ដោយ ព្រាប ចាន់ម៉ារ៉ា
ក្នុងការលក់ដូរជាហាងទំនិញនៅតាមផ្សារ ឬតាមក្រុងសព្វថ្ងៃនេះគេសង្កេតឃើញថាមានការ វិវឌ្ឍន៍ច្រើន បើប្រៀបទៅនឹងស្ថានភាពក្នុង៣ឬ៤ទសវត្សមុននេះ ពោលគឺខ្មែរចាប់ផ្តើមចេញមុខបើក ហាងរកស៊ី ពុំដូចពេលមុន ដែលអ្នករកស៊ីរបៀបនេះជាចិនស្ទើរតែទាំង អស់។ ការដែលចិនក្តាប់ជំនួញនោះ មិនមែនជារឿងថ្មីថ្មោងឡើយ សូម្បីតែចម្លាក់នៅប្រាសាទបាយ័ន្ត ( ចុងស.វ.ទី១២) ក៏បង្ហាញថាអ្នកលក់ដូរ នៅក្នុងផ្សារក៏ជាជនជាតិចិនដែរ (រូបលេខ១) ។ ប៉ុន្តែមានចំណុចមួយគួរឱ្យចាប់អារម្មណ៍ គឺលោកជីវតាក្វាន់ ដែលនៅក្នុង អង្គទូតចិន ហើយដែលមកដល់អង្គរនៅក្នុងគ.ស.១២៩៦ និយាយថាស្រីខ្មែរពូកែរកស៊ីណាស់ ដូច្នេះបុរសចិនដែលមករកស៊ីនៅស្រុកខ្មែរ ក៏យកប្រពន្ធខ្មែរសិនដែរ។
បើយើងគិតទៅខ្មែរជំនាន់មុន យើងក៏យល់ដែរថារបស់ដែលត្រូវរករាល់ថ្ងៃ គឺគេរកដោយខ្លួនឯង ឬបំពេញការខ្វះខាតដោយទៅទិញតាមផ្សារមាត់ផ្លូវ ដែលហៅថា “ផ្សារក្រមួន” ។ រីឯរបស់ដែលលក់នៅ តាមហាង គឺទាល់តែឥវ៉ាន់ដែលទុកយូរបាន ជាពិសេសបំផុតគឺក្រណាត់, តាំងយូ, ឬភាជន៍។ បើមើលគំនូរ តាមវត្តឃើញថាស្ត្រីខ្មែរលក់ទំនិញតាមហាងដូច្នេះមែន រីឯផ្ទះដែលលក់ទំនិញទាំងនោះ ជួនកាលមាន លក្ខណៈជាខ្មែរ ខុសត្រង់តែជើងសសរទាបខ្លាំង (រូបលេខ២) ឬពុំដូច្នោះ គឺគេធ្វើលើខឿនតែម្តង (រូបលេខ៣), ក្នុងភាពដាច់ៗពីគ្នា (រូបលេខ៤) ឬក៏ជាប់ជញ្ជាំងគ្នាមួយជួរ (រូបលេខ៥)។ នៅទីនេះមាន ចំណុច សំខាន់ៗពីរគួរលើកយកមកពីចារណា។ ចំណុចទី១ គឺច្រើនតែស្រីខ្មែរជាអ្នកលក់ឥវ៉ាន់នោះផ្ទាល់ ថ្វីត្បិតជួនកាលឃើញមានមនុស្សប្រុសជាអ្នកលក់ (រូបលេខ៤, ផ្ទះទំនិញដែលនៅ កណ្តាល)។ ជួនកាលទៀតមានចិនប្រុសដែលមើលទៅមិនទំនងជាអ្នកលក់ផ្ទាល់ ប៉ុន្តែដែលអាចជាប្តីស្រីខ្មែរ ដែលជាអ្នកលក់ (រូបលេខ៦)។ ដូច្នេះសេចក្តីសង្កេតរបស់លោកជីវតាក្វាន់នោះ ក៏នៅតែត្រូវនិងស្ថានភាព រកស៊ីជាច្រើនសតវត្សកន្លងមកទៀត។ ឯចំណុចទ២ គឺក្នុងចំណោមប្រភេទវត្ថុពីរបីមុខដែលដាក់លក់នោះ គេតែងមានឃើញក្រណាត់សំពត់ ឬក៏ សម្លៀកបំពាក់ជានិច្ច ពុំដែលខានឡើយ។ ប្រការនេះធ្វើឱ្យខ្ញុំគិតថា កាល ពីមុន កាលណាគេនិយាយថា”ទៅផ្សារ”នោះ គឺមានន័យថាទៅទិញត្រីសាច់បន្លែបង្ការដើម្បីដណ្តាំម្ហូបអាហារ ប្រចាំថ្ងៃ។ រីឯពាក្យថា”ទៅទិញឥវ៉ាន់” គឺសំដៅទៅលើហាង គឺទៅដើម្បីទិញវត្ថុដែលគេផលិត ហើយជាពិសេសទៅទិញ”អ្វីសម្រាប់វាន់ខ្លួន” (ឥវ៉ាន់) មិនខុសពីពាក្យដែលអ្នកកំប្លែងល្បីម្នាក់ពោលថា “ខោអាវ សាវស្បៃ សារូសារុង បាតា ក្រមាសង់ភ្លី ដឺមីសំយ៉េះ ... របស់អស់នេះ គេហៅថាឥវ៉ាន់”។