សូមមើលរូបលម្អិតនៅអង្គរវត្ត លេខ៦)។
រឿងខាងលើនេះអាចមាននិទានប្លែកៗពីនេះខ្លះដែរ បើយើងយោងតាមអត្ថបទខ្លះនៅក្នុងទស្សនាវដ្តីកម្ពុជសូរិយាក្នុងលេខចាស់ៗ។ តែសេចក្តីជាធំនោះនៅតែដដែលនោះឯង។ ចំណុចដែលខ្ញុំចង់បង្ហាញនៅទីនេះ គឺទោះបីជាល្បែងទាញព្រ័ត្រខ្មែរកើតមកពីជំនាន់ណាក៏ដោយ ក៏ពេលណាមួយនោះមកពាក់ព័ន្ធគ្នាជាមួយរឿងកូរសមុទ្រទឹកដោះដែរ បើពុំដូច្នោះទេ ហេតុអ្វីក៏រាស្ត្រខ្មែរទាំងអស់ ក្រៅពីអ្នកស្រាវជ្រាវ ឬក៏មគ្គុទេសក៍ទេសចរ ដែលតែងពន្យល់អ្វីៗតាមសៀវភៅបរទេសនោះ ហៅចម្លាក់រឿងកូរសមុទ្រទឹកដោះថា “ទាញព្រ័ត្រ”? នៅជំពូកឬ លេខរៀងទី២២ ខ្ញុំនិយាយអំពីទឹកអម្រឹតនៅក្នុងរឿងកូរសមុទ្រទឹកដោះម្តងហើយ ដូច្នេះមិនបកស្រាយប្រៀបធៀបក្រុងអង្គរធំជាដើមទៅនឹងរឿងនេះទៀតទេ ត្បិតលើកនេះខ្ញុំឆ្កឹះឆ្កៀលថា ហេតុអ្វីក៏កូរសមុទ្រទឹកដោះត្រូវគ្នានឹងទាញព្រ័ត្រ។
មានល្បែងមួយហៅថា “ទាញអណ្តើក” ដែលគេតែងលេងនៅតំបន់នានានៃប្រទេសកម្ពុជា។ ក្នុងល្បែងនោះមានប្រើព្រ័ត្រ ហើយទាញដែរ គ្រាន់តែក្រុមអ្នកទាញមានតែម្ខាង។ អ្នកទាញនោះអាចមានចំនួនតិចឬច្រើន រីឯចុងព្រ័ត្រម្ខាងនោះគេយកទៅចងអណ្តើក តែពុំមែនជាសត្វអណ្តើកពិតប្រកដទេ គឺមនុស្សពីរនាក់ដើរតួជាសត្វអណ្តើក។ អ្នកទាំងពីរនោះគេរើសរកអ្នកមាឌធំៗដើម្បីទប់ទល់នឹងកម្លាំងគេទាញ។ ម្នាក់នោះដេកផ្ងារ ឯម្នាក់ទៀតដេកទ្រោបពីលើ ដោយកន្ធែកដៃជើងធ្វើត្រាប់សត្វអណ្តើតវារ។ អ្នកដេកផ្ងារយកដៃទាំងពីរចាក់ស្រេសតោងកអ្នកដេកផ្កាប់ ឯជើងទាំងពីរពាក់ជាប់ចង្កេះអ្នកដេកពីលើនោះដែរ។ អ្នកដេកផ្កាប់ចំកោងខ្នងដើម្បីឲ្យអ្នកដេកផ្ងារបនខ្នងផុតពីដី ព្រោះអ្នកដេកផ្កាប់នោះត្រូវវារទៅរកទីដូចសត្វអណ្តើកដែរ។ អ្នកទាញយកចុងព្រ័ត្រម្ខាងទៅចងចង្កេះអ្នកដេកផ្កាប់ ដើម្បីទាញឲ្យមនុស្សពីរនាក់ ពោលគឺអណ្តើកបានមកខាងខ្លួន។ ដូច្នោះអ្នកដេកផ្ងារត្រូវធ្វើយ៉ាងណាឱបអ្នកលើឲ្យជាប់ រីឯអ្នកលើខំប្រឹងវារធ្វើម្តេចឲ្យបានដល់ទី ឬកុំឲ្យរបើកគ្នា។ បើមិនដល់ទីខ្លួន ផ្ទុយទៅវិញ គេទាញបានដល់ទីគេ ឬក៏របើកចេញពីគ្នា អណ្តើកនោះចាញ់គេ។ ល្បែងនេះគួរយកមកពិចារណា ព្រោះទីមួយជាការទាញព្រ័ត្រ ហើយទីពីរមានសត្វអណ្តើក។ ខ្ញុំបាននិយាយពីលើមកហើយថា «កូរសមុទ្រទឹកដោះ» អ្នកស្រុកទូទៅហៅថា «ទាញព្រ័ត្រ» ហើយក្នុងរឿងកូរសមុទ្រទឹកដោះ សត្វអណ្តើកដែលជាអវតាររបស់ព្រះនារាយណ៍ មាននាទីសំខាន់ណាស់។ និយាយនេះពុំបានន័យថាទាល់តែស្គាល់រឿងកូរសមុទ្រទឹកដោះតាមឥណ្ឌាហើយ ទើបខ្មែរចេះលេងល្បែងទាញព្រ័ត្រទេ ព្រោះបាននិយាយតាំងពីដំបូងមកហើយថា សាសន៍ជាតិផ្សេងៗច្រើនណាស់ដែលលេងទាញព្រ័ត្រ ហើយភាគច្រើនក្នុងនោះគ្មាននរណាស្គាល់រឿងកូរសមុទ្រទឹកដោះឡើយ។