ដោយ ព្រាប ចាន់ម៉ារ៉ា
នៅជំពូកទី៣ លេខរៀងទី៣៩ មានអត្ថបទអំពីល្ខោនព្រះរាជទ្រព្យរបស់លោក សាន ផល្លា រីឯអត្ថបទលេខទី៤១ ក្នុងជំពូកដដែលនេះ ខ្ញុំខ្លួនឯងក៏មាននិយាយទាក់ទងនឹងល្ខោនព្រះរាជទ្រព្យដែរ។ តែឥឡូវ ខ្ញុំចង់បង្ហាញពីប្រពៃណីរាំដដែលនេះក្នុងទស្សនៈមួយខុសពីមុនៗបន្តិច ពោលគឺខ្ញុំចង់បង្ហាញថា ប្រពៃណីរបំា ឬល្ខោនដែលយើងមានភស្តុតាងច្បាស់ថា មាននៅក្នុងសង្គមខ្មែរជាយូរយារមកហើយនោះ ប្រហែលជារបៀបរបបហាត់រៀន ព្រមទាំងក្បាច់រាំក៏មិនដូរផ្លាស់ប៉ុន្មានដែរ រហូតមកដល់សព្វថ្ងៃ។
ខ្ញុំធ្លាប់យកពាក្យសិលាចារឹកខ្លះៗមកបង្ហាញដែរ ឯនៅទីនេះខ្ញុំស្រង់យកឈ្មោះពីរនាក់មកពីសិលចារឹកប្រាសាទលលៃ ដែលចារនៅស.វ.ទី៩ ៖ រូបលេខ១ ចារថា ម៌្មាំ តៃលំវន៑ (ប្រែថា «អ្នករាំ [ ឈ្មោះ ] នាងលំវន »), រូបលេខ២ ចារថា ម៌្មាំ តៃរត្នទេវី (ប្រែថា «អ្នករាំ [ ឈ្មោះ ] នាងរត្នទេវី »)។ តែប្រពៃណីរាំរបៀបនេះពុំមែនចាស់តែត្រឹមនេះឡើយ ដ្បិតយើងមានភស្តុតាងនៅក្នុងសិលាចារឹកភាសាខ្មែរ ដែលឲ្យកាលបរិច្ឆេទ ហើយដែលមកទល់ពេលនេះគេស្គាល់ថា មានចំណាស់ជាងគេបង្អស់ ពោលគឺសិលាចារឹកអង្គរបុរី ខេត្តតាកែវ មានលេខរៀង K. 600, គ.ស. ៦១១។ នេះគ្រាន់តែជាស្លាកស្នាមដែលយើងមានតាមអក្សរផង បើគិតជាពាក្យថាប្រពៃណី ច្បាស់ជាមានមុននោះទៅទៀត។ ខ្ញុំសូមស្រង់ពាក្យសិលាចារឹកអង្គរបុរីនោះយ៉ាងខ្លីដូចតទៅ (រូបលេខ៣) ៖ រមំ ៧ ចំរេង៑ ១១ (ប្រែថា «អ្នករាំ ៧នាក់ អ្នកច្រៀង ១១នាក់ »)។ រូបលេខ៤ បង្ហាញពីទេពដែលជា «គ្រូ» ដើមធំបង្អស់នៃរបំា ឬល្ខោននេះជាព្រះឥសូរ (ជាការកម្រទេ ដែលយូរៗម្តងឃើញមានព្រះនារាយណ៍)។
