ដោយ ហុក សុកុល
គ្រឹងជាជាតិពន្ធុដែលមានភាសានៅក្នុងអម្បូរមន-ខ្មែរ ហើយដែលជាទូទៅរស់នៅខេត្តរតនគីរី ជាពិសេសក្នុងស្រុកអូរជុំ។ ក្នុងទសវត្ស១៩៧០ និង១៩៨០ គ្រឹងក៏ដូចជាជាតិពន្ធុជាបងប្អូននៅខេត្តនោះដែរ គឺមានការផ្លាស់ប្តូរទីតាំងភូមិជាច្រើន ចុះពីចង្កេះភ្នំមកនៅទីរាប ត្បិតសម័យនោះចាប់មាននយោបាយបង្វែរជនជាតិភាគតិចដែលធ្វើស្រូវចម្ការ ឲ្យមកធ្វើស្រែដូចកសិករនៅវាលទំនាបវិញ។ តែយ៉ាងណាក៏ដោយ នយោបាយនេះពុំបានសម្រេចទាំងស្រុងឡើយ។ បើពោលពីរបៀបរៀបចំលំនៅដ្ឋានវិញ ថ្វីត្បិតតែការផ្លាស់ប្តូរនោះកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃដូច្នេះមែន ប៉ុន្តែគំនិតជាមូលដ្ឋានក៏ពុំទាន់រង្គោះរង្គើខ្លាំងណាស់ណាទេ មក ទល់ពេលនេះ។
បើពោលជាទ្រឹស្តី ភូមិនៃជនជាតិគឹ្រងមានរាងមូល (រូបលេខ១) ឬពងក្រពើ (រូបលេខ២) ដែលមានរោងនៅកណ្តាល (រូបលេខ៣)។ ផ្ទះទាំងអស់សង់ដង្ហែរគ្នាតាមបន្ទាត់មូលឬពងក្រពើនោះ ហើយបែរមករករោង ព្រោះរោងនេះជាអាគាររួមដែលមានតួនាទីជាសាធារណៈ។ និយាយនេះ គឺភូមិដែលជាទីប្រជុំនៃផ្ទះសុទ្ធសាត ព្រោះលំនៅដ្ឋានទាំងមូលពុំមែនមានតែប៉ុណ្ណេះឡើយ គឺមានចម្ការផ្សេងៗដែលតែងមានផ្ទះ ឬខ្ទមផ្សេងទៀត។ យើងពុំអាចនិយាយថាផ្ទះគ្រឹងមានរចនាសម្ព័ន្ធយ៉ាងណាឬយ៉ាងណាច្បាស់ទេ ត្បិតផ្ទះនោះមានច្រើនបែបច្រើនយ៉ាងណាស់ សូម្បីតែសម្ភារៈដែលយកមកប្រើក៏ខុសៗគ្នា អាស្រ័យទៅតាមបរិស្ថានធម្មជាតិដែលនៅជុំវិញជិតៗនោះ។ ទីណាដែលសម្បូណ៌ស្លឹកខាន់ម៉ា (ឬឃុនមា) ច្រើន ក៏ឃើញជញ្ជាំងឬដំបូលធ្វើអំពីស្លឹកនោះ។ ជួនកាលឃើញស្បូវ ឬជួនកាលទៀតឃើញឫស្សីប្រើជាជញ្ជាំងផង ជាដំបូលក៏មាន។ រូបលេខ៤-១០ ដែលបង្ហាញនៅទីនេះ ក៏ពុំមាន ន័យថារូបរាងផ្ទះអស់តែត្រឹមប៉ុណ្ណេះដែរ គឺមានច្រើនបែបតទៅទៀត។ មួយវិញទៀត ទីតាំងនៃផ្ទះខ្លះ សុទ្ធតែមានប្រពៃណីកំណត់ច្បាស់លាស់ អ្នកក្រៅពុំងាយចាប់អារម្មណ៍ភ្លាមៗបានឡើយ។ ឱទាហរណ៍ បើឃើញមានកូនផ្ទះតូចមួយស្ថិតជាប់នឹងផ្ទះធំ ហើយនៅចំពីក្រោយផ្ទះធំនោះ គឺច្រើនតែកូនផ្ទះគេធ្វើសម្រាប់ឲ្យស្រីឆ្លងទន្លេ ត្បិតគេពុំដែលឲ្យឆ្លងទន្លេក្នុងផ្ទះធំឡើយ។ កូនផ្ទះរូបរាងដូចគ្នានេះ បើនៅចំពីមុខ ឬនៅចំហៀង តែបែរមករកផ្ទះធំ តែងតែជាកូនផ្ទះដែលគេធ្វើឲ្យស្រីក្រមុំដេកនៅពេលយប់ ព្រោះជាប្រពៃណីរៀងមក តែក្មេងស្រីណាចាប់ផ្ដើមពេញក្រមុំហើយ គេធ្វើកូនផ្ទះឲ្យមួយរបៀបដូច្នេះឯង។ លុះពេលក្រោយមក នាងនោះរៀបការមានប្តីតាមផ្លូវការហើយ ទើបគេរើផ្ទះនោះចេញ ឬមួយគ្រាន់តែរកិល ឬបង្វែរឲ្យបែរទៅរករោងនៅកណ្តាលភូមិវិញ។ រីឯផ្ទះសម្រាប់ក្មេងកម្លោះវិញ ជួនកាលខ្ពស់ត្រដែតពីដី តែទំហំតូចដដែល មើលទៅចម្លែកភ្នែកណាស់។ តែទោះខ្ពស់ឬទាប ក៏ផ្ទះកូនកម្លោះត្រូវតែបែរទៅរករោងជានិច្ច។ នៅរូបលេខ១១ យើងឃើញផ្ទះកូនក្រមុំដែលបែរខ្នងទៅរោងកណ្តាលភូមិ ដោយសារត្រូវបែរមុខមករកផ្ទះធំ រីឯរូបលេខ១២ គឺផ្ទុយទៅវិញ ត្បិតនេះជាផ្ទះកូនកម្លោះបែរមុខទៅរករោងដូចទើបនឹងពោលមកដូច្នេះ គឺបែរខ្នងឲ្យផ្ទះធំវិញ។ នៅទីនេះ ខ្ញុំស្រង់យកផ្ទះគ្រឹងមួយប្រភេទមានលក្ខណៈជាផ្ទះធំ របស់គ្រួសារមួយដែលធូរធាមិនក្រីក្រ ហើយយកមកគូរជាប្លង់ ដើម្បីអ្នកអានងាយយល់ (រូបលេខ១៣-១៤)។