ដោយ ហុក សុកុល
ពពួកផ្ទះដែលហៅថា “ប៉ិត” ឬហៅតាមអ្នកស្រុកបាត់ដំបងថា “ផ្ទះជម” ឬ “ក្រជម” គឺតែងមានដំបូលផ្គុំឡើងដោយផ្ទាំង៤ដែលមានជម្រាលស្មើគ្នា ហើយពុំមានហោជាងនៅផ្នែកណា មួយនៃដំបូលឡើយ។ រូបលេខ១-២ គឺជាផ្ទះប៉ិតសាមញ្ញ។ ជាទូទៅបើមើលលើប្លង់ផ្ទះប៉ិតដែលមានតែមួយខ្នង ឃើញថាទ្វារមិននៅលើជ្រុងខ្លីទេ គឺនៅលើជ្រុងវែង។ គេអាចពង្រីកផ្ទះប៉ិតសាមញ្ញឱ្យមានរូបរាងច្រើនបែបយ៉ាង។ ម៉្យាងដោយបន្ថែមដំបូលឱ្យបានច្រើនខ្នង។ រូបលេខ៣ គឺផ្ទះប៉ិតដែលមានពីរខ្នង ប៉ុន្តែអាចមានច្រើនជាងនោះរហូតដល់ប្រាំខ្នងផង។ ប្រភេទម៉្យាងទៀត ការចែកខ្នងនោះពុំមែនទៅក្រោយទេ គឺមកខាងទទឹងផ្ទះទៅវិញ ជួន កាលគេហៅថា “ភ្លោះ”(រូបលេខ៤)។ ជួនកាលទៀតលំបាកឱ្យឈ្មោះពិតប្រាកដណាស់ គ្រាន់តែមើលទៅ មូលដ្ឋានជាផ្ទះប៉ិត ដោយថែមដំបូលប៉ិតដូចគ្នា តែមកកាត់ទទឹងគ្នាទៅវិញ (រូបលេខ៥)។ នៅសម័យអាណានិគម ខ្មែរបែកប្រាជ្ញាចម្លងហោណាំងពីផ្ទះបារាំងមកដាក់ផ្ទះប៉ិត ហើយមើលទៅជាទីគាប់ភ្នែកក្រៃលែង (រូបលេខ៦-៨)។ រីឯការតុបតែងលើព្រំដំបូល និងចុងចែងក៏មានច្រើនបែបយ៉ាងដែរ (សូមមើលរូបលេខ៩ ដែលមានរូបលេខ១០ជារូបលម្អិត)។ តាមធម្មតា ក្បាច់ដែលនៅលើព្រំ ហើយមានកំពូលស្រួចទៅលើគេហៅថា “កំពូលម៉ិត”(ខ្ញុំពុំដឹងថាអក្ខរាវិរុទ្ធត្រឹមត្រូវយ៉ាងដូចម្តេចឡើយ ត្បិតពុំឃើញនៅក្នុងវចនានុក្រម)ដូចក្នុងរូបលេខ១១-១២។ ចំណែកឯនៅចុងចែងតែងឃើញមាន “គាង ឃ្វាយ” ឬអ្នកស្រុកខ្លះហៅថា “កន្ទុយមាន់” (រូបលេខ១៣)។ ជួនកាលទៅទៀតមានក្បាច់មួយជួររត់តាមព្រំ ហើយចុះពីព្រំទៅចុងចែង ដែលហៅថា “នាងច្រិល”(រូបលេខ១៤)។