ដោយ ហុក សុកុល
ខ្ញុំធ្លាប់ចុះផ្សាយអំពីប្រភេទផ្ទះបុរាណខ្មែរច្រើនមកហើយនៅលេខមុនៗ ចំណែកលេខនេះខ្ញុំសូមលើកយកផ្ទះមួយបែបទៀតដែលគេហៅឈ្មោះថា “ផ្ទះខ្មែរ” មកបង្ហាញម្តង។ ផ្ទះនេះមានដំបូលពីរផ្ទាំងផ្គុំគ្នា ដោយធ្វើឱ្យមានជម្រាលរាងចោទខ្លាំង (រូបលេខ១)។ គេអាចធ្វើផ្ទះបែបនេះតែមួយខ្នងទោលដាច់តែឯងក៏បាន ដូចឃើញនៅរូបលេខ២ ដែលជាគំនូរក្នុងព្រះវិហារនាដើមស.វ.ទី២០ ឬធ្វើភ្លោះជាប់គ្នាក៏បាន (រូបលេខ៣) ឬមួយគេសង់ជាប់គ្នាតៗមួយជួរក៏បានដែរ ពិសេសច្រើនតែជាកុដិលោកសង្ឃ (រូបលេខ៤)។ ជួនកាលយើងឃើញមានផ្ទះខ្លះគេតទម្លាក់ដំបូលមកខាងមុខ (រូបលេខ៥) ជួនកាលទៀតតពីមុខផងពីចំហៀងផង (រូបលេខ៦) ដើម្បីបង្កើតបានជាល្វែងបន្ថែមទៀតក៏មាន។
ដើម្បីធ្វើផ្ទះខ្មែរគេត្រូវមានឈើវែងៗទើបអាចធ្វើជាសសរនិងគ្រឿងដំបូលផ្សេងៗ ហើយត្រូវប្រើឈើដែលរឹងមាំល្អទៀតផង។ ដូច្នេះច្រើន តែជាអ្នកមានធនធានទើបមានលទ្ធភាពអាចធ្វើផ្ទះខ្មែរនៅ។ យើងសង្កេតឃើញថា គេធ្វើផ្ទះរបៀបនេះសម្រាប់ជាកុដិលោកនៅតាមវត្តនានា ឬជាដំណាក់របស់រាជវង្សានុវង្ស ឬមួយអ្នកមន្ត្រីធំៗជាដើម។ ផ្ទះខ្មែរ មើលទៅមានភាពស្កឹមស្កៃណាស់ នៅតាមហោជាងជាដើមច្រើនមានក្បូរក្បាច់រចនាប្រណីតៗផង ដូចឃើញនៅរូបលេខ៧ជាឧទាហរណ៍ស្រាប់។