ដោយ ហុក សុកុល
នៅជំពូកទី៣, លេខ៥ (៣.៥) ខ្ញុំបាននិយាយថា ខ្ញុំនឹងចាប់ធ្វើការរៀបរាប់ពីផ្ទះបុរាណខ្មែរជាបន្តបន្ទាប់នៅពេលខាងមុខ។ ក្នុងដំណាក់កាលនេះខ្ញុំសូមយកផ្ទះរោងដោលមកបង្ហាញ ជូនអ្នកអាន។ រោងដោលនេះគឺនៅក្នុងពពួកផ្ទះ “រោង”។
ជាទូទៅផ្ទះរោងដោលសង់ឡើងដោយប្រើសសរ៣ជួរ។ ជួរកណ្តាលខ្ពស់ជាងគេ អ្នកខ្លះហៅ ថាសសរមេដំបូល ខ្លះទៀតហៅថាសសរទ្រូង។ សសរជួរកណ្តាលទាំងនេះមានទំហំធំជាង សសរជួរចំហៀង ត្បិតមានតួនាទីទ្រមេដំបូល។ ម៉្យាងទៀតគេតែងសង្កេតឃើញថា សសរជួរកណ្តាលនោះមានភាពប្រណិតផ្ចិតផ្ចង់ជាងគេ។ បើផ្ទះនោះមានសសរ៤ជួរ សសរទ្រូងត្រូវមាន២ជួរ ដែលមានធ្នឹមទ្រជើងគកនៅចន្លោះជួរសសរនោះ។ រីឯសសរនៅជួរចំហៀង គេហៅថាសសររៀង ឬសសរជើងរៀង។ ដំបូលមានហោជាងតូចមួយនៅត្រង់ចន្លោះសសរ ជួរទី២ ហើយដំបូលនោះបន្តទេរមកខាងក្រោមទៀត ហៅថា “ហប់” (រូបលេខ១-២)។ ជួន កាលយើងពុំបានចាប់អារម្មណ៍ទេថា ផ្ទះអ្នកកំសត់ក្រីក្រតោកយ៉ាក ដែលស្ទើរតែរលំខ្លះនោះ ក៏មានដំបូលជារោងដោលដែរ (រូបលេខ៣)។ រូបលេខ៤ ជាការវិភាគរចនា សម្ព័ន្ធខ្លះៗនៃផ្ទះរោងដោល។ ប្រសិនបើផ្ទះនោះមានហប់នៅមុខផងក្រោយផងដូចគ្នា គេហៅថាផ្ទះរោង ឌឿង។ ពាក្យថារោងដោល ឬថាអ្វីផ្សេងទៀតក៏ដោយ (ឧទាហរណ៍ ប៉ិត, កន្តាំង...)សុទ្ធ សឹងសំដៅទៅលើអង្គភាពឬរចនាសម្ព័ន្ធដែលជាមូលដ្ឋានប៉ុណ្ណោះ។ តាមពិតទៅផ្ទះប្រភេទ ណាក៏ដោយ ក៏តែងមានការរៀបចំខុសគ្នាតាមតួនាទី ឬតម្រូវការ។ ក្នុងពពួករោងនេះគេអាចមាន “រោងលំហ” ដែលឥតជញ្ជាំង សម្រាប់រៀបចំបុណ្យទានផ្សេងៗ។ ឯ “រោងលំហែ” គឺជាព្រះពន្លា។ ចំណែកឯរោងខ្លះទៀតប្រើសម្រាប់មង្គលការ៘
លោកគ្រូអៀង សឿង ដែលធ្លាប់បង្រៀននៅសាលារចនា ធ្លាប់មានសរសេរសំណៅដៃដែល មុជជ្រៅទៅក្នុងបច្ចេកទេសផង និងការប្រើប្រាស់ល្វែងផ្សេងៗតាមប្រពៃណីបុរាណផង។ ខ្ញុំពុំយកការរៀបរាប់នោះមកបង្ហាញនៅទីនេះទេ ព្រោះទាល់តែមានរូបភាព, ប្លង់លម្អិត៘ ទើបអ្នកអានអាចយល់បាន។
អង្គភាពដែលជាមូលដ្ឋាននោះ គេអាចពង្រីកដោយថែមអង្គភាពតូចៗផ្សេងទៀតច្រើនបែប យ៉ាង។ ដរាបណាការពង្រីក ឬបន្ថែមនោះធ្វើតាមបែបបទប្រពៃណី ផ្ទះរោងដោលនៅតែជារោងដោលដដែល។ រូបលេខ៥ បង្ហាញពីផ្ទះរោងដោលជាមូលដ្ឋាន ដែលមានផ្ទះបាយជាប់ជាមួយ ក្លាយទៅជាផ្ទះភ្លោះ ព្រមទាំងមានរានហាលមួយនៅពីក្រោយ (រូបលេខ៦)។ រូបលេខ៧-៨ បង្ហាញពីផ្ទះនោះមើលពីចំហៀង និងពីលើចំ។ រូបលេខ៩-១២ គឺផ្ទះរោង ដោលផ្សេងៗនៅក្នុងគំនូរតាមវត្តនានា។