ដោយ គង់ វីរៈ និងហុក សុកុល
ផ្ទះនៅស្រុកខ្មែរក៏ដូចជានៅប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ជាប្រពៃណី គឺគេសង់ឡើងដោយមានសសរទ្រខ្ពស់ផុតពីដី ដើម្បីឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ផង និងចៀសវាងទឹកលិចដែលបណ្តាលមកពីភ្លៀងធំម្តងម្កាល នេះមិននិយាយពីផ្ទះដែលនៅតាមដងទន្លេ ដែលតែងមានជំនន់ជារឿយៗផង។ ប្រយោជន៍នៃផ្ទះរបៀបនេះ មានច្រើនទៀត ដូចអ្នកអានបានជ្រាបខ្លះៗមកហើយតាមរយៈអត្ថបទចុះនៅជំពូក៣ លេខរៀង៦ (៣.៦)។ ទីនេះយើងខ្ញុំចង់បង្ហាញពីប្រយោជន៍មួយទៀត គឺការផ្លាស់ទីនៃផ្ទះនេះតែម្តង។
មូលហេតុនៃការរំកិល ឬផ្លាស់ទីផ្ទះមានច្រើនយ៉ាង។ មានពេលខ្លះតម្រូវឲ្យគេរំកិលចេញពីទីតាំងចាស់ដោយសារជំនឿ ដែលធ្វើឲ្យគេរស់នៅមិនបានសុខ។ បើនៅតាមដងស្ទឹង, ទន្លេ គេឧស្សាហ៍រំកិលផ្ទះជារឿងធម្មតា ដើម្បីបញ្ចៀសពីការបាក់ច្រាំង។ មូលហេតុសំខាន់មួយទៀត គឺផ្ទះជាទ្រព្យសម្បត្តិមួយដែលដក់ជាប់នឹងចិត្តមនុស្សជាងគេ។ មនុស្សតែងគិតរំពៃមកផ្ទះជានិច្ច ពេលដែលគេធ្វើដំណើរទៅឆ្ងាយ ឬយូរពេល។ បើផ្ទះនោះ ជាកេរ្តិ៍មត៌កវិញ កាន់តែមិនអាចឲ្យគេកាត់ផ្តាច់មនោសញ្ចោតនាបានណាស់។ មួយវិញទៀត ដើម្បីសង់បានផ្ទះមួយ គេត្រូវការពេលវេលា និងប្រាក់កាសក្រាស់ក្រែល។ ដូច្នេះហើយផ្ទះនីមួយៗ គេកម្របោះបង់ចោល ឬប្តូរម្ចាស់ណាស់ ហើយបើសិនជាត្រូវប្តូរទីតាំង គេនៅតែនាំយកផ្ទះនោះទៅទីតាំងថ្មីតាមវិធីផ្សេងៗ។
រូបលេខ១ បង្ហាញពីការផ្លាស់ទីផ្ទះមួយ ដោយប្រើកម្លាំងមនុស្សទាំងស្រុង។ ផ្ទះនេះ ប្រហែលជាគេសង់ផ្ទាល់ដី ឬប្រើជើងតាងពីស៊ីម៉ង់ត៍។ ដើម្បីសម្រាលទម្ងន់ខ្លះ គេរើជញ្ជាំងចេញ ទើបនាំគ្នាសែង។ នៅរូបលេខ២ ជាផ្ទះនៅស្រុកឆ្លូងខេត្តក្រចេះ។ ដោយសារគេត្រូវពង្រីកផ្លូវ ម្ចាស់បានរំកិល ផ្ទះបន្តិចចេញពីទីតាំងចាស់ ដែលជាចំណីផ្លូវ។ ការរំកិលនេះ គេប្រើកូនរនេល (រូបលេខ៣, ៤)ដោយសារទីតាំងថ្មីនោះ នៅក្បែរទំតាំងចាស់។ រូបលេខ៥ ជារូបពង្រីកឲ្យឃើញពីរបៀបរំកិលផ្ទះដោយកូនរនេល។ ក្នុងរូបលេខ៦ គេផ្លាស់ទីផ្ទះមួយទាំងស្រុងដោយមិនបាច់រុះរើចំណែកណាមួយឡើយ ដោយប្រើរទេះកង់ឡានចំនួន៦ដឹកចេញបានយ៉ាងស្រួល គ្រាន់តែមានមនុស្សជួយរុញខ្លះប៉ុណ្ណោះ។ ចំណែករូបលេខ៧វិញ គេប្រើរឺម៉ុកគោយន្ត។ ដើម្បីឲ្យងាយស្រួលជាងប្រើកម្លាំងមនុស្ស នៅទីនេះ គេប្រើគោយន្តមួយទាញផ្ទះតែម្តង។ រូបលេខ៨ ដល់ ១៣ ជាឧទាហរណ៍មួយទៀត បង្ហាញពីលទ្ធភាពផ្លាស់ប្តូរទីតាំងផ្ទះទៅកន្លែងថ្មី។ ដោយសារផ្ទះឈើបុរាណមិនសូវប្រើដែកគោល គេអាចរុះរើផ្ទះមួយទាំងស្រុងឲ្យទៅជាគ្រឿងដាច់ៗចេញពីគ្នា ហើយដឹកជញ្ជូនទៅសង់នៅទីឆ្ងាយបាន ដូចករណីផ្ទះរោងដោលមួយនៅស្រុកក្រូចឆ្មារ, ខេត្តកំពង់ចាម ដែលគេរើយកមកសង់ឡើងវិញនៅឃុំស្វាយដង្គុំ, ខេត្តសៀមរាប។ ផ្ទះនេះប្រហែលជាសង់នៅរវាងទសវត្ស១៩២០ ដែលម្ចាស់ប្រុងនឹងរើចោលដើម្បីសង់ផ្ទះថ្មីពីស៊ីម៉ង់ត៍។ រូបលេខ៨ ផ្ទះនៅទីតាំងចាស់នាស្រុកក្រូចឆ្មារ។ រូបលេខ៩-១១ បង្ហាញពីការរុះរើ, ដឹកជញ្ជូនតាមទូក និងតាមឡានមកកាន់ខេត្តសៀមរាប។ រូបលេខ១២ បង្ហាញពីការរៀបផ្គុំតាមរបៀបចាស់ឡើងវិញ។ ដោយសារយើងប្រើបច្ចេកទេសទំនើបក្នុងការសាងសង់ឡើងវិញផង និងដោយក្តីស្រឡាញ់ចង់ថែរក្សាផ្ទះបុរាណឲ្យនៅគង់វង្សតទៅទៀតផង យើងឃើញថាផ្ទះមួយដែលហៀបនឹងបាត់បង់ជាស្ថាពរទៅហើយនោះ បែរជាសព្វថ្ងៃក្លាយជាផ្ទះប្រណីតមួយនៅខេត្តសៀមរាបទៅវិញ ដោយរក្សាទ្រង់ទ្រាយដើមដដែល(រូបលេខ១៣)។