ដោយ វ៉ែន ស៊ីហ្សែត, វ៉ាន់ វី និង សំ អេងលាង
ដូចយើងដឹងស្រាប់ហើយ ចម្លាក់នៅស្រុកខ្មែរមានច្រើនបែបយ៉ាងណាស់ ហើយក្នុងនោះចម្លាក់លោហៈក៏សំខាន់មួយដែរ។ ការងារដែលយូរគឺការឆ្លាក់រូបអ្វីមួយជាលើកដំបូងលើលោហៈមួយបន្ទះដូចជាស្ពាន់, ប្រាក់, ទង់ដែងជាដើមទុកជាគំរូ។ គំរូនេះប្រៀបបីដូចជាពុម្ពមួយដែរ ព្រោះកាលណាមានគំរូមួយហើយ គេអាចយកក្រដាសផ្តិតចម្លង ហើយយកទៅផ្តិតលើលោហៈថ្មីតៗទៅទៀត។ វិធីចម្លងរបៀបនេះហៅថា «បោះបែប»។
ឧទាហរណ៍ដែលនឹងឃើញខាងក្រោមនេះ បានមកពីការសង្កេតរបស់យើងខ្ញុំពីជាងទងនៅម្តុំឧត្តុង្គ។
ពីមុនមកគេតែងប្រើក្រដាស ដែលមានគុណភាពល្អមកពីប្រទេសជប៉ុន ដែលជាប្រភេទស្តើងតែស្វិតបីដូចជាក្រណាត់ ទោះជាជ្រលក់ទឹកយូរក៏មិនផុយរលួយដែរ។ ប៉ុន្តែសព្វថ្ងៃគេប្រើក្រដាសធម្មតាដូចជាក្រដាសសៀវភៅជាដើម ដើម្បីសំចៃចំណាយដើមទុន។ ផ្ទៃលោហៈដែលមានឆ្លាក់រួចហើយជាគំរូនោះ(រូបលេខ១) គេយកទៅរោលផ្សែងភ្លើងចង្កៀងប្រេងកាតដើម្បីឲ្យជាប់ម្រែងភ្លើង(រូបលេខ២-៣) បន្ទាប់មកគេយកក្រដាសទៅញីឲ្យទក់តិចៗ ហើយជ្រលក់ទឹក(រូបលេខ៤) ទើបយកទុកឲ្យស្រស់ទឹកនោះស្រពាប់បន្តិច មុននឹងយកទៅផ្តិត(រូបលេខ៥)។ បន្ទាប់មកគេយកក្រដាសនោះ ទៅពង្រាបលើផ្ទាំងដែលត្រូវផ្តិតយករូប ហើយយកដុំក្រដាសអ្វីមួយទៅសង្កត់លើក្រដាសនោះ ឲ្យក្បាច់ចូលសព្វសាច់បានល្អ(រូប លេខ៦)។ ពេលនោះគេត្រូវប្រុងប្រយ័ត្នកុំឲ្យក្រដាសរំកិលចុះឡើង ព្រោះបើពុំដូច្នោះទ្រង់ទ្រាយរូបដែលបានមកនឹងប្រាសចាករូបដើម។ តមកទៀតគេបកក្រដាសចេញពីចម្លាក់ជាគំនូរនោះមកវិញ ហើយឃើញថាត្រង់ណាដែលមានក្បាច់ ត្រង់នោះមានស្នាមសលេចឡើង រីឯកន្លែងដែលគ្មានក្បាច់វិញគឺប្រឡាក់ដោយម្រែងភ្លើងខ្មៅ(រូបលេខ៧-១០)។ បើចង់បានរូបផ្តិតលើក្រដាសច្រើនទៀត គេត្រូវជូតសម្អាតលោហៈជាពុម្ពនោះឲ្យអស់ម្រែងភ្លើងចាស់សិនទើបរោលផ្សែងភ្លើងសាជាថ្មីទៀត។ តែបើចង់បានចម្លាក់រូបដដែល នៅលើផ្ទាំងលោហៈថ្មីគេត្រូវយកក្រដាសផ្តិតបានហើយនោះទៅបិទផ្កាប់លើផ្ទាំងលោហៈ ដោយប្រើកាវបន្តិចបន្តួច។ បន្ទាប់មកគេយកប្រេងកាតទៅលាបលើក្រដាសនោះ ដើម្បីឲ្យរូបដែលនៅខាងក្រោយលេចឡើង(ព្រោះបើបិទផ្ងាររូបដែលបានមកជារូបបញ្ច្រាសពីរូបដើម) ពេលនោះគេអាចឆ្លាក់តាមរូបដែលផុសចេញមក។
ក្រដាសដែលផ្តិតបានរូបមកនោះ មិនត្រឹមតែអាចយកមកប្រើដើម្បីធ្វើពុម្ពគំរូថ្មី ឬក៏ទុកជាឯកសារសម្រាប់ថ្ងៃក្រោយប៉ុណ្ណោះឡើយ គឺគេអាចយកមកដាក់ស៊ុមតាំងលម្អប្រៀបបីដូចជាផ្ទាំងគំនូរអ្វីមួយដែរ(រូបលេខ១១)។ មើលទៅវិធីបោះបែបនេះ មិនងាយបាត់បង់ទៅណាឡើយ ត្បិតមកទល់ពេលនេះពុំទាន់ឃើញមានម៉ាស៊ីនដែលប្រើបច្ចេកវិទ្យាទំនើបមកប្រកួតប្រជែងទេ។