ដោយសារជាប់ទៅនឹងសាសនាផង ហើយត្រូវមានការរៀបចំជារចនាសម្ព័ន្ធឲ្យត្រឹមត្រូវផង សិល្បៈនេះក៏ជាប់ជាទំនៀមដែលព្រះរាជវាំងកាន់ខ្ជាប់ខ្ជួន ដូច្នេះហើយបានជាមានឈ្មោះថា ល្ខោនព្រះរាជទ្រព្យ ឬនិយាយពាក្យសាមញ្ញថា ល្ខោនហ្លួង។ រូបលេខ៥ ជាគំនូរដែលអ្នកនិពន្ធបារាំងម្នាក់បង្ហាញពីល្ខោនហ្លួង ដែលព្រះរាជាឲ្យលេងជូនភ្ញៀវបារាំងមើលកម្សាន្តនៅទសវត្ស១៨៦០។ នៅរូបលេខ៦ យើងឃើញគេសម្តែងរបំានេះនៅទីលានមុខព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង។ បើនៅរូបលេខ៧វិញ គឺក្រុមរបំាល្ខោនដែលព្រះករុណាព្រះបាទស៊ីសុវត្ថិនាំមកលេងថ្វាយទេពនៅប្រាសាទមួយក្នុងតំបន់អង្គរ។ ការសម្តែងរបៀបនេះតែងឃើញមាននៅតាមចម្លាក់ប្រាសាទផ្ទាល់តែម្តង ដូចជានៅប្រាសាទតាព្រហ្ម (រូបលេខ៨) និងប្រាសាទព្រះខ័ន (រូបលេខ៩)។
ការរៀនហាត់របំាប្រភេទនេះតម្រូវឲ្យមានគ្រូធំៗមើលការខុសត្រូវគ្រប់សព្វ ដែលសុទ្ធសឹងជាមនុស្សស្រីមានចំណាស់ ព្រមទាំងគេគោរពកោតខ្លាច ហើយដែលពីមុនមកធ្លាប់ជាអ្នករាំស្ទាត់ជំនាញផង។ មើលតែរូបលេខ ១០ទៅឃើញហើយថា គ្រូនោះមានអនុភាពនិងអំណាចយ៉ាងណា។ រូបលេខ១១ក៏ដូចគ្នាដែរ (សូមមើលរូបគ្រូដែលនៅកណ្តាលគេ)។ ទោះបីជាមិនមែនជាគ្រូធំបង្អស់ ក៏គ្រូដែលកាច់ពត់ខ្លួន ដៃ ជើងតួអ្នករាំនោះ ទទួលការគោរពពីសិស្សណាស់ដែរ។ នៅរូបលេខ១២-១៣ យើងឃើញថា អ្នកគ្រូពីរនាក់កំពុងរៀបឥរិយាបថសិស្សឲ្យត្រូវ។ តើពីមុនមក យ៉ាងដូចម្តេចដែរ? សូមពិនិត្យមើលចម្លាក់នៅរូបលេខ១៤ ៖ រូបនៅចុងគេស្តាំដៃ បែកបក់ស្ទើរអស់ទៅហើយ តែនៅចុងខាងឆ្វេងវិញ ខ្ញុំពង្រីកឲ្យបានធំនៅរូបលេខ១៥ ដើម្បីឲ្យឃើញថា នេះជាការហាត់រាំ ដ្បិតមានគ្រូជាមនុស្សស្រីចំណាស់ (សម្គាល់បានដោយប្រៀបធៀបដើមទ្រូង) ដែលកំពុងរៀបចំឥរិយាបថអ្នកកំពុងរាំដែរ។ ឯរូបលេខ១៦-១៨ ក៏កាន់តែច្បាស់ជាងនោះ គឺគ្រូអង្គុយត្រួតនៅចុងសងខាង។
និយាយប៉ុន្មានមកខាងលើនេះ ជាឧទាហរណ៍ស្តួចស្តើងប៉ុណ្ណោះ តែក៏ល្មមឲ្យយល់ ជឿថា សិល្បៈបុរាណនេះជាប្រពៃណីខ្មែរមែនពិត សមដូចសព្វថ្ងៃនេះអង្គការយូណេស្កូចាត់ទុកជាបេតិកភណ្ឌពិភពលោកដូច្នោះមែន។