ដោយ ហុក សុកុល
ផ្ទះកន្តាំងដែលសាមញ្ញបំផុតមានដំបូលផ្គុំឡើងដោយផ្ទាំងពីរ ដែលមកទល់គ្នានៅត្រង់មេដំបូល។ រីឯសសរមាន៣ជួរយ៉ាងតិច។ ជួរកណ្តាលតែងខ្ពស់ជាងគេ ហៅថាសសរមេដំបូល ឬសសរទ្រូង អ្នកខ្លះទៀតហៅថាសសរកន្លោង។ ចំណែកសសរជើងរៀងនៅអមសងខាងជាធម្មតា។ ទ្វារផ្ទះតែងនៅចន្លោះសសរជើងរៀង (រូបលេខ១-២)។ លំនាំផ្ទះប្រភេទនេះច្បាស់ជាមានជាយូរយារមកហើយ ដូចដែលយើងអាចឃើញនៅតាមចម្លាក់ផ្សេងៗ ដូចជានៅតាមថែវប្រាសាទ បាយ័ន្តជាដើម (រូបលេខ៣)។ ផ្ទះរបៀបនេះ បើប្រៀបធៀបទៅនឹងប្រភេទផ្ទះរោងដោល, ផ្ទះរោងឌឿង ឬផ្ទះប៉ិត ដូចដែលខ្ញុំបានចុះផ្សាយក្នុងលេខមុនៗនោះ គឺងាយស្រួលសាងសង់ជាងគេ។ ថ្វីត្បិតតែមើលពីក្រៅហាក់ដូចជាសាមញ្ញក្តី តាមពិតទៅគេមានវិធីរៀបចំខាងក្នុងឱ្យមានរបៀបរបបខុសៗគ្នាតាមចិត្តចង់។ ឧទាហរណ៍ តែងឃើញគេធ្វើបន្ទប់ដែលមានដំបូលបាំងពីលើហាក់ដូចជាពិតាននោះ គឺជាស្កាកដែលគេអាចប្រើប្រាស់សម្រាប់ដាក់ឥវ៉ាន់ផ្សេងៗ (រូបលេខ៤)។ ផ្ទះប្រភេទនេះ អ្នកស្រុកនៅតាមដងទន្លេធំ ដែលជាប់ខ្សែស្រឡាយចិន (ហៅថាកូនចៅចិន) និយមសង់ច្រើន ជាពិសេសនៅខេត្តកំពង់ចាមនិងក្រចេះ។ ផ្ទះនេះអាចមានពីមួយខ្នងរហូតទៅដល់ប្រាំខ្នង។ ជួនកាល នៅខាងមុខបង្អស់ មើលទៅឃើញហាក់ដូចជាខ្នងមួយដែរ តែតាមពិតរាប់ថាជាខ្នងពុំសមឡើយ ត្បិតពុំមែនសម្រាប់នៅ, ទទឹងក៏តូច ហើយនៅចំកណ្តាលទទឹងផ្ទះ ឯជញ្ជាំងបិទបាំងក៏គ្មាន។ គេហៅថាហោណាំងដូច្នេះវិញ(រូបលេខ៥)។
ម៉្យាងទៀត ផ្ទះកន្តាំងអាចមាន “ស្លាប” ចេញពីប៉ែកខាងក្រោមនៃហោជាង។ ជាទូទៅគេហៅថា “កន្តាំងស្លាប” តែអ្នកស្រុកខ្លះហៅថា “បាក់ណុក” (ប្រែថាស្លាបបក្សី) ឬ “ ប៉ែនណុក”។ ស្លាបនេះអាចការពារថ្ងៃឬភ្លៀងបន្តិចបន្តួចបាន។ ឯកម្ពស់ផ្ទះមានខ្ពស់ទាបច្រើនបែបយ៉ាង អាស្រ័យទៅតាមស្ថានភាពដី (រូបលេខ៦-៨) ប៉ុន្តែបើសង់ផ្ទាល់នឹងដីគេហៅ “ផ្ទះតៀម” (រូបលេខ៩)។ រចនាសម្ព័ន្ធផ្ទះកន្តាំងសាមញ្ញជាងរចនាសម្ព័ន្ធប្រភេទផ្ទះផ្សេងៗដែលខ្ញុំធ្លាប់បង្ហាញពីមុន មក។ គ្រឿងឈើឬសម្ភារៈល្មមៗអាចធ្វើបាន ដូច្នោះហើយបានជាយើងឃើញថា ផ្ទះប្រភេទនេះសម្បូណ៌ជាងគេនៅប្រទេសកម្ពុជា ពិសេសសម័យបច្ចុប្បន្ននេះ ដែលឈើកាន់តែខ្សត់ទៅៗ។ ទោះជាផ្ទះក្រីក្រធ្វើពីស្លឹកក៏អាចធ្វើជាផ្ទះកន្តាំងបាន ពុំតែប៉ុណ្ណោះ អាចថែមថយបំបែកតទៅទៀតបាន ដូចមានរូបលេខ១០ជាឧទាហរណ៍ស្រាប់។