ដោយ អាំង ជូលាន
រាហូជានិមិត្តរូបនៃសេចក្តីស្លាប់ ជាពិសេសនៃការ “ស្លាប់-កើត”។ ដូច្នេះហើយបានជារាហូជានិមិត្តរូបនៃ “ព្រះកាល” ពោលគឺព្រះកាលដែលយើងមើលមិនឃើញ (ព្រោះកាលគឺជាពេល) គេនិមិត្តតាមរយៈរូបមួយ គឺរូបរាហូនេះឯង។ រឿងរ៉ាវ, តួនាទី, ន័យ, ពិធី, ត្រណមដែលពាក់ព័ន្ធ, រូបរាងដែលបង្ហាញតាមចម្លាក់,ឬ, គំនូរ ... តាំងពីបុរាណ កាលមកដល់បច្ចុប្បន្ន បើយកមករៀបរាប់ឱ្យអស់ ប្រហែល ជាត្រូវចុះក្នុងសៀវភៅច្រើនក្បាល។ ខ្ញុំបានសង្ខេបន័យរាហូ ក្នុងការសិក្សាមួយដែរ “la mort-renaisance enabstraction iconographiqhe’’, UDAYA V។ ដោយសារសារ សំខាន់គ្រប់បែបយ៉ាងនេះហើយ បានជាគេឃើញរូបរាហូនៅគ្រប់ទីកន្លែង, គ្រប់សមយ័កាល, គ្រប់ផ្នែកនានានៃប្រាសាទបុរាណ, នៅតាមវត្តអារាម ឬក៏នៅលើវត្ថុដែលមានពាក់ព័ន្ធនឹងពិធីឬជំនឿ ដូចជាក្តារម្ឈូសជាដើម។ បើទោះជាចង់ពោល ពីរាហូតែក្នុងទស្សនៈមួយ គឺទស្សនៈបដិមាសាស្ត្រ (ភាសាបារាំងថា iconographie) ក៏គង់តម្រូវតាមការសិក្សា ជ្រៅជ្រះរហូតដល់ចេញជាសៀវភៅមួយបានដែរ។
នៅទីនេះខ្ញុំលើកតែចំណុចតូចមួយ ឯចំណុចនោះសោតក៏យកឧទាហរណ៍តិចបំផុតមកបង្ហាញ ។ ចំណុចនោះ គឺការបង្ហាញរូបរាហូដោយសង្ខេបខ្លាំង ស្ទើរទៅជាក្បាច់ ដែលមានការគូរវាសតិចជាទីបំផុត (ភាសាបារាំងហៅ ថា stylize ឬ schematize)។ រូបលេខ១ដល់៤ បង្ហាញពីរាហូនៅលើសសរព្រះវិហារមួយ។ យើងឃើញថារាហូ ទាំងនេះបង្ហាញភាពសង្ខេបរលាយចូលគ្នានឹងភ្ញី មើលមួយភ្លែតពុំបានចាប់អារម្មណ៍ឡើយ។ បើមើលរូបរាហូនៅលើ ម្ឈូស (រូបលេខ៥) ឃើញថាកាន់តែងាយនឹងកន្លងភ្នែកយើងទៅទៀត ព្រោះបើមិនពិនិត្យយូរ យើងនឹងស្មានថាជាភ្ញីសុទ្ធសាធដោយសាររាហូនោះរលាយចូលគ្នាទៅក្នុងរុក្ខជាតិ ដែលនៅក្នុងក្បាច់ (គេហៅទូទៅថា “ភ្ញី”)។ បើពិនិត្យរូបលម្អិតលេខ៦ ឃើញថានៅលើផ្នែកមួយនៃក្បាច់ទាំងមូលមានរូបរាហូដល់ទៅពីរឯណោះ។ រាហូពីរនេះមានទម្រង់ខុសគ្នាស្រឡះ ហើយនៅជាន់លើគ្នា។ ខាងលើមាត់ហាក់ដូចជាបូញ ទំនងជាជ្រួញចិញ្ចើមបន្តិច។ ឯរូបខាងក្រោមគឺជារាហូដែលមាន ទឹកមុខរីករាយ មាត់មិនបូញទេ តែញញឹមឡើងច្រវែប។