ដោយ សាន ផល្លា
ចំពោះមនុស្សលោក ថ្ងៃនិងខែជាគ្រោះ (ឬ “គ្រហ ”) បំភ្លឺលោក។ គេគោរពហាក់ដូចជាទេពដែរ ដូច្នេះហើយទើបមានពាក្យថា ព្រះអាទិត្យ និង ព្រះចន្ទ្រ។ គ្រោះដែលជាទេពទាំងពីរនេះរះឡើងឆ្លាស់គ្នា ហើយមនុស្សតែងយកជាទីកំណត់ពេល។ សិលាចារឹក K292 (ចារនៅគ.ស.១០១១) និយាយពីពាក្យសម្បថដែលពួក “តម្រ្វាច ” នៃកងពលធំៗទាំង៤សូត្រឡើងចំពោះមុខព្រះភក្ត្រព្រះបាទសូរ្យវរ្ម័នទី១ ដើម្បីអះអាងភក្តីភាពចំពោះព្រះអង្គ។ ក្នុងពាក្យសម្បថដ៏វែងនោះមានឃ្លាមួយថា “ទហ យេង មាន ត បិ វ្វំ ផ្គត រោះ ប្រតិជ្ញា ត រោះ នេះ លេង យេង ជា ត ទ្វាត្រិម្សនរក តរាបព្រះចន្ទ្រាទិត្យ មាន លេយ ”។ ឃ្លានេះមានន័យថា “ប្រសិនបើយើងក្បត់ ហើយពុំធ្វើគត់មត់តាមពាក្យប្តេជ្ញានេះ សូមឱ្យយើងធ្លាក់ទៅស្ថាននរកទាំង៣២ ដរាបណាព្រះចន្ទ្រនិងព្រះអាទិត្យនៅតែមាន”។
ព្រះអាទិត្យនិងព្រះចន្ទ្រក្នុងចម្លាក់
ជាទូទៅចម្លាក់នៅលើជញ្ជាំងប្រាសាទ គេច្រើនឆ្លាក់ព្រះអាទិត្យឬព្រះចន្ទ្រក្នុងទម្រង់ជាទេព។ ជួនកាលទេពនោះគង់លើរាជរថទឹមសេះ ហើយស្ថិតនៅកណ្តាលរង្វង់មូល (រូបលេខ១)។ នៅលើចម្លាក់យើងពិបាកកំណត់បានថាមួយណាជាព្រះអាទិត្យ ហើយមួយណាជាព្រះចន្ទ្រណាស់។ ប៉ុន្តែនៅប្រាសាទអង្គរវត្ត ត្រង់រោងទងចម្លាក់ ជ្រុងពាយព្យ គេឆ្លាក់ព្រះអាទិត្យនៅក្នុងរង្វង់មូលដែលមានគែមជារាងអណ្តាតភ្លើងព័ទ្ធជុំវិញ (រូបលេខ២)។ ចំណែកឯគែមរង្វង់មូលរបស់ព្រះចន្ទ្រវិញពុំមានរាង អណ្តាតភ្លើងទេ (រូបលេខ៣)។ រីឯចម្លាក់រឿងកូរសមុទ្រទឹកដោះនៅរោងទងជ្រុងនិរតី ក្នុងប្រាសាទអង្គរវត្តដដែលនេះ គេឆ្លាក់រូបព្រះអាទិត្យនិងព្រះចន្ទ្រ នៅអមសងខាងសសរមួយដែលជានិមិត្តរូបនៃភ្នំមន្ទរក្នុងរឿងនេះ ។ ទេពទាំងពីរគង់លើបល្ល័ង្ក ហើយស្ថិតនៅក្នុងរង្វង់មូលដូចគ្នា (រូបលេខ៤)។ រង្វង់មូលនេះជាលក្ខណៈ សម្គាល់នៃព្រះអាទិត្យនិងព្រះចន្ទ្រ។
ព្រះអាទិត្យនិងព្រះចន្ទ្រក្នុងគំនូរ
ក្នុងគំនូរវិញក៏ដូចគ្នាដែរ គឺគេគូរព្រះអាទិត្យនិងព្រះចន្ទ្រគង់លើរាជរថ ហើយមានរង្វង់មូលព័ទ្ធជុំវិញ។ នៅក្នុងគំនូរយើងអាចសម្គាល់ព្រះអាទិត្យនិងព្រះចន្ទ្រងាយជាងចម្លាក់ ដោយសារ ពណ៌ដែលគេផាត់នៅលើរង្វង់មូលព្រះចន្ទ្រមានពណ៌លឿង (រូបលេខ៥) រីព្រះអាទិត្យមានរង្វង់មូលពណ៌ក្រហម (រូបលេខ៦)។ នៅក្នុងរង្វង់នោះគេគូរព្រះអាទិត្យឬព្រះចន្ទ្រគង់លើរាជរថទឹមសេះ ឬរាជសីហ៍ ឬគោ (រូបលេខ៧)។ ជួនកាលមានសារថីម្នាក់បររាជរថនោះផង។ ចំណែកព្រះចន្ទ្រមានគំនូរម៉្យាងទៀត ជារូបទេពគង់លើសត្វទន្សាយនៅក្នុងរង្វង់មូលមួយ។ (រូបលេខ៨) ឬមួយគេគូររូបសត្វទន្សាយទោលតែឯងនៅក្នុងរង្វង់មូលនោះ (រូបលេខ៩)។ គំនូរនេះប្រហែលជាស្រង់គំនិតជាតកមួយដែលមានឈ្មោះថា “សសជាតក”។ រឿងនោះពោលពីព្រះពោធិសត្វយកកំណើតជាសត្វទន្សាយ ហើយដាក់ទានសាច់ខ្លួនទាំងមូលឱ្យទៅព្រាហ្មណ៍ ដែលជាព្រះឥន្ទ្រតំណែងខ្លួន ដើម្បីជួយជម្រុញឱ្យព្រះអង្គបានត្រាស់ជាព្រះពុទ្ធ។ ដោយឃើញសេចក្តីជ្រះថ្លាដ៏បរិសុទ្ធនេះ ព្រះឥន្ទ្រក៏បីសត្វទន្សាយនោះយកទៅប្រថាប់រូបនៅក្នុងព្រះចន្ទ្រទុក។ សូមជ្រាបថា ឥណ្ឌាយល់ថាស្រមោលនៅក្នុងរង្វង់ព្រះចន្ទ្រជាសត្វទន្សាយ ដូច្នេះហើយបានជាពាក្យសំស្ក្រឹតហៅព្រះចន្ទ្រថា “សសិ” មានន័យថា “ដែលមានទន្សាយ ” ព្រោះពាក្យថាទន្សាយ សំស្ក្រឹតថា “សស”។
ភ្នែកមនុស្សយើងពុំអាចបើកមើលព្រះអាទិត្យចំទេ ត្បិតភ្លឺខ្លាំងពេក។ ប៉ុន្តែអាចមើលព្រះចន្ទ្របាន ដោយព្រះចន្ទ្រតែងរះពេលយប់ ពន្លឺនោះមនុស្សយកទៅភ្ជាប់ភាពត្រជាក់ត្រជុំ។ បើព្រះចន្ទ្រពេញវង់ ភាពត្រជាក់ត្រជុំនោះមានន័យថាពេញលេញដែរ ពុំតែប៉ុណ្ណោះរហូតដល់ទៅមានន័យថាសម្បូណ៌ហូរហៀរផង។ ដូច្នេះហើយបានជានៅថ្ងៃពេញបូណ៌មីខែកត្តិកដែលជាពេលត្រជាក់ ខ្មែរធ្វើពិធីអកអំបុកសំពះព្រះខែ។ ការអកអំបុកដែលជាស្រូវដំបូងនេះ សន្មត ថាជាការសម្បូណ៌ហៀរហូរ ត្បិតក្នុងពិធីនោះគេយកអំបុកទៅអកញាត់ក្នុងមាត់គ្នាទៅវិញទៅមក។ ចំណែកឯពិធីដែលត្រូវនឹងព្រះអាទិត្យវិញ គឺទាក់ទងនឹងការយក “ពេលា”។ ឧទាហរណ៍ នៅក្នុងពិធីកោរជុក, ពិធីចេញម្លប់, មង្គលការ ... ពេលដែលអាចារ្យនាំសាមីខ្លួនមកធ្វើធ្មេញនោះ គឺគេធ្វើនៅពេលដែលព្រះអាទិត្យចាប់រះព្រាងៗ ដើម្បីភ្ជាប់កិច្ចនោះទៅនឹងកិច្ចសំពះព្រះអាទិត្យផង (រូបលេខ១០)